FN ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជិត ១,៦លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍តំបន់ជនបទរបស់កម្ពុជា។ ថវិកាជំនួយនេះនឹងជួយទ្រទ្រង់លើគម្រោងចំនួន៣ រួមមាន៖ សាងសង់ស្ពានចំនួន២ នៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី, ជួយវិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថានរបស់អង្គការ ERECON លើកកម្ពស់និរន្តរភាព នៃស្ថានភាពកសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងខេត្តកំពង់ចាម និងជួយលើកកម្ពស់ការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីន នៅក្នុងខេត្តបន្ទាយមានជ័យ។
ពិធីចុះហត្ថលេខាផ្តល់ និងទទួលជំនួយនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ រវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយភាគីពាក់ព័ន្ធរួមមានលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បណ្ឌិត Hihara Machito នាយកអង្គការ ERECON និងលោក SHIBATA Mikio ប្រធានតំណាងអង្គការ JMAS រួមជាមួយក្រុមការងារជាច្រើននាក់ទៀតផង។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា ថវិកាជំនួយនេះនឹងជួយទ្រទ្រង់ទៅលើគម្រោងចំនួន ៣រួមមាន គម្រោងទី១៖ ជួយដល់មន្ទីរអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី សម្រាប់គម្រោងសាងសង់ ស្ពានចំនួន២កន្លែង នៅក្នុងឃុំចំនួន នៃស្រុកកោះញ៉ែក ដោយប្រើថវិកាប្រមាណ ២៤២,៣៦៧ដុល្លារអាមេរិក។ ស្ពានទាំងពីរនេះ ស្ពានមួយមានប្រវែង ២៤ម៉ែត្រ និងស្ពានមួយទៀតប្រវែង១៨ម៉ែត្រ។ ក្រោយពេលសាងសង់រួចរាល់ ស្ពានទាំងពីរនេះ នឹងផ្តល់ភាពងាយស្រួល និងសុវត្ថិភាពប្រសើរជាមុន ដល់អ្នកភូមិប្រមាណ ៦ពាន់នាក់ ធ្វើដំណើរឆ្លងកាត់ទៅសាលារៀន មន្ទីរពេទ្យ និងផ្សារ និងជួយសម្រួលដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គម្រោងទី២៖ ជាគម្រោងជួយដល់វិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថាន របស់អង្គការ ERECON លើកកម្ពស់និរន្តរភាព នៃស្ថានភាពកសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងខេត្តកំពង់ចាម ដោយប្រើថវិកា ៥៥៨,២៣៦ដុល្លារអាមេរិក។ គម្រោងនេះ នឹងជំរុញឲ្យមានការដាំដំណាំប្រកបដោយនិរន្តរភាពតាមរយៈការកែលម្អស្ថានភាពដីដោយវិធីសាស្ត្រនានា ដែលមិនប៉ះពាល់ដល់បរិស្ថាន។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងកែលម្អគុណភាពភាព នៃការផលិត និងកសិករ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករ និងជំរុញឲ្យមានការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយសុខសុវត្ថិភាពលើទីផ្សារ។
គម្រោងទី៣៖ សម្រាប់ជួយលើកកម្ពស់ការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីននៅក្នុងខេត្តបន្ទាយមានជ័យ របស់អង្គការ JMAS នឹងផ្ទេរវិធីសាស្ត្របញ្ចូលគ្នា ក្នុងការបោសសម្អាតមីនដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC តាមរយៈការហាត់ការលើចម្ការមីន ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ គម្រោងនេះប្រើថវិកា ៧៦១.២០២ដុល្លារអាមេរិក។ គម្រោងនេះ ត្រូវបានគេរំពឹងថាជួយឲ្យ CMAC មានជំនាញកាន់តែខ្ពស់សម្រាប់ប្រតិបត្តិការបោសសម្អាតមីនប្រកបដោយភាពម្ចាស់ការនៅក្នុងស្ថានភាពលំបាក។
លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី បានឲ្យដឹងដែរថា គម្រោងដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនសម្រាប់សាងសង់ស្ពានទាំពីរនេះ គឺជាគម្រោងលើកដំបូងហើយរបស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍនៅខេត្តមណ្ឌលគិរី។ លោកប្រធានមន្ទីរបន្តថា គម្រោងសាងសង់ស្ពាននេះ នឹងចាប់ផ្ដើមធ្វើនៅខែតុលា ហើយបញ្ចប់ទៅវិញនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
បើតាមលោក យន់ ពៅ ស្ពានទាំងពីរនេះ នឹងផ្ដល់អត្ថប្រយោជន៍ ព្រោះជាការតភ្ជាប់តំបន់អាស៊ានផងផង និងជួយសម្រួលដល់ពលរដ្ឋ ក្នុងការធ្វើដំណើរផងដែរ។ លោក យន់ ពៅ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៥៦.៧លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង «គូសាណូណិ» នៅទូទាំងប្រទេសកម្ពុជា៕