- ឯកឧត្តម , លោកជំទាវ , ឧកញ៉ា , លោក លោកស្រី , ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី !
ខ្ញុំពិតជាមានសេចក្តីរីករាយ និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានចូលរួមធ្វើជាអធិបតីក្នុងពិធីបើក វេទិកា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៧ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រជានិច្ច ដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា។ ជាមួយគ្នានេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ជូនចំពោះឯកឧត្តម, លោកជំទាវ, ឧកញ៉ា, លោក, លោកស្រី, ជាវិនិយោគិនចិន និងកម្ពុជាទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកានេះ។
ខ្ញុំក៏សូមអបអរសាទរ និងថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យវេទិកានេះឤចប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។ ខ្ញុំមានជំនឿមុតមាំថា វេទិកានេះ មិនត្រឹមតែផ្តល់ឱកាសសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បានជួបពិភាក្សា និងសិក្សាស្វែងយល់ពីកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងរួមចំណែកផងដែរដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ លើវិស័យពាណិជ្ជកម្ម, ឧស្សហកម្ម, ទេសចរណ៍, វប្បធម៌, វិនិយោគ និងវិស័យផ្សេងៗទៀត។
ឯកឧត្តម , លោកជំទាវ , ឧកញ៉ា , លោក , លោកស្រី !
ខ្ញុំសូមឆ្លៀតយកក្នុងឱកាសនេះ ធ្វើការវាយតម្លៃខ្ពស់ចំពោះគោលគំនិតរបស់ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ចប្រទេសចិន និងក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និង ផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមិនត្រឹមដើរតួនាទីគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មចិនប៉ុណ្ណោះទេ តែក៏ជាការគិតគូរវែងឆ្ងាយ សំដៅលើកកម្ពស់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ, សេដ្ឋកិច្ច, វិនិយោគ និងហិរញ្ញវត្ថុ ព្រមទាំងរវាងប្រជាជន និងប្រជាជន ក្នុងចំណោមបណ្តាប្រទេស ក្នុងតំបន់ និងលើសកលលោកផងដែរ ដែលនឹងបង្កើតបាននូវ «ក្បាលម៉ាស៊ីនថ្មីមួយក្នុងការអូសទាញកំណើនសេដ្ឋកិច្ចពិភពលោក» ថែមទៀត។ នៅក្នុងបរិការណ៍នៃការជំរុញអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ, ទំនាក់ទំនងនៃភាពជាដៃគូយុទសាស្ត្រគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនលើគ្រប់វិស័យ ក៏ត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែធំធាត់ និងរឹងមាំថែមទៀតជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាការពិត, ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់, មិនតិចជាង ២០០០ ឆ្នាំនោះទេ, បើគិតពីដំណើរទស្សនកិច្ចរបស់លោក កាំង ថៃ និងលោក ជូ យីង រាជទូតចិន ដែលបានទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសម័យហ៊្វូណន។ ក្រោយមកទៀត, ក៏មានទស្សនកិច្ចរបស់ លោក ជីវ តាក្វាន់ ទៅកាន់រាជធានីអង្គរ ដោយលោកបាននាំត្រឡប់មកកាន់ប្រទេសចិនវិញ នូវការផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរ ដូចមានកត់ត្រាយ៉ាងច្បាស់នៅក្នុងឯកសាររបស់លោក ដែលមានចំណងជើងថា ប្រពៃណីរបស់អ្នកស្រុកចេនឡា។ នេះគឺជាទំនាក់ទំនង ជាប្រវត្តិសាស្ត្រដ៏យូរលង់ និងមិនឤចកាត់ថ្លៃបានរវាងប្រទេស និងប្រជាជនទាំងពីរ។
ដោយឡែកក្នុងសម័យទំនើបនេះ ក្រោមការដឹកនាំរបស់ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោកប្រធាន ម៉ៅ សេទុង, ប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនង ការទូតជាមួយគ្នា នាថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩៥៨ រៀងរហូតមក។ ក្នុងស្មារតីបន្តមរតកនៃទំនាក់ទំនងដ៏ស្អិតរមួតនេះ, រូបខ្ញុំផ្ទាល់ និងថ្នាក់ដឹកនាំចិនជំនាន់ថ្មីជាបន្តបន្ទាប់ បានរួមគ្នាប្រឹងប្រែងអស់ពីសមត្ថភាព សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងថែមទៀត រហូតបានលើកកម្ពស់ទំនាក់ទំនងនេះទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់ពីឆ្នាំ ២០១០ មក។ លើសពីនេះ, កម្ពុជាក៏បានគាំទ្រយ៉ាងពេញដោយឥតរារែក, តាំងពីដើមទីមក, នូវគំនិតផ្តួចផ្តើមស្តីពី យុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ របស់រដ្ឋាភិបាលចិន។
លើមូលដ្ឋាននេះ, ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិន បានកើនឡើងយ៉ាងឆាប់រហ័ស ជាមធ្យម ២៦% ក្នុងមួយឆ្នាំៗ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ។ ក្នុងឆ្នាំ ២០១៦, ពាណិជ្ជកម្មទ្វេភាគី បានកើនដល់ ៤,៨ ប៊ីលានដុល្លារឤមេរិក ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានទំហំ ៨៣០ លានដុល្លារ ឤមេរិក និងការនាំចូលមានប្រមាណ ៣,៩ ប៊ីលានដុល្លារឤមេរិក។ ចិនក៏ជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតមកដល់ឆ្នាំ ២០១៦ សន្និធិវិនិយោគរបស់ចិនបានកើនឡើងដល់ ៥,១ ប៊ីលាន ដុល្លារឤមេរិក ដែលផ្តោតទៅលើវិស័យមួយចំនួន រួមមាន កម្មន្តសាល, សំណង់, វាយនភ័ណ្ឌ និងអគ្គិសនី។ ជាមួយគ្នានេះ, នៅឆ្នាំ ២០១៦, ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាមានចំនួន ៨៣០ ពាន់នាក់ កើនឡើងប្រមាណ ២០% ប្រៀបទៅនឹងឆ្នាំ ២០១៥ ។
ដោយឡែក, នៅក្នុងផ្នែកហិរញ្ញប្បទានដើម្បីការអភិវឌ្ឍ, កម្ពុជាបានទទួលជំនួយអភិវឌ្ឍផ្លូវការ, ទាំងជំនួយឥតសំណង និងកម្ចីពីសាធារណរដ្ឋប្រជាមានិតចិនរហូតដល់ ៤,២ ប៊ីលានដុល្លារឤមេរិក, គិតត្រឹមខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ, ដែលភាគច្រើនសម្រាប់ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម, សុខាភិបាល និង អប់រំ ។ ចំពោះមុខ, ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសទាំងពីរបានបេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ខ្លួនលើវិស័យសំខាន់ៗ រួមមាន ការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនពាណិជ្ជកម្មទ្វេភាគី, ទេសចរណ៍, វប្បធម៌, ការវិនិយោគ និងការអភិវឌ្ឍកសិកម្ម៘
នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្មីនេះ ដើម្បីគោលដៅ នៃការលើកកម្ពស់ថែមទៀតនូវការតភ្ជាប់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន, យើងបានសម្រេចបង្កើតភូមិវប្បធម៌ កម្ពុជា-ចិន នៅទីក្រុងប៉េកាំង ដែលគ្រោងនឹងសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។ មួយវិញទៀត, យើងក៏បាន និងកំពុងបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅតាមបណ្តាខេត្តមួយចំនួននៃប្រទេសចិន ដើម្បីលើកស្ទួយការផ្លាស់ប្តូរ និងការផ្សព្វផ្សាយព័ត៌មានទៅវិញទៅមកសម្រាប់ជាប្រយោជន៍ដល់ប្រជាជន, ពាណិជ្ជករ និងវិនិយោគិនចិន ដែលមានបំណងចង់ស្វែងយល់អំពីកម្ពុជា។ ភូមិវប្បធម៌ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទាំងអស់នេះ មានដាក់តាំងផលិតផលគំរូរបស់កម្ពុជា, សៀវភៅ, ឯកសារផ្សេងៗជាច្រើនដែលពាក់ព័ន្ធ នឹងពាណិជ្ជកម្ម, ទេសចរណ៍, វប្បធម៌ និងការវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ, ក្នុងគោលបំណងទាញយកផលប្រយោជន៍ពេញលេញពីឧត្តមភាពរបស់ប្រទេសយើងនីមួយៗ និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគឧស្សាហកម្មរវាងប្រទេសទាំងពីរ, កម្ពុជា, តំណាងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, និងសាធារណរដ្ឋប្រជាមានិតចិន, តំណាងដោយគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ, ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើនកិច្ច សហប្រតិបត្តិការវិនិយោគឧស្សាហកម្ម កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥ នៅទីក្រុងប៉េកាំង។
- ឯកឧត្តម , លោកជំទាវ , ឧកញ៉ា, លោក , លោកស្រី !
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ, កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់, ទាំងក្នុងទិដ្ឋភាពនយោបាយ, សន្តិសុខ និងសង្គម-សេដ្ឋកិច។ កម្ពុជាបានក្លាយទៅជាកោះសន្តិភាព និងជាទិសដៅដ៏ល្បីល្បាញមួយនៅតំបន់ឤស៊ីឤគ្នេយ៍ សម្រាប់ភ្ញៀវទេសចរណ៍តំបន់ និងអន្តរជាតិ។ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចវិញ, កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងត្រូវបានគេចាត់ទុកជា កូនខ្លាសេដ្ឋកិច្ចថ្មីនៅឤស៊ីដែលមានកំណើនដ៏រឹងមាំ ពោលគឺ ក្នុងអត្រាជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមក។ កម្ពុជារំពឹងថា នឹងបន្តរក្សាបាននូវអត្រាកំណើនមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ក្នុងរយៈពេលមធ្យមខាងមុខ ដែលប្រការនេះ បង្ហាញពីវឌ្ឍនភាពក្នុងការធ្វើពិពិធកម្មវិស័យ កម្មន្តសាលធុនស្រាល និងការបន្តធ្វើសមាហរណកម្មចូលទៅក្នុងខ្សែចង្វាក់ផលិតកម្មតំបន់ និងសកល។
ទន្ទឹមនេះ, ជាមួយនឹងការបង្កើតឡើងនូវសហគមន៍សេដ្ឋកិច្ចឤស៊ាន ក៏ដូចជាការរំពឹងទុកអំពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ក្នុងពេលឆាប់ៗខាងមុខ, កម្ពុជាកំពុងខិតខំជំរុញការតភ្ជាប់ខ្លួន ជាមួយទីផ្សារតំបន់ ឬ «រោងចក្រឤស៊ី» ដែលប្រកបដោយសក្តានុពល និងថាមវន្តភាព តាមរយៈ ការវិនិយោគពង្រីកមូលដ្ឋានផលិតកម្ម, ការកសាង និងកែលម្អបណ្តាញដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍, ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ និងការកែទម្រង់ប្រព័ន្ធគតិយុត្តិ និងស្ថាប័ន។ ជាវិធានការគោលនយោបាយជាក់ស្តែងសម្រាប់ គាំទ្រចក្ខុវិស័យនេះ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងជំរុញអនុវត្តយ៉ាងសកម្មនូវ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥» ដែលជា «យុទ្ធសាស្ត្រកំណើនថ្មី» ឬ ជាផែនទីបង្ហាញផ្លូវសម្រាប់កសាងមូលដ្ឋានផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ហើយមានលក្ខណៈសមាហរណកម្មជាមួយនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និង លើសកលលោក។ ច្បាស់ណាស់ថា ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស គឺជាចំណុចគន្លឹះនៃគោលនយោបាយនេះ ដោយក្នុងនេះយើងបានផ្តោតឤទិភាពទៅលើវិស័យសំខាន់ៗមួយចំនួន មាន៖ ទី១-ឧស្សាហកម្មកម្មន្តសាលថ្មីៗសម្រាប់បើកច្រកចូល ទីផ្សារដែលផ្តល់តម្លៃបន្ថែមខ្ពស់ ព្រមទាំងមានភាពច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់; ទី២-សហគ្រាស ធុនតូច និងមធ្យម ពិសេស ក្នុងវិស័យនៃការផលិតឱសថ និងបរិក្ខាពេទ្យ, សម្ភារៈសំណង់, សម្ភារៈបម្រើការវេចខ្ចប់នាំចេញ, គ្រឿងសង្ហារឹម និងឧបករណ៍សម្ភារៈបម្រើឱ្យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក; ទី៣-ប្រភេទឧស្សាហកម្មគាំទ្រដល់កសិកម្ម, ទេសចរណ៍ និងវាយនភ័ណ្ឌ ក៍ដូចជាបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ និងខ្សែចង្វាក់តម្លៃពិភពលោក ទាំងក្នុងទម្រង់ជាឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍; ទី៤-ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ដែលមានចរិតជាយុទ្ធសាស្ត្រ ដូចជា បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍, ថាមពល, ឧស្សាហកម្មធុនធ្ងន់, សិប្បកម្មវប្បធម៌, ប្រវត្តិសាស្ត្រប្រពៃណី និងបច្ចេកវិទ្យាបៃតង។
- ឯកឧត្តម, លោកជំទាវ, ឧកញ៉ា, លោក, លោកស្រី !
លើមូលដ្ឋាននេះ, ខ្ញុំសូមអញ្ជើញអស់លោកអ្នកទាំងអស់គ្នា ចូលរួមជាដៃគូជាមួយយើងខ្ញុំ តាមរយៈវិភាគទានជាក់ស្តែងនានា នៅក្នុងកិច្ចការរៀបចំអនាគតកាន់តែល្អប្រសើរឡើងសម្រាប់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេស គឺសន្តិភាព, សន្តិសុខ, និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកបដោយប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងភាពឤចប៉ាន់ប្រមាណបាន ។
នៅចុងបញ្ចប់, ខ្ញុំសូមប្រកាសបើកវេទិកាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ ២០១៧ ចាប់ពីពេលនេះតទៅ និងសូមជូនពរឱ្យវេទិកានេះ ប្រព្រឹត្តទៅដោយជោគជ័យ តាមការរំពឹងទុក។
សូមអរគុណ !