ហេតុអ្វី អំពាវនាវសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក ខេត្ត បក្សសង្គ្រោះជាតិ មករួមរស់នឹងបក្សប្រជាជនកម្ពុជា
បងប្អូនជាទីស្រឡាញ់!
ថ្ងៃនេះ ខ្ញុំចង់បកស្រាយបន្ដិច ពាក់ព័ន្ធនឹងសភាពការណ៍ចុងក្រោយ ដែលថ្នាក់ដឹកនាំមួយចំនួននៃគណបក្សសង្គ្រោះជាតិ ហើយ(ដែល)យប់មិញនេះនៅម៉ោង ៣ និង ៥៧ ក្បែរភ្លឺ នាទី លោក ឡុង ម៉ូតា បានចេញអ៊ីម៉េលមួយផ្ញើជូននៅក្នុងក្រុមថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ (អំពី)អ្វីដែលពួកគេបានខិតខំទប់ស្កាត់នូវចរន្តចាកចេញពីគណបក្សសង្គ្រោះជាតិ ដែលជាជិតនឹងឈានទៅដល់ការរលាយហើយនោះ … ថាគណបក្សមួយនេះមិនត្រូវបានរំលាយនោះទេ។ មេក្បត់ជាតិ សម រង្ស៊ី ក៏បាននិយាយថា ហ៊ុន សែន នឹងប្រកាសចុះចាញ់ ឯអ្នកនៅខាងក្នុងក៏បានលើកជាបញ្ហាឡើងថា ប្រសិនបើគណបក្សត្រូវរំលាយ តើហេតុអ្វីបានជាលោក ហ៊ុន សែន ត្រូវអំពាវនាវអោយសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខេត្ត មកធ្វើការរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
ចំណុចទាំងនេះ ខ្ញុំសូមបញ្ជាក់ជូនឲ្យបានច្បាស់ នេះជាបំណងល្អពិតប្រាកដ ដែលខ្ញុំចង់អោយបងប្អូន ដែលជាអ្នកខិតខំនៅក្នុងការទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ហើយដែលមិនបានដឹងរឿងដ៏កខ្វក់អាក្រក់ជួរជាតិរបស់មេក្បត់ជាតិដែលដឹកនាំគណបក្សនេះ ជាប់ពាក់ព័ន្ធដោយទាំងខ្លួនមិនបានប្រព្រឹត្ត ចូលរួមចំណែកនៃការខុសឆ្គងនោះទេ។ សូមបងប្អូនយល់អោយបានច្បាស់ថា ខ្ញុំគ្មានការចាំបាច់ដើម្បី(នឹងធ្វើ) ដូចអ្វីដែលគេបាននិយាយថា ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាធ្វើការគំរាមកំហែងបងប្អូននោះទេ។ ប៉ុន្តែបងប្អូនត្រូវយល់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយទេនោះ តើខ្ញុំចាំបាច់យកបងប្អូនមកធ្វើអី្វ? នេះជាកិច្ចការទាក់ទងនឹងអនាគតបងប្អូនក្នុងការបម្រើប្រជាពលរដ្ឋ។ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនមានការរំលាយទេ តើមានការចាំបាច់ដើម្បីអោយខ្ញុំអំពាវនាវសម្រាប់បងប្អូនមកចូលរួមបន្តដើម្បីបម្រើប្រជាពលរដ្ឋ ឬក៏អត់?
… តើយោងទៅលើការគិតគូរថា បងប្អូននៅផ្នែកខាងក្រោមមិនបានដឹង ហើយក៏មិនបានយល់អំពីអំពើក្បត់ជាតិរបស់មេដឹកនាំមួយចំនួន ដែលដឹកនាំបក្សបំផ្លាញជាតិ បំផ្លាញប្រជាជននោះហើយ បានខ្ញុំចង់ផ្តល់ឱកាសដើម្បីអោយបងប្អូនដែល(បាន)ជាប់(ឆ្នោត)ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬជាចៅសង្កាត់ ឬជាមេឃុំ ឬជាសមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាខេត្ត អាចចាកចេញពីគណបក្សនេះ មុនពេលគណបក្សនេះត្រូវបានរំលាយ។ ច្បាស់ណាស់ថា នៅពេលដែលចូលរួមបោះឆ្នោតឃុំ សង្កាត់ ឬឈរឈ្មោះធ្វើជាសមាជិកក្រុមប្រឹក្សាខេត្តស្រុក បងប្អូនសុទ្ធតែចង់ធ្វើការបម្រើប្រជាពលរដ្ឋ។ ឥឡូវនេះ គណបក្សប្រជាជន ដែលមានខ្ញុំជាប្រធាន ហើយក្នុងតួនាទីជានាយករដ្ឋមន្ត្រី ខ្ញុំផ្ដល់ឱកាសសម្រាប់បងប្អូនក្នុងការចាកចេញពីគណបក្សសង្គ្រោះជាតិមុនពេលដែលគណបក្សនេះត្រូវរំលាយ។
កាលបរិច្ឆេទកាត់ក្តីដោយតុលាការកំពូល ត្រូវរំលាយនៅថ្ងៃទី ១៦ វិច្ឆិកា
តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិហើយនោះ សន្លឹកឆ្នោតត្រូវបានរៀបចំឡើងវិញ បែងចែកឡើងវិញទៅអោយបណ្ដាបក្សនយោបាយដែលបានឈរឈ្មោះនៅតាមឃុំ សង្កាត់ ជាមួយគ្នា មានឃុំសង្កាត់មួយចំនួនឈរតែពីរគណបក្សទេ។ ដូច្នេះ ឈរតែពីរគណបក្សនេះ គណបក្សប្រជាជននឹងទទួលយកទាំងអស់នូវកៅអីនៅក្នុងឃុំ/សង្កាត់ ដែលមានពីរគណបក្ស ឯចំពោះឃុំសង្កាត់ដែលមានគណបក្ស ៣, ៤, ឬច្រើនជាងនេះ ឈរឈ្មោះ នឹងត្រូវចែកទៅតាមលំដាប់នោះ។ … យ៉ាងណាក៏ដោយទោះបីមួយបក្ស ពីរបក្ស បីបក្ស បួនបក្ស ឈរ(ឈ្មោះ)ជាមួយគ្នា ក៏គណបក្សប្រជាជននៅតែមានកៅអីភាគច្រើនលើសលប់ដែលនឹងត្រូវទទួលបាន។
… សភាពការណ៍បែបនេះនឹងផ្តល់ឱកាសអោយរៀបចំបងប្អូន ដែលចាកចេញពីគណបក្សសង្គ្រោះជាតិ មកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយនិងរៀបចំបញ្ជីអាសនៈឡើងវិញ (នូវ)អ្នកដែលជាមេឃុំ ឬចៅសង្កាត់ ឬជាជំទប់ ឬជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ … គ្រាន់តែមេឃុំនោះនៅក្នុងក្របខណ្ឌដែលចេញពីគណបក្សប្រជាជន មិនមែនចេញមកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយនៅពេលដែលមានការកំណត់នូវកាលបរិច្ឆេទនៃការកាត់ក្តីដោយតុលាការកំពូលនៅថ្ងៃទី ១៦ វិច្ឆិកា ដែលមកដល់ពេលនេះនៅត្រឹមតែ ១២ ថ្ងៃប៉ុណ្ណោះ។
តំណាងរាស្ត្របក្សសង្គ្រោះជាតិមួយចំនួននឹងត្រូវកាត់សិទ្ធិនយោបាយ
… ខ្ញុំចង់ផ្តល់ឱកាសសម្រាប់បងប្អូន ប៉ុន្តែ មនុស្សមួយចំនួន(បាន)ទប់ស្កាត់ដោយបង្ហាញថា គណបក្សប្រជាជន តុលាការកំពូល ឬរាជរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនហ៊ាន(ធ្វើ)ទេ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនត្រួតត្រាអំណាចតុលាការទេ ក៏ប៉ុន្តែក្រសួងមហាផ្ទៃជាអ្នកណា? ក្រសួងមហាផ្ទៃជាស្ថាប័នរបស់រាជរដ្ឋាភិបាល មិនមែនរដ្ឋមន្ត្រីមហាផ្ទៃប្ដឹងទៅហើយនោះ នាយករដ្ឋមន្ត្រីមិនបានដឹងទេ។ ខ្ញុំសូមបញ្ជាក់ជូនយ៉ាងដូច្នេះ។ មិនមែនគ្រាន់តែរំលាយគណបក្សមួយចប់តែប៉ុណ្ណឹងទេ។ មានមនុស្សប្រហែលជាងមួយរយនាក់ នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយរយៈពេលប្រាំឆ្នាំ ដោយក្នុងនោះ ខ្ញុំគួរនិយាយប្រាប់ថា អ្វីដែលមានមេធាវីរបស់ក្រសួងមហាផ្ទៃទាមទារ គឺធ្វើការកាត់សិទ្ធិនយោបាយចំពោះគណៈអចិន្ត្រៃយ៍ និងគណៈនាយក។
ដូច្នេះ តំណាងរាស្រ្តស្ទើរតែទាំងអស់ស្ថិតក្នុងសមាជិកគណៈនាយកនឹងត្រូវកាត់សិទ្ធិនយោបាយរយៈពេល ៥ឆ្នាំ។ … ស្ដាប់ចំណុចនេះអោយបាន។ អ្នកតំណាងរាស្ត្របានអញ្ជើញមកគណបក្សប្រជាជនហើយ ទោះបីគណបក្សប្រជាជនប្រកាសរៀបចំខ្លួនហើយមិនទទួលយកអាសនៈគណបក្សសង្គ្រោះជាតិទាំង ៥៥ នោះទេ។ អញ្ចឹង គណបក្សហ៊្វុនស៊ិនប៉ិច ឬគណបក្សដទៃទៀតនឹងទទួលបានអាសនៈ។ ក៏ប៉ុន្តែតាមដឹងមកគឺ(មាន)គណបក្សពីរ គឺប្រកាសមិនទទួលយកអាសនៈ។ បើសិនគណបក្សពីរនោះមិនទទួលយកអាសនៈ បោះបង់ចោលអាសនៈ ពេលនោះគណបក្សប្រជាជននឹងទទួលយកអាសនៈ ដែលគណបក្សពីរនោះបោះបង់ចោល។ ដូច្នេះ កៅអីអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលបានចូលមករួមរស់ជាមួយគណបក្សប្រជាជន អ្នកតំណាងរាស្ត្រនោះ អាចវិលត្រឡប់ចូលជាតំណាងរាស្ត្រទទួលយកអាសនៈនោះ ប៉ុន្តែមិនមែនទៅក្នុងក្របខណ្ឌជាសមាជិកនៃគណបក្សសង្គ្រោះជាតិទៀតទេ តែជាសមាជិកគណបក្សប្រជាជន។
… អ្នកដែលបានចូលមក(គណបក្សប្រជាជន )ក៏ត្រូវបានចាកចេញផុតពីការហាមឃាត់ធ្វើនយោបាយ ៥ ឆ្នាំ ហើយក៏អាចទទួលបាននូវកៅអីសភាជាបន្តទៀតបន្ដបម្រើប្រជាពលរដ្ឋ។ បងប្អូនត្រូវចាំអោយច្បាស់ គណបក្សប្រជាជន ឬខ្លួនខ្ញុំ ដែលធ្លាប់ពេញមួយជីវិតដើម្បីបម្រើប្រជាពលរដ្ឋ ហើយអនុវត្ដនៅនយោបាយឈ្នះឈ្នះ ខ្ញុំក៏មិនចង់ឃើញបងប្អូន ដែលមិនបានដឹងរឿងរាក់ជ្រៅរបស់មេដឹកនាំខាងលើ ដែលបច្ចុប្បន្នមានការបែកបាក់យ៉ាងធ្ងន់ធ្ងរ រហូតដល់ចោទគ្នាថាអ្នកក្បត់ ដូចជាលោក ម៉ៅ មុន្នីវណ្ណ និងរហូតដល់លោក ប៉ុល ហំ ទៀត ដែលគេចោទថាជាមនុស្សរបស់ ហ៊ុន សែន ហើយចង់ធ្វើបក្សប្រហារ។ ជាពិសេស នៅថ្ងៃស្អែកនេះ គេបានហាមឃាត់មនុស្សមិនអោយមកប្រជុំនៅចាក់អង្រែទេ ព្រោះខ្លាចមានឈ្មោះថាអ្នកធ្វើបក្សប្រហារ។
ខ្ញុំមិនចង់ឲ្យបងប្អូនរងគ្រោះដោយសារតែអំពើអាក្រក់របស់មេដឹកនាំ ហើយខ្ញុំចង់អោយបងប្អូនដែលខិតខំដើម្បីអោយបានទទួលឋានៈជាមេឃុំ ចៅសង្កាត់ ជំទប់ ជាសមាជិកក្រុមប្រឹក្សា មានឱកាសបម្រើប្រជាពលរដ្ឋតទៅទៀត។ នេះជាការចង់បានរបស់ខ្ញុំ។ ប៉ុន្តែ ប្រសិនបើបងប្អូនបន្ដជឿចំពោះមេបក្ស ក៏សុំអញ្ជើញបន្ដទៅទៀតចុះ។ ខ្ញុំមិនបានហាមឃាត់ទេ។ តែបងប្អូន … តើកម្រិតដល់ថ្នាក់ចាប់មេបក្សម៉ោង ១២ យប់ដើម្បីវ៉ៃខ្នោះហើយនោះ តើសភាពការណ៍វាធ្ងន់ធ្ងរដល់កម្រិតប៉ុណ្ណា?
ក្រុមឧទ្ទាមចែកជា ២ ក្រុម
ឧទ្ទាមទីក្រុងមិនត្រូវបានលើកលែងទោស និងអត់អោនទោសនោះទេ។ គេបានធ្វើបដិវត្តពណ៌ គេបានធ្វើច្រើនណាស់ ច្រើនលើកច្រើនសាហើយ ក៏ប៉ុន្តែធ្វើមិនជោគជ័យ ហើយគេកំពុងតែបន្តធ្វើតទៅទៀត។ ដូច្នេះយើងមិនផ្តល់ឱកាសឲ្យឧទ្ទាមទីក្រុងបានរួចខ្លួននោះទេ។ ឧទ្ទាមទីក្រុងបច្ចុប្បន្ននេះ កំពុងចែកជា ២ ក្រុម មួយក្រុមកំពុងរត់ទៅក្រៅប្រទេស ហើយកំពុងវាយប្រហារមកឧទ្ទាមទីក្រុងនៅក្នុងប្រទេស។ ប៉ុន្តែនេះខ្ញុំនិយាយក្របខណ្ឌមេដឹកនាំ ហើយខ្ញុំក៏ធ្លាប់បានធ្វើកិច្ចការងារនេះនៅក្នុងក្របខណ្ឌនៃឧទ្ទាម ២ គឺរំលាយអង្គការចាត់តាំងនយោបាយដោយយោធានៃខ្មែរក្រហម និងកាត់ទោសមេដឹកនាំខ្មែរក្រហម។ ប៉ុន្តែសម្រាប់មេបញ្ជាការកងទ័ពនៅថ្នាក់ក្រោម យុទ្ធជន និងផ្នែកដទៃទៀតនៅថ្នាក់ក្រោម មិនត្រូវបានទទួលទោសកំហុសអ្វីទាំងអស់។ បងប្អូនទាំងនោះក៏បានធ្វើការជាមួយនឹងគណបក្សប្រជាជន ជាមួយរាជរដ្ឋាភិបាល រហូតមកដល់ពេលនេះ។
ឥឡូវនេះឧទ្ទាមទីក្រុងបានចេញមុខចេញមាត់ ហើយមេរបស់គេក៏ត្រូវបានចាប់យកទៅឃុំឃាំង ដើម្បីរង់ចាំការកាត់ទោស។ ខ្ញុំក៏សូមបញ្ជាក់ថា មិនមែនកាត់ទោសបុគ្គលប្រធានបក្ស កឹម សុខា មួយ ទើបរំលាយបក្សកើតទេ។ បក្សនេះត្រូវរំលាយមុន យោងទៅលើការបរិច្ឆេទដែលតុលាការកំពូលបានកំណត់រួចស្រេចមកហើយ។ ខ្ញុំសូមបញ្ជាក់ថា សារ(របស់ពួកគេកាលពី)យប់មិញនេះ កំពុងតែត្រូវបានចែករំលែកបន្តទៅទៀត ក៏ប៉ុន្តែការចែករំលែកទាំងអស់នោះ វាមិនមែនគឺជារឿងពិតដែល(នឹង)កើតឡើងនោះទេ។ … ខ្ញុំសូមបញ្ជាក់ថា ប្រជាពលរដ្ឋពេលនេះកំពុងតែសប្បាយនៅក្នុងរាជធានី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក។ មានតែពួកឧទ្ទាមទីក្រុងតែប៉ុណ្ណោះដែលរងទុក្ខ។ មិនគ្រាន់តែឧទ្ទាមទីក្រុងក្នុងផ្នែកនយោបាយ ដូចជាមេដឹកនាំគណបក្សសង្គ្រោះជាតិទេ ឧទ្ទាមទីក្រុងជាគ្រឿងញៀន ឧទ្ទាមទីក្រុងជាចោរប្លន់ប្រដាប់អាវុធ និងការប្រព្រឹត្តកំហុសដទៃទៀត សុទ្ធតែមានការភ័យខ្លាច។ ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋគឺមិនមានការភ័យខ្លាចអ្វីទាំងអស់ ពួកគេសប្បាយរីករាយជាមួយនឹងព្រះរាជពិធីដ៏ធំ។
ការភ័ន្តច្រឡំ គណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយ
ខ្ញុំសូមបញ្ជាក់សាជាថ្មី កុំមានការភ័ន្តច្រឡំ(គិត)ថា ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយ ហេតុអ្វីបានជាលោក ហ៊ុន សែន អំពាវនាវឲ្យមានការចាកចេញ មករួមរួបជាមួយគណបក្សប្រជាជន? នេះគឺជាសំណួរដែលអស់លោកបាននិយាយខុសអំពីបំណងពិតប្រាកដរបស់ខ្ញុំ។ ដោយសារតែគណបក្សត្រូវរំលាយហើយ បានជាខ្ញុំចង់ផ្តាំទៅបងប្អូនដែលចង់បន្តបម្រើប្រជាពលរដ្ឋតទៅទៀត ក្នុងក្របខណ្ឌជាចៅសង្កាត់ មេឃុំ ក្រុមប្រឹក្សាឃុំសង្កាត់ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត ឲ្យបន្តការចាកចេញហើយ ចាកចេញមក រួចហើយនឹងវិលត្រឡប់ចូលទៅកាន់តំណែងវិញ ជាមួយនឹងការដាក់បញ្ចូលរបស់គណបក្សប្រជាជនកម្ពុជា។ ការភ័ន្តច្រឡំរបស់អស់លោក ពីជំហានមួយទៅកាន់ជំហានមួយហើយ បានជាដល់ទៅភាពវេទនារបស់គណបក្សដែលនាំទៅដល់ការកាត់ទោស។ វាមិនមែនសម្រាប់មនុស្សម្នាក់ទេ ក៏ប៉ុន្តែមានមនុស្សច្រើននាក់ ដែលធ្វើកិច្ចការងារនេះជាប្រព័ន្ធ។ ខ្ញុំមិនចង់យកពេលច្រើនទេដើម្បីនឹងនិយាយ(រឿងនេះ)ទេ។ អស់លោក លោកស្រីណាចង់អញ្ជើញមក ក៏អញ្ជើញ។ មិនអញ្ជើញមក … ឬក៏ទៅចូលបក្សនយោបាយណាផ្សេង គឺស្រេចតែចិត្តអស់លោក។
… ខ្ញុំគ្រាន់តែបញ្ជាក់ថា ខ្ញុំចង់ផ្តល់ឱកាស និងមានឱកាសពិតប្រាកដ ដើម្បីនឹងបញ្ចូលបងប្អូនឲ្យបន្តការងារជាថ្នាក់ដឹកនាំឃុំ សង្កាត់ ជាថ្នាក់ដឹកនាំចូលរួមនៅក្នុងក្រុមប្រឹក្សាស្រុក ឬក្រុមប្រឹក្សាខេត្ត ឬអាចជាអ្នកតំណាងរាស្ត្រ ឬអាចជាសមាជិកព្រឹទ្ធសភា ប៉ុន្តែសមាជិកព្រឹទ្ធសភានៃគណបក្សសង្គ្រោះជាតិមិនត្រូវបានពាក់ព័ន្ធនោះទេ។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំអាចនិយាយបានថា អស់លោកកំពុងតែដណ្តើមសំបកក្តាមទេ ទៅលើបញ្ហាការរៀបចំបញ្ជីនៃបេក្ខជនព្រឹទ្ធសភា … ដោយសារការរៀបចំបញ្ជីនៃសមាជិកព្រឹទ្ធសភា អស់លោកចង់ចោទថា ម៉ៅ មុនី្នវណ្ណ ក្បត់ អស់លោកចង់ចោទថា លោក កឹម សុខា មិនគោរពការព្រមព្រៀងគ្នា ដែលទាមទារឲ្យមានកុងសង់ស៊ីស។ ប៉ុន្តែខ្ញុំគួរតែនិយាយថា នោះគ្រាន់តែជាសំបកក្តាមទេ។ អស់លោកគ្មានសិទ្ធិនឹងចូលរួមការបោះឆ្នោតសម្រាប់គណបក្សសង្គ្រោះជាតិទៀតទេ ព្រោះវាគ្មានគណបក្សសង្គ្រោះជាតិតទៅទៀតដែរ។
ដូច្នេះដំបូលជ្រកសម្រាប់បម្រើការងារតទៅមុខទៀត របស់ក្រុមប្រឹក្សាឃុំ សង្កាត់ របស់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក រហូតដល់អ្នកតំណាងរាស្ត្រ និងរហូតទៅដល់សមាជិកព្រឹទ្ធសភា អាចមាននៅក្នុងគណបក្សប្រជាជនតែប៉ុណ្ណោះ នេះប្រសិនបើបងប្អូនចង់បន្តបម្រើប្រជាពលរដ្ឋ ហើយដែលនេះក៏ជាបំណងប្រាថ្នារបស់បងប្អូនជាមួយនឹងការចង់ធ្វើកំណែទម្រង់នៅឯមូលដ្ឋាន និងនៅតាមស្ថាប័នរដ្ឋនានា។ ឱកាសរបស់បងប្អូនមានត្រឹមថ្ងៃទី ១៦ ប៉ុណ្ណោះ។ ពិតហើយ ខ្ញុំក៏នឹងផ្តល់ឱកាសបន្ថែមដែរ ក៏ប៉ុន្តែពេលនោះគឺមិនមែនទូលាយដូចពេលនេះទេ។ (បើ)បងប្អូន(រង់ចាំដល់)ទាល់ច្រកបានបងប្អូនចេញ មិនមែនជាជម្រើសដ៏ល្អទេ។
យើងនឹងផ្តល់ឱកាសសម្រាប់បងប្អូនទាំងឡាយដែលធ្វើការចាកចេញមកមុន ហើយនោះគឺជាឱកាសល្អ បើមិនដូច្នេះទេ ត្រូវរង់ចាំនូវ ៥ ឆ្នាំទៀត (ហើយ)តើនឹងឈរនៅបក្សណា មិនមែនគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញទេ។ សាលក្រមតុលាការកំពូល គឺជាសាលក្រមបិទផ្លូវតវ៉ា។ សុំបញ្ជាក់ក្នុងឋានៈជានាយករដ្ឋមន្ត្រី មិនមែនមិនដឹងថា ក្រសួងមហាផ្ទៃធ្វើការប្តឹង ហើយនាយករដ្ឋមន្ត្រីមិនបានដឹងនោះទេ។ យើងក៏បានដឹងរួចមកហើយដែរអំពីការដែលមេធាវីទាមទារឲ្យកាត់សិទ្ធិនយោបាយសម្រាប់គណៈអចិន្ត្រៃយ៍ប្រមាណជិត ៣០ រូប និងគណៈនាយកប្រមាណជិត ៩០ រូប សរុបទៅប្រហាក់ប្រហែលជា ១១២ នាក់។ … អ្នកដែលចេញសារនៅតាមនេះ ក៏ជាអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីនៃការកាត់សិទ្ធិនយោបាយ ហើយរឿងនេះវាមិនមែនតែរឿងនៅក្នុងប្រទេសកម្ពុជាទេ។ ប្រទេសច្រើនណាស់ដែលគេធ្វើ …។
សូមបញ្ជាក់ ការស្នើឲ្យអាមេរិកបាញ់មីស៊ីលចូលផ្ទះខ្ញុំ ការដែលអំពាវនាវឲ្យកងទ័ពបង្វែរចុងអាវុធមកប្រឆាំងជាមួយរាជរដ្ឋាភិបាល និងការធ្វើសកម្មភាពដទៃទៀត ដោយក្រោមបញ្ជារបស់បរទេស វាស្ថិតតែនៅក្នុងរបត់ ឬបរិបទនៃការដែលគណបក្សនយោបាយត្រូវបានរំលាយ តាមរយៈនៃច្បាប់ ហើយច្បាប់នេះវាជាច្បាប់ដែលបន្តពីច្បាប់ពីមុន គ្រាន់តែបន្ថែមកថាខណ្ឌខ្លះដើម្បីដាក់គួបផ្សំទៅលើបក្សនយោបាយដែលធ្វើកំហុស។ មុននេះគេគ្រាន់តែផាកពិន័យទៅលើបុគ្គល ក៏ប៉ុន្តែក៏មានចំណុចទាក់ទិនទៅនឹងការរំលាយគណបក្ស និងរំសាយចោលគណបក្ស ឬលុបឈ្មោះចោលគណបក្សផងដែរ។ ឥឡូវនេះសភាពការណ៍វាបានមកដល់ទីបញ្ចប់របស់វារួចទៅហើយ ហើយមិនមែនគ្រាន់តែមនុស្សម្នាក់ទេ មានច្រើនជាងនោះ ប៉ុន្តែការបាត់សិទ្ធិខាងនយោបាយ វាមានចំនួនកាន់តែច្រើនថែមទៀត។
សាជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ថា អស់លោក លោកស្រី ត្រូវប្រញាប់ប្រញាល់ចាកចេញ ហើយកុំជឿទៅលើអ្វីដែលជាការអះអាងថា “លោក ហ៊ុន សែន មិនហ៊ាន”។ បើសិនជាលោក ហ៊ុន សែន មិនហ៊ាន លោក ហ៊ុន សែន ច្បាស់ជាបញ្ជាឲ្យរដ្ឋមន្ត្រីមហាផ្ទៃដកពាក្យបណ្តឹងចេញពីតុលាការបាត់ទៅហើយ។ ប៉ុន្តែយើងបន្តដំណើរដាក់ពាក្យបណ្តឹង ហើយ(បានទទួលការ)កំណត់ដោយតុលាការកំពូលនៅថ្ងៃទី ១៦ ខែវិច្ឆិកា។ មេធាវីរបស់យើងបានប្រុងប្រៀបខ្លួនហើយស្រេច ដើម្បីនឹងធ្វើការទាមទារនូវអ្វីដែលចាំបាច់នឹងត្រូវទាមទារ ទាក់ទិននឹងការរំលាយបក្សនយោបាយចោល និងទាំងការកាត់សិទ្ធិនយោបាយនៃគណៈអចិន្ត្រៃយ៍ និងគណៈនាយក ដែលក្នុងនោះ អ្នកទាំងឡាយដែលមានឈ្មោះក្នុងគណៈនាយកក៏ត្រូវបាត់បង់សិទ្ធិក្នុងការធ្វើនយោបាយរយៈពេល ៥ ឆ្នាំផងដែរ។ ខ្ញុំសូមបញ្ជាក់សាជាថ្មីផងដែរ ខ្ញុំមិនចង់ឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត មានផលប៉ះពាល់បណ្តាលមកពីកំហុសឆ្គងរបស់មេដឹកនាំនៅខាងលើនោះទេ។ ខ្ញុំចង់ផ្តល់ឱកាសឲ្យអ្នកទាំងឡាយ បានបន្តរួមចំណែកក្នុងការកសាងប្រទេស ជាមួយនឹងគណបក្សប្រជាជនបន្តទៅទៀត ដើម្បីបម្រើប្រជាជននៅថ្នាក់ឃុំ ថ្នាក់ស្រុក នៅថ្នាក់ខេត្ត។
សូមអរគុណ និងសូមជូនពរចំពោះជនរួមជាតិ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សូមទទួលនូវការសប្បាយរីករាយ៕