ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះ រាជាណាចក្រកម្ពុជា!
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក!
ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្តងទៀត បន្ទាប់ពីឆ្នាំទៅ បានមកកាន់ទីនេះម្តងរួចទៅហើយ ហើយក៏បានកំណត់កាលបរិច្ឆេទតាំងពីមួយឆ្នាំមុនមកម្ល៉េះ ដើម្បីយកថ្ងៃនេះ ធ្វើជាថ្ងៃដើម្បីបិទទំនប់ទី ១ សម្រាប់ការចាប់ផ្តើមដំណើរការនៃទំនប់វារីអគ្គិសនីសេសាន ២ របស់យើង។ ថ្ងៃនេះ ពិតជាថ្ងៃប្រវត្តិសាស្រ្ត ដូចដែល ឯកឧត្តម ស៊ុយ សែម ក៏ដូចជា ឯកឧត្តម ហ៊ុង យុងដា បានលើកឡើងអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងដំណើរការជាមួយនឹងវារីអគ្គិសនីនេះ។
បង្វែរផ្លូវជាតិលេខ ៧៨ ចៀសវាងប៉ះពាល់ពេលបិទទំនប់
មុននឹងឈានទៅដល់ដំណាក់កាលថ្ងៃនេះ យើងបានខិតខំប្រឹងប្រែងជាមួយនឹងការងារជាច្រើន តាំងពីប្រមាណ ១០ ឆ្នាំ ឯណោះ។ ហេតុអ្វីបានជាយើងនិយាយពី ១០ ឆ្នាំមុន? គម្រោងការអនុវត្តនីមួយៗមិនមែនជាបញ្ហាកញ្ឆក់កណ្តៀត តាមបែបនឹកឃើញ និងស្មានៗដូចក្រុមមនុស្សមួយចំនួននោះទេ។ ក៏ប៉ុន្តែ យើងមានការសិក្សាច្បាស់លាស់ អំពីបញ្ហានេះ រាប់ទាំងការបង្វែរផ្លូវជាតិ ៧៨ ដែលតភ្ជាប់ពីស្ទឹងត្រែងទៅរតនគិរី ត្រង់តំបន់ស្រែពក ហើយទៅឆ្ងាយ ព្រោះថា នៅពេលដែលយើងបិទទំនប់នៅទីនេះ ធ្វើវារីអគ្គិសនី វានឹងមានផលប៉ះពាល់ទៅដល់ផ្លូវជាតិលេខ ៧៨ តែម្តង។ ដូច្នេះ បានជាយើងត្រៀមរៀបចំកសាងផ្លូវ ដែលកំពុងតែដំណើរការ ប្រហែលជាបងប្អូនអាចមើលឃើញថា ផ្លូវជាតិលេខ ៧៨ កាលពីពេលមុនឆ្លងកាត់នៅតំបន់ស្រែពក មានការប្រែប្រួល ហើយការប្រែប្រួលនោះ បណ្តាលមកពីការសិក្សានៅតំបន់នេះនោះឯង។ ដូច្នេះ ចក្ខុវិស័យនៃការអភិវឌ្ឍនៅក្នុងវារីអគ្គិសនីសេសានទី ២ នេះ មិនមែនគ្រាន់តែជាបញ្ហាមួយថ្ងៃពីរថ្ងៃ មួយឆ្នាំពីរឆ្នាំ ឬបីបួនឆ្នាំនោះទេ គឺយើងបានធ្វើកិច្ចការនេះជាង ១០ ឆ្នាំរួចមកហើយ។
សេសាន ២ អានុភាព ៤០០ មេហ្គាវ៉ាត់ និងវិនិយោគដោយក្រុមហ៊ុនពហុភាគី
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដោយយើងបានមកចូលរួមជាមួយគ្នា ដើម្បីចាប់ផ្តើមបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសាន។ តាមរយៈនោះ ដំណើរការចាប់ផ្តើមពីទីនេះ យើងនឹងផ្តល់នូវវឌ្ឍនភាពថ្មីមួយ សម្រាប់ទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅក្រោមនយោបាយអាទិភាពរបស់យើង អំពីមនុស្ស ទឹក ផ្លូវ ភ្លើង ដែលជាគោលនយោបាយអាទិភាព សម្រាប់ការវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការខិតខំនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះក្រសួងរ៉ែ និងថាមពល ក៏ដូចជាក្រុមហ៊ុនដៃគូ។ ខ្ញុំអាចនិយាយថា ជាវារីអគ្គិសនីដែលធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមុននេះ យើងមានតែត្រឹមជាង ១០០ ទៅ ២០០ មេហ្គាវ៉ាត់ ក៏ប៉ុន្តែ នេះជាវារីអគ្គិសនីដែលមានកម្លាំងរហូតទៅដល់ ៤០០ មេហ្គាវ៉ាត់។ បន្ថែមលើនេះ នេះក៏ជាទំនប់វារីអគ្គិសនីដែលមានភាពជាដៃគូរហូតដល់ទៅ ៣ គឺមានកម្ពុជាយើង មានរ៉ូយ៉ាល់គ្រុបរបស់លោកឧកញ៉ា គិត ម៉េង ក៏ដូចជា ក្រុមហ៊ុន China Huaneng Group ដែលមានអគ្គនាយក ហ៊ុង យ៉ុងដា បានលើកឡើងអម្បាញ់មិញ ហើយនិងក្រុមហ៊ុនវៀតណាម ដែលជាអ្នកសិក្សាចំនួន ១០ ភាគរយ នៅទីនេះ …។
តម្រូវការអគ្គិសនីកើនឡើង/ផលិតអគ្គិសនីមានអន្តរសកម្មវិស័យដទៃទៀត
ខ្ញុំសូមចាប់ផ្តើមពីស្ថានភាព ដែលយើងត្រូវនិយាយថា ដំណាក់កាលដុតទៀន ដំណាក់កាលដុតចង្កៀងប្រេងកាត ដុតចន្លុះ ដុតជ័រ ដុតខ្លាញ់ត្រី ត្រូវបានរសាត់ឆ្ងាយពីទឹកដីព្រះរាជាណាចក្រកម្ពុជាទៅហើយ។ ឥឡូវនេះ មិនដូចជាដំណាក់កាលដូចសម័យកាលដើម ឬក៏ ៣០ ឆ្នាំមុន ដែលយើងនាំគ្នាពេលនោះ គឺលក់ប្រេងកាតជូនប្រជាជនរបស់យើង។ ឥឡូវនេះ អគ្គិសនីរបស់កម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ហើយ ខ្ញុំ អាចធ្វើការប្រៀបធៀបថា នៅក្នុងទសវត្សរ៍ ៨០ ពេលនោះ យើងប្រើប្រាស់អគ្គិសនីមានត្រឹមប្រមាណតែ ៣០ ទៅ ៤០ មេហ្គាវ៉ាត់តែប៉ុណ្ណោះ។ ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បានឈានដល់ដំណាក់កាលជាង ២ ពាន់មេហ្គាវ៉ាត់ រួចស្រេចទៅហើយ គ្រាន់តែទីក្រុងភ្នំពេញមួយ ត្រូវប្រើប្រាស់ប្រមាណខ្ទង់ ៥០០ មេហ្គាវ៉ាត់ ដែលមុននេះ ត្រឹមតែ ៣០ មេហ្គាវ៉ាត់។ ឥឡូវនេះ អគ្គិសនីរបស់យើងមានតម្រូវការកាន់តែខ្ពស់ ហើយតាមរយៈវិស័យអគ្គិសនីនេះ វាមានអន្តរសកម្មទៅលើវិស័យឧស្សាហកម្ម វិស័យសេវា វិស័យកសិកម្ម និងវិស័យដទៃទៀត ដែលទាក់ទងនឹងជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង។
អគ្គិសនីបានពីសេសាន ២ នឹងផ្គត់ផ្គង់ចម្បងដល់ខេត្ត ៤ នៃភាគឦសាន ឬអាចដល់ខេត្តព្រះវិហារ និងកំពង់ធំ
សម្រាប់ភូមិភាគឦសានរបស់យើងនេះ ដែលរួមមានខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងមណ្ឌលគិរី ការផ្គត់ផ្គង់អគ្គិសនីរបស់យើង ដែលមុននេះ គឺជាការផ្គត់ផ្គង់ដែលមានលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយគ្រាន់តែជាការផ្គត់ផ្គង់ ដែលយើងទាញភ្លើងពីឡាវមកខ្លះ និងទាញភ្លើងតាមរយៈការផលិតរបស់ក្រុមហ៊ុនតូចៗមួយចំនួន។ ប៉ុន្តែ ចាប់ពីពេលនេះទៅ ជាពិសេស នៅពេលដែលតួប៊ីនទី ១ ចាប់ផ្តើមដំណើរការ អ្នកនៅក្នុងខេត្តស្ទឹងត្រែងផ្ទាល់ ក៏ដូចជាអ្នកដែលរស់នៅតាមតំបន់នេះ ដែលតាមរយៈអនុស្ថានីយនៅខេត្តក្រចេះ វានឹងអាចផ្តល់អោយខេត្តទាំង ២ នេះ នូវស្ថេរភាពនៃការផ្គត់ផ្គង់ បូកជាមួយនឹងការរៀបចំបណ្តាញសម្រាប់ផ្គត់ផ្គង់ទៅខេត្តរតនគិរី និងមណ្ឌលគិរី ដែលធ្វើអោយខេត្តទាំង ៤ នេះ អាចមានស្ថេរភាព សម្រាប់ការផ្គត់ផ្គង់រយៈពេលវែង ហើយមានតម្លៃថោក។
បន្ថែមលើនោះ យើងក៏បានគិតគូរប្រមើលមើលអំពីការផ្គត់ផ្គង់សម្រាប់ខេត្តព្រះវិហារ ថាត្រូវទាញភ្លើងពីឡាវមកកាន់ខេត្តព្រះវិហារ ឬក៏ត្រូវទាញភ្លើងពីវារីអគ្គិសនីសេសាន? បើយើងគិតអំពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តព្រះវិហារ គឺអាចនិយាយបានថា ចម្ងាយនោះវាមិនឆ្ងាយជាងពីកំពង់ចាម មកកាន់ខេត្តស្ទឹងត្រែងនោះទេ។ ក៏ប៉ុន្តែ ដោយសារមានតម្រូវការទាប ការវិនិយោគទៅលើបណ្តាញ ដែលតភ្ជាប់ជាមួយនឹងវារីអគ្គិសនីសេសាន នៅខេត្តស្ទឹងត្រែងនេះ វាក៏មានការលំបាក ហើយថ្លឹងថ្លែងអំពីការចំណេញខាតនៅទីនោះផងដែរ។ ប៉ុន្តែ គេក៏ត្រូវគិតអំពីលទ្ធភាពផ្សេងទៀត នៃការផ្គត់ផ្គង់អគ្គិសនី សម្រាប់ខេត្តកំពង់ធំ ខេត្តព្រះវិហារ ដែលជាតំបន់ខ្វះខាតដែរ។
ធ្វើវារីអគ្គិសនី ផលិតអគ្គិសនី ប្រតិសកម្មនឹងវិស័យដទៃទៀត
តាមរយៈនៃការដែលយើងបញ្ចេញនូវអគ្គិសនីនៅទីនេះ ចំនួនអគ្គិសនីដែលយើងត្រូវការផ្គត់ផ្គង់ ហើយដែលបច្ចុប្បន្ន យើងកំពុងនាំចូលពីក្រៅប្រទេសនាំចូលពីវៀតណាម នាំចូលពីថៃ នាំចូលពីឡាវ នឹងមានការកាត់បន្ថយ ព្រោះថា ប្រទេសទាំងនោះសុទ្ធតែមានតម្រូវការផ្ទាល់ខ្លួន អំពីការកើនឡើងនៃអគ្គិសនី។ សម្រាប់កម្ពុជា យើងត្រូវការនូវឯករាជ្យភាពរបស់ខ្លួន ទៅលើការផ្គត់ផ្គង់អគ្គិសនីផងដែរ។ នៅទីណាក៏ដោយ ពេលប្រជុំអន្តរជាតិសំខាន់ បញ្ហាពីរដែលបានលើកមកពិភាក្សា គឺសន្តិសុខស្បៀង និងសន្តិសុខថាមពលនោះឯង។ សម្រាប់ព្រះរាជាណាចក្រកម្ពុជាក៏ដូចគ្នា ដើម្បីការរីកលូតលាស់នៃវិស័យកសិកម្ម សេវាកម្ម ក៏ដូចជា វិស័យផ្សេងទៀត រាប់ទាំងកសិកម្មផងដែរ ទាមទារអោយអគ្គិសនីត្រូវដើរមុខមួយជំហាន ទើបអាចទៅរួច។
យើងលើកឧទាហរណ៍៖ បើសិនជាចង់អោយឧស្សាហកម្មរបស់យើងមានការប្រកួតប្រជែង ផលិតទំនិញកាន់តែច្រើន ហើយការកែច្នៃផលិតផល ដែលជម្រុញទៅលើបញ្ហាវិស័យឧស្សាហកម្មនោះ ទាមទារអោយមានការផ្គត់ផ្គង់អគ្គិសនីដោយទៀងទាត់ និងដោយតម្លៃថោកគួរសម ទើបអាចឈានជម្រុញ ទៅលើការអភិវឌ្ឍវិស័យឧស្សាហកម្មបាន។ លើកបញ្ហាមួយប៉ុណ្ណោះក្នុងវិស័យសេវាកម្ម គឺទាក់ទងនឹងសណ្ឋាគារ និងទេសចរណ៍។ សណ្ឋាគារ/ទេសចរណ៍បច្ចុប្បន្ន មិនមែនទេសចរណ៍បក់ផ្លិតដូចកាលពីសម័យដើមទេ។ ជាទេសចរណ៍ដែលប្រើម៉ាស៊ីនត្រជាក់ ហើយក៏ជាទេសចរណ៍ដែលត្រូវប្រើប្រាស់នូវគ្រឿងយន្ត ជណ្តើរយន្ត ដូចជាឥឡូវយើងមានអគារ រហូតទៅដល់រាប់សិបជាន់។ ប្រសិនបើគ្មានអគ្គិសនីទាញជណ្តើរយន្តទេ គេក៏មិនអាចទៅរួចផងដែរ។ វិស័យកសិកម្មក៏ដូចគ្នា ឥឡូវបូមទឹកដាក់ស្រែនៅកន្លែងខ្លះ ក៏ត្រូវបូមទឹកទៅដោយការប្រើប្រាស់អគ្គិសនី។
តម្រូវការអគ្គិសនីកើនឡើងរាល់ថ្ងៃ
ដូច្នេះហើយបានជារាជរដ្ឋាភិបាលត្រូវរកវិធី ដើម្បីដោះស្រាយបញ្ហាកង្វះអគ្គិសនី ដែលមុននេះមានត្រឹមតែ ៣០ មេហ្គាវ៉ាត់ ជាងតែប៉ុណ្ណោះ។ ក្រោយរំដោះ ១៩៧៩ ហើយមកដល់ឆ្នាំ ២០០៥ ពេលនោះកម្ពុជាមានអគ្គិសនីត្រឹមតែជាង ២០០ មេហ្គាវ៉ាត់ ប៉ុន្តែ ដល់ឆ្នាំ ២០១៧ នេះ យើងមានជាង ២.០០០ មេហ្គាវ៉ាត់ បានសេចក្តីថា មានកំណើនប្រមាណ ១០ ដង សម្រាប់ប្រជាជនរបស់យើង។ តម្រូវការពិតជាត្រូវការច្រើន ហើយពីមួយថ្ងៃទៅមួយថ្ងៃ គ្មានថ្ងៃមួយដែលថាអគ្គិសនីវាមិនកើននោះទេ ដោយសារវាមានតម្រូវការរបស់វា។ សូម្បីតែឥឡូវនេះ ពេលនេះ ម៉ោងនេះ តើមានក្មេងប៉ុន្មាននាក់ទៅដែលវាកើត? នៅពេលដែលវាកើត វាត្រូវការទាំងអស់ ក្នុងហ្នឹងរាប់ទាំងបញ្ហាអគ្គិសនី។ បន្តិចទៀតចាប់ចេញវស្សា រួចហើយ គឺដល់រដូវការហើយ ដែលកូនកម្លោះកូនក្រមុំតែងតែត្រូវការបន្ទប់ថ្មី ឯបន្ទប់ថ្មីរបស់ពួកគេ មិនមែនជាបន្ទប់ដែលដុតប្រេងកាតទៀតទេ គឺជាបន្ទប់ដែលមានអគ្គិសនី ហោចណាស់ក៏មានកង្ហារដែរ មិនមែនជាបន្ទប់ ដែលគេហៅថា បក់ផ្លិតដូចសម័យដើមទេ។ ត្រង់នេះហើយ បានជាយើងមានតម្រូវការ។
ការផលិតអគ្គិសនី ខុសពីការវិនិយោគផ្នែកដទៃទៀត
យើងមិនអាចនឹងផលិតផ្ទួនៗ ដោយមិនរង់ចាំដំណាក់កាលរបស់វានោះទេ ដូច្នេះ បានជាផែនការក្នុងការផលិតអគ្គិសនី ផលិតមួយណាមុន មួយណាក្រោយ ព្រោះវាមានតម្រូវការរបស់វា។ ខ្ញុំសូមបញ្ជាក់ជូនបន្តិច ការផលិតអគ្គិសនីខុសពីការវិនិយោគផ្នែកដទៃទៀត នៅត្រង់ថា ដើម្បីអោយគេធានាដាក់ទុនវិនិយោគនៅក្នុងការវិនិយោគសេសាន ២ នេះ គឺវិនិយោគទៅដល់ជាង ៧០០ លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះ តម្រូវការវិនិយោគខាងផ្នែកទាក់ទិនជាមួយនឹងវារីអគ្គិសនី តម្រូវអោយមានការធានាដល់រដ្ឋសភា ដោយអង្គការនីតិបញ្ញត្តិ។
ឧស្សាហកម្ម និងសេវាមួយចំនួន មិនមានតម្រូវការអោយរដ្ឋាភិបាលធ្វើការធានាទៅដល់កម្រិតថ្នាក់រដ្ឋសភា ថ្នាក់នីតិបញ្ញត្តិនោះទេ។ ក៏ប៉ុន្តែ សម្រាប់អគ្គិសនី គឺតម្រូវការបែបនេះ ព្រោះអញ្ចេះ ក្រែងលោរដ្ឋាភិបាលក្រោយមិនគោរពនូវការសន្យា។ ដូច្នេះ ហើយដើម្បីធានាយកទុនដ៏ធំ សម្រាប់បណ្តាក់នៅទីកន្លែងមួយ ហើយរយៈពេល ៤៥ ឆ្នាំ ៣៥ ឆ្នាំ សម្រាប់ការសាងសង់ និង ៤០ ឆ្នាំ សម្រាប់ដំណើរការ ក្រោយរយៈពេល ៤០ ឆ្នាំ ដំណើរការហើយ តំបន់នេះនឹងក្លាយជាតំបន់របស់រដ្ឋតែម្តង ពេលនោះរដ្ឋគ្រប់គ្រង នឹងយកមកគ្រប់គ្រង ១០០ ភាគរយ។ រដ្ឋចង់ជួលអោយក្រុមហ៊ុនតទៅទៀត អាហ្នឹងរឿងរបស់រដ្ឋ ហើយតម្លៃគិតផ្សេង។
ដើម្បីធានាទៅដល់ការវិនិយោគបាន ទាមទារអោយរដ្ឋាភិបាលត្រូវឆ្លងកាត់ការធានា ពីអង្គការនីតិបញ្ញត្តិ ព្រោះនៅពេលដែលគេផលិតហើយ វាមានចំណុចរបស់វាត្រង់អញ្ចេះ បើផលិតហើយ គេផលិតបានប៉ុន្មាន ត្រូវទិញអស់ប៉ុណ្ណឹង បើទិញមិនអស់ទេ យើងត្រូវសងថ្លៃគេទាំងអស់តែម្តង។ អញ្ចឹងទេ បានជាមានតម្រូវការ នៃការដែលរាជរដ្ឋាភិបាលត្រូវការធានាពីអង្គការនីតិបញ្ញត្តិ ដើម្បីធានាថា ទុនរបស់គេមិនបានបាត់បង់នៅក្នុងការវិនិយោគមួយនេះ។ ខ្ញុំពិតជាមានការរីករាយ ដោយសារតែគម្រោងការនេះត្រូវ បានអនុវត្តទាន់ពេលវេលា។
ដើម្បីបានអគ្គិសនី និងបង្កើតការងារ ត្រូវលះបង់ខ្លះ(ចំពោះបរិស្ថាន)
ខ្ញុំក៏សុំកោតសរសើរ ជាមួយនឹងក្រសួងរ៉ែ និងថាមពល ជាមួយនឹងក្រុមហ៊ុន ក៏ដូចជា អភិបាល (នៃ)គណៈអភិបាលខេត្តស្ទឹងត្រែង ដែលបានចូលរួមដោះស្រាយបញ្ហានោះទាន់ពេលវេលា ជាពិសេស ការដោះស្រាយផលប៉ះពាល់នានា ដែលទាក់ទងជាមួយនឹងតំបន់ដែលត្រូវទុក។ គ្មានការអភិវឌ្ឍណាមួយដែលមិនប៉ះពាល់ទៅដល់បរិស្ថាននោះទេ គ្រាន់តែវាមានទំហំច្រើន និងទំហំតិចតែប៉ុណ្ណោះ ដែលទាមទារនូវការថ្លឹងថ្លែង ដើម្បីនឹងថា តើយើងគួរធ្វើ ឬមិនគួរតែប៉ុណ្ណោះ? តើមានការអភិវឌ្ឍណាមួយលើលោកនេះ ដែលវាមិនប៉ះពាល់ដល់បរិស្ថាននោះ? ចំណុចនេះ ខ្ញុំគិតថា អ្នកបរិស្ថាននិយមជ្រុលមួយចំនួន គួរតែត្រូវបានការត្រិះរិះឡើងវិញ។ ម្ខាងខ្លួនទាមទារមានអគ្គិសនីប្រើប្រាស់ និងតម្លៃថោក តែម្ខាងទៀត ខ្លួនតែងតែទៅរារាំង និងបញ្ចៀស ដើម្បីកុំអោយមានការអភិវឌ្ឍ។ ដូច្នេះ ន័យពិតប្រាកដគឺអ្វី? ដើម្បីចង់សួរថា អ្នកឯងម្ខាងចង់មានភ្លើងប្រើ ហើយចង់អោយភ្លើងនោះវាចុះថោកទៅទៀត។ ម្ខាងទៀត ទៅកន្លែងណាក៏មានមុខអ្នកឯងទៅប្រឆាំងដែរ អ្វីក៏ប្រឆាំងៗ ប្រឆាំងគ្រប់ទាំងអស់។
នៅប្រទេសកម្ពុជាយើង ជាឋានសួគ៌លោកិយរបស់អង្គការប្រឆាំងតែម្តង អោយតែអ្នកណាប្រឆាំង គឺអ្នកហ្នឹងបានលុយពីបរទេស យកមកធ្វើសកម្មភាពប្រឆាំងតែម្តង។ ផ្កាប់មុខប៉ុណ្ណាក៏នៅតែប្រឆាំងដែរ។ យើងមើលពិភពលោកទៅមើល សួរថា មួយថ្ងៃៗយន្តហោះដែលហោះរាប់ម៉ឺន រាប់ពាន់គ្រឿង តើអាហ្នឹងវាពាក់ព័ន្ធដល់បរិស្ថានទេ? សូម្បីតែយន្តហោះ ហោះលើមេឃ សួរថាវាចេញផ្សែងពេញលើអាកាសនោះ តើវាមិនបំផ្លាញបរិស្ថានទេអី? សព្វថ្ងៃ ប្រទេសអ្នកមានៗបូមប្រេងកាតនៅក្រោមទឹក នៅក្រោមសមុទ្រ នៅក្រោមទន្លេ ឬក៏នៅក្រោមដីយកមកប្រើប្រាស់។ តើវាមិនប៉ះពាល់ដល់បរិស្ថានទេអី? វាប៉ះពាល់ដូចតែគ្នាហ្នឹង? ប្រទេសខ្លះទៀតគេចាប់ផ្តើមអនុវត្តប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីផលិតអគ្គិសនី ហើយនៅពេលដែលវាផ្ទុះម្តងៗ វាងាប់មនុស្សច្រើនណាស់ ហេតុអ្វីបានជាគេត្រូវធ្វើ? ព្រោះវាមានតម្រូវការនៃជីវិតរបស់មនុស្ស។ ឯយើងធ្វើត្រង់ណាក៏វាមានបញ្ហាដែរ? នៅទីនេះខ្ញុំក៏បានដឹង ហើយខ្ញុំអរគុណ ដោយខ្ញុំបានទៅពិនិត្យមើលភូមិក្បាលរមាស, ស្រែស្រណុក …។
ការដោះស្រាយផលប៉ះពាល់
ខ្ញុំសូមសរសើរ ចំពោះការរៀបចំភូមិករ ហើយខ្ញុំគិតថា នៅពេលណាមួយខ្ញុំនឹងទៅសម្រាកនៅផ្ទះ ដែលខ្ញុំធ្លាប់ទៅនោះ។ កុំអីខ្ញុំទៅយប់មិញហើយ ក៏ប៉ុន្តែ វាភ្លៀងច្រើនពេក មិនទាន់សម្រាកបាន អាចទៅសម្រាកនៅទីនោះនៅពេលណាមួយ ដើម្បីចង់ដឹងថា តើធាតុអាកាសនៅម្តុំនោះវាយ៉ាងម៉េច? ហើយអាចថា តំបន់នេះជាតំបន់ដែលដោះស្រាយផលប៉ះពាល់បានល្អប្រសើរ ជាមួយនឹងសំណងដែលផ្តល់ជូនប្រជាពលរដ្ឋ ឯប្រជាពលរដ្ឋមិនទាន់ចាកចេញ តាមខ្ញុំដឹង គាត់មានចំការវិលជុំរបស់គាត់។ គាត់អាងចំការវិលជុំរបស់គាត់ ដល់តែយើងទប់អាហ្នឹងទៅ គាត់មិនមក(ទី)នេះទេ គាត់ទៅចំការវិលជុំរបស់គាត់នោះ។ ប៉ុន្តែ ផ្ទះក៏យើងត្រៀមដែរ។ គាត់មកឯណេះក៏យើងអោយផ្ទះ ទៅអាចំការវិលជុំក៏គាត់នៅ គាត់មកអាផ្ទះនេះក៏គាត់មក ដូច្នេះ យើងចេះតែត្រៀមទៅ។ គាត់ចង់យកលុយអោយលុយគាត់ទៅ គាត់ចង់យកផ្ទះ អោយផ្ទះគាត់ទៅ។ ការដោះស្រាយនៅកន្លែងនេះ អស់ប៉ុណ្ណេះ នេះគឺជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស។
ការជម្រុញអភិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ចសង្គម តម្រូវអោយមានអគ្គិសនី
តំបន់ខេត្តទាំងបួននៅឦសាន និងអាចថា ព្រះវិហារមួយទៀត ក៏អាចចាត់បញ្ចូលនៅក្នុងតំបន់ដែលខ្វះអគ្គិសនី ប៉ុន្តែ សម្រាប់ការជម្រុញអភិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ចសង្គម សម្រាប់ប្រទេសទាំងមូល តម្រូវការអោយមានអគ្គិសនី ហើយយើងនឹងបន្តកសាងអគ្គិសនីតាមដំណាក់កាលនីមួយៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនោះ។ អម្បាញ់មិញខ្ញុំនិយាយថា យើងត្រូវមានការធានា។ គេផលិតបានប៉ុន្មាន គឺយើងត្រូវទិញគេប៉ុណ្ណឹង បើទិញគេមិនអស់ ត្រូវសងគេ។ អញ្ចឹង បើយើងកសាងភ្លាម ថាបាន ៥ ពាន់ ឬ ១ ម៉ឺនមេហ្គាវ៉ាត់ ពេលដែលគេបញ្ឆេះម៉ាស៊ីន ពេលណាក៏ដោយ (គឺ)ទារលុយពីយើងទាំងអស់។ អញ្ចឹង បានជាទាមទារនូវការគិតគូរហ្មត់ចត់ អំពីកំណើននៃតម្រូវការសម្រាប់ការផ្គត់ផ្គង់ ហ្នឹងម្ខាង។ ម្ខាងទៀត ដូចជាការផលិតរថយន្ត ប៉ុន្តែ ការផលិតរថយន្តវាមិនទាន់គ្រប់នោះទេ យើងត្រូវការនូវផ្លូវ ដើម្បីអោយរថយន្តសម្រាប់បើកបរ។ បើគ្រាន់តែមានរោងចក្រធ្វើឡាន ហើយអត់មានផ្លូវ តើឡាននោះវាបើកទៅណា? វាករណីដូចគ្នានោះដែរ យើងផលិតវារីអគ្គិសនីនៅទីនេះ ក៏ប៉ុន្តែ ដើម្បីអោយអគ្គិសនីនៅទីនេះវាទៅកន្លែងផ្សេងបាន ទាមទារនូវការកសាងបណ្តាញចែកចាយរបស់វា ដែលតភ្ជាប់ពីខេត្តស្ទឹងត្រែង ចុះទៅក្រចេះ ពីក្រចេះ ទៅកំពង់ចាម និងពីកំពង់ចាម ចូលទៅទីក្រុងភ្នំពេញ ដើម្បីនឹងភ្ជាប់ជាមួយបណ្តាញមេទាំងអស់។
ឆ្នាំ ២០២២ នៅគ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់
មកដល់បច្ចុប្បន្ននេះ តម្លៃភ្លើងរបស់យើងកាន់តែធ្លាក់ចុះ ដែលមុននេះប្រើប្រាស់ច្រើនតម្លៃខ្ពស់។ ឥឡូវនេះ តម្លៃវាបានធ្លាក់ចុះ។ ខាងក្រុមហ៊ុនអគ្គិសនីក៏បានកាត់បន្ថយនូវប្រាក់ចំណេញរបស់ខ្លួនយ៉ាងច្រើន ហើយតាមរយៈនោះ ក៏ធ្វើអោយខ្វះខាតជាមួយនឹងថវិកាសម្រាប់ការតភ្ជាប់នូវបណ្តាញចែកចាយផងដែរ។ ឥឡូវ យើងពិនិត្យផែនការរបស់យើងនៅទូទាំងប្រទេស។ ឆ្នាំ ២០២២ គ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់។ យើងមានភូមិ ១ ម៉ឺន ៤ ពាន់ ១៦៨ ភូមិ។ មកដល់ពេលនេះ អ្នកភូមិនៅទូទាំងប្រទេស ដែលបានទទួលភ្លើងរួចមកហើយមាន ១ ម៉ឺន ១ ពាន់ ១៩៤ ភូមិ។ ត្រូវជា ៧៩%។ អញ្ចឹង យើងត្រូវខិតខំ ដើម្បីធ្វើអោយភូមិទាំងអស់របស់ប្រជាជនមានអគ្គិសនីទៅដល់ ហើយផ្គត់ផ្គង់ដោយតម្លៃសមរម្យ។ ឥឡូវនេះមាន ៣ លាន ៨ សែន ២ ម៉ឺន ខ្នងផ្ទះដែលមានអគ្គិសនីប្រើប្រាស់ ប៉ុន្តែ ប្រជាជនកម្ពុជាយើងមានចំនួនច្រើនជាងនេះ ដែលមានតម្រូវការភ្លើង។ កន្លែងខ្លះមានការជេរអគ្គិសនីកម្ពុជា។ ជេរនោះចេះតែត្រូវហើយ ក៏ប៉ុន្តែ ដូចខ្ញុំបានបញ្ជាក់អញ្ចឹង នៅកន្លែងខ្លះ គឺមិនមែនជាកន្លែងអគ្គិសនីដែលផ្គត់ផ្គង់ដោយមានស្ថេរភាពទេ គឺជាការផ្គត់ផ្គង់អោយខានតែបានសិន ដូចជានៅខាងតំបន់ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី មួយថ្ងៃៗដាច់ភ្លើងច្រើនដង ប៉ុន្តែ នៅពេលដែលយើងមានអគ្គិសនីគ្រប់គ្រាន់ មានបណ្តាញចែកចាយគ្រប់គ្រាន់ មានអនុស្ថានីយគ្រប់គ្រាន់ វានឹងធ្វើអោយតំបន់ដែលត្រូវចែកចាយអគ្គិសនីនោះ វាមានស្ថេរភាព វាមិនដាច់ តម្លែរបស់វាក៏វាធូរថ្លៃជាង។
តម្លៃប្រើអគ្គិសនី
កាលពីពេលមុនយើងប្រើភ្លើងមានតម្លៃខ្ពស់ ឥឡូវនេះ យើងបានស្ថិតនៅក្នុងតម្លៃមួយគួរសម ដែលយើងអាចទទួលយកបាន តាមរយៈនៃការបញ្ចុះថ្លៃ។ ពីមុននោះ(តម្លៃ) ៩៥០ (រៀល) ទៅ ១.០០០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ឥឡូវបានចុះមកដល់ ៧៧០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង នៅតំបន់អគ្គិសនី(រដ្ឋ) និង ៧៩០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង នៅតំបន់ដែលផ្នែកឯកជនភ្ជាប់ជាមួយនឹងបណ្តាញជាតិ។ សម្រាប់គ្រួសារក្រីក្រដែលប្រើតិច គ្រួសារដែលប្រើមិនលើសពី ១០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ អនុគ្រោះអោយបង់តែ ៤៨០ រៀលប៉ុណ្ណោះ ហើយរដ្ឋជួយចេញទៅដល់ ៣១០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយបើប្រើក្នុងរង្វង់ ១១ ដល់ ៥០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ អនុគ្រោះអោយបង់តែ ៦១០ រៀល តែប៉ុណ្ណោះ ដែលរដ្ឋជួយចេញ ១៨០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ សម្រាប់ខេត្តរតនគិរី គឺថ្លៃ ៦៧០ រៀល ដោយសារតែកន្លែងនោះ គឺជាកន្លែងដែលមានវារីអគ្គិសនីមុនគេ។ យើងនឹងបន្តគិតគូរបញ្ហានេះតទៅទៀត។
អគ្គិសនី “តម្រូវការរបស់ប្រជាជនក្នុងដំណាក់កាលថ្មី”
ខ្ញុំគិតថា មកដល់ទីនេះ អ្វីដែលខ្ញុំគួរនិយាយខ្ញុំបាននិយាយហើយ បញ្ហាតម្រូវការរបស់ប្រទេសរបស់យើង គឺមានតម្រូវការកាន់តែខ្ពស់ទៅៗ សូម្បីតែប្រជាជននៅក្នុងខេត្តស្ទឹងត្រែងរបស់យើងនេះ ដែលពីមុននេះ គឺជាអ្នកផលិតចន្លុះ ជាអ្នកដើររកជ័រទឹក ជ័រចុង និងក៏ជាអ្នកដែលធ្លាប់ប្រើប្រាស់នូវចន្លុះ នូវជ័រ នូវខ្លាញ់ត្រី ដើម្បីប្រើប្រាស់។ ឥឡូវនេះ លែងប្រើប្រាស់ បើទោះបីយ៉ាងណាក៏គង់ប្រើប្រាស់អាគុយដែរ។ ប៉ុន្តែ ដើម្បីអាចនឹងបញ្ចូលអាគុយបាន ទាមទារអោយមានអគ្គិសនី។ ដូច្នេះ សង្ឃឹមថា អ្នកស្ទឹងត្រែងរបស់យើង រួមជាមួយអ្នកក្រចេះ អ្នករតនគិរី (អ្នក)មណ្ឌលគិរី និងទទួលបាននូវផ្លែផ្កាពីការអភិវឌ្ឍនៅក្នុងតំបន់នេះ។ ខ្ញុំសុំយក ឱកាសនេះ ថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញទៅកាន់តំបន់ផ្សេង បើកឱកាស អោយរាជរដ្ឋាភិបាល តាមរយៈការអភិវឌ្ឍរបស់ក្រុមហ៊ុននេះ ដើម្បីមានលទ្ធភាពវិនិយោគ សម្រាប់អគ្គិសនី ផ្គត់ផ្គង់នៅតំបន់នេះផង និងផ្គត់ផ្គង់នៅក្នុងក្របខណ្ឌទូទាំងប្រទេសរបស់យើងផង ដែលវាជម្រុញទៅដល់ វិស័យឧស្សាហកម្ម វិស័យសេវា វិស័យកសិកម្ម និងការផ្គត់ផ្គង់សម្រាប់លំនៅដ្ឋានរបស់ប្រជាជន ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានរបស់ប្រជាជនក្នុងដំណាក់កាលថ្មី។ ខ្ញុំប្រើពាក្យថា “ជាតម្រូវការរបស់ប្រជាជនក្នុងដំណាក់កាលថ្មី” ព្រោះដំណាក់កាលចាស់ គឺជាដំណាក់កាលដែលប្រជាជនត្រូវការចន្លុះ ត្រូវការប្រេងកាតតែប៉ុណ្ណោះ ក៏ប៉ុន្តែ ដំណាក់កាលថ្មី ប្រជាពលរដ្ឋត្រូវការអគ្គិសនី ដើម្បីប្រើប្រាស់។
រឿងជួបអ្នកការទូត
មានរឿងមួយដែលខ្ញុំគួរតែនិយាយ ហើយការនិយាយនេះ មិនមែនបន្តុះបង្អាប់ និងចង់ដាក់ផ្លែផ្កាអោយអ្នកណាទេ។ ប្រហែលជា ៥ ឆ្នាំមុន មានអគ្គរដ្ឋទូតមួយបានទៅជួបជាមួយ ជារឿងគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ដែលអ្នកការទូតរបៀបនេះ មកនិយាយជាមួយយើងទៅរួច គាត់ថា វារីអគ្គិសនីសេសានធ្វើអោយប៉ះពាល់ដល់ត្រីចំនួន ៧០%។ បានខ្ញុំសួរថា គួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះត្រីនៅប្រទេសរបស់យើងខ្ញុំចេះឡើងដើមឈើ ហើយចេះឡើងភ្នំ បើសិនជាត្រីរបស់យើងខ្ញុំឆ្លាតដល់ប៉ុណ្ណឹង គឺថា ប្រទេសរបស់យើងខ្ញុំមិនពិបាកទេរឿងត្រីនោះ។ ព្រោះត្រីរបស់យើងខ្ញុំវានៅនឹងទន្លេសាប វានៅនឹងទន្លេមេគង្គ វាមិនមកនៅទន្លេសេសាននេះទេ។ គាត់ថា អាហ្នឹងប៉ះពាល់ត្រីដល់ទៅ ៧០% បានខ្ញុំប្រាប់គាត់ថា បើឯកឧត្តមមិនស្គាល់កម្ពុជាផង ហើយមកនិយាយជាមួយខ្ញុំអញ្ចឹង មិនខ្មាសគេទេអី? ខ្ញុំថាអោយត្រង់អញ្ចឹងតែម្តង។ ចេះនិយាយទៅរួច។
អញ្ចឹង ត្រីរបស់យើងវាចេះឡើងដើមឈើ វាចេះឡើងភ្នំ ព្រោះស្ថានភាពនៅទីនេះវានៅលើភ្នំ។ អញ្ចឹង រឿងអីត្រីវានៅហ្នឹង។ ទាល់តែពេលទំនប់នេះធ្វើរួច នាំគ្នាលែងកូនត្រីអោយច្រើនទៅ ច្បាស់ជាសំបូរត្រីហើយ ហើយត្រីវាអត់ទៅណាទេ វានៅហ្នឹង វាមានទៅណា អាតួប៊ីនហ្នឹងវាមានកិនត្រីងាប់ឯណា? សូម្បីតែដនសាហុងរបស់ខាងឡាវ ក៏វាមិនកិនត្រីងាប់ដែរ? វានៅឃ្លាតពីព្រំដែនកម្ពុជា និងឡាវ ត្រឹមតែពីរគីឡូម៉ែត្រជាងតែប៉ុណ្ណោះ។ ខ្ញុំទៅមើលដោយផ្ទាល់ហើយ។ ក្នុងដៃទន្លេប្រាំមួយហ្នឹង គឺទៅចន្លោះទន្លេតែមួយ ដូច្នេះ វាមិនប៉ះពាល់អីទេ ប៉ុន្តែ យើងរកវិធីយ៉ាងម៉េចបើសិនជាមានប៉ះពាល់ ក៏អោយប៉ះពាល់កម្រិតតិច។
ដើម្បីជម្រុញអោយយើងបញ្ឈប់គម្រោងការទាក់ទងជាមួយនឹងសេសាន មកបន្លាចយើង។ ក្នុងឋានៈយើងជាអ្នកស្គាល់ភូមិសាស្ត្រស្រុកខ្មែរថា តាមអ្នកសិក្សាស្រាវជ្រាវបានបង្ហាញថា សេសាន ២ ប៉ះពាល់ត្រីដល់ ៧០% តើជឿបានទេ? អញ្ចឹង មានតែត្រីស្រុកខ្មែរវាចេះឡើងដើមឈើ? ហើយអគ្គរដ្ឋទូតហ្នឹង មិនមែនតំណាងអោយប្រទេសមួយទេ ប្រទេសច្រើនទៅទៀត? ចេះមកនិយាយទៅរួច។ ខ្ញុំខំស្តាប់គាត់ ក្រែងលោគេបកប្រែមកជាខ្មែរ វាខុស។ ប៉ុន្តែ ដល់ខ្ញុំស្តាប់ជាភាសាអង់គ្លេស គឺគាត់និយាយថា ៧០% អញ្ចឹង។
ខ្ញុំថា សំណាងហើយត្រីខ្ញុំចេះឡើងដើមឈើ។ ហើយបង្កើតឡើងនូវអង្គការទន្លេបី ហើយអាអង្គការទន្លេបី អាហ្នឹងដូចជាសាខាមាតាធម្មជាតិ។ មានអ្នកណាបង្កើតមាតាធម្មជាតិទេ? បើបង្កើតនៅស្រុកឯងបង្កើតទៅ? ឥឡូវ ក្រសួងមហាផ្ទៃរំលាយចោលហើយ។ អាហ្នឹងដើររករឿងគ្រប់តែរឿង។ រួចអញ្ចឹងយើងអភិវឌ្ឍយ៉ាងម៉េចទៅ? ធ្វើនេះក៏មិនបាន ធ្វើនោះក៏មិនបាន ផលិតធ្យូងថ្ម វាថាអាហ្នឹងផ្សែង ផលិតប្រេងកាត វាថាផ្សែង ផលិតវារីអគ្គិសនី វាថាអាហ្នឹងប៉ះពាល់បរិស្ថាន ផលិតបរមាណូ វាថាអាហ្នឹងក្រែងផ្ទុះទៅងាប់ទាំងអស់គ្នា។ យកប្រេងកាតមកក៏នៅតែប៉ះពាល់ដល់បរិស្ថានដែរ ព្រោះអាហ្នឹងវាចេញបរិស្ថានទាំងអស់ …។
អរគុណរដ្ឋាភិបាលចិន ដែលជម្រុញក្រុមហ៊ុនចិនអោយមកវិនិយោគនៅកម្ពុជា
ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ (និង)អរគុណជាមួយនឹងការគាំទ្រទាំងឡាយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលជម្រុញក្រុមហ៊ុនចិន អោយមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ វារីអគ្គិសនីស្ទើរតែទាំងអស់ គឺជាគម្រោងវិនិយោគ ដែលផ្តល់ទុនដោយសារធារណរដ្ឋប្រជាមានិតចិន។ ប្រទេសខ្លះបានត្រឹមមកចែចង់ ក៏ប៉ុន្តែមិនដឹងថាឆ្នាំណាទេ? ខ្ញុំសុំស្នើអោយអ្នកដែលបានមកសិក្សា បើគេមិនអនុវត្តទៅតាមគម្រោងទេ គ្មានជម្រើសណាក្រៅតែពីយើងដកហូត ដើម្បីប្រគល់អោយក្រុមហ៊ុនថ្មី សម្រាប់ការវិនិយោគនោះទេ។ នៅតាមដងស្ទឹងពោធិ៍សាត់ក៏មាន តែវាមិនដឹងថា ដល់ពេលហើយឬនៅ? ព្រោះតម្រូវការរបស់យើង បើសិនជាដល់ដំណាក់កាលណាមួយដែលផ្គត់ផ្គង់ភ្លើងមិនគ្រប់ វាមានផលប៉ះពាល់ទៅលើការអភិវឌ្ឍ។
អគ្គិសនី នៅតែជាបញ្ហាអាទិភាព ក្នុងចំណោមអាទិភាព ៤
អគ្គិសនី នៅតែជាអាទិភាពក្នុងចំណោមអាទិភាព ៤ ដែលមុននេះយើងហៅ ទឹក ផ្លូវ ភ្លើង មនុស្ស ឥឡូវយើងហៅ មនុស្ស ទឹក ផ្លូវ ភ្លើង ដែលត្រូវការវិនិយោគបន្ថែមទៀត។ ប្រទេសចិនអនុវត្តនូវគម្រោងការមានការគាំទ្រយ៉ាងជាក់លាក់ ពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការគាំទ្រនោះហើយ ដែលធនាគារចិនបានផ្តល់ទុន សម្រាប់ការវិនិយោគនៅទីនេះ។ ប៉ុន្តែ មានក្រុមហ៊ុនខ្លះក៏មានទុនវិនិយោគផ្ទាល់របស់ខ្លួន ឯក្រុមហ៊ុនខ្លះទៀតក៏មានតម្រូវការ នៃការផ្តល់ឥណទានដោយធនាគារចិនណាមួយនោះ។
កោតសរសើរ និងអរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង
ខ្ញុំក៏សូមកោតសរសើរចំពោះ លោកឧកញ៉ា គិត ម៉េង នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានប្រឹងប្រែងក្នុងការ ធ្វើជាដៃគូជាមួយនឹងក្រុមហ៊ុនចិន ហើយនិងក្រុមហ៊ុនរបស់វៀតណាម តាមរយៈនៃការសម្របសម្រួល ដែលភាគីក្នុងស្រុកជាអ្នកទទួលខុសត្រូវទៅលើការសម្របសម្រួលនេះ ជាមួយនឹងក្រសួងរ៉ែ និងថាមពល ក៏ដូចជាជាមួយនឹងគណៈអភិបាលខេត្ត។ សុំកោតសរសើរ និងអរគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដែលបានគាំទ្រ ចំពោះដំណើរការអភិវឌ្ឍប្រទេសរបស់យើងតាមរយៈការកសាងនូវវារីអគ្គិសនីសេសាន ២ នេះ។ ខ្ញុំមកដល់ទីនេះ មិនភ្លេចជាមួយនឹងការអរគុណ ចំពោះប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងរបស់យើង ដែលរយៈពេលកន្លងទៅតែងតែផ្ដល់នូវការគាំទ្រទាំងឡាយសម្រាប់គណបក្សប្រជាជនកម្ពុជា ហើយនិងគាំទ្រចំពោះដំណើរការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល។
ខេត្តស្ទឹងត្រែងទទួលបានសមិទ្ធផលជាច្រើន ក្នុងដំណើរការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា
ទឹកដីនៃខេត្តស្ទឹងត្រែង គឺជាទឹកដីដែលទទួលបានការអភិវឌ្ឍយ៉ាងច្រើន គ្រាន់តែស្ពានស្ទឹងត្រែងទទួលបានស្ពាន ២ ម្នាក់ឯងពីសំណាក់រាជរដ្ឋាភិបាល តាមរយៈនៃហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ស្ពានមិត្តភាពកម្ពុជា-ចិនសេកុង។ ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែងនៅទន្លេមេគង្គ ដែលអនុញ្ញាតអោយយើងតភ្ជាប់ រវាងស្ទឹងត្រែងទៅខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ ៩ គឺបានសេចក្ដីថា ស្ទឹងត្រែងទទួលបានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។ ផ្លូវជាតិលេខ ៧។ ផ្លូវជាតិលេខ ៧៨។ ផ្លូវជាតិលេខ ៧ តភ្ជាប់ទៅព្រំដែនឡាវ។ ស្ពានសេកុង។ ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែង និងផ្លូវជាតិលេខ ៩ តភ្ជាប់ទៅខេត្តព្រះវិហារ ធ្វើអោយប្រជាពលរដ្ឋដែលរស់នៅខេត្តស្ទឹងត្រែងនេះ ទទួលបានកាន់តែច្រើនទៅៗនូវសមិទ្ធផល ហើយក៏ទទួលប្រជាពលរដ្ឋអោយមកស្នាក់នៅទីនេះកាន់តែច្រើនផងដែរ។ ខែមុន ខ្ញុំបានមកកាន់ខេត្តស្ទឹងត្រែងនេះ ដើម្បីបង្កើតនូវកងពលលេខ ១២៨ សម្រាប់ឈរជើងការពារអធិបតេយ្យភាព និងសន្តិសុខជាតិ សម្រាប់ខេត្តស្ទឹងត្រែង និងខេត្តនៅតំបន់ឦសានរបស់យើងនេះ សម្រាប់វិស័យសន្ដិសុខជាតិរបស់យើង។
ឈរបេក្ខភាពនាយករដ្ឋមន្រ្ដីក្នុងអាណត្តិទី ៦ បន្តរួមដំណើរអភិវឌ្ឍន៍ជាតិជាមួយប្រជាពលរដ្ឋកម្ពុជា
អរគុណចំពោះការគាំទ្រទាំងឡាយ ហើយសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនតទៅទៀត ដើម្បីការអភិវឌ្ឍប្រទេស។ ការបោះឆ្នោតកន្លងទៅ ខេត្តស្ទឹងត្រែងបានបោះជូនគណបក្សប្រជាជនយ៉ាងច្រើនលើសលប់ ក្នុងអត្រាមួយដ៏ខ្ពស់។ ឆ្នាំ ២០១៨ គឺនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នឹងមានការបោះឆ្នោតថ្នាក់ជាតិសាជាថ្មីម្ដងទៀត ហើយពេលនោះ ខ្ញុំនឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្ដី ដែលខ្ញុំប្រកាសថានឹងឈរពីរអាណត្តិតទៅទៀត។ ពីរអាណត្តិយ៉ាងតិច? អញ្ចឹងសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងបន្ដបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាតទៅទៀត ដើម្បីខ្លួនខ្ញុំមានលទ្ធភាព មានឱកាស ដើម្បីបន្តរួមដំណើរជាមួយនឹងប្រជាពលរដ្ឋរបស់យើង តាំងពីការស៊ីអត់ស៊ីឃ្លានជាមួយគ្នានាឆ្នាំ ១៩៧៩ បន្តដំណើររួមគ្នាតទៅទៀត។ ខ្ញុំជឿជាក់លើខ្លួនឯងថា យ៉ាងតិចណាស់ខ្ញុំរស់នៅបាន ៣០ ឆ្នាំទៀតដែរ។ អញ្ចឹង ការបន្តធ្វើនាយករដ្ឋមន្ត្រី ១០ ឆ្នាំទៀត មិនមែនជាបញ្ហាលំបាកសម្រាប់ខ្ញុំទេ។ ខ្ញុំសុំអរគុណ ហើយសង្ឃឹមជឿជាក់ទៅលើការគាំទ្ររបស់ប្រជាពលរដ្ឋ ព្រោះគ្មានការធ្វើដំណើរណាមួយ ដោយគ្មានការគាំទ្ររបស់ប្រជាពលរដ្ឋទេ (ការ)ដែលខ្ញុំរស់នៅទីនេះ។
អ្នកវិភាគមិនមានសិទ្ធិបកស្រាយរដ្ឋធម្មនុញ្ញទេ ព្រោះវាជាសិទ្ធិផ្ដាច់មុខរបស់ក្រុមប្រឹក្សាធម្មនុញ្ញ
ខ្ញុំជឿជាក់ថា ម្សិលមិញ គឺជាថ្ងៃប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថាអ្នកវិភាគទាំងឡាយគួរតែសិក្សា អំពីរដ្ឋធម្មនុញ្ញអោយបានច្បាស់បន្តិច។ មានអ្នកខ្លះ សូម្បីតែខ្ញុំប្រតិកម្មជាមួយស្ថានទូតបរទេសមួយ ដែលមើលងាយកម្ពុជា ក៏គេថា យើងមិនទាន់ប្រជុំសភាទៅនិយាយ។ ឱអ្នកវិភាគអើយ! ហើយបណ្ឌិតទៀត។ ខ្លួនឯងធ្វើជាអ្នកវិភាគ ធ្វើជាអ្នកច្បាប់ ប៉ុន្តែ ហ៊ានបកស្រាយរដ្ឋធម្មនុញ្ញ ដែលជាសិទ្ធិផ្ដាច់មុខរបស់ក្រុមប្រឹក្សាធម្មនុញ្ញទៅវិញ។ អញ្ចឹងខ្លួនឯងហ្នឹងជាអ្វីទៅ? កំពុងតែធ្វើខុស ហើយខ្លួនឯងចាត់ទុកថាជាអ្នកត្រឹមត្រូវ។ ការបកស្រាយរដ្ឋធម្មនុញ្ញ គឺជាសិទ្ធិផ្ដាច់មុខរបស់ក្រុមប្រឹក្សាធម្មនុញ្ញ មិនមែនសិទ្ធិរបស់អ្នកវិភាគទេ ក៏ប៉ុន្តែ អ្នកវិភាគបែរជាគិតថា នៅពេលដែលខ្ញុំឆ្លើយតបជាមួយនឹងស្ថានទូតបរទេស ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដូចជាសំណួរសួរថា តើអ្នកឯងមានព័ត៌មានអំពីការវាយភេរវកម្ម ហើយមិនបានចែករំលែកមកខ្ញុំ ក្នុងឋានៈជាដៃគូសហប្រតិបត្តិការប្រឆាំងភេរវកម្ម ឬអ្នកឯងត្រៀមវាយប្រហារមកលើប្រទេសរបស់ខ្ញុំ បានអ្នកឯងប្រកាសអោយប្រជាជនអ្នកឯងប្រុងប្រយ័ត្នក្នុងពេលភ្ជុំកន្លងទៅ? និងសំណួរមួយចំនួនទៀត។
បែរជាអ្នកនេះលើកថា ងើបពីដេកឡើងមកនិយាយ។ សិទ្ធិនេះជាសិទ្ធិរបស់នាយករដ្ឋមន្រ្ដី សិទ្ធិរបស់រដ្ឋមន្រ្ដីការបរទេសក៏ធ្វើបានដែរ សិទ្ធិអ្នកនាំពាក្យក៏ធ្វើបានដែរ អត់ចាំបាច់ប្រជុំសភា … ប្រជុំសភាដែលត្រូវអនុម័ត គឺត្រូវសម្រេចចិត្តធ្វើសង្រ្គាម ឬអត់? អាហ្នឹងដែលត្រូវទាក់ទងនឹងសមត្ថកិច្ចរបស់សភា ដែលត្រូវដាក់ប្រទេសក្នុងគ្រាមានអាសន្ន … ហើយដែលត្រូវព្រះមហាក្សត្រជាអ្នកឡាយហត្ថលេខាបន្ទាប់ពីសភាអនុម័ត។ ខ្ញុំមិនចង់បកស្រាយរដ្ឋធម្មនុញ្ញ តែខ្ញុំចង់ចង្អុលបង្ហាញអ្នកវិភាគ ដែលតាំងខ្លួនមានងារជាបណ្ឌិត គួរតែយល់ ខ្លួនមិនដែលបានធ្វើជានាយករដ្ឋមន្រ្ដី កុំថាធ្វើនាយករដ្ឋមន្រ្ដី ធ្វើតែលេខានាយករដ្ឋមន្រ្ដីមិនដែលធ្វើផង ហើយតាំងខ្លួនជាអ្នកមកប្រដៅនាយករដ្ឋមន្រ្ដី ថាគួរតែត្រូវប្រជុំសភាសិន ហើយបានមកនិយាយ។ រវល់តែប្រជុំសភាធ្វើម៉េចទៅ?
ក្នុងករណីគេឈ្លានពាន កុំថាឡើយដល់ទៅបើគេឈ្លានពាន អត់មានត្រូវការប្រជុំសភា ផ្អាកការប្រជុំសភាទាំងអស់។ វាយគ្នាសិន គ្មានត្រូវការទៅប្រជុំសភាទេ។ ស្គាល់មុខងារសភាអោយច្បាស់ ហើយក៏ត្រូវស្គាល់មុខងាររបស់រាជរដ្ឋាភិបាលអោយច្បាស់ដែរ។ នាយករដ្ឋមន្រ្ដីទទួលខុសត្រូវ ចំពោះការអនុវត្តទាំងនយោបាយក្នុងប្រទេស និងក្រៅប្រទេស។ អ្វីខ្លះដែលនាយករដ្ឋមន្រ្ដីត្រូវសុំពីសភា គឺសុំសច្ចាប័ន។ ចុះហត្ថលេខាមុន សុំសច្ចាប័នក្រោយ ទើបកិច្ចព្រមព្រៀងចូលជាធរមាន។ សមត្ថភាពប៉ុនលោកមិនបានស្មើកូនរបស់ខ្ញុំទេ។ បណ្ឌិតរបស់អស់លោកមិនទាន់បានស្មើរបស់កូនរបស់ខ្ញុំទេ។ អស់លោកពូកែហើយ តែលោកអត់មានបណ្ឌិតខាងយោធាទេ។ ខុសគ្នាត្រង់កន្លែងហ្នឹង។ បណ្ឌិតខ្វះអីគគោក។ ស្មើៗគ្នា ប៉ុន្តែ លោកខ្វះមួយដែលមិនអាចរកឃើញ គឺលោកគ្មានបណ្ឌិតយោធាដូចកូនប្រុសរបស់ខ្ញុំទេ …។
ម្សិលមិញទិវាប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ។ ខ្លួនឯងចេះមកបកស្រាយរដ្ឋធម្មនុញ្ញ ក្នុងពេលដែលការបកស្រាយរដ្ឋធម្មនុញ្ញ គឺជាសមត្ថកិច្ចផ្ដាច់មុខរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ អញ្ចឹង ខ្លួនឯងកំពុងធ្វើខុស មកតាំងខ្លួនប្រដៅគេ។ ប្រដៅដល់នាយករដ្ឋមន្ត្រីទៅទៀត។ ប៉ុន្តែ ខ្ញុំបានស្តាប់គាត់និយាយតាមច្រកមួយទេ។ ម្សិលមិញ មិនដឹងថាមានផ្សាយតាមវិទ្យុ ឬអត់ អំពីបញ្ហាទាក់ទងនឹងរឿងហ្នឹង។ វាមិនដែលអ្នកណាគ្រាន់តែទៅប្រតិកម្មជាមួយបរទេសជ្រៀតជ្រែកចូលកិច្ចការខ្មែរ អោយទៅសុំសភាទេ … ធ្វើតែបក្សខ្លួនឯងដែលទើបបង្កើតថ្មីថ្មោងអោយតែឈ្នះទៅ។ ខ្លួនកាន់បក្សនយោបាយ ហើយខ្លួនដើរធ្វើវិភាគ ពេលណាក៏វិភាគមិនដែលត្រូវដែរ វិភាគអវិជ្ជមានរហូត។ ខ្ញុំគ្រាន់តែឆ្លៀតថ្លែងតែបន្តិចទេ ព្រោះម្សិលមិញ គឺខួបនៃការប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣ (ដល់) ២៤ កញ្ញា ២០១៨ ដូចនេះគិតទៅប៉ុន្មានឆ្នាំហើយ? ២៤ ឆ្នាំហើយ។ ខ្ញុំធ្វើនាយករដ្ឋមន្ត្រីតាំងពី(ពេល)ហ្នឹង … ពិបាកណាស់ប្រទេសរបស់យើងអ្នកកាច់ចង្កូត កាច់ខុសតែបន្តិចរលាយប្រទេសសាជាថ្មី ដូចនេះប្រយ័ត្នប្រយែងទៅលើការជ្រើសរើសមេដឹកនាំប្រទេស។
ថ្ងៃនេះ បានពាំនាំមកកាន់លោកយាយ លោកតា ២០០ នាក់ ម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ២ ម៉ឺនរៀល។ ជូនក្រុមកាយរិទ្ធិ និងកាកបាទក្រហម ២០០ នាក់ ម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ១.០៧៥ នាក់ ម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ៧២ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនបុគ្គលិក កម្មករ ចំនួន ១.៧៨០ នាក់ ម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អូរពងមាន់ក្រុងស្ទឹងត្រែង ថវិកា ២ លានរៀល។ ជូនវិទ្យាល័យសេសានសុវត្ថិភាព ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាពក្បាលរមាស ថវិកា ២ លានរៀល។ ជូនសាលាស្រុកសេសានថវិកា ២ លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ២ លានរៀល។
អរគុណណាស់ ថ្ងៃនេះ ពេលលោកយាយ លោកតា ត្រឡប់ទៅវិញភ្លៀងក៏មិនដឹង ប៉ុន្មានថ្ងៃនេះភ្លៀងជាប់ ហើយភ្លៀងដល់ថ្ងៃ ២៧។ កាលណាភ្ជុំហើយ ទឹកស្រក។ ឥឡូវទឹកស្រក។ តែប្រហែលមួយអាទិត្យខាងមុខ ទឹកអាចឡើងវិញទៀត។ ឆ្នាំនេះល្អត្រង់ថា ទឹកឡើងលើកទី ១ បានភាគខាងលើ តែខាងក្រោមឡើងមិនបានដល់ ៩ ម៉ែត្រទេ សំរាប់ក្រុងភ្នំពេញ។ យើងចង់អោយឡើងពីខាងលើ រួចហើយទៅខាងក្រោម ហើយបន្ទាប់ទៅទឹកធ្លាក់មកល្មមដល់ដំណាក់កាលបុណ្យអុំទូកតែម្តង។ មិនដឹងខេត្តស្ទឹងត្រែងឆ្នាំនេះមានទូកទៅអុំដែរឬអត់? ធម្មតាដូចភូមិភាគទី ១ មានទូកទៅអុំនឹងគេតើ។ ជាមួយនឹងការប្រកាសបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម ២ ដែលមានអនុភាព ៤០០ មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង ខ្ញុំសូមជូនពរដល់ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕