FN ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការលើកកម្ពស់ ការអនុវត្តសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងការប្តេជ្ញាចិត្ត គោរព ការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ នីតិរដ្ឋ និងការដាក់ចេញនូវវិធានការជាច្រើន ដើម្បីធានានូវសុខុមាលភាព និងការគាំពារសង្គមចំពោះកុមារកម្ពុជា។
រដ្ឋមន្រ្តី វង សូត បានបន្តថា ឆ្លើយតបនឹងសមិទ្ធផលនានា និងក្នុងទិសដៅពង្រឹង និងពង្រីកតួនាទីរបស់ខ្លួន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានពង្រីករចនាសម័ន្ធរបស់ខ្លួនដល់រាជធានី ខេត្តចំនួន២៥ និងក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័នចំនួន៩។
ការលើកឡើងរបស់ រដ្ឋមន្រ្តី វង សូត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្តីពីការបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ រៀបចំធ្វើ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការ ក្រសួងសង្គមកិច្ច។
បន្ថែមពីលើនេះ លោក វង សូត បានលើកឡើងថា ក៏ដើម្បីគាំពារ និងលើកស្ទួយឧត្តមប្រយោជន៍កុមារ និងលើកកម្ពស់ គោលការណ៍សិទ្ធិ ចម្បងទាំង៤ រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិ ក្នុងការចូលរួម។
យោងតាមរបាយការណ៍ដែល អ្នកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្ហាញឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា សកម្មភាពការងារប្រចាំឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ទទួលបានលទ្ធផលល្អប្រសើរ និងសម្រេចបានសមិទ្ធផលជាច្រើន ដែលបម្រើឲ្យផលប្រយោជន៍របស់កុមារកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រុមប្រឹក្សាជាតិដើម្បីកុមារ ស្របតាមស្មារតីអនុសញ្ញាស្តីពីសិទ្ធិកុមារ។
របាយការណ៍ដដែលបានបង្ហាញថា តាមរយៈការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ដោយសម្រេចបាននូវលទ្ធផលមួយជាច្រើនរួមមាន៖ ការការពារកុមារ និងពិនិត្យតាមដាន, ការអប់រំ ផ្សព្វផ្សាយ និងអភិវឌ្ឍន៍ធនធានមនុស្ស, ការងាររដ្ឋបាល ផែនការ និងហិរញ្ញាវត្ថុជាដើម។ ក្រៅពីនោះ ក៏មានការងារសហការជាមួយក្រសួងស្ថាប័ន និងដៃគូ អង្គការ ពាក់ព័ន្ធជាច្រើនទៀត។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមប្រឹក្សាជាតិកម្ពុចាដើម្បីកុមារ នៅឆ្នាំ១៩៩៥ ដែលជាយន្តការសម្របសម្រួល និងផ្តល់យោបល់លើការងារ ទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍការការពារ ការលើកកម្ពស់ សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ និងធ្វើរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជូនរាជរដ្ឋាភិបាល ដើម្បីផ្ញើជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិតាមកាលកំណត់៕