ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដើម្បីសម្ពោធដាក់ឲ្យដំណើរការនូវសណ្ឋាគារចំនួន ២ ដែលនៅទីតាំងជាមួយគ្នា គឺសណ្ឋាគារសុខាសៀមរាបលំដាប់ផ្កាយប្រាំ ចំនួន ៧៧២ បន្ទប់ និងវីឡាប្រណីតចំនួន ៥, សណ្ឋាគារសុខាផាលេសសៀមរាប លំដាប់ផ្កាយបួន ចំនួន ៤៤៧ បន្ទប់ សរុបទាំងអស់ ១.២៤០ បន្ទប់ អាចចាត់ទុកថាជាសណ្ឋាគារដែលធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សណ្ឋាគារច្រើន អាចធ្វើកិច្ចប្រជុំធំៗនៅខេត្តសៀមរាបបាន
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងកោតសរសើរក្រុមហ៊ុនដែលបានកសាងនូវសណ្ឋាគារដ៏ទំនើបមួយនេះ។ សមត្ថភាពកសាងរបស់យើងនៅក្នុងខេត្តសៀមរាប អនុញ្ញាតឲ្យយើងធ្វើជាម្ចាស់ផ្ទះនៃការប្រជុំគ្រប់កម្រិត។ អាចនិយាយបានថា ប្រសិនបើយើងចង់ធ្វើជាម្ចាស់ផ្ទះនៃការប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ ឬក៏ការប្រជុំត្បូងត្បូង គឺយើងអាចធ្វើទៅបាននៅក្នុងខេត្តសៀមរាបនេះតែម្តង។យើងអាចធ្វើទៅបាននៅក្នុងខេត្តសៀមរាបនេះតែម្ារប្រជុំេត្តសៀម ខ្ញុំគិតថា ប្រសិនបើការធ្វើម្ចាស់ផ្ទះនៃការប្រជុំអាស៊ាននៅឆ្នាំ ២០២២ ពេលនោះ កម្ពុជាប្រហែលជាមានលទ្ធភាពនឹងធ្វើការប្រជុំអាស៊ាន និងដៃគូ ជាពិសេស គឺកម្រិតទៅដល់អាស៊ីបូព៌ា នៅឯខេត្តសៀមរាបតែម្តង។
នៅសល់ច្រើនឆ្នាំទៀត ក៏ប៉ុន្តែ យើងគិតទុកជាមុនថា ពេលនោះដោយសារយើងធ្វើម្ចាស់ផ្ទះ ២ ដង រួចមកហើយនៅទីក្រុងភ្នំពេញ។ យើងគួរតែធ្វើម្ចាស់ផ្ទះសាជាថ្មីម្តងទៀតនៅឯខេត្តសៀមរាប ហើយទីតាំងដែលសមស្របជាងគេសម្រាប់ការប្រជុំ នៅកម្រិតអាស៊ានឆ្នាំ ២០២២ អាចនឹងត្រូវធ្វើនៅទីនេះតែម្តង។ ខ្ញុំពិតជាមានការរីករាយ ដោយសារតែអ្វីៗបានកើតឡើងលើការជាក់ស្តែង ដែលយើងបាន និងកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់នូវសណ្ឋាគារដ៏ធំមួយនេះ។ យើងក៏ធ្លាប់បានប្រជុំបែបអន្តរជាតិប៉ុន្មានលើករួចមកហើយផងដែរ ដែលមានការប្រជុំ CLV ក៏ដូចជាការប្រជុំផ្សេងទៀត ដែលមានការចូលរួមពីប្រទេសជាច្រើន នៅសណ្ឋាគារនេះ។ តាមរយៈនៃការកើនឡើងនៃសណ្ឋាគារនៅក្នុងខេត្តសៀមរាបនេះ ខ្ញុំបានឃើញថា កំណើននៃភ្ញៀវទេសចររបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង។
សៀមរាបពីអតីតកាល សន្តិភាពមិនទាន់ពេញលេញ សណ្ឋាគារចាស់ ២ ទេសចរតិចតួច
ខ្ញុំគួរតែរំលឹកបន្តិច ដើម្បីយើងអាចរួមគ្នាយល់ពីអតីតកាល ហើយបានមកដល់ដំណាក់កាលបច្ចុប្បន្នកាលនេះ និងព្យាករទៅអនាគតកាល។ ប្រហែលជាអស់លោកអ្នកនៅចាំបានថា យើងបានចាប់ផ្តើមពីទីក្រុងសៀមរាបដ៏លំបាកលំបិន ហើយដែលពេលនោះ គឺទីក្រុងសៀមរាបរបស់យើងបើខ្ញុំនៅចាំ មានសណ្ឋាគារចាស់ៗត្រឹមតែ ២ គឺសណ្ឋាគារ Grand Angkor Hotel រួចហើយមានសណ្ឋាគារក្បែរនោះមួយទៀត ដូច អប្សរា អីអញ្ចេះទេ។ យើងចាប់ផ្តើមពីស្ថានភាពបែបនេះ។ ក្នុងស្ថានភាពដែលពេលនោះទេសចរនៅក្នុងប្រទេសរបស់យើងមានតិចតួចណាស់ ហើយបើនិយាយពីជប៉ុនវិញ យើងនិយាយឲ្យច្បាស់តែម្តង គឺថា មុនឆ្នាំ ១៩៩៩ នៅពេលដែលប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រដ្ឋាភិបាលជប៉ុនបានផ្តល់ឱកាសសម្រាប់ទេសចរជប៉ុន មកទស្សនកិច្ចត្រឹមតែទីក្រុងសៀមរាប និងទីក្រុងភ្នំពេញតែប៉ុណ្ណោះ គឺមិនអនុញ្ញាតឲ្យទេសចរជប៉ុនទៅកាន់តំបន់ផ្សេងនោះទេ។ ដោយសារតែពេលនោះ គេអាចដឹងហើយថា ប្រទេសកម្ពុជានៅសេសសល់សង្គ្រាម។ នៅឯខេត្តសៀមរាបរបស់យើងនេះ ក៏មានការចាប់ជម្រិតយកទៅសម្លាប់ដោយពួកខ្មែរក្រហមនូវអ្នកដោះមីនជនជាតិអូស្រ្តាលី។ ប៉ុន្តែ ទេសចរដែលធ្វើដំណើរទៅតាមផ្លូវរថភ្លើង ពីទីក្រុងភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ត្រូវបាន(ខ្មែរក្រហម)វាយរថភ្លើងនោះ ហើយចាប់ទេសចរ ៣ រូប ដែលមានជនជាតិអូស្ត្រាលីម្នាក់ បារាំងម្នាក់ អង់គ្លេសម្នាក់ ទៅសម្លាប់នៅឯភ្នំវល្លិ៍។
អនុវត្តនយោបាយឈ្នះឈ្នះ ពង្រីកវិស័យទេសចរណ៍
នោះហើយគឺជាការរំខានដែលមិនផ្តល់ឱកាសសម្រាប់ឲ្យទេសចរ រាប់ទាំងទេសចរជប៉ុន ត្រូវបានរដ្ឋាភិបាលជប៉ុនកំណត់ ដើម្បីចៀសវាងការចាប់ជម្រិត ឬបាញ់សម្លាប់ ពីសំណាក់ពួកឧទ្ទាម។ ជាភ័ព្វសំណាងល្អ នយោបាយឈ្នះឈ្នះរបស់យើង បានផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ បន្ទាប់ពីមានសន្តិភាព និងឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំរបស់កម្ពុជា អនុញ្ញាតឲ្យកម្ពុជាអាចមានលទ្ធភាព ដើម្បីនឹងពង្រីកវិស័យទេសចរណ៍ ដែលវាជាវិស័យសំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើង។ ប៉ុន្តែ នៅមានបញ្ហាមួយទៀតទាក់ទងជាមួយនឹងបញ្ហាការបើកចំហជើងមេឃ។ រឿងនេះ គឺខ្ញុំនៅតែបន្តរំលឹកទាក់ទិនជាមួយនឹងយោបល់របស់អតីតនាយករដ្ឋមន្រ្តីសាំងហ្គាពួរ ហ្គោ ចុកតុង (Goh Chok Tong)។
បើកចំហជើងមេឃ ឲ្យមានការហោះហើរត្រង់មកសៀមរាប
នៅឆ្នាំ ១៩៩៤ ពេលដែលខ្ញុំទៅពិនិត្យសុខភាព និងទស្សនកិច្ចការងារនៅឯសាំងហ្គាពួរ ឯកឧត្តម ហ្គោ ចុកតុង បាននិយាយជាមួយខ្ញុំថា ប្រសិនបើខ្ញុំជាឯកឧត្តម ហ៊ុន សែន ខ្ញុំនឹងប្រើប្រាស់នូវសៀមរាប ធ្វើជាតំបន់ទាក់ទាញទេសចរ ដោយផ្តល់ឱកាសឲ្យមានការហោះហើរត្រង់។ រឿងនេះត្រូវបានយើងពិចារណាជាបន្តបន្ទាប់មក ប៉ុន្តែ ចៃដន្យសភាពការណ៍អកុសល នៅឆ្នាំ ១៩៩៧ ពេលនោះ ក្រុមហ៊ុនយន្តហោះបានរត់ចោលយើងអស់ នៅសល់តែក្រុមហ៊ុនមួយគត់ ដែលនៅរកស៊ី ហើយវិលត្រឡប់មកជួយយើងវិញ នោះគឺក្រុមហ៊ុនបាងកងអ៊ែរវេយ៍ នេះតែម្តង។ ក្រុមហ៊ុនដទៃទៀត គេចាត់ទុកសភាពការណ៍ ៥-៦ កក្កដា ជាសភាពការណ៍ធ្ងន់ធ្ងរ គេក៏បានបោះបង់ចោលនូវការហោះហើរមកកាន់ទីក្រុងភ្នំពេញ ឬហោះហើរទៅកាន់គោលដៅផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃមួយ គឺទាំងខ្ញុំ ទាំងថ្នាក់ដឹកនាំដទៃទៀត មកកាន់ទីក្រុងសៀមរាបនេះ ដើម្បីទទួលព្រះករុណាសម្តេចព្រះបិតា ព្រះបរមរតនកោដ្ឋ ដែលយាងពីប្រទេសចិនមកកាន់កម្ពុជា។ ពេលនោះ នៅក្នុងព្រលានយន្តហោះ ខ្ញុំបានឲ្យសម្តេច ទៀ បាញ់ ទូរស័ព្ទទៅលើ ប្រាសិទ្ធ ដែលជាប្រធានក្រុមហ៊ុន បាងកកអ៊ែរវេយ៍ ថា តើហ៊ានហោះឬទេរវាងទីក្រុងបាងកក និងសៀមរាប? ពេលនោះ គឺជាការចាប់ផ្តើមមួយ នៃការអនុវត្តការបើកចំហជើងមេឃ សម្រាប់ខេត្តសៀមរាបរបស់យើងនេះ។ ដូច្នេះហើយ បានជាចាប់ផ្តើមដំណាក់កាលដំបូង បាងកកអ៊ែរវេយ៍ មានភ្ញៀវតែម្នាក់ ក៏ត្រូវតែដឹកដែរ។ អញ្ចឹងបានជាអ្នកខ្លះសួរថា ហេតុអីបានជាមានតែក្រុមហ៊ុនមួយ។ ដោយសារតែមួយហ្នឹងហើយ ដែលវាជាអ្នកបើកផ្លូវ។ អ្នករត់ចោលយើង វាចាំមករកស៊ី ប៉ុន្តែឥឡូវរឿងផ្តាច់មុខវាអស់ហើយ វាសំខាន់ត្រង់ថានរណាជាអ្នកអាចដឹកភ្ញៀវបានច្រើនតែប៉ុណ្ណោះ។
ក្នុងដំណាក់កាលដំបូង យើងត្រូវហ៊ានលេងជាមួយនឹងបញ្ហាហ្នឹង។ យើងបានប្រាប់ថា យើងឲ្យផ្តាច់មុខប៉ុន្មានឆ្នាំ ថ្នាក់ដឹកនាំដទៃទៀត មកកាន់ទីនេះក្នុងមប្រាស់និយាយជាមួយខ្ញុំថា ្ងព្រោះទម្រាំមានមនុស្សជិះ រវាងបាងកក និងសៀមរាប? ជួនកាលមានមនុស្សតែម្នាក់ ហើយមនុស្សម្នាក់ហ្នឹងមិនមែនមនុស្សដែលជិះពីបាងកកមកសៀមរាបទេ គឺមនុស្សនៅសៀមរាប ប៉ុន្តែ ត្រូវយកយន្តហោះពីបាងកកមកសៀមរាប ដើម្បីឲ្យភ្ញៀវនៅសៀមរាបត្រឡប់ទៅបាងកកវិញ។ ដូច្នេះ ការចាប់ផ្តើមរបស់បាងកកអ៊ែរវេយ៍ មានការខាតបង់។ ក្រោយមក ឃើញភ្ញៀវកាក់កបច្រើន និយាយពីសំណើហោះហើរនោះវាច្រើនពេក។ ប៉ុន្តែ សួរថា ពេលដែលយើងមានអាសន្នអន់ក្រ ហេតុអីបានរត់ចោលយើង? ចំណុចនេះក៏ត្រូវតែយល់ ដែលខ្ញុំសុំពន្យល់នៅថ្ងៃនេះ ឲ្យបានច្បាស់។
ការហោះហើរត្រង់នាំមកនូវការវិនិយោគក្នុងវិស័យសណ្ឋាគារ នៅសៀមរាប
នៅពេលដែលយើងចាប់ផ្តើមបើកចំហជើងមេឃ នៅឯសៀមរាប អ្នកធ្វើ(ក្រុមហ៊ុន)ទេសចរណ៍នៅទីក្រុងភ្នំពេញមានគម្រោងធ្វើបាតុកម្មប្រឆាំងជាមួយនឹងនយោបាយនេះ ដែលគេគិតថា បើធ្វើយ៉ាងដូច្នេះ គឺនឹងនាំទៅដល់ការបាត់បង់ទេសចរនៅឯភ្នំពេញ។ អ្នកដដែលនេះ ក៏ត្រូវបានគាំទ្រនយោបាយនេះត្រឡប់មកវិញ នៅពេលដែលពួកគេមិនគ្រាន់តែមានផលចំណេញនៅឯទីក្រុងភ្នំពេញទេ ប៉ុន្តែមានផលចំណេញ និងការរកស៊ីនៅឯក្រុងសៀមរាបតែម្តង។ យើងពិនិត្យមើលអញ្ចេះ បើសិនជាយើងមិនអនុញ្ញាតឲ្យមានការហោះហើរត្រង់មកកាន់សៀមរាប សួរថា តើអ្នកណានឹងធ្វើវិនិយោគសណ្ឋាគារនៅសៀមរាប បើគ្រាន់តែហោះហើរនាំភ្ញៀវពីទីក្រុងភ្នំពេញមកទស្សនកិច្ច(ត្រឹម)មួយថ្ងៃនៅឯសៀមរាប? បើអត់មានសណ្ឋាគារតើទេសចរមកទស្សនកិច្ចរបៀបម៉េច? អញ្ចឹងទេ វាមិនអាចកើតឡើងនូវអ្នកវិនិយោគ សម្រាប់វិស័យសណ្ឋាគារ ដែលជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់វិស័យទេសចរណ៍នោះទេ។ អញ្ចឹង ការបើកឲ្យមានការហោះហើរត្រង់មកកាន់ទីក្រុងសៀមរាប គឺអាចចាត់ទុកថា ជាផ្នែកសំខាន់មួយ នៃការទាក់ទាញការវិនិយោគ ដើម្បីកសាងឡើងនូវសណ្ឋាគារ ដែលមកដល់ពេលនេះ យើងចាប់ផ្តើមពីសណ្ឋាគារចាស់ៗ ២។ ឥឡូវ យើងមានសណ្ឋាគាររហូតទៅដល់ ១៩៨ សណ្ឋាគារ, ៩ អាផាតមិន, ៣១១ ផ្ទះសំណាក់, ១៨២ ភោជនីយដ្ឋាន, ២៨៨ សាខាភ្នាក់ងារទេសចរណ៍ ដែលមានមគ្គុទេសទេសចរណ៍រហូតទៅដល់ ៤.៦១៩ នាក់ និងរមណីយដ្ឋានចំនួន ៣៥។ ចំណុចទាំងអស់នេះហើយជាភាពចាំបាច់នៃវិស័យទេសចរណ៍។
បើកចំហទាំងផ្លូវគោក និងផ្លូវទឹកផង
… យើងមិនគ្រាន់តែបើកចំហជើងមេឃទេ យើងត្រូវតែបើកចំហផ្លូវគោក និងផ្លូវទឹកថែមទៀត ដើម្បីទទួលនូវទេសចរ។ សព្វថ្ងៃ យើងបើកចំហជើងគោក ជាមួយនឹងប្រទេសជិតខាង ជាមួយនឹងព្រះរាជាណាចក្រថៃ មកតាមច្រកណាក៏បានដែរ។ ជាមួយនឹងវៀតណាម និងជាមួយឡាវ ដែលជាការបើកចំហជើងគោក។ យើងបើកចំហជើងទឹកសម្រាប់ការចូលចតដោយនាវាដឹកទេសចរ តាមរយៈសមុទ្រ និងតាមរយៈផ្លូវ ដែលមានតាមទន្លេមេគង្គ ដែលអាចភ្ជាប់ទេសចរមកកាន់កម្ពុជារបស់យើង។ ដូច្នេះ វិស័យទេសចរណ៍នៅខេត្តសៀមរាប ជាវិស័យដែលរីកលូតលាស់ មានល្បឿនលឿន ដែលនៅពេលនេះ យើងឃើញថា មាន ៣៦ ក្រុមហ៊ុន នៃអាកាសចរណ៍ ដែលមានជើងហោះហើររហូតទៅដល់ជាមធ្យម ៤១ ជើង ក្នុងមួយថ្ងៃ ដែលចាត់ទុកថា បើយើងទៅវ៉ៃនៅកន្លែងវាយកូនហ្គោល យើងឃើញថា តែប៉ុន្មាននាទីត្រូវចុះ ១ គ្រឿង ប៉ុន្មាននាទីត្រូវចុះ ១ គ្រឿង ក៏ដូចជាទីក្រុងភ្នំពេញផងដែរ។ ចំណុចនេះហើយដែលយើងត្រូវមើលឃើញថា បើគ្មាននយោបាយ គ្មានសន្តិភាពហ្នឹងរឿងមួយ ព្រោះវាគ្មានអ្នកណាមកអភិវឌ្ឍ និងគេមកធ្វើទេសចរ នៅពេលដែលប្រទេសដែលមានអសន្តិសុខនោះទេ ហើយក៏គ្មានអ្នកណាមកវិនិយោគសាងសង់សណ្ឋាគារសម្រាប់ប្រទេសដែលមានសង្គ្រាមដែរ ដូចដែលយើងធ្លាប់ជួបប្រទះរួចហើយ។
១៩៩៣ ខ្មែរក្រហមវាយចូលសៀមរាប
នៅឆ្នំា ១៩៩៣ ហើយ ជិតបោះឆ្នោតទៅហើយ ខ្មែរក្រហមវ៉ៃចូលក្រុងសៀមរាបនេះតែម្តង។ ពេលនោះនៅចំាបានទេអ្នកនៅសៀមរាប ដែលខ្មែរក្រហមវ៉ៃកាត់តាមព្រលានយន្តហោះ រួចហើយទាហានអ៊ុនតាក់ត្រូវរបួស មិនមែនត្រូវរបួសដោយសារត្រូវគ្រាប់កំាភ្លើងនោះទេ រត់បុកដើមឈើ។ ពេលនោះខ្ញុំប្រាប់ទៅយ៉ាស៊ូស៊ីអាកាស៊ី ប្រធានអ៊ុនតាក់ ថា បើសិនជាឯកឧត្តមមិនអាចគ្រប់គ្រង អេរីក ហ្វល អ្នកនំាពាក្យរបស់អ៊ុនតាក់បានទេ ខ្ញុំផ្តល់ឱកាសអោយខ្មែរក្រហមវ៉ៃចូលកន្លែងអ៊ុនតាក់តែម្តង។ ខ្ញុំព្រមានត្រង់ៗបែបនេះ។ ប៉ុន្តែអាកាស៊ីបានស្នើអន្តរាគមន៍ចំាបាច់របស់កងទ័ពរដ្ឋកម្ពុជា កាលពីពេលនោះ ដើម្បីវ៉ៃបកទៅលើខ្មែរក្រហម។ អ៊ុនតាក់ដែលរបួសហ្នឹងចូលត្រង់សេ ដោយសារចូលទៅទង្គិចក្បាលបែកតែប៉ុណ្ណឹងទេ។ ហេតុអីបានជាខ្ញុំត្រូវព្រមាន អេរីក ហ្វល ដែលជាអ្នកនំាពាក្យរបស់អ៊ុនតាក់? ពេលណាក៏ដោយខ្មែរក្រហមវ៉ៃមកលើយើង អេរីក ហ្វល តែងនិយាយថា កងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជា រំលោភបទឈប់បាញ់។
ភាសានេះ ទទួលយកអត់បាន។ គេអយុត្តិធម៌លើយើងតំាងពីជំនាន់អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឯណោះ។ … គេមកវ៉ៃយើង ឯយើងគ្រាន់តែការពារខ្លួន មានឈ្មោះថា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។ ខ្មែរក្រហមរំលោភបទឈប់បាញ់ បែរទៅជារួចខ្លួន។ … ខ្ញុំប្រាប់ទៅ អាកាស៊ី ថា បើឯកឧត្តមគ្រប់គ្រងទៅអ្នកនំាពាក្យអ៊ុនតាក់ អេរីក ហ្វល មិនបានទេ ខ្ញុំផ្តល់អោយខ្មែរក្រហមវ៉ៃចូលកន្លែងអ៊ុនតាក់។ ពេលនោះ អ៊ុនតាក់ក៏បានស្នើសុំអន្តរាគមន៍របស់កងទ័ពរដ្ឋកម្ពុជា គឺយោធភូមិភាគទី ៤ តែម្តង ដើម្បីវ៉ៃខ្មែរក្រហម។ ជិតបោះឆ្នោតឆ្នំា ១៩៩៣។ កាលនោះខ្ញុំនៅចំាបានថា នៅក្នុងខែ ៣ ឆ្នំា ១៩៩៣ … ខ្ញុំប្រាប់ទៅកងទ័ពរបស់យើងដែលទៅប្រតិបត្តិការដំបូងនៅប្រទេសស៊ូដង់។ ខ្ញុំបាននិយាយច្រើនណាស់អំពីបទពិសោធន៍កងទ័ពរបស់អ៊ុនតាក់មកកម្ពុជា។ អញ្ចឹង បានជាកងទ័ពរបស់យើងមានការពលីជីវិតនៅអាហ្វ្រិកកណ្តាលនៅពេលកន្លងទៅ ដែលយើងមិនមែនទៅដើម្បីទៅនោះទេ ប៉ុន្តែយើងទៅជួយធ្វើការងារចំពោះមិត្តភក្តិរបស់យើង។
យកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ទាក់ទាញវិស័យទេសចរណ៍
និយាយវិលមកបញ្ហាទេសចរណ៍ សម្រាប់ខេត្តសៀមរាបរបស់យើងនេះ ទីនេះជាកំណប់ទ្រព្យដ៏ធំណាស់ ដែលព្រះរាជា ក៏ដូចជាបុព្វបុរសខ្មែរបានទុកអោយយើងនោះគឺ ប្រាសាទអង្គរ និងប្រាង្គប្រាសាទដទៃទៀត ដែលនៅក្នុងទឹកដីខេត្តសៀមរាប ហើយបន្តទៅទៀត ទឹកដីនៃខេត្តព្រះវិហារ ទឹកដីនៃខេត្តកំពង់ធំដែលនៅជិតខាង។ ជាកំណប់ទ្រព្យដែលនៅលើពិភពលោកចង់ដឹង ចង់យល់ ក្នុងស្ថានភាពនេះ ដែលតម្រូវអោយយើងធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ព្រោះប្រសិនបើយើងធ្វើមិនបានត្រឹមត្រូវ អភិវឌ្ឍមិនបានត្រឹមត្រូវវាក៏បង្កើតឡើងនូវស្ថានភាពច្របូកច្របល់ ដែលគ្រប់គ្រងលែងកើត។ នៅក្នុងការអភិឌ្ឍមួយដែលវិស័យទេសចរណ៍អាចទៅបំផ្លាញទៅដល់វប្បធម៌បេតិកភណ្ឌក៏អាចថាបាន ប៉ុន្តែតាមរយៈនៃគោលនយោបាយ នៃសន្តិភាពដែលយើងរកបាន និងតាមរយៈនៃគោលនយោបាយចំពោះវិស័យទេសចរណ៍ វិស័យវប្បធម៌របស់យើង ដែលយើងបានដាក់ចេញ នំាមកនូវផលនៃការរីកចម្រើនសម្រាប់ប្រទេសរបស់យើង ក្នុងហ្នឹងការដាក់ ការរៀបចំអោយមាននូវប្លង់មេសម្រាប់ការអភិវឌ្ឍនៅតំបន់អង្គរ។ ក្នុងនេះក៏មានបុរី សណ្ឋាគារនេះផងដែរ ដែលជាការទាក់ទាញសម្រាប់ការវិនិយោគនៅពេលក្រោយ និងត្រូវទៅតាមការកំណត់ដោយអង្គការយូណេស្កូ សម្រាប់តំបន់ដែលត្រូវការពារ។ ទំាងអស់នេះសុទ្ធតែជាផ្នែកដ៏សំខាន់សម្រាប់ទាក់ទាញអោយមានការវិនិយោគ និងសម្រាប់ទាក់ទាញអោយមានការធ្វើទេសចរមកកាន់ទីនេះ។ យើងមិនអាចធ្វើទេសចរ ដោយគ្មានទាក់ទាញទេសចរ ដោយយគ្មានបែបបទ ហើយបណ្តោយអោយមានបញ្ហានោះទេ នៅសៀមរាបរបស់យើងនេះ។ អ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្តទី ១ មិនគ្រាន់តែបញ្ហាសៀមរាបទេ វាជាបញ្ហាសៀមរាបនិយាយដោយឡែក និងជាបញ្ហារួម និងបញ្ហាទូទំាងប្រទេសនិយាយជារួម នោះគឺ ធានានូវបញ្ហាសន្តិសុខ បញ្ហាសន្តិភាព និងសន្តិសុខ ប្រសិនបើគ្មានសន្តិសុខទេ កុំនឹកស្មានថា គេមកកាន់ទីនេះ បើសិនជាមានការវ៉ៃប្រហារដោយភេរវកម្មណាមួយកើតឡើង សម្រាប់ប្រទេសរបស់យើង និងតំបន់ទេសចរណ៍ ដែលធ្លាប់កើតមាននៅប្រទេសមួយចំនួន យើងត្រូវដឹងថា ផលប៉ះពាល់លើវិស័យទេសចរណ៍នេះ ពិតជាមានផលប៉ះពាល់។
ដូច្នេះ ការបន្តយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ វាជាបញ្ហាដ៏សំខាន់ ដើម្បីទាក់ទាញជាបន្តសម្រាប់វិស័យទេសចរណ៍ វាមិនមែនជាបញ្ហាទេសចរណ៍ដោយឡែកទេ ក៏ប៉ុន្តែវាជាបញ្ហារួមរបស់ប្រទេសជាតិ ក្នុងការអភិវឌ្ឍប្រទេសជាតិ សេដ្ឋកិច្ចសង្គម។ គ្មានការអភិវឌ្ឍណាមួយស្ថិតក្នុងគ្រាប់បែក គ្រាប់កំាភ្លើង ជារៀងរាល់ថ្ងៃនោះទេ។ ប្រទេសមួយចំនួន ឥឡូវនេះ បើនិយាយពីអឺរ៉ុបកំពុងតែរងគ្រោះ ភេរវកម្មម្តងហើយម្តងទៀតៗ ខ្ញុំកំពុងតែគិតថា បន្តិចទៀតប្រហែលជានៅអឺរ៉ុបលែងអោយប្រើឡានហើយ មូលហេតុអីទៅដែលលែងអោយប្រើនឡាន? មកពីឥឡូវនេះ វាឈប់យកគ្រាប់បែកទៅបោកហើយ វាយកឡានដេញបុកតែម្តង។ ដូចជា ៤ ទៅ ៥ លើករួចទៅហើយ ភេរវកម្មនេះកើតឡើង។ នៅប្រទេសបារំាង នៅប្រទេសអាឡឺម៉ង អង់គ្លេស កើតឡើងដោយសារតែប្រើប្រាស់រថយន្តដេញបុក … យើងត្រូវតែយកចិត្តទុកដាក់ទៅលើបញ្ហាទំាងអស់នេះ។ ជាមួយគ្នានោះដែរ ទន្ទឹមនឹងបញ្ហាសន្តិសុខ ដែលជាបញ្ហាធំរបស់យើង យើងក៏ត្រូវផ្តល់នូវសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ពលរដ្ឋរបស់យើង ក៏ដូចជាភ្ញៀវទេសចរ ធ្វើយ៉ាងណាតំបន់ទេសចរណ៍ កុំអោយក្លាយទៅជាតំបន់ ដែលមានបងតូចបងធំ តំបន់ទេសចរណ៍ ដែលក្លាយទៅជាតំបន់ប្រើប្រាស់គ្រឿងញៀន ដែលបង្កើតឡើងនូវបញ្ហាសម្រាប់វិស័យទេសចរណ៍ និងមានក្រុមចោរឆក់លួចកាបូប លួចសម្ភារៈរបស់ទេសចរ ដែលជាបញ្ហាត្រូវគិត ទាមទារអោយមានការគិតអំពីបញ្ហានេះ។
ក្រសួងមហាផ្ទៃតាមរយៈអគ្គស្នងការនគបាលជាតិ ក៏ដូចជាផ្នែកពាក់ព័ន្ធនៅអាជ្ញាធរថ្នាក់ក្រោមជាតិ បានយកចិត្តទុកដាក់រួចមកហើយ តែនេះគឺជាការរំលឹកបន្ថែម ចំពោះសមត្ថកិច្ច ក៏ដូចជាគ្រប់ទីកន្លែង ដែលធ្វើសេវានៅក្នុងវិស័យទេសចរណ៍ គ្មានសន្តិភាព គ្មានស្ថេរភាព គ្មានសន្តិសុខ សណ្តាប់ធ្នាប់ វាគ្មានការរីកចម្រើនសម្រាប់វិស័យទេសចរណ៍នោះទេ ដូច្នេះជារឿងដែលត្រូវយកចិត្តទុកដាក់ជាបន្ត។
យកចិត្តទុកដាក់ចេញនូវរបៀបវារៈ និងគោលនយោបាយស្តីអំពីការអភិវឌ្ឍទេសចរណ៍
ឯចំណុចទី ២ ដែលយើងត្រូវយកចិត្តទុកដាក់ជាបន្ត គឺទាក់ទិននឹងការដាក់ចេញនូវរបៀបវារៈ និងគោលនយោបាយស្តីអំពីការអភិវឌ្ឍទេសចរណ៍ ដែលក្រសួងទេសចរណ៍ បានដាក់ចេញរួចមកហើយ ទាក់ទិនជាមួយបដិសណ្ឋារកិច្ច និងការរៀបរយយ៉ាងណា ដើម្បីអោយទេសចរមកកាន់ព្រះរាជណាចក្រកម្ពុជាបាន។ ការផ្តល់ទិដ្ឋាការនៅពេលមកដល់ ក៏ជាវិធីមួយក្នុងចំណោមវិធីសម្រួលសម្រាប់វិស័យទេសចរណ៍។ នោះនៅត្រង់ថា ដោយសារស្ថានទូតយើងនៅក្រៅប្រទេសមានតិច ការផ្តល់ទិដ្ឋាការនៅពេលមកដល់ សម្រាប់ទេសចរ គឺជារឿងសមស្របសម្រាប់ទាក់ទាញទេសចរ គេមិនចំាបាច់ខ្វល់អំពីបញ្ហាការទៅសុំទិដ្ឋាការ ដូចជានៅប្រទេសចិន ខេត្តច្រើនណាស់ ដែលហោះហើរមកកាន់កម្ពុជា។ កន្លែងខ្លះយើងមានកុងស៊ុល កន្លែងខ្លះអត់មានកុងស៊ុលទេ។ បើទៅយក VISA នៅឯប៉េកំាង ច្បាស់ជាមិនអាចទៅរួចទេ។ អញ្ចឹងទេ ការផ្តល់ទិដ្ឋាការនៅពេលមកដល់ គឺជាវិធីមួយក្នុងចំណោមវិធីសម្រួលវិស័យទេសចរណ៍ … សូមអោយផ្នែកពាក់ព័ន្ធនៅក្នុងវិស័យព្រលានយន្តហោះ ដែលដោះស្រាយបញ្ហានេះ គឺបន្តដោះស្រាយអោយបានល្អ ដើម្បីចៀសវាងការធុញទ្រាន់ណាមួយកើតឡើង ដោយសារការលំបាកក្នុងការទទួលទិដ្ឋាការ និងការអនុញ្ញាតផ្សេងៗ ដែលត្រូវសម្រួលយ៉ាងម៉េចឲ្យបានស្រួល។
ដើម្បីភ្ញៀវទេសចរម្នាក់ទាក់ទាញភ្ញៀវទេសចរម្នាក់ទៀត
សុំបញ្ជាក់ថា បើយើងទាញទេសចរបានម្នាក់ ហើយទេសចរនេះត្រលប់ទៅវិញជួយឃោសនា ដើម្បីទាក់ទាញឲ្យអ្នកដទៃ ឲ្យសាច់ញាតិ ឲ្យមិត្តភក្ដិមកសាជាថ្មីម្ដងទៀត គឺជាវិធីដែលល្អជាងគេក្នុងចំណោមការឃោសនា។ ពិតមែនហើយ យើងត្រូវឃោសនាតាមប្រព័ន្ធនេះ ប្រព័ន្ធនោះរាប់ទាំង CNN ផងដែរ ប៉ុន្តែវិធីដែលល្អជាងគេនៅក្នុងការឃោសនា គឺទេសចរមកម្នាក់ឲ្យគេត្រលប់មកវិញ ហើយដោយមកជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ឬមិត្តភក្ដិរបស់គេ នេះគឺជាចំណុចល្អណាស់។ កុំឲ្យគេត្រឡប់ទៅវិញថា កុំទៅស្រុកខ្មែរ ពិបាកណាស់ វេទនាណាស់។ នៅពេលដែលគេមកហើយ គេត្រលប់ទៅវិញគេប្រាប់ថាគួរទៅមើលអង្គរ គួរទៅមុជទឹកសមុទ្រនៅកម្ពុជា គួរទៅតំបន់នេះ គួរទៅតំបន់នោះនៅក្នុងប្រទេសកម្ពុជា។ គេនឹងត្រលប់មកវិញ និងគេនាំមិត្តភក្ដិរបស់គេ អាចនិយាយបានថាក្នុងភ្ញៀវម្នាក់ ដែលបានមកកម្ពុជាទៅវិញ ទាញបានភ្ញៀវម្នាក់ទៀត ដូច្នេះវាឡើងឌុប។ ខ្ញុំគិតថាកន្លងទៅនេះ វិធីសាស្រ្ដនេះពិតជាបានប្រើនៅក្នុងការរីកចម្រើននៃវិស័យទេសចរណ៍របស់កម្ពុជា ព្រោះតាមរយៈ CNN ឬតាមរយៈការឃោសនានៅក្នុងក្របខណ្ឌសារព័ត៌មានស្អីនេះ គឺវាបានមួយផ្នែកហើយ តែផ្នែកធំជាងគេខ្ញុំគិតថាអ្នកទេសចរដែលបានមកហើយត្រលប់មកវិញ ដោយនាំមកជាមួយមិត្តភក្ដិ និងក្រុមគ្រួសារ ហើយអ្នកទេសចរនោះ គេត្រលប់ទៅវិញគេប្រាប់មិត្តភក្ដិរបស់គេឲ្យមកកាន់កម្ពុជា។
នៅក្នុងពេលទៅប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅឯ Davos នៅដើមឆ្នាំនេះ នៅពេលជប់លៀងខ្ញុំបានអង្គុយរួមតុជាមួយរដ្ឋមន្រ្ដីអាហ្សង់ទីនម្នាក់ មុនពេលដែលគាត់ធ្វើជារដ្ឋមន្រ្ដី គាត់បានមកទស្សនកិច្ចជាទេសចរនៅកម្ពុជា។ ពេលនោះ គាត់បានប្រាប់ខ្ញុំថា ពិតជាមានការទាក់ទាញខ្លាំងណាស់ បន្ទាប់ទៅកូនរបស់គាត់ពីរនាក់បានមកទៀត ហើយគាត់បាន និយាយប្រាប់បន្ថែមថាប្រពន្ធរបស់គាត់ច្រណែនជាមួយគាត់ ដោយសារពេលដែលគាត់មកមិននាំប្រពន្ធមក។ កូនពីរនាក់មកមិនបាននាំម្ដាយមក។ … សុំឲ្យទាំងអស់គ្នាបន្តយកចិត្តទុកដាក់ ដើម្បីឲ្យគេបានមកស្នាក់នៅ និងទៅហើយ គេត្រលប់មកវិញ។ រឿងនេះមិនខុសពីការលក់ទំនិញទេ។ ទាក់ទាញបានអតិថិជនម្នាក់មកទិញទំនិញរបស់យើង វាជារឿងលំបាកហើយ ប៉ុន្តែការរក្សាអតិថិជន ឲ្យមកទិញទំនិញយើងតទៅទៀត និងនាំមិត្តភក្ដិមកទិញទំនិញយើងតទៅទៀត គឺរឿងកាន់តែសំខាន់។ កុំភ្លេចថានៅលើពិភពលោកនេះ មានការប្រកួតប្រជែងអំពីតំបន់ទេសចរណ៍។
នៅប្រទេសយើងមានតំបន់អង្គរ និងតំបន់ដទៃទៀតដែលជាតំបន់ទាក់ទាញ ប៉ុន្តែក៏មិនត្រូវភ្លេចថាប្រទេសដទៃដែលនៅជិតខាងយើង នៅក្នុងតំបន់របស់យើងក៏មានតំបន់ទាក់ទាញភ្ញៀវទេសចរផងដែរ។ អញ្ចឹងទេគេមិនអាចមកកម្ពុជាបាន ប៉ុន្តែគេអាចទៅប្រទេសដទៃទៀតបាន ក្នុងមួយឆ្នាំ គេមានពេលវិស្សមកាលរបស់គេ។ ដូច្នេះប្រសិនបើកម្ពុជាបង្កការលំបាកគេ មិនអាចត្រលប់មកកម្ពុជាទេ គេនឹងទៅកាន់តំបន់ផ្សេងទៀត ឬប្រទេសផ្សេង ប៉ុន្តែបើកម្ពុជាទទួលស្វាគមន៍បានល្អនោះ ច្បាស់ណាស់ថាគេនឹងវិលត្រលប់មកកម្ពុជា។ បើគេទស្សនកិច្ចមិនទាន់ឆ្អែតឆ្អន់នៅឯតំបន់សៀមរាប គេបន្តទស្សនកិច្ចនៅតំបន់សៀមរាបតទៅទៀត ឬក៏គេអាចដឹងថានៅទីនេះមានតំបន់កោះកេរ្ដិ៍ មានតំបន់សំបូរព្រៃគុក មានតំបន់ប្រាសាទព្រះវិហារ និងមានតំបន់ផ្សេងទៀតដែលអាចទៅបាន។ ដូច្នេះ វិធីនេះគឺជាវិធីដែលត្រូវសម្រួលអោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
ភាពចម្រុះនៃរូបិយបណ្ណក្នុងការទូទាត់គឺជាការសម្រួល និងជាចំណុចខ្លាំងក្នុងវិស័យទេសចរណ៍នៅកម្ពុជា
មួយផ្នែកទៀតទាក់ទិននឹងការប្រើប្រាស់រូបិយបណ្ណ ដែលនេះគឺជាភាពខ្លាំងមួយរបស់កម្ពុជានៅក្នុងការទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសរបស់យើង។ ចំណុចនេះ យើងត្រូវមើលឃើញ អ្នកខ្លះបន្តុះបង្អាប់ថាកម្ពុជាដែលខ្វះឯករាជ្យភាព ដោយសារតែមិនទាន់ប្រើប្រាស់រូបិយបណ្ណរបស់ខ្លួនពេញលេញ។ ប៉ុន្តែខ្ញុំអាចឆ្លើយជំនួស នៅលើពិភពលោកនេះមិនទាន់មានប្រទេសណាមួយ ប្រើប្រាស់រូបិយបណ្ណខ្លួនឯងដាច់ខាតនោះទេ។ ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ឥឡូវនេះប្រាក់យាន់ (Yuan) របស់ចិនក៏កំពុងក្លាយទៅជាមធ្យោបាយទូទាត់សំខាន់ៗ រាប់ទាំងនៅវេណេហ្ស៊ូអេឡា នៅឯទ្វីបអាមេរិកឯណោះ (ឡាទីន) ក៏ប្រើប្រាស់នូវប្រាក់យាន់ទៅធ្វើការទូទាត់ទៅហើយ។ អញ្ចឹង ការដែលយើងផ្ដល់ឱកាសសម្រាប់ការទូទាត់ប្រាក់នូវប្រាក់រូបិយបណ្ណច្រើន ក៏ជាផ្នែកមួយសម្រួលឲ្យអ្នកទេសចរណ៍ មិនចាំបាច់ដូរលុយជាដុល្លារចេញពីប្រទេសគេមកទេ។ ដូចជាទេសចរណ៍ថៃ គេអាចប្រើប្រាស់ប្រាក់បាតចូលមកចាយនៅកម្ពុជា ប្រទេសចិនគេអាចប្រើប្រាស់ប្រាក់យាន់ចាយនៅកម្ពុជា ប្រទេសជប៉ុនគេអាចប្រើប្រាក់យ៉េនចាយនៅកម្ពុជា។ ដូច្នេះចំណុចនេះចាត់ទុកថា ជាចំណុចខ្លាំងមួយ ជាការសម្រួលមួយសម្រាប់វិស័យទេសចរណ៍នៅកម្ពុជាផងដែរ ដែលខ្ញុំសុំថាឲ្យបន្តដំណើរការនេះ ប៉ុន្តែនិយាយយ៉ាងដូច្នេះមិនមានន័យថា យើងមិនបន្ដដើម្បីពង្រឹងនូវសមត្ថភាពរបស់ប្រាក់រៀលនោះទេ។ តែយើងមិនទាន់ដល់ដំណាក់កាលនៃការធ្វើរៀលរូបនីយកម្មទូទាំងទីផ្សាររបស់កម្ពុជានោះដែរ។ តែយើងត្រូវឲ្យមានចរន្ដនៃការប្រើប្រាស់ប្រាក់រៀល ដែលជាការប្រើប្រាស់ធំនៅក្នុងទំហំសាច់ប្រាក់ដ៏ទូលំទូលាយនៅគ្រប់ទីកន្លែង តែយើងអនុញ្ញាតឲ្យទីផ្សារកាត់សេចក្ដី ទៅលើរូបិយបណ្ណណា ដែលម្ចាស់អ្នកលក់គេត្រូវរ៉ូវជាមួយគ្នា យកទៅធ្វើការប្រើប្រាស់បន្តទៀតបាន។
ជម្រុញការផលិត ហើយនាំចេញនៅនឹងកន្លែងដើម្បីបម្រើឲ្យវិស័យទេសចរណ៍
សម្រាប់វិស័យទេសចរណ៍នេះ ខ្ញុំនៅតែបន្តរំលឹកអំពីបញ្ហាជម្រុញការនាំចេញនៅនឹងកន្លែងតាមរយៈវិស័យទេសចរណ៍។ យើងបានដាក់ចេញហើយគោលនយោបាយ ទេសចរណ៍កាត់បន្ថយភាពក្រីក្រ ទេសចរណ៍វប្បធម៌ និងធម្មជាតិ។ ទេសចរដើម្បីកាត់បន្ថយភាពក្រីក្រ យើងឃើញថាចំនួនទេសចរប្រមាណជាង ៥ លាននាក់ តម្រូវការទទួលទានច្រើនណាស់មិនតិចទេ។ អញ្ចឹងទេ វាជាឱកាសសម្រាប់កសិកររបស់យើងទៅធ្វើការដាំដុះ ចិញ្ចឹមសត្វ និងផលិតផលដទៃទៀតជាសិប្បកម្ម ដើម្បីបម្រើឲ្យវិស័យទេសចរណ៍ ជាពិសេសទៅលើការទទួលទានហ្នឹងតែម្ដង។ ពិតមែនហើយយើងវាមិនគ្រប់ កន្លែងខ្លះតម្រូវការរបស់ទេសចរ យើងបំពេញឲ្យគេមិនបានដូចជា ប៊័រ Fromage ឬក៏ថ្លើមក្ងាន (Foie Gras) អាហ្នឹងយើងធ្វើវាមិនបាន ប៉ុន្តែក៏មានទេសចរខ្លះចង់ភ្លក់ប្រហុកដែរ ព្រោះការពិតអា Fromage គ្រាន់តែជាប្រហុករបស់បារាំងទេ។ … ឱកាសសម្រាប់ការផលិតបម្រើការនាំចេញនៅនឹងកន្លែង គឺការផ្គត់ផ្គង់ទៅតាមទេសចរ ដើម្បីទេសចរទទួលទានជាផ្នែកមួយនៃការនាំចេញនៅនឹងកន្លែង សម្រាប់ផលិតផលរបស់កសិកររបស់យើង និងសិប្បកររបស់យើង។ ឥឡូវ ៥ លាននាក់ ទទួលទានបាយ ៣ ពេល អញ្ចឹងទេ ខ្លះគេទទួលទានបាយ ខ្លះគេទទួលទាននំប៉័ង។ នំប៉័ងហ្នឹងវាក៏ផលិតនៅក្នុងស្រុកខ្មែរដែរ។ គេទទួលទាននេះ ទទួលទាននោះ។ បំផុសកសិករឲ្យមានការដាំដុះ ដែលនេះគឺជាផ្នែកដ៏សំខាន់មួយ ដើម្បីរុញកសិកររបស់យើងផលិតតាមការតម្រូវនៃទីផ្សារ មិនមែនចាំតែធ្វើការនាំចេញឆ្លងកាត់ព្រំដែនទេ។ នាំចូលមកកាន់បណ្ដាសណ្ឋាគារ សម្រាប់បម្រើឲ្យការទទួលទានរបស់ទេសចរណ៍។
មួយឆ្នាំៗ ខ្ញុំគិតថារាប់ពាន់តោនអង្ករក៏ត្រូវបាននាំចូលតាមបណ្ដាសណ្ឋាគារ ក៏ជាផ្នែកមួយនៃការដែលត្រូវទិញអង្ករពីសំណាក់កសិករ ពងមាន់ ពងទា ឬក៏សាច់ ឬក៏បន្លែ។ បើបង្កើនការផលិតកាន់តែល្អ គុណភាពកាន់តែប្រសើរ ហើយគ្មានជាតិគីមីថែមទៀត នោះនឹងធ្វើឲ្យមានការពេញចិត្ត ពេញនិយម ហើយខ្ញុំអំពាវនាវធ្វើយ៉ាងម៉េចសុវត្ថិភាពម្ហូបអាហារនេះ ជាផ្នែកដ៏សំខាន់ខ្លាំងណាស់ សម្រាប់វិស័យទេសចរណ៍ មិនអាចទុកឲ្យទេសចរទទួលទានហើយបែរជារាករូសនោះទេ។ … កន្លងទៅក៏ដូចជា មិនទាន់ឃើញអំពីបញ្ហាការពុលចំណីអាហារសម្រាប់វិស័យទេសចរណ៍បរទេស ដែលមានភាពធ្ងន់ធ្ងរនោះទេ ក្រៅពីការពុលស្រា ពុលស្អីសម្រាប់ប្រជាពលរដ្ឋរបស់យើងនៅឯមូលដ្ឋាន។
ប៉ុន្តែមានរឿងមួយកន្លងទៅ តែងតែឮនិយាយ ហើយសំណូមពរមករាជរដ្ឋាភិបាល ដែលខ្ញុំសូមសំណូមពរ ត្រឡប់ទៅវិញ ខ្ញុំបានស្តាប់ឮហើយ នៃសម្លេងអំពាវនាវរបស់ប្រជាជន ថាកុំឲ្យនាំចូលនូវបន្លែបង្ការដែលមានជាតិគីមី ឬក៏អ្នកដាំដែលប្រើប្រាស់ជាតិគីមីច្រើន ហើយយកមកលក់នៅលើទីផ្សារ។ ខ្ញុំសូមផ្តាំផ្ញើត្រឡប់ទៅវិញថា សូមមេត្តាកុំទិញនូវអ្វីដែលមានជាតិគីមីវាចប់ទៅហើយ វានៅត្រង់កន្លែងហ្នឹង ដោយសារតែយើងសម្រុកទៅទិញអាគីមីហ្នឹង ដូច្នេះគេចេះតែលក់តទៅទៀតហើយ រួចហើយមកចោទតែរដ្ឋាភិបាលថា ទុកឲ្យអ្នកនោះផលិតដោយដាក់ជីគីមីច្រើន ឬមានការនាំចូលបន្លែបង្ការដែលមានជីគីមីច្រើន …។ ឥឡូវខ្ញុំសុំត្រឡប់ទៅវិញ សុំប្រជាពលរដ្ឋរួមគ្នាពហិកាកុំទិញរបស់ណាអ្នកដែលដាក់លក់មានសារធាតុគីមី … ខ្ញុំសូមអភ័យទោសចំពោះអ្នកដែលដាំដុះ អ្នកដែលប្រើជាតិគីមី អ្នកដែលនាំចូលមានសារជាតិគីមី។ លក់មិនដាច់ ដោយសារប្រជាជនមិនទិញ ព្រោះគេត្រូវការការពារសុខភាពរបស់គេដែរ។
វិស័យទេសចរណ៍ត្រូវយកចិត្តទុកដាក់លើបន្លែបង្ការកុំឲ្យមានជាតិគីមី
ឯចំពោះយើង ដើម្បីតម្រូវការទីផ្សារសម្រាប់វិស័យទេសចរណ៍ ត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាងណាធានាកុំឲ្យមានសារជាតិគីមី ដែលធ្វើឲ្យភ្ញៀវមានផលប៉ះពាល់សម្រាប់សុខភាពរបស់យើង។ យើងត្រូវជម្រុញការដាំដុះដើម្បីផ្គត់ផ្គង់។ សព្វថ្ងៃនេះ ប្រាក់ចំណូល ឧទាហរណ៍ ក្នុងវិស័យសណ្ឋាគារ ថា ៥០០ លាន ក្នុង ៥០០ លាន អាច ១០០ ឬ ២០០ លានចេញទៅបាត់ទៅហើយ តាមរយៈការដែលយើងទិញផលិតផលពីខាងក្រៅចូលមកផ្គត់ផ្គង់ឲ្យទេសចរណ៍។ ដូច្នេះវានៅសេសសល់ច្រើនណាស់ ដែលវិស័យកសិកម្ម ត្រូវធ្វើកិច្ចការងារនេះ ជាមួយនឹងកសិករ ដូចជានៅខេត្តសៀមរាបនេះ ត្រូវធ្វើឲ្យចេញជាខ្សែក្រវាត់បៃតង។ នៅជុំវិញតំបន់ទេសចរណ៍ ដែលយើងបាននិយាយបញ្ហានេះច្រើនដង កន្លែងខ្លះអាចបង្កើតពីរបីហិកតា បួនប្រាំហិកតា ដែលគេអាចធ្វើជាបន្លែបង្ការផ្គត់ផ្គង់ឲ្យមានស្ថេរភាពសម្រាប់សណ្ឋាគារ។ កន្លែងខ្លះមានកន្លែងចិញ្ចឹមមាន់ដែលអាចផ្គត់ផ្គង់សាច់ និងពងមាន់ទៅឲ្យសណ្ឋាគារ។
វិស័យទេសចរណ៍ផ្តល់ឱកាសការងារ និងប្រាក់ចំណូលច្រើន
នេះសុទ្ធតែជាឱកាស វាមិនមែនគ្រាន់តែសម្រាប់ផ្តល់ការងារធ្វើរាប់ពាន់កន្លែងនៅក្នុងសណ្ឋាគារនោះទេ ប៉ុន្តែ ជាការផ្តល់ឱកាសទូលំទូលាយណាស់ក្នុងវិស័យទេសចរណ៍។ អាចតាមមេគុណ ដូចឯកឧត្តម ថោង ខុន គិតទេសចរម្នាក់ត្រូវការមនុស្សពីរនាក់កន្លះ ព្រោះអី? ទេសចរម្នាក់ មិនមែនទេសចរហ្នឹងគាត់ស្ពាយផ្ទះមកជាមួយទេ គាត់ស្ពាយឡាន ស្ពាយម៉ូតូមកជាមួយទេ។ ទេសចរមកដល់វាយទិដ្ឋាការ ឥឡូវដូចជា ៣០ ដុល្លារ។ ចំណូល ៣០ ដុល្លារនេះ ទេសចរចាប់ផ្តើមឆ្ពោះទៅកាន់សណ្ឋាគារ ត្រូវឆ្លងកាត់តាក់ស៊ី ឬក៏រថយន្ត តាម TOUR របស់គេ បានប្រាក់ទៅលើម្ចាស់រថយន្ត ទៅលើអ្នកបើកបរ។ គេចាប់ផ្តើមទៅស្នាក់នៅតាមសណ្ឋាគារ ព្រោះគេអត់ស្ពាយផ្ទះមកឯណា ដូច្នេះសណ្ឋាគារទទួលបានប្រាក់ចំណូល។ គេត្រូវទទួលទាន អញ្ចឹងអ្នកដែលផ្គត់ផ្គង់សម្រាប់ឲ្យការទទួលទាន បានចេញមកពីកសិករហើយ។ នៅដល់ពេលទស្សនកិច្ច ត្រូវចាប់ផ្តើមមានមគ្គុទេសទេសចរណ៍ ដើម្បីឧទ្ទេសនាមអំពីបញ្ហានេះបញ្ហានោះ ពាក់ព័ន្ធអំពីទំនៀមទម្លាប់ ប្រវត្តិនៃប្រាង្គប្រាសាទនានា។ ដូច្នេះរឿងវាពាក់ព័ន្ធច្រើនណាស់ ដែលចាំបាច់ត្រូវធ្វើ បន្តការងារនេះបន្តទៅទៀត ដែលហៅថាមាសបៃតង គឺវានៅកន្លែងហ្នឹង។ យើងមានមាសស យើងមានមាសបៃតង ដែលផ្តើមចេញពីវិស័យទេសចរណ៍ ៥.៥០០.០០០ នាក់ច្រើនណាស់ ហើយគោលដៅរបស់យើងនៅឆ្នាំ ២០២០ ត្រូវឲ្យបាន ៧ លាននាក់ ហើយយើងជឿជាក់ថាធ្វើបាន។
ពង្រីកព្រលានយន្តហោះ
ឥឡូវនេះនៅសេសសល់តែសមត្ថភាពនៃព្រលានយន្តហោះ ដែលយើងកំពុងតែគិត និងបន្តដំណើរឆ្ពោះទៅរកការពង្រីកនូវព្រលានយន្តហោះថ្មីថ្មីថែមទៀត ដើម្បីឲ្យធុនធំៗអាចចុះមកបាន។ នៅសៀមរាបចាំបាច់ត្រូវមាននូវព្រលានយន្តហោះ នៅភ្នំពេញក៏ត្រូវគិតគូរអំពីព្រលានយន្តហោះថ្មី ព្រោះអាចាស់វាលែងសមស្របជាមួយនឹងតម្រូវការ នៃការកើនឡើងនៃវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់ព្រះរាជាណាចក្រកម្ពុជាយើងហើយ។ នៅឯខេត្តព្រះសីហនុ ក៏ត្រូវពង្រីកផ្លូវរត់នៃយន្តហោះ … ឥឡូវនេះគេអាចហោះជាប្រព័ន្ធ គេអាចចុះជាត្រង់ គេអាចចុះនៅភ្នំពេញទៅត្រង់ ហោះទៅឯក្រុងព្រះសីហនុដោយត្រង់ ប៉ុន្តែវាស្ថិតនៅត្រង់ថា សមត្ថភាពទទួលនូវប្រភេទយន្តហោះ ដែលចាំបាច់ត្រូវដោះស្រាយ។ បើផ្លូវរត់វាខ្លី វាក៏កាត់បន្ថយនូវប្រភេទយន្តហោះដែលអាចចុះចតបាន។ ចំណុចអស់ទាំងនេះ សុទ្ធតែនៅក្នុងគោលដៅដែលមានរួចមកហើយ។
ឥឡូវវិលមកទាក់ទិនទៅនឹងសណ្ឋាគារនេះ ក្រុមហ៊ុនសុខាអូតែល បានសាងសង់រហូតមកដល់ពេលនេះ គឺមាន ៦ សណ្ឋាគាររួចមកហើយ។ ទី ១ សណ្ឋាគារផ្កាយប្រាំ ខ្នាតអន្តរជាតិ ខេត្តព្រះសីហនុ ចំនួន ៤៦២ បន្ទប់។ ទី ២ ឆ្នាំ ២០០២ សាងសង់សណ្ឋាគារផ្កាយប្រាំ ខ្នាតអន្តរជាតិ នៅសៀមរាប ចំនួន ២៧០ បន្ទប់។ ទី ៣ ឆ្នាំ ២០០៨ សាងសង់សណ្ឋាគារផ្កាយប្រាំ ខ្នាតអន្តរជាតិ នៅរាជធានីភ្នំពេញ ចំនួន ៥៤៩ បន្ទប់ និងខុនដូ ចំនួន ១៩៥ បន្ទប់។ ទី ៤ ឆ្នាំ ២០១០ សាងសង់សណ្ឋាគារផ្កាយប្រាំខ្នាតអន្តរជាតិ នៅបូកគោ ខេត្តកំពត ចំនួន ១.០០០ បន្ទប់។ ទី ៥ សាងសង់សណ្ឋាគារសុខាសៀមរាបលំដាប់ផ្កាយប្រាំ និងសណ្ឋាគារផាលេសសៀមរាប លំដាប់ផ្កាយបួន។ ដូច្នេះ បើយើងសរុបចំនួននេះ គឺវាឡើងទៅដល់ប្រមាណជាង ២.០០០ បន្ទប់ ដែលអាចជាផ្នែកមួយទទួលបាននូវទេសចរយ៉ាងច្រើន។ កន្លងទៅនៅឯទីក្រុងភ្នំពេញ យើងយកធ្វើជាទីកន្លែង ដើម្បីប្រជុំ នៅវេទិកាសេដ្ឋកិច្ចពិភពលោក និងការប្រជុំអន្តរជាតិនានាផង។ ឥឡូវបើយើងពិនិត្យមើលសណ្ឋាគារនៅខេត្តសៀមរាប ដូចជាច្រើនជាងគេ ច្រើនជាងភ្នំពេញ ព្រោះភ្ញៀវមកសម្រុកនៅនេះ បន្ទាប់ទៅភ្នំពេញ ហើយកំពង់សោម។
មិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកបំផ្លាញជាតិនោះទេ
សណ្ឋាគារកំពុងត្រូវប៉ាន់ ប៉ុន្តែខ្ញុំនៅតែរំលឹក ប្រយ័ត្នត្រូវប៉ាន់ វាបាត់ប៉ាន់ទៅវិញ តាមរយៈគេបំផ្លាញចោលនូវសន្តិភាព បំផ្លាញចោលនូវស្ថេរភាពនយោបាយ។ យើងមិនអនុញ្ញាត និងមិនផ្តល់ឱកាសឲ្យអ្នកណាក៏ដោយ ដែលបំផ្លាញដល់សន្តិសុខជាតិរបស់យើងទេ។ យើងមិនផ្តល់ឱកាសដាច់ខាត ហើយយើងបាននិងកំពុងធ្វើសកម្មភាពពិត មិនមែនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ។ មិនមែនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ ព្រោះនេះជាការរៀបចំ និងធ្វើសកម្មភាពជាប្រព័ន្ធតែម្តង។ ខ្ញុំនិយាយប៉ុណ្ណេះអាចយល់។ (ឃើញ)កំពុងតែប្រើភាពជម្លើយនៅតំបន់ ៣ ខេត្ត រួចមកហើយ កំពង់ធំ ព្រះវិហារ និងម្សិលមិញនៅសៀមរាបហ្នឹងតែម្តង។ ប៉ុន្តែសូមបញ្ជាក់ជូនឲ្យហើយ មិនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់ឡើយ រឿងវាមានសំណុំរបស់វា ការរៀបចំសកម្មភាពជាប្រព័ន្ធ។ យើងមិនអនុញ្ញាតឲ្យអ្នកឯងបន្តនូវអំពើក្បត់ បំផ្លាញជាតិ បំផ្លាញសន្តិសុខទេ។ មានសន្តិភាព ទើបមានការអភិវឌ្ឍ ហើយការអភិវឌ្ឍនោះហើយ វាជាតម្រូវការដើម្បីរក្សានូវសន្តិភាពនោះ។ មិនត្រូវគិតថាអ្នកឯងចង់ធ្វើអ្វីតាមចិត្ត ហើយធ្វើជាខ្ញុំបម្រើបរទេស ដើម្បីមកបំផ្លាញខ្មែរនោះទេ មិនអនុញ្ញាតដាច់ខាត ហើយយើងហ៊ានធ្វើ យើងហ៊ានប្រឈមគ្រប់បញ្ហា។
មិនអនុញ្ញាតឲ្យមានឧទ្ទាមទីក្រុងដាច់ខាត
ខ្ញុំធ្លាប់បានដាស់តឿនពីបញ្ហា គេមិនអាចមកលេងអង្គរវត្ត ក្រោមគ្រាប់បែក គ្រាប់ប្លោងដូចអតីតកាលនោះទេ។ សូម្បីឆ្នាំ(១៩)៩៣ហើយ ការប្រយុទ្ធនៅតែមាន (១៩)៩៨ ទើបសៀមរាបរបស់យើងនេះបញ្ចប់សង្គ្រាម គឺសៀមរាបរបស់យើង មុនពេលបង្កើតខេត្តឧត្តរមានជ័យ តំបន់អន្លង់វែង ស្ថិតក្នុងខេត្តសៀមរាប ដែលជាទីតាំងចុងក្រោយរបស់ខ្មែរក្រហម ដែលយើងរកបានដោយលំបាក ដើម្បីសន្តិភាពប្រទេសមួយនេះ មិនអាចអោយអ្នកឯងធ្វើឧទ្ទាមក្នុងទីក្រុងទេ។ ខ្ញុំសូមព្រមាន និងសូមប្រាប់! ឧទ្ទាមក្នុងព្រៃ វាជារឿងមួយ។ ឧទ្ទាមក្នុងទីក្រុងដោយធ្វើបដិវត្តពណ៌ មិនអនុញ្ញាតដាច់ខាត។ អ្នកឯងបានធ្វើ ហើយបានបរាជ័យ តែក៏ត្រៀមធ្វើតទៅទៀត។ យើងមិនអនុញ្ញាតអោយឧទ្ទាមទីក្រុងបន្តបំផ្លិចបំផ្លាញសន្តិសុខរបស់ជាតិទេ។
ទេសចរបរទេស និងទេសចរខ្មែរចាយលុយដូចតែគ្នា
ជាថ្មីម្ដងទៀតសុំកោតសរសើរ ក្រុមហ៊ុន សុខា អូតែល ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ និងក៏សុំថ្លែងនូវការកោតសរសើរចំពោះក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរា ដែលបានបង្កការងាយស្រួលដល់ការសាងសង់សណ្ឋាគារដ៏ទំនើបនេះ ដែលផ្តល់ឱកាសសម្រាប់ការទាក់ទាញភ្ញៀវទេសចរកាន់ច្រើន។ កាលពីអង្គរសង្រ្កានឆ្នាំទៅ អស់រលីង(សណ្ឋាគារ) ហើយឥលូវកុំភ្លេច ទេសចរបរទេស និងទេសចរខ្មែរដូចតែគ្នាទេ ចាយលុយដូចតែគ្នា។ ខ្មែរចាយច្រើន … បើចូលតុ(១)ប្រាំនាក់ ដណ្ដើមគ្នាចេញលុយ ហ្នឹងខ្មែរហើយ … សណ្ឋាគារមិនសំដៅតែលើជនជាតិបរទេសទេ ជនជាតិខ្មែរយើងក៏មានលុយដេកសណ្ឋាគារខ្នាតផ្កាយ ៤ ផ្កាយ ៥។ នៅពេលខាងមុខ អង្គរសង្ក្រានឆ្នាំ ២០១៨ នឹងធ្វើតទៅទៀត … គេមកលេងអង្គរសង្ក្រាន ប៉ុន្មានឆ្នាំកន្លងផុតទៅហើយ តែងតែមានការខ្វះផ្ទះភ្ញៀវ ខ្វះសណ្ឋាគារ ហើយមិនមែនបរទេសទេ ខ្មែរតែម្ដង។
អញ្ចឹងឥឡូវនេះ មិនចាំបាច់បែងចែកទេសចរខ្មែរ ឬទេសចរបរទេសទេ បើនិយាយពីជប៉ុនវិញ ជប៉ុនចង់បានទេសចរជនជាតិជប៉ុន ច្រើនជាងទេសចរជនជាតិបរទេស។ ខ្ញុំទៅខេត្ត អយតា របស់ប្រទសជប៉ុន តាំងពីឆ្នាំ ២០០១, ១៦ ឆ្នាំមុន អភិបាលខេត្ត គាត់បាននិយាយថាទេសចរទៅកាន់ខេត្ត អយតា ប៉ុន្មានលាននាក់ក្នុង ១ ឆ្នាំ។ ខ្ញុំសួរគាត់ថា ជាជនបរទេស? គាត់ថាអត់ទេ ជនបរទេសតិចណាស់ ព្រោះជប៉ុនចង់បានសណ្ឋាគារជនជាតិជប៉ុន ជាងជនជាតិបរទេស ព្រោះចាយលុយដូចតែគ្នា ស្រួលបម្រើម្ហូបជប៉ុនទៅទៀត។ អញ្ចឹងទេ មិនត្រូវមើលស្រាលទេសចរក្នុងស្រុកនោះទេ។ ពេលភ្ជុំកន្លងទៅនេះ ស្ងាត់ទីក្រុងភ្នំពេញ … នៅសល់មនុស្សតិចណាស់ ប៉ុន្តែមនុស្សចេញទៅតាមខេត្តច្រើន ហើយចេញទៅហ្នឹង គាត់មិនមែនស្ពាយផ្ទះគាត់ទៅឯណា! គាត់ទៅដេកនៅតាមសណ្ឋាគារដូចតែគេ ដូចតែឯង ព្រោះប្រជាពលរដ្ឋមានប្រាក់ចាយសព្វថ្ងៃនេះ។ អញ្ចឹង គាត់ចង់សាកបន្ទប់ស្វ៊ីតថ្នាក់ប្រធានាធិបតី ថ្នាក់នាយករដ្ឋមន្ត្រីឯណោះ …។
ព្រឹត្តិការណ៍ ២៤ កញ្ញា ១៩៩៨
រឿងរ៉ាវនៅទីនេះ វាកន្លងផុតប៉ុន្មានថ្ងៃ បើគិតពីពេលនោះមកដល់ពេលនេះវា ១៩ ឆ្នាំ។ ២៤ កញ្ញា ១៩៩៨ មកដល់ ២៤ កញ្ញា ២០១៧ យើងគិតទៅ ១៩ ឆ្នាំ។ ទើបតែកន្លងផុតប៉ុន្មានថ្ងៃទៅនេះទេ។ ខ្ញុំនិទានរឿងហ្នឹងបន្ដិច។ ល្ងាចថ្ងៃ ២៣(កញ្ញា)ទៅចាក់គម្ពីនៅវត្តព្រះអង្គខ្មៅ។ ចាក់(គម្ពី)ចំកន្លែងដែលថា គេយកទៅសម្លាប់បែរជាមិនស្លាប់ ឡើងធ្វើសេ្ដចតែម្ដង។ ដល់តែព្រឹកឡើង ភ្លៀងនោះមហាភ្លៀង។ អាចថាទេព្ដាជួយ អ្នកតាមថែរក្សាខ្ញុំ ឬបារមីការពារព្រះរាជាណាចក្រកម្ពុជា ការពារអង្គរ ទុកម្នាក់នេះដើម្បីបង្ក្រាបពួកទមិឡទាំងឡាយ អោយ(ខ្ញុំ)រស់រានមានជីវិត។ បន្ទាប់ពីការភ្លៀងខ្លាំងសឹងបាក់មេឃ យើងក៏ចាប់ផ្តើមចេញដំណើរ។ ខ្ញុំបានឃើញគ្រាប់រត់យ៉ាងច្បាស់ ដោយសារពេលនោះ ខ្ញុំពាក់នាឡិកា Pierce ៤ ជ្រុង ហើយវាតូចទេ … លោកជំទាវ ខែក ស៊ីសូដា (ណានូ) បានប្រាប់ថាសម្តេចត្រូវទៅមុនគេ គឺម៉ោង ៩ សម្តេចទៅដល់។ អញ្ចឹងទេ ខ្ញុំបានមើលនាឡិកា។ ឡានកំពុងបើកទៅកន្លែងព្រះអង្គចេកព្រះអង្គចម មកដំណាក់ព្រះករុណា។ នៅសល់ប្រហែលជា ៤ នាទី មុនម៉ោង ៩ ដោយសារខ្ញុំមិនជឿលើសមត្ថភាព នៃនាឡិការបស់ខ្ញុំៗ ក៏ខំមើលទៅម៉ោងនៅក្នុងឡាន … ស្រាប់តែក្រឡេកទៅឃើញគ្រាប់រត់កាត់ពីមុខ ពីលើដំបូលមុខ ប្រហែលជាមួយចង្អាម ប្រហែលជាមួយចង្អាមពីកញ្ចក់។ … តៃកុងឡានជាន់ហ្វ្រាំងគ្រឹប។ ខ្ញុំថាទៅទៀត។ ៤ គ្រាប់។ ឆេះមួយគ្រាប់។ បើសិនជាមកទាំង ៤ ច្បាស់ហើយ គឺគ្មាននៅសល់ឆ្អឹង នៅសល់ឆ្អែងទេ។ ប៉ុន្តែ អានេះវារត់ទៅម្ខាង ទៅស្លាប់ប្រជាជនម្នាក់ កូនក្មេងម្នាក់ ហើយនិងរបួសម្នាក់។ គេអាចធ្វើទៅរួច ដើម្បីដណ្តើមជីវិតរបស់ខ្ញុំ។
ខ្ញុំជឿចិនសែម្នាក់ រឿងនេះបកក្រោយបន្តិចវិញ នៅឆ្នាំ ១៩៩២ ខ្ញុំធ្វើដំណើរទៅប៉េកាំង ដើម្បីប្រជុំ SNC។ កាលពីពេលនោះ មានប្រជុំ SNC នៅប៉េកាំងម្តង ឆ្នាំ ១៩៩២ … ខ្ញុំក៏ត្រឡប់មកវិញតាមហុងកុង មកដល់ចិនសែ កាលហ្នឹងតាស្រ៊ុនគាត់នៅរស់ គាត់ហៅចិនសែមកមើល។ គាត់ថានៅពេលដែលលោកឯងអាយុ ៤៦ ឆ្នាំ លោកឯងជួបការលំបាកណាស់ ប៉ុន្តែមិនស្លាប់ទេ ប្រៀបដូចជាព្រាយបិសាចមកលងអញ្ចឹង តែនៅពេលដែលលោកឯងចាប់ពីអាយុ ៤៦ ឆ្នាំទៅ គ្មានអ្នកណាធ្វើអីបានទេ។ អញ្ចឹងនៅពេលដែលគេបាញ់ខ្ញុំហ្នឹង ខ្ញុំចាប់ចូលអាយុ ៤៦ ឆ្នាំតែម្តង … គេថាអាគមផ្សំអាយូស … គេលើកដៃសម្លាប់ខ្ញុំបាន តែខ្ញុំគ្រាន់តែអនុវត្តច្បាប់ ដើម្បីការពារនូវប្រទេសជាតិ ម៉េចក៏ខ្ញុំធ្វើមិនបាន? ម្សិលមិញខ្ញុំនិយាយជាមួយកម្មករអញ្ចឹងដែរ។ គេលើកដៃប្រហារជីវិតខ្ញុំ តាមរយៈដាក់គ្រាប់បែកបួនគ្រាប់ ដែលអាចថាគ្មានឆ្អឹងគ្មានឆ្អែងទេ បើសិនជាវាផ្ទុះទាំង ៤ គ្រាប់ មិនចាំបាច់ត្រូវទេ គ្រាន់តែវាផ្ទុះកន្លែងហ្នឹង គឺវាគ្រប់គ្រាន់ដើម្បីនឹងការស្លាប់ហើយ។ ម៉េចក៏គេធ្វើបាន? ឯខ្ញុំគ្រាន់តែអនុវត្តច្បាប់ ដែលមាន ដែលច្បាប់បានចែងថាអំពើក្បត់ជាតិ វាត្រូវមានទោសបែបណា ម៉េចក៏ខ្ញុំធ្វើមិនបាន។
កម្ពុជាមានច្បាប់ មិនអាចជំនួសដោយច្បាប់របស់ប្រទេសណានោះទេ
ខ្ញុំធ្វើមិនមែនដើម្បីជីវិតខ្ញុំម្នាក់ទេ ដើម្បីសេចក្តីសុខរបស់ប្រទេសមួយ ប្រជាជាតិមួយ ហើយក៏ដើម្បីឯករាជ្យ អធិបតេយ្យរបស់ប្រទេសមួយដែរ ម៉េចក៏យើងធ្វើមិនបាន? គេទម្លាក់គ្រាប់បែកលើប្រទេសរបស់យើង សម្លាប់ប្រជាជនយើងរាប់សែន រាប់លាននាក់ ម៉េចក៏គេធ្វើបាន? អង្គការសហប្រជាជាតិទទួលស្គាល់ខ្មែរក្រហមឲ្យអង្គុយនៅអង្គការសហប្រជាជាតិ ម៉េចក៏គេធ្វើបាន ឯខ្ញុំគ្រាន់តែដឹកនាំ ដើម្បីអនុវត្តច្បាប់ ការពារនូវសន្តិសុខជាតិ ការពារឯករាជ្យអធិបតេយ្យរបស់ប្រទេស ម៉េចក៏ធ្វើមិនបាន? នេះជាចំណុចដែលត្រូវចោទសួរ។ យើងនឹងបន្តធ្វើដោយគ្មានការរួញរា គ្មានញញើតជាមួយនឹងអ្វីទាំងអស់ ដើម្បីការរស់រានមានជីវិត ការគង់វង្សនូវសមិទ្ធផល ដែលយើងរកបានដោយលំបាក មិនមែនជាការងាយស្រួលទេ ទម្រាំបានប៉ុណ្ណេះ។ យើងមើលផ្លូវក្រវាត់ក្រុងសព្វថ្ងៃនេះ អាផ្លូវក្រវាត់ក្រុងមិនមែនផ្លូវទេ ពីដើមនោះ អាហ្នឹងគឺសម្រាប់ជាទីតាំងការពារ កុំឲ្យខ្មែរក្រហមវាយចូលសៀមរាបតើ។ ប៉ុន្តែ ឥឡូវវាក្លាយទៅជាផ្លូវវាងទីក្រុងរួចស្រេចទៅហើយ។ យើងត្រូវរួមថែរក្សាវា។ ចង់ការពារនូវសមិទ្ធផល ចង់ការពារនូវមុខរបរ ចង់ការពារនូវការងារ ដែលយើងបាន និងកំពុងមាន ចាំបាច់ណាស់ត្រូវរួមគ្នារក្សាសន្តិភាព ស្ថេរភាពឲ្យខានតែបាន។ បើមិនដូច្នោះទេ រឿងរ៉ាវវានឹងកើត។
ឥឡូវបញ្ហានៅលើពិភពលោក កាន់តែច្រើនហើយ បន្ទាប់ពីប្រជាមតិ នៅតំបន់ Kurds របស់អ៊ីរ៉ាក់ដែលកំពុងចម្រូងចម្រាស់ ម្សិលមិញនេះ ប្រជាមតិនៅប្រទេសអេស្ប៉ាញទៀត ដែលចង់ផ្តាច់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញ ហើយប៉ូលីសអេស្ប៉ាញ ទៅរឹបអូសយកសន្លឹកឆ្នោតប្រជាមតិ។ តើប៉ូលីសអេស្ប៉ាញគាត់គោរពសិទ្ធិមនុស្សឬអត់? បើសិនជាយើងវិញ គេថាយើងរំលោភសិទ្ធិហើយ ប៉ុន្តែ រដ្ឋធម្មនុញ្ញអេស្ប៉ាញមិនតម្រូវឲ្យមានអ្នកណាទៅធ្វើអបគមន៍ទេ។ ដូច្នេះ រដ្ឋបាលអេស្ប៉ាញចាំបាច់ ត្រូវតែប្រើនូវគ្រប់វិធីដើម្បីរាំងស្កាត់ការធ្វើប្រជាមតិ។ សម្រាប់កម្ពុជាមានច្បាប់ដោយឡែករបស់កម្ពុជា ដែលកម្ពុជាខ្លួនឯងជាអ្នកកសាង នូវរដ្ឋមួយនេះ មិនអាចជំនួសដោយច្បាប់របស់ប្រទេសណានោះទេ។
គ្រប់ទីកន្លែងតំបន់ទេសចរណ៍ទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្ន នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង
ខ្ញុំសុំនិយាយប៉ុណ្ណឹងទៅចុះ ហើយសៀមរាបនៅពេលនេះក៏ភ្លៀងច្រើនរហូតទៅដល់ដក់ទឹក អាចនឹងមានការបន្តភ្លៀងបន្ថែមទៀត។ គ្រប់ទីកន្លែងក៏ត្រូវមានការប្រុងប្រយ័ត្នភ្លៀងនេះ អាចបង្កើតទៅជាការជន់លិច នូវតំបន់ខ្លះៗ ដែលទាមទារឲ្យអាជ្ញាធរគ្រប់ទីកន្លែង និងប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន កន្លែងណាដែលអាចធ្វើទៅបាន ដើម្បីទម្លាក់ទឹកឲ្យបានឆាប់ ឲ្យបានលឿន រកវិធីដោះស្រាយដើម្បីទម្លាក់ទឹកនេះចេញ ចៀសវាងនូវការកើនឡើង។ នៅសៀមរាបនេះ ឃើញទូរទស្សន៍ផ្សាយនៅតំបន់ណាមួយនោះ នៅស្រុកណាមួយនោះ មានអ្នកណាធ្វើឲ្យទឹកហូរទៅលិចស្រែប្រជាពលរដ្ឋ ដូចជានៅតាមផ្លូវជាតិលេខ ៦ ហ្នឹង។ នៅក្នុងទីក្រុងនេះ យើងធ្លាប់ដឹងហើយ ជាទីក្រុងងាយនឹងលិច ហើយយើងក៏បានធ្វើការកាយដីទប់ទំនប់ ប្រឡាយឯណានោះ។ មើលផងឯកឧត្តមអភិបាលខេត្ត ថាមានអ្នកភ្នំពេញមកកាយទំនប់ កាយប្រឡាយនៅត្រង់ប្រព័ន្ធរំដោះទឹកបានមួយចំនួនដែរ ប៉ុន្តែ បើសិនជាវាមានហេតុការកើតឡើង យើងអាចប្រើប្រាស់មធ្យាបាយគួបផ្សំ រាប់ទាំងការប្រើប្រាស់ម៉ាស៊ីនធុនធំ ដើម្បីបូមចេញឲ្យបានឆាប់បន្តិច តាមដែលអាចធ្វើទៅបាន ហើយជួនកាលព្រឹបៗ ដូចជាឆ្នាំណានោះ ឆ្នាំ ២០១១ ជំនន់ពីបន្ទាយស្រីត្រឡប់មកវិញ។
គ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្ន នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង បង្កើតឲ្យមានបញ្ហា។ តំបន់ទេសចរណ៍នានា ត្រូវតាមដានអំពីបញ្ហាហ្នឹង។ បើសិនជាមានស្ថានភាព ដែលវាផ្តល់ការលំបាក ត្រូវតែមានការប្រុងប្រយ័ត្ន ហើយដោះស្រាយជូនអ្នកទេសចរ មិនថាទេសចរក្នុងស្រុក ឬទេសចរក្រៅស្រុកទេ។ សម្រាប់ប្រជាជនក្នុងមូលដ្ឋាន គឺគាត់មានផ្ទះសំបែង មានទួលសុវត្ថិភាពរបស់គាត់ ប៉ុន្តែ សំរាប់ទេសចរមិនមានទេ។ ខ្ញុំបញ្ចប់ត្រឹមប៉ុណ្ណឹង ជាមួយនឹងការប្រកាសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការសណ្ឋាគារសុខាសៀមរាប ដែលកសាងវិនិយោគ ដោយក្រុមហ៊ុន សុខា អូតែល …៕