FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ហើយ នូវកញ្ចប់ថវិកា២៧លានដុល្លារ សម្រាប់ផ្តល់កម្ចីឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវសែនក្រអូប ពីប្រជាកសិករ នៅរដូវប្រមូលដែលនឹងឈាន មកនាពេលខាងមុខ។ កញ្ចប់ថវិកា២៧លានដុល្លារនេះ គឺជាកញ្ចប់ថវិកាដែលរាជរដ្ឋាភិបាល ទម្លាក់ឲ្យធនាគារអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០១៦កន្លងទៅ នៅពេលដែលបញ្ហាស្រូវសែនក្រអូប របស់កសិករចុះថ្លៃ ហើយម្ចាស់រោងម៉ាស៊ីនកិនស្រូវបានរអ៊ូរទាំថា គ្មានថវិកាគ្រប់គ្រាន់ ទិញស្រូវសែនក្រអូបពីកសិករ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះថា នៅឆ្នាំ២០១៦កន្លងទៅ ធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់ឥណទាន ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន៣.៥លានដុល្លារ នៃកញ្ចប់ថវិកា២៧លានដុល្លារ ដែលរាជរដ្ឋាភិបាលទម្លាក់ថវិកា ដើម្បីអន្តរាគមន៍ ពេលស្រូវសែនក្រអូបរបស់ប្រជាពលរដ្ឋជួបបញ្ហា ធ្លាក់ថ្លៃ។ នៅពេលនេះ ថវិកាដែលបានផ្តល់ឥណទាន ត្រូវបានប្រមូលមកវិញអស់ហើយ ដែលថវិកា២៧លានដុល្លារនេះ ត្រូវបានត្រៀមរួចរាល់ ដើម្បីផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ដែលត្រូវការថវិកា ដើម្បីទិញស្រូវសែនក្រអូប ពីប្រជាកសិករនៅរដូវ ប្រមូលផលខាងមុខនេះ។ អគ្គនាយករូបនេះ ក៏បានអំពាវនាវឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ មកទទួលយកឥណទានឲ្យបានច្រើន ដើម្បីធ្វើទុនបង្វិលទិញស្រូវ ពីប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត លោកក៏បានបញ្ជាក់ថា នៅប៉ុន្មានថ្ងៃខាងមុខនេះ លោកនឹងប្រជុំជាមួយក្រុមប្រឹក្សាភិបាល របស់ធនាគារអភិវឌ្ឍន៍ ជនបទ ដើម្បីពិចារណា ក្នុងការទម្លាក់អត្រាការប្រាក់ឲ្យធ្លាក់ចុះបន្តិចទៀត ដែលបច្ចុប្បន្នត្រូវបានកំណត់៧% ក្នុង១ឆ្នាំ។ ជាមួយគ្នានេះដែរ លោក កៅ ថាច ក៏បានវាយតម្លៃផងដែរថា ស្រូវសែនក្រអូបរបស់ប្រជាកសិករ នៅរដូវប្រមូលផលឆ្នាំនេះអាចនឹងមាន ទិន្នផលច្រើនជាងឆ្នាំមុន ក៏ព្រោះតែប្រជាកសិករ បានផ្លាស់ប្តូរពួជស្រូវមកដាំដុះស្រូវសែនក្រអូបច្រើន គួបផ្សំនឹងអាកាសធាតុអំណោយ ផលផងដែរនោះ។
បើទោះបីជាទិន្នផលស្រូវសែនក្រអូបរបស់កសិករ អាចមានចំនួនច្រើនជាងឆ្នាំមុនក្តី ក៏លោកយល់ឃើញថា នឹងមិនមានបញ្ហាដូច ឆ្នាំមុនឡើយ ព្រោះថា ឆ្នាំនេះរោងម៉ាស៊ីនកិនស្រូវ កំពុងតែខ្វះអង្ករក្រអូបនាំចេញ ខណៈដែលទីផ្សារអង្ករនៅលើទីផ្សារអន្តរជាតិ មិនមានបញ្ហាអ្វី ដែលជះឥទ្ធិពលសម្រាប់ការនាំចេញ ហើយសមត្ថភាពនៃឡសម្ងួតស្រូវ ក៏កាន់តែបង្កើនខ្លាំងឡើងជាងមុន។
លោក មូល សរិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានយល់ឃើញថា ស្រូវសែនក្រអូបរបស់ប្រជាកសិករនៅឆ្នាំនេះ នឹងទទួលបានតម្លៃល្អប្រសើរជាងឆ្នាំមុន ដោយសារតែឆ្នាំនេះ រោងម៉ាស៊ីនកិនស្រូវមាន តម្រូវការអង្ករក្រអូបច្រើន ដើម្បីធ្វើការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលទីផ្សារប្រទេសចិន កំពុងតែពេញនិយមអង្ករសែនក្រអូបរបស់កម្ពុជា ដែលឆ្នាំ២០១៧នេះ ទីផ្សារចិននឹងត្រូវការអង្ករកម្ពុជា ជាង៨ម៉ឺនតោនទៀត។
លោកបានថ្លែងថា «យើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បញ្ហានេះ ដោយបានប្រជុំជាមួយអាជ្ញាធរដែនដី ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិករ ដោយបង្កើតក្រុមការងារ ដើម្បីជួយដោះស្រាយរាល់បញ្ហា របស់ប្រជាកសិករ នៅតាមខេត្តនីមួយៗ»។
សូមជម្រាបថា នៅកំឡុងខែកញ្ញា ឆ្នាំ២០១៦ បញ្ហានៃការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូប បានធ្វើឲ្យប្រជាកសិករ ពិបាកយ៉ាងខ្លាំង ដែលពួកគាត់ ត្អូញត្អែរពីការខាតបង់។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសមួយ ដោយទម្លាក់ថវិកា ២៧លានដុល្លារ ដើម្បីឲ្យធនាគារអភិវឌ្ឍន៍ជនបទ ធ្វើប្រតិបត្តិការផ្តល់ឥណទាន ដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពី ប្រជាកសិករ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនទូទៅរួមមានមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ពាណិជ្ជករជាដើម បានជួយទិញអង្ករ សែនក្រអូបរបស់កសិករ ក្នុងគោលបំណងជួយដល់ កសិករខ្មែរ ដែលជួបប្រទះការធ្លាក់ចុះថ្លៃតម្លៃស្រូវ៕