- សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
- ឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និង អន្តរជាតិ
- បងប្អូនជនរួមជាតិទាំងអស់ជាទីនឹករឭក !
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា–វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់នៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម» ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាប់ជាមួយនឹងស្រុកឡុងប៊ិញ ខេត្តឤងយាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជួយរំដោះប្រជាជន និង ប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការ ប្រកបដោយភាតរភាព ដោយបានចែករំលែកធនធានរបស់ខ្លួនចូលរួមវិភាគទានដ៏ថ្លៃថ្លា ក្នុងការជួយស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាបន្តបន្ទាប់រហូតមក។ ជាមួយនេះ កម្ពុជាសូមអបអរសាទរចំពោះការអភិវឌ្ឍសង្គមជាតិវៀតណាម ដែលតាមរយៈការរីកចម្រើននេះ ក៏នឹងអូសទាញបន្ថែមទៀត ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជិតខាង ដូចជាកម្ពុជាផងដែរ។
ជាការពិត ពិធីនេះក៏ជាការរំឭកខួបអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលមកដល់ឆ្នាំ ២០១៧ នេះ មានរយៈពេល ៥០ ឆ្នាំមកហើយ (១៩៦៧-២០១៧) ។ តាមរយៈនេះ យើងឤចនិយាយបានថា ស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាចំណងដៃមួយនៃឱកាសខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ ដោយឡែក សមិទ្ធផលនេះ មិនត្រឹមតែជាសក្ខីភាពបង្ហាញឱ្យឃើញពីសមានចិត្តដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលវៀតណាម ក្នុងការពង្រឹង ពង្រីក ទំនាក់ទំនងសហប្រតិបត្តិការ និងសាមគ្គីភាពរវាងប្រទេសជិតខាងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខសន្តិភាព, ស្ថិរភាព, សណ្តាប់ធ្នាប់ សម្រាប់ប្រជាជាតិទាំងពីរ និង ប្រទេសក្នុងតំបន់ឤស៊ាន ព្រមទាំងមហាអនុតំបន់មេគង្គទៀតផង។
ជាងនេះទៅទៀត ស្ពាន និងផ្លូវតភ្ជាប់នេះ ក៏ជាការពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយការបើកច្រកទ្វារឆ្លងកាត់ព្រំដែន នឹងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់, ការលើកកម្ពស់វិស័យពាណិជ្ជកម្ម និង ទេសចរណ៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។
កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ជាច្រើន ទាំងខាងនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម ទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌសម្រាប់ដំណើរផ្លាស់ប្តូរស៊ីជម្រៅក្នុងគ្រប់ទិដ្ឋភាព នៃសង្គមសេដ្ឋកិច្ច។ ជាក់ស្តែងថ្ងៃនេះ យើងមានស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់ នៃប្រទេសទាំងពីរ គឺជាច្រកដ៏មានសក្តានុពលសម្រាប់ភ្ជាប់ទៅនឹងទីផ្សារ និងគាំទ្រដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា។
ជាមួយនឹងសមិទ្ធផលថ្មីៗបន្ថែមទៀតនេះ កម្ពុជាសង្ឃឹមថា នឹងសម្រេចបាននូវមហិច្ឆតាជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកើនដល់ ៥ ពាន់លានដុល្លារ នៅបណ្តាឆ្នាំខាងមុខ ដែលនឹងជួយរួមចំណែករក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ដែលជាគោលដៅនៃកំណើនរបស់ខ្លួន បន្ទាប់ពីកម្ពុជាសម្រេចបាននូវកំណើន ៧,៧% ជាមធ្យមក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ និងបានរំដោះប្រជាជនកម្ពុជារាប់លាននាក់ចាកផុតពីអន្ទាក់ នៃភាពក្រីក្រ ។ ដូច្នេះ ដើម្បីបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងល្បឿនមួយកាន់តែលឿនជាងមុន ជាមួយនឹងភាពអំណោយផលនៃសមាហរណកម្មតំបន់ និង ពិភពលោក ការធានារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើន ប្រកបដោយចីរភាព គឺជាកិច្ចការចាំបាច់។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំសូមកោតសរសើរដល់ក្រុមពាក់ព័ន្ធ ដល់ការសម្រេចបាននូវសមិទ្ធផលនេះ ក្នុងនោះ មានក្រុមហ៊ុនចម្រុះស៊ានកូវ័ន (វៀតណាម), ក្រុមហ៊ុន សុខ សុខា (កម្ពុជា) និងក្រុមហ៊ុនរចនាប្លង់វិស្វកម្មដឹកជញ្ជូន អេង ស្តុក (Stock Inc) របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានសិក្សាគូរប្លង់បច្ចេកទេស ព្រមទាំងក្រុមហ៊ុនក្នុងស្រុក ខេស៊ីអ៊ីស៊ី ជាអ្នកមើលការខុសត្រូវ និងត្រួតពិនិត្យបច្ចេកទេសសំណង់ ដែលបានសម្រេចជោគជ័យតាមផែនការកំណត់។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឤជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាសម្រេចឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាននានា នៅទូទាំងប្រទេស ជាពិសេស ស្ពានជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់នេះ។
[ចាប់ផ្តើមអត្ថាធិប្បាយ]
ប្រែក្លាយតំបន់អតីតសមរភូមិអោយក្លាយជាតំបន់អភិវឌ្ឍន៍
ព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តមនាយករដ្ឋមន្ត្រី បងប្អូនជនរួមជាតិកម្ពុជា និងបងប្អូនវៀតណាម ដែលបានចូលរួម អនុញ្ញាតអោយ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយបន្ថែមបន្តិច។ នេះហើយជាគោលនយោបាយ ដែលខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញ គឺប្រែក្លាយតំបន់អតីតសមរភូមិ អោយក្លាយទៅជាទីផ្សារ និងប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទំាងអស់ អោយក្លាយទៅជាតំបន់ ជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានព្រំដែនជាមួយនឹងវៀតណាមជាង ១ ពាន់គីឡូម៉ែត្រ មានព្រំដែនជាមួយថៃជិត ១ ពាន់គីឡូម៉ែត្រ និងមានព្រំដែនជាមួយឡាវទៀតផង។ យើងចង់បានព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីធានានូវផលប្រយោជន៍ សម្រាប់ប្រជាជនទំាងសងខាង។ ខ្ញុំបានសម្រេចរួចមកហើយ នូវការប្រែក្លាយតំបន់អតីតសមរភូមិ អោយទៅជាទីផ្សារ។ ឥឡូវកំពុងតែខិតខំដើម្បីប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទំាងអស់អោយក្លាយជាតំបន់អភិវឌ្ឍន៍ សហប្រតិបត្តិការ មិត្តភាព ហើយក៏ជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសជាប់ជាមួយគ្នា។
(ដោយសារការ)បកប្រែមិនត្រូវ អញ្ចឹងទេ ខ្ញុំត្រូវនិយាយភាសាវៀតណាមបន្តិច។ បើគេឃើញខ្ញុំនិយាយវៀតណាម គេថាខ្ញុំហ្នឹងអាយ៉ង ប៉ុន្តែដូចជាគេមិនទាន់និយាយថា ខ្ញុំជាអាយ៉ងបារំាង អាយ៉ងអង់គ្លេស នៅពេលដែលខ្ញុំនិយាយភាសាបារំាង និងភាសាអង់គ្លេសនោះទេ។ ឥឡូវដើម្បីបញ្ជាក់អំពីអត្ថន័យនេះ សម្រាប់អោយឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ថ្នាក់ដឹកនំាវៀតណាម បងប្អូនវៀតណាមនៅទីនេះ ខ្ញុំសុំនិយាយជាភាសាវៀតណាមពីរបីម៉ាត់ (សម្តេចមានប្រសាសន៍ជាភាសាវៀតណាម)។ ខ្ញុំក៏អាចនិយាយភាសាអង់គ្លេសជាមួយអ្នកដែលចង់និយាយជាមួយខ្ញុំដែរ ប៉ុន្តែសង្ឃឹមថា មនុស្សមួយចំនួននឹងមិនថ្កោលទោសខ្ញុំ(ដែល)និយាយភាសាវៀតណាម។
ដោយសារតែវាមិនមាននៅក្នុងសុន្ទរកថា ខ្ញុំត្រូវនិយាយពាក់ព័ន្ធជាភាសាវៀតណាមអោយច្បាស់ ទៅលើបញ្ហានេះអំពីអ្វីដែលខ្ញុំសម្រេចបាន នៅត្រង់ថា យើងបានប្រែក្លាយសមរភូមិទំាងអស់អោយក្លាយទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍រួចជាស្រេចទៅហើយ។ ឥឡូវយើងកំពុងតែបន្តការខិតខំជាមួយប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែន អោយទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ខ្ញុំក៏បានដាក់សំនួរសម្រាប់ប្រជាជនដែលរស់នៅសងខាងព្រំដែន តើចង់ផ្លាស់ប្តូរទំនិញ ការទៅមករកគ្នា ជាទេសចរ ឬចង់ជីកលេណដ្ឋានដើម្បីវ៉ៃគ្នា? ខ្ញុំគិតថា ប្រជាជននៅតាមព្រំដែនទំាងអស់ ចង់បានសន្តិភាព និងការអភិវឌ្ឍ មិនមែនចង់បានសង្គ្រាមនោះទេ។ សង្ឃឹមថា ស្ពានថ្ងៃនេះ ជាផ្នែកមួយនៃការតភ្ជាប់ក្នុងទំនាក់ទំនងរវាងប្រទេសទំាងពីរ ក្នុងឋានៈជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការគ្រប់វិស័យ។
[បញ្ចប់អត្ថាធិប្បាយ]
នៅទីបញ្ចប់ ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា–វៀតណាម ជ្រៃធំ/ឡុងប៊ិញ និង ផ្លូវតត្ជាប់នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម» នៅពេលនេះ ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជូនពរឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួន ប្រការ ឤយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕