FN ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌរបស់កម្ពុជា ទៅកាន់សហគមអឺរ៉ុប កំពុងបន្តកើនឡើងក្រោមប្រព័ន្ធអនុគ្រោះ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងដូច្នេះ ក្នុងពេលចូលរួមសន្និសីទព័ត៌មាន ដែលរៀបចំឡើងក្នុងពិធីតាំងពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងពិធីនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសកិត្តិយស ក្នុងការចូលរួមក្នុងពិព័រណ៍នេះ។ លោករដ្ឋមន្រ្តី បានជម្រាបជូនវាគ្មិន អ្នកសារព័ត៌មាន និងពាណិជ្ជករដែលមកពីប្រទេសផ្សេងៗថា កម្ពុជា ជាប្រទេសតូចមួយក៏ពិតមែន ប៉ុន្តែកម្ពុជាជាប្រទេសមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ សំដៅបង្កបរិយាកាសធុរកិច្ចដ៏ល្អប្រសើរ ប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគ និងធ្វើធុរកិច្ច។
លោករដ្ឋមន្រ្តី បានបន្តថា វិស័យពាណិជ្ជកម្មកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។ ការនាំចេញរបស់កម្ពុជា មានការកើនឡើងជាលំដាប់ ជាពិសេសការនាំចេញក្រោមប្រព័ន្ធអនុគ្រោះ “Everything But Arms (EBA)” ដែលប្រព័ន្ធនេះ បានអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញទំនិញគ្រប់ប្រភេទ (លើកលែងតែអាវុធ) ទៅកាន់សហគមអឺរ៉ុប ដោយគ្មានបង់ពន្ធ និងជាប់កាតព្វកិច្ចផ្សេងៗនោះទេ។
លោករដ្ឋមន្រ្តីពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រោមប្រព័ន្ធអនុគ្រោះ GSP/MFN ប្រទេសកម្ពុជាបាននាំចេញទៅទីផ្សារសហគមអឺរ៉ុបធំជាងគេ បន្ទាប់មកគឺសហរដ្ឋអាមេរិច និងកាណាដា ហើយទំនិញដែលនាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ និងវាយនភ័ណ្ឌតែម្តង។ ក្រៅពីនោះ មានស្បែកជើង អង្ករ ស្ករត្នោត ម្រេច និងផលិតផលផ្សេងៗទៀត។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” នេះជាព្រឹត្តិការណ៍អន្តរជាតិដ៏ល្បីល្បាញនិងធំជាងគេបង្អស់នៅក្នុងតំបន់អឺរ៉ុប ដូច្នោះហើយការចូលរួមរបស់កម្ពុជាក្នុងពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ គណៈប្រតិភូពាណិជ្ជកម្មកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានដឹកនាំពាណិជ្ជករកម្ពុជាចំនួន ០៩ក្រុមហ៊ុនចូលរួមព្រឹត្តិការណ៍នេះ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-បារាំង ក៏ដូចជាដើម្បីស្វែងរកទីផ្សារអឺរ៉ុប និងជំរុញឱ្យមានការកើនឡើងបន្ថែមទៀតនូវការវិនិយោគនៅកម្ពុជាលើ វិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ។
ជាចុងក្រោយ លោករដ្ឋមន្រ្តី បានជំរុញឱ្យភ្ញៀវទាំងអស់ដែលមានវត្តមាននៅទីនោះ យកឱកាសដ៏សំខាន់នេះ ធ្វើការជជែកពិភាក្សាគ្នាជាមួយកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងធ្វើពាណិជ្ជកម្មជាមួយគ្នា ព្រោះកម្ពុជាមានកម្លាំងការងារគ្រប់គ្រាន់ ហើយតម្លៃឈ្នួលពលកម្មក៏ទាបផងដែរ។
បន្ទាប់ពីបានចូលរួមក្នុងសន្និសីទព័ត៌មានរួចមក លោករដ្ឋមន្រ្តី ក៏បានបន្តដំណើរទៅទស្សនាស្ដង់កម្ពុជាទាំង០៩ក្រុមហ៊ុន ដែលក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានមានមតិសំណេះសំណាល និងជូនពរដល់ពាណិជ្ជករខ្មែរទាំងអស់ ឱ្យជួបប្រទះតែសុខភាពល្អក្នុងការស្នាក់អាស្រ័យនៅក្នុងប្រទេសបារាំង និងជូនពរឱ្យទទួលជោគជ័យក្នុងការចូលរួមក្នុងពិព័រណ៍ដ៏មានសារៈសំខាន់នេះ៕