អបអរសាទរកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសចូលរួមប្រកួតកីឡាវ៉ូវីណាមពិភពលោកនៅឥណ្ឌា។
កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ ២២ គ្រឿង (មាស ៤ ប្រាក់ ៩ និងសំរឹទ្ធ ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។
ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាច ថ្ងៃ សៅរ៍ ទី ៥ ខែ សីហា ឆ្នាំ ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ ១។ សូមបញ្ជាក់ផងដែរថា វ៉ូវីណាម គឺជាប្រភេទកីឡាប្រយុទ្ធ ដាល់ ទាត់ ធាក់ ស្រដៀងទៅនឹងកីឡាតេក្វាន់ដូ និងការ៉ាតេដូ ហើយប្រទេសមួយចំនួនពុំមានហាត់កីឡានេះទេ។
សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងគណៈកម្មាធិការអូឡាំពិកកម្ពុជាដែលបានជួយទំនុកបំរុងទាំងសម្ភារៈហ្វឹកហាត់ និងថវិកាសម្រាប់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងការចូលរួមប្រកួតលើកនេះ។ ថ្ងៃស្អែកក្រុមកីឡាករនឹងធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ហើយគេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្សាយផ្ទាល់ (LIVE) អំពីពិធីដង្ហែកិត្តិយស ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ៨:៣០ នាទី ព្រឹកស្អែកនេះ៕