សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នក នាងកញ្ញា !
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រជាលើកដំបូងនៅក្នុងឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ដែលទើបនឹងចូលមកប៉ុន្មានថ្ងៃនេះ។ សូមយកឱកាសនេះ ប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ មិនមែនជា ការចៃដន្យមួយទេ ដែលយើងបានរៀបចំនូវពិធីជួបជុំ ដើម្បីទទួលសញ្ញាបត្រនៅថ្ងៃនេះ ចាប់ផ្តើមជាអង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើសកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវៈ ក្លាយទៅជាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងឈានទៅដល់ថ្នាក់បណ្ឌិតទៀតផង។
នេះជាវឌ្ឍនភាពដ៏ធំ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តល់លទ្ធភាពឲ្យវិស័យឯកជនចូលរួមក្នុងការវិនិយោគ លើការបណ្តុះបណ្តាលធនធានមនុស្ស។ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងរយៈពេលកន្លងទៅនេះ។ អម្បាញ់មិញ យោងតាមរបាយការណ៍របស់លោកសាកលវិទ្យាធិការ ដួង លាង ក៏បានបង្ហាញឲ្យឃើញពីហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលបានកសាងនូវអគារថ្មីៗ រហូតទៅដល់មានការរៀបចំជាទីតាំង នូវវិស័យកីឡា ដែលជាផ្នែកដ៏សំខាន់មួយ សម្រាប់ការឈានទៅមុខនៃសាកលវិទ្យាល័យ ក៏ដូចជា ការចូលរួមរបស់ប្រជាជននៅក្នុងវិស័យកីឡាផងដែរ។ អ្វីដែលជាកិច្ចការដែលគួរឲ្យចាប់អារម្មណ៍ទំនាក់ទំនងរវាងសាកល វិទ្យាល័យអាស៊ីអឺរ៉ុប ជាមួយនឹងបណ្តាសាកលវិទ្យាល័យនៅបរទេស ហើយដែលមានការទទួលស្គាល់គ្នាទៅវិញទៅមក បន្ថែមទៅដោយការចូលរួមពីសំណាក់សាកលវិទ្យាល័យទាំងនោះ ទៅលើការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្របខណ្ឌសាកលវិទ្យាល័យនេះ។
តម្រូវការនៃការអភិវឌ្ឍ ទាមទារជំនាញគ្រប់ផ្នែក
ខ្ញុំមានការចាប់អារម្មណ៍ទៅលើបញ្ហា អ្នកដែលកំពុងបន្តការសិក្សាដែលនៅសល់ពេលនេះ ជាង ១ ម៉ឺននាក់ នោះនៅត្រង់ថា សិស្សវិជ្ជាជីវៈចំនួន ២៥២៥ នាក់ និងនិស្សិតបរិញ្ញាបត្ររង ៦៥២ នាក់ បន្តការសិក្សាលើបញ្ហានេះ។ ខ្ញុំនៅតែលើកទឹកចិត្តឲ្យបន្តនូវវគ្គជំនាញនេះព្រោះថា យើងមិនអាចសុទ្ធតែថ្នាក់បណ្ឌិត និងបរិញ្ញាទាំងអស់ដោយគ្មានអ្នកជំនាញ និងកម្រិតកណ្តាលនោះទេ។ វាប្រៀបដូចជាវេជ្ជបណ្ឌិតម្នាក់ ដែលត្រូវធ្វើការវះកាត់ មិនអាចប្រើវេជ្ជបណ្ឌិតផ្សេងទៀត ជាអ្នកហុចឧបករណ៍នោះបានទេ វាត្រូវមានការបណ្តុះបណ្តាលនូវជំនាញបែបនេះ។ ម្យ៉ាងទៀត នៅក្នុងការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ឱកាសឲ្យសិស្សដែលមិនអាចប្រឡងជាប់នូវមធ្យមសិក្សាទុតិយភូមិ បានរាល់ការអនុញ្ញាតឲ្យរៀនកម្រិតបរិញ្ញាបត្ររង។ ដូច្នេះ ប្រសិនបើសាកលវិទ្យាល័យនានា បង្កើតនូវឱកាសសម្រាប់បរិញ្ញាបត្ររង គឺវាជាការល្អ សម្រាប់ផ្តល់ឱកាសទៅលើអ្នកមិនអាចប្រឡងជាប់បាក់ឌុប។
ចំណុចនេះ ក្រៅពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលកំពុងអនុវត្តទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង ខ្ញុំក៏អំពាវនាវឲ្យសាកលវិទ្យាល័យដទៃទៀត យកចិត្តទុកដាក់ទៅលើបញ្ហានេះផងដែរ តម្រូវការនៃការអភិវឌ្ឍរបស់យើង គឺទាមទារនូវជំនាញគ្រប់ផ្នែក។ ឥឡូវ ទីផ្សារការផលិតរបស់ប្រទេសរបស់យើងកាន់តែឈានចូលទៅក្នុងដំណាក់កាលឯកទេសកម្មជំនាញកាន់តែជ្រៅ ផលិតផលនៃប្រទេសមួយៗសម្រាប់ការនាំចេញ គឺសុទ្ធតែត្រូវឆ្លងកាត់នូវការប្រកួតប្រជែង មិនមែនមានតែប្រទេសកម្ពុជាមួយដែលមានផលិតផលនោះទេ ប៉ុន្តែប្រទេសដទៃក៏មានផលិតផលដូចយើងដែរ។ ការប្រកួតប្រជែងសម្រាប់ចូលទៅក្នុងទីផ្សារនានា គឺសុទ្ធតែតម្រូវឲ្យមានគុណភាព និងស្របទៅតាមសំណូមពរនៃទីផ្សារនោះ។
ដូច្នេះហើយគ្រប់កម្រិតទាំងអស់ រហូតទៅដល់ប្រជាពលរដ្ឋដែលជាអ្នកផលិត តម្រូវឲ្យមានការរៀបចំមួយច្បាស់លាស់ រាប់ទាំងកសិករ បម្រើសេចក្តីត្រូវការក្នុងទីផ្សារកម្ពុជា។ មិនមែនអ្វីក៏សុទ្ធតែអាចនាំចូលទៅកាន់ទីផ្សារ ទៅកាន់បណ្តាសណ្ឋាគារ ដែលទេសចរមកកាន់ប្រទេសយើងមានរហូតទៅដល់ជាង ៥ លាននាក់ ហើយយើងយកពងមាន់ស្អុយ យកទៅលក់នៅក្នុងសណ្ឋាគារហ្នឹងបានទេ។ តែយ៉ាងក៏ដោយនេះ គ្រាន់តែជាការរំលឹកមួយ អ្វីដែលជាមោទនភាព យើងបានមើលឃើញថាស្មារតីសហគ្រិនភាព និងការរៀបចំផលិតរបស់ប្រជាជនយើងកាន់តែខ្ពស់ទៅៗ ការច្នៃប្រឌិតរបស់យុវជន ក៏ដូចជាប្រជាពលរដ្ឋរបស់យើងកាន់តែខ្ពស់ទៅៗ ដែលអាចផ្តល់ឱកាសសម្រាប់ខ្លួនផង និងការនាំចេញទៅក្រៅប្រទេសផង។
ជនជាតិអាមេរិកមករៀនបណ្ឌិតនៅស្រុកខ្មែរ
មួយផ្នែកទៀតខ្ញុំចាប់អារម្មណ៍ទៅលើបញ្ហានិស្សិតពីបរទេស ដែលមករៀននៅទីនេះ ៣១ នាក់ ក្នុង ៣១ នាក់ នេះ ថ្នាក់បណ្ឌិតមានម្នាក់ជាបុរស គឺជាជនជាតិអាមេរិក អាមេរិកមករៀនបណ្ឌិតនៅស្រុកខ្មែរ ឥឡូវអ្នកដែលបន្តុះបង្អាប់អំពីថាសញ្ញាបត្រនៅកម្ពុជាអត់តម្លៃ គិតយ៉ាងម៉េច? ខ្ញុំសុំបញ្ជាក់កន្លែងនេះបន្តិច ថ្នាក់បណ្ឌិតម្នាក់ជនជាតិអាមេរិក ថ្នាក់បរិញ្ញាបត្រ ៣ នាក់ ជនជាតិអាមេរិកម្នាក់ ជាកូរ៉េ ២ នាក់ … អញ្ចឹងកម្ពុជាក៏មានលទ្ធភាព បាន និងកំពុងផ្តល់លទ្ធភាពឲ្យនិស្សិតមកពីប្រទេសក្រៅ សិក្សានៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
ការដាក់ចេញនូវគោលនយបាយមួយៗ គឺតែងតែអនុវត្ត មិនមែនចេះតែនិយាយឲ្យពិរោះទេ
តាមដែលខ្ញុំបានដឹងនៅក្នុងសាកលវិទ្យាល័យមួយចំនួន ក៏មាននិស្សិតបរទេសរៀននៅទីនោះ ដូច្នេះនេះជាចំណុចមួយនៃមោទនភាពរបស់ខ្មែរយើង ដែលបានចាប់ផ្តើមពីគំនរផេះផង់ និងឈានឡើងជាបណ្តើរៗមកដល់ឋានៈជាប្រទេសដែលមានការអភិវឌ្ឍ ចម្លងចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ឬប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយដែលយើងមានមហិច្ឆតា និងក៏ជាលទ្ធភាព ដែលអាចធ្វើបាន ដើម្បីសម្រេចថាគោលដៅឆ្នាំ ២០៣០ ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
ពិតមែនតែ ខ្ញុំមិនច្បាស់ថា ខ្ញុំនៅរស់ដល់ឆ្នាំ ២០៥០ ហើយអ្នកទាំងឡាយនៅលើវេទិកានេះ ក៏អាចខ្លះក៏មិននៅដល់ឆ្នាំ ២០៣០ ផងទេ ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវរៀបចំផែនទីចង្អុលផ្លូវមួយ សម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង ដូចដែលយើងធ្លាប់បានដើរកន្លងទៅ មិនមែនដើរទាំងគ្មានផែនទី និងគ្មានក្របខណ្ឌគោលនយោបាយតាមរបៀបចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណានោះទេ។ សុំកុំប្រមាថចំពោះអ្វី ដែលយើងបានសម្រេចកន្លងទៅ។ ដំណាក់កាលណាត្រូវធ្វើអីៗ មានការគិតគូរច្បាស់លាស់ខ្លាំងណាស់ មិនមែនត្រឹមតែបង្កើតឲ្យមាន ជាភាសានិយាយ ដើម្បីឲ្យពិរោះស្តាប់ និងទាក់ទាញចិត្តមនុស្ស ដែលមិនបានយល់ដឹងនូវការពិតទេ។ អ្នកទាំងឡាយបានដឹងហើយ ហើយនេះគឺជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍នៃគោលនយោបាយជាក់លាក់របស់យើង សម្រាប់វិស័យឯកជនចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
បើគ្មានគោលនយោបាយបែបនេះទេ តើសាកលវិទ្យាល័យរាប់សិប នឹងចូលដល់រយនេះ បានកើតឬទេ? សិស្សដែលបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ តើពួកគេទៅណា? ចំណុចទាំងនេះក៏អាចបញ្ជាក់ចំណុចតូចមួយឲ្យឃើញថា យើងបានមានផែនទីចង្អុលផ្លូវមួយច្បាស់លាស់ ទាំងនយោបាយគ្រប់វិស័យនៅក្នុងប្រទេស និងនយោបាយនៅក្រៅប្រទេសផងដែរ។ មិនមែនជាការលេងសើចទេ សម្រាប់ការដាក់ចេញនូវគោលនយោបាយមួយៗ ឧទាហរណ៍ សេចក្តីថ្លែងការណ៍សន្ទុក ដែលខ្ញុំហៅថាសេចក្តីថ្លែងការណ៍សន្ទុក ឆ្នាំ ២០០២ អំពីឃុំមួយអនុវិទ្យាល័យមួយ មិនមែនជាបញ្ហាលេងសើចទេ។ ការដាក់ចេញនូវគោលដៅក្នុងវិស័យអប់រំ ឬវិស័យសុខាភិបាល ឧទាហរណ៍ ការកំណត់ទិសដៅនៃការបំបាត់ជំងឺគ្រុនស្វិតដៃជើងមុនឆ្នាំ ២០០០ មិនមែនជាបញ្ហាដាក់ហើយ បែរជាយើងមិនអនុវត្តនោះទេ។ យើងបានធ្វើសកម្មភាពព្រមៗ រហូតយើងទៅដល់យើងសម្រេចជោគជ័យជាស្ថាពរនូវការបំបាត់ជំងឺគ្រុនស្វិតដៃជើង យើងកំពុងបន្តទៅលើការបំបាត់ជំងឺនានា កាត់បន្ថយនូវអត្រាស្លាប់របស់មាតា និងទារក ការឈានឆ្ពោះទៅរកការបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ ២០២៥។
វាមិនមែនជាបញ្ហាលេងសើច តាមរបៀបអ្នកអត្ថាធិប្បាយខ្លះ លើកឡើងតាមរបៀបមិនយល់ការ ដែលមិនបានមើលឯកសារចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ហើយមិនបានមើលសកម្មភាពប្រទាក់ក្រឡាគ្នានោះទេ។ ក្នុងវិស័យអប់រំ យើងបានដាក់ចេញនូវគោលនយោបាយទាំងនេះ ផ្តល់ឱកាសឲ្យយុវជន និងកុមាររបស់យើង មានលទ្ធភាពកាន់តែច្រើន តាមរយៈនៃការពង្រាយសាលាទៅតាមមូលដ្ឋាន ពង្រាយគ្រូទៅតាមមូលដ្ឋាន ការលើកកម្ពស់គុណភាពអប់រំតាំងពីថ្នាក់មូលដ្ឋានរហូតមកដល់ឧត្តមសិក្សា ការខិតខំកសាងនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើឲ្យប្រទេសជាតិ និងខិតខំដើម្បីតំឡើងបៀវត្សរ៍ ជូនចំពោះគ្រូបង្រៀន មន្រ្តីរាជការរបស់យើង នៅក្នុងវិស័យអប់រំ ជាពិសេសគ្រូបង្រៀនដែលគ្របដណ្តប់រហូតទៅដល់ ១២ ម៉ឺននាក់ នៃចំនួនបុគ្គលិក ព្រមទាំងគ្រូពេទ្យ ២ ម៉ឺននាក់ទៀត។ ច្រើនណាស់។
មិនមែនជាបញ្ហាដែលគេគិតថាច្បោលៗ ហើយហាក់ដូចជាខ្លួនម្នាក់ ចេះដឹងគ្រប់វិស័យទាំងអស់ រាប់ទាំងមិនទាន់ស្គាល់ថា តើក្រសួងគេមានច្បាប់ និងអនុក្រិត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថាប័ននោះ។ មិនទាន់ទាំងស្គាល់មុខងារនៃស្ថាប័ន ប៉ុន្តែគេហ៊ានធ្វើអត្ថាធិប្បាយ។ ជារឿងគួរឲ្យខ្មាសអៀន។ សង្ឃឹមថា និស្សិតថ្នាក់បណ្ឌិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ និងបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្ររងទាំងឡាយ មិនដើរតាមគន្លងខុសឆ្គងណាមួយ ទៅលើការវិនិច្ឆ័យខុស និងនិយាយខុសការពិតដោយបំពាននោះទេ។
ទេវតាឆ្នាំចាស់ជំពាក់ទឹកភ្លៀង ទើបផ្តល់ភ្លៀងមុននឹងចាកចេញ
ទេវតាឆ្នាំថ្មីបានចុះមកហើយ មុននឹងទេវតាឆ្នាំចាស់ចាកចេញ ក៏បានបន្សល់ទឹកភ្លៀងឲ្យយើងមួយចំនួន ដោយសារទេវតាឆ្នាំមុនជំពាក់ទឹកភ្លៀង។ ឆ្នាំទៅជំពាក់ទឹកភ្លៀង ចុះមកហើយ មិនព្រមយកទឺកភ្លៀងមកផងទេ យើងធ្វើយុទ្ធនាការប្រមាណ ២ ខែ ដើម្បីផ្គត់ផ្គង់ទឹកឲ្យប្រជាជន។ ប៉ុន្តែ ទេវតាឆ្នាំវក ដែលបានត្រឡប់ទៅវិញនោះ ហាក់ដូចជាមានការគិតថា មានការជំពាក់ឋានកណ្តាល។ អញ្ចឹងទេ សូម្បីតែថ្ងៃជិតចូលឆ្នាំ ថ្ងៃ ១៣ ខ្ញុំចេញពីកន្លែងជនពិការមកចូលវិទ្យាល័យ ២ បឋម ១ ចុងក្រោយចូលវិទ្យាល័យអង្គរ ភ្លៀងនៅហ្នឹងចេញមិនរួច។
ចំណេះវិជ្ជាមិនអាចផ្ទេរដូចឈាមពីម្នាក់ទៅម្នាក់នោះទេ ត្រូវមានការខិតខំផ្ទាល់ខ្លួន
នេះខ្ញុំគ្រាន់តែលើកឧទាហរណ៍មួយចំនួន ហើយសង្ឃឹមថា សាលានឹងបន្តការបណ្តុះបណ្តាលតទៅទៀត រួមចំណែកបង្កើតឡើងនូវធនធានមនុស្សដ៏ពូកែ។ ជាមួយនឹងការកោតសរសើរ និងផ្តាំផ្ញើទៅដល់សាកលវិទ្យាល័យ ក៏សូមថ្លែងនូវការកោតសរសើរចំពោះនិស្សិតជ័យលាភីគ្រប់កម្រិតទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ជាការខិតខំមួយរបស់អស់លោក/ស្រី នាងកញ្ញា ដែលបានប្រឹងប្រែងសម្រាប់ការចេះដឹងរបស់ខ្លួន គ្មាននរណាអាចជំនួសយើងបានទេ។ ការផ្ទេរចំណេះវិជ្ជាខុសពីការផ្ទេរឈាមពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ ដើម្បីសង្គ្រោះជីវិត។ គេអាចយកឈាមមនុស្សម្នាក់ទៅផ្តល់ឲ្យមនុស្សម្នាក់ផ្សេងទៀត រាប់ទាំងបច្ចេកវិទ្យាទំនើប គេអាចយកបេះដូងរបស់មនុស្សម្នាក់ ឬសួតរបស់មនុស្សម្នាក់ ទៅផ្តល់ឲ្យមនុស្សម្នាក់ផ្សេងទៀត ដើម្បីអ្នកនេះក៏អាចរស់បាន ហើយអ្នកនោះក៏អាចរស់បាន។ ប៉ុន្តែ ការផ្ទេរចំណេះវិជ្ជាមិនអាចធ្វើទៅរួចនោះទេ ត្រូវមានការខិតខំផ្ទាល់។ ដូច្នេះ ការដែលអស់លោក លោកស្រី នាងកញ្ញា បានដើរមកដល់ទីនេះ គឺជាការខិតខំមួយរបស់ខ្លួនផ្ទាល់ របស់មាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ រាប់ទាំងភរិយា ឬស្វាមី ដែលបានលើកទឹកចិត្ត និងផ្តល់ឱកាសសម្រាប់ការសិក្សារបស់និស្សិតយើង។ និស្សិតរបស់យើងមួយចំនួន មានកូន មានប្តី មានប្រពន្ធ ដែលបន្តការសិក្សា ហើយសុំកុំភ្លេចបន្តការពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីតាមឲ្យទាន់នូវសភាពការណ៍ដែលបាន និងកំពុងវិវឌ្ឍនៅលើពិភពលោក។
មានសន្តិភាព ទើបអាចរកការងារធ្វើបាន, តាមសភាពការណ៍មិនទាន់ ក្លាយជាជនអភិរក្សនិយម
សូមចូលរួមផងដែរជាមួយនឹងក្រុមគ្រួសារនៃជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សង្ឃឹមថា អ្នកទាំងអស់ដែលមានការងារធ្វើហើយ ប្រឹងបន្ត ឯអ្នកដែលមិនទាន់មានការងារធ្វើ ខិតខំស្វែងរកការងារធ្វើ។ ប្រទេសមួយដែលមានសន្តិភាព ទើបជាប្រទេសដែលអាចរកការងារធ្វើបាន។ ឥឡូវនេះ តើមាននរណាអាចទៅរកការងារធ្វើនៅអ៊ីរ៉ាក់ ស៊ីរី យេម៉ែន ឬលីប៊ី? ទោះបីមានការងារធ្វើ ក៏អស់លោកមិនទៅដែរ។ ហើយខ្ញុំក៏មិនយល់ព្រមឲ្យអស់លោកទៅដែរ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃប្រទេសមួយ ដែលត្រូវការពារប្រជាពលរដ្ឋរបស់ខ្លួននោះ។ សង្ឃឹមថា និស្សិតដែលទទួលសញ្ញាបត្រថ្ងៃនេះ នឹងបន្តការខិតខំតទៅទៀត។ មិនមែនគ្រាន់តែនិស្សិតនៅទីនេះនោះទេ សូម្បីតែអ្នកមេដឹកនាំក៏ត្រូវតែរៀនរាល់ថ្ងៃ តាមឲ្យជាប់សភាពការណ៍រាល់ថ្ងៃ។ បើមិនដូច្នោះ វានឹងក្លាយទៅជាជនអភិរក្សនិយម ហើយប្រសិនបើធ្វើក្នុងវិស័យនយោបាយ ឬវិស័យព័ត៌មាន ឬជាអ្នកអត្ថាធិប្បាយ វានឹងក្លាយទៅជាជនអគតិតែម្តង។ សភាពការណ៍វាវិវឌ្ឍ ក្នុងពេលដែលយើងមិនដឹង ហើយយើងបែរជាធ្វើអត្ថាធិប្បាយ គឺជាកំហុស។
កាត់បន្ថយគម្លាតចំណេះដឹងបាន តែមិនអាចកាត់បន្ថយគម្លាតទ្រព្យសម្បត្តិបានទេ
… វិធីដែលអាចធ្វើទៅរួច គឺកាត់បន្ថយគម្លាតខួរក្បាលហ្នឹងតែម្តង។ នៅលើពិភពលោក ការកាត់បន្ថយគម្លាតលើបញ្ហាទ្រព្យសម្បត្តិ វាលំបាកណាស់។ តើប្រជាជនអាមេរិក អាចមានទ្រព្យសម្បត្តិស្មើនឹង ប៊ីល ហ្កេត នោះទេ? វាមិនអាចទេ។ មិនអាចធ្វើឲ្យប្រជាជនអាមេរិកមានទ្រព្យសម្បត្តិស្មើនឹងសេដ្ឋីរបស់អាមេរិកបានទេ។ លើកលែងតែរបប ប៉ុល ពត ព្រោះ ប៉ុល ពត ធ្វើបាន ធ្វើឲ្យស្មើគ្នាទាំងអស់។ ដេញចេញពីក្រុងទាំងអស់ កាប់ដីៗដូចគ្នា ស៊ីបបរៗស្មើគ្នា។ ៤២ ឆ្នាំមុន ពេលនេះជាពេលវេលាដែលប្រជាជនយើងត្រូវបានបណ្តេញចេញពីទីក្រុង និងទីប្រជុំជន ធ្វើដំណើរដោយលំបាក … នោះហើយជាសោកនាដកម្មនៃសង្រ្គាម ដែលបានឆាបឆេះក្រោយថ្ងៃ ១៨ មីនា ១៩៧០ ក្រោយពីរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ។ លទ្ធផលនៃរដ្ឋប្រហារខុសច្បាប់នោះហើយ ដែលនាំទៅដល់វិនាសកម្ម។ ៤២ ឆ្នាំមុន អ្នកខ្លះកើតមិនទាន់ ក៏ប៉ុន្តែ ជីដូនជីតា ឪពុកម្តាយកើតទាន់។
អរគុណចំពោះអាជ្ញាធរ និងកងកម្លាំង ការពារប្រជាពលរដ្ឋ នាឱកាសចូលឆ្នាំ
៤២ ឆ្នាំមុន និង ៤២ ឆ្នាំក្រោយ (មានភាព)ខុសគ្នាដាច់ស្រឡះ។ ឆ្នាំនេះ ប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តសប្បាយនៅទូទាំងប្រទេស។ ខ្ញុំពិតជាមានមោទនភាព និងអរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានការពារនូវសន្តិសុខសណ្តាប់ធ្នាប់ ក្នុងរយៈពេលដែលប្រជាជនសប្បាយរីករាយ រយៈពេលកន្លងទៅ។ ទាំងអស់នេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញអំពីពលិកម្មនៃកម្លាំងប្រដាប់អាវុធរបស់យើង នៅពេលដែលយើងកំពុងសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំ ការរាំលេងកម្សាន្ត ការជួបជុំគ្រួសារ កងទ័ពរបស់យើងនៅឈរជើងប្រចាំការនៅតាមទីតាំងនានា។ កម្លាំងនគរបាល និងអាវុធហត្ថនៅឈរហាលភ្លៀង ខ្យល់ និងថ្ងៃ ដើម្បីអ្វីទៅ? ដើម្បីភាពសុខសាន្តរបស់ប្រជាជនយើងនោះឯង។
ពិតហើយ មានកំហុសតិចតួចទៅលើបុគ្គលនេះ បុគ្គលនោះ ក៏ប៉ុន្តែ អ្នកទាំងអស់ត្រូវយល់ថា សេចក្តីសុខរបស់យើងដែលមាននៅក្នុងការជួបជុំសប្បាយរីករាយ ឬជីវភាពប្រចាំថ្ងៃ ក៏បានមកពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅលើការការពារសន្តិភាព ស្ថិរភាពនយោបាយ ទៅលើកម្លាំងប្រដាប់អាវុធ ដែលអនុវត្តនូវតួនាទីការពារប្រជាពលរដ្ឋ។ ក្នុងពេលដែលប្រជាពលរដ្ឋកំពុងសប្បាយរីករាយ ជួបជុំគ្រួសារ នគរបាលរបស់យើង អាវុធហត្ថ និងកងទ័ពរបស់យើង នៅឈរតាមចិញ្ចើមផ្លូវ នៅតាមចំណុចឈរជើងការពារ។ ប្រហែលជារឿងនេះ យើងអាចយល់ច្បាស់ទាំងអស់គ្នា នូវការគិតគូរ និងការរៀបចំទាំងឡាយ។
សង្ឃឹមថា ឆ្នាំក្រោយ នឹងមានសង្ក្រាន្តនៅគ្រប់ទីកន្លែង
ឆ្នាំនេះ សង្ក្រាន្តមានច្រើន។ សង្ឃឹមថា សង្រ្កាន្តនឹងមានកើតគ្រប់ខេត្តឆ្នាំក្រោយ។ ភ្នំពេញឆ្នាំនេះ មិនស្ងាត់ទេ ខ្ញុំគិតថា ល្ងាចថ្ងៃទី ១៦ ប្រុងទៅរាំវង់នៅវត្តភ្នំ មកពីសៀមរាបថ្ងៃ ១៦។ ឆ្នាំក្រោយ សង្ឃឹមថា សង្រ្កាន្តនឹងកើតនៅគ្រប់ទីកន្លែង។ សង្ក្រាន្តមិនមែនគ្រាន់តែធ្វើនៅសៀមរាបទេ។ ប៉ុន្តែ សៀមរាបឆ្នាំនេះ គឺពិតជាមនុស្សច្រើនមែន ហើយវប្បធម៌របស់យើង ជាពិសេសវប្បធម៌អរូបី ដែលប្រមូលបានពីគ្រប់ទិសទី គាស់កកាយឡើង ត្រូវបានបង្ហាញនៅក្នុងពិធីសង្ក្រាន្តនោះ។ សង្ឃឹមថា សង្ក្រាន្តនោះនឹងកើតនៅកន្លែងផ្សេងៗ ដែលផ្តល់លទ្ធភាពនៃការសប្បាយរីករាយសម្រាប់ប្រជាជននៅតំបន់នោះ។ សង្រ្កាន្តអាចធ្វើនៅតាមភូមិក៏បានដែរ មិនបាច់ដល់វែងឆ្ងាយពេកទេ។ ខ្ញុំទទួលបាន មិនដឹងថាវិទ្យុមួយផ្សាយឬមិនផ្សាយនោះទេ នូវការធ្វើបទសម្ភាសន៍មួយ អ្នកមិនយល់មួយចំនួនថា សង្ក្រាន្តធ្វើតែនៅសៀមរាប។ ថ្នាក់ដល់តំណាងរាស្រ្តនិយាយបែបនេះ ហើយនិយាយទាំងមិនយល់នូវពាក្យសង្រ្កាន្តនេះទៅទៀត។ រហូតដល់ប្រើពាក្យថា សង្រ្កាន្តចំណាយប្រាក់ទៅដល់ ១០ លានដុល្លារ ដើម្បីធ្វើសង្ក្រាន្ត។ ជារឿងមួយគួរឲ្យសោកស្តាយសម្រាប់អ្នកដែលលើកឡើងបែបនេះ។ មិនដឹងថាវិទ្យុនោះផ្សាយ ឬមិនផ្សាយទេ ក៏ប៉ុន្តែអ្នកដែលបានធ្វើសម្ភាសន៍ជាមួយអ្នកតំណាងរាស្រ្តនោះ គេបានបញ្ជូននូវខ្លឹមសារនេះមកឲ្យខ្ញុំ។ ខ្ញុំក៏មិនចាំបាច់និយាយចំឈ្មោះថានរណានោះទេ។
ផ្លូវព័ទ្ធជុំវិញប្រទេស ខ្វះតែពីសំឡូត/បាត់ដំបង ទៅកោះកុង
តែអ្វីដែលខ្ញុំចង់កត់សម្គាល់ ឆ្នាំនេះសប្បាយរីករាយ។ មន្រ្តីរាជការរបស់យើងទើបនឹងឡើងប្រាក់ខែថ្មីៗ បន្ថែមទៅដោយប្រាក់ឧបត្ថម្ភខ្លះផ្សេងទៀត។ ការធ្វើដំណើរដោយមិនចាំបាច់ថយក្រោយ ដូចកាលពីពេលមុន។ ខ្ញុំឃើញបទសម្ភាសន៍មួយជាមួយនឹងប្រជាពលរដ្ឋ ប្អូនប្រុសម្នាក់នៅខេត្តស្វាយរៀង ដែលគាត់និយាយថា គាត់បានចេញដំណើរពីស្វាយរៀងឡើងទៅមណ្ឌលគីរី ចេញទៅរតនគីរី ចេញទៅស្ទឹងត្រែង ចេញទៅព្រះវិហារ ហើយចេញទៅសំភាសន៍នៅមុខអង្គរវត្ត។ អញ្ចឹងបានសេចក្តីថា ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើង គឺអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ។ ឥឡូវសល់តែមួយកង់ទៀតទេដែលអាចភ្ជាប់មួយជុំ គឺមួយកង់តភ្ជាប់ពីសំឡូតនៅខេត្តបាត់ដំបង ថ្មដានៅខេត្តពោធិសាត់ និងតភ្ជាប់មកខេត្តកោះកុង។ ផែនការមេមានរួចហើយ ក៏ប៉ុន្តែយើងត្រូវរកថវិកាដើម្បីសាងសង់ អញ្ចឹងមួយជុំផ្ទៃប្រទេសព័ទ្ធទៅវិញ ធ្វើដំណើរមិនចាំបាច់ថយក្រោយដូចពេលមុន។ មុននេះយើងទៅមណ្ឌលគីរីត្រូវថយក្រោយមកផ្លូវជាតិលេខ ៧ មកក្រចេះសិន ប៉ុន្តែទៅដល់មណ្ឌលគីរីត្រូវទៅដល់រតនគីរីតែម្តង ហើយចេញពីរតនគីរីមកស្ទឹងត្រែង ពីស្ទឹងត្រែងចង់ទៅតាមណា ជ្រើសរើសទៅ មកតាមក្រចេះក៏មកៗ ចង់ទៅព្រះវិហារក៏ទៅៗ។ ទៅដល់ព្រះវិហារហើយជ្រើសរើសទៅ ចង់ចេញមកសៀមរាបក៏ចេញមក កំពង់ធំក៏ចេញមក ជម្រើសរបស់ប្រជាជន នេះជាសេរីភាពរបស់ប្រជាជនហើយ។ សិទ្ធិមនុស្សគឺវាស្ថិតនៅត្រង់កន្លែងហ្នឹង ៤២ ឆ្នាំមុន សិទ្ធិមនុស្សនៅឯណា? ហើយអ្នកណាឈឺឆ្អាល? ៤២ ឆ្នាំក្រោយប្រជាជនដើរលេងបែបនេះ តើវាជាអ្វី?
ត្រូវខំថែរក្សាសន្តិភាព និងសមិទ្ធផលឲ្យបានគង់វង្ស
សង្ឃឹមថា យើងទាំងអស់គ្នាខិតខំថែទាំនូវសន្តិភាព ខិតខំថែទាំនូវសមិទ្ធផលដែលយើងសម្រេចបានដោយលំបាកដើម្បីធានាបានការលូតលាស់របស់ប្រទេសយើងតទៅទៀត ក្នុងគោលដៅរក្សាកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ។ ប្រាក់ចំណូលរបស់យើងកាន់តែខ្ពស់ គោលដៅនូវការតម្លើងបៀវត្សរ៍ នយោបាយទាក់ទិននឹងផលិតកម្មស្រូវ និងការនាំចេញអង្ករ គោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ត្រូវសម្រេច ដើម្បីធានាជោគជ័យនៃការឈានឡើងរបស់ប្រទេសកម្ពុជា ពីឋានៈប្រទេសក្រីក្រ ទៅកាន់ប្រទេសដែលមានការរីកលូតលាស់មួយ។ យើងក៏មានកងទ័ពរបស់យើងដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅក្រៅប្រទេស។ កងទ័ពរបស់យើងបានដើរតួនាទីដ៏សំខាន់ នៅក្នុងការចូលរួមចំណែកដើម្បីរក្សានូវសន្តិភាព។ តើនេះវាមិនមែនជាផែនទីចង្អុលផ្លូវលើបញ្ហានយោបាយការបរទេសទេឬ? សង្ឃឹមថា តួអង្គនយោបាយ ឬអ្នកធ្វើអត្ថាធិប្បាយដទៃទៀត យល់ឲ្យច្បាស់ពីសំណុំបញ្ហារវាងនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស ដែលគាំទ្រគ្នាទៅវិញទៅមក។
យើងកំពុងអនុវត្តនូវនយោបាយបែរមុខទៅខាងក្រៅ គឺជំរុញការនាំចេញនូវផលិតផលពីក្នុងប្រទេសរបស់យើងតាមរយៈនៃការពង្រីកទីផ្សារចាស់ដែលមានស្រាប់ និងពង្រីកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីបង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់យើង។ មិនមែនជារឿងលេងសើចទេ ដែលយើងមានលទ្ធភាពផ្តល់តួនាទីសម្របសម្រួលក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួច ក្រោមរបបអង្គការពាណិជ្ជកម្មពិភពលោក។ ល្ងាចនេះ ខ្ញុំត្រូវទទួលនៅវិមានសន្តិភាពសម្រាប់មេដាយមាសពិភពលោកថ្មីមួយទៀត ដែលទទួលបានដោយកីឡាការិនី អ៊ុក ស្រីមុំ។ តើនេះបានមកដោយសារអ្វី? មិនមែនចាប់នេះ ចាប់នោះ មិនឆ្ពោះត្រង់ណានោះទេ តែកើតចេញពីគោលនយោបាយ និងសកម្មភាពជាក់លាក់របស់ស្ថាប័នក៏ដូចជាកីឡាការិនី។ ប្រសិនបើរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យកីឡាករ/ការិនី ចេញទៅប្រកួត តើមេដាយនេះអាចទទួលបានឬទេ?
ចំណុចពីរ ដែលសង្គ្រាមមិនអាចកើតនៅកូរ៉េ និងមិនមានការជម្លៀសប្រជាជនកម្ពុជាពីប្រទេសកូរ៉េ
ថ្ងៃនេះខ្ញុំក៏ចង់និយាយផងដែរ ទៅកាន់ពលករខ្មែរនៅកូរ៉េ ក៏ដូចជាក្រុមគ្រួសារនៃពលករខ្មែរនៅកូរ៉េសូមកុំបារម្ភ។ រឿងរ៉ាវវាច្រំដែលទេ។ កាលពីឆ្នាំ ២០១១ ពេលនោះ មានការទិតៀនចំពោះខ្ញុំ ថាមិនបានគិតគូរចំពោះពលករ ប៉ុន្តែសូមអ្នកទាំងឡាយជួយគិត បើសិនជាអ្នកទាំងអស់ជារូបខ្ញុំ តើខ្ញុំត្រូវសម្រេចចិត្តធ្វើយ៉ាងម៉េច? សង្គ្រាមនៅកូរ៉េមិនកើតទេ។ ជឿខ្ញុំទៅ។ គំរាមគ្នាប៉ុន្មានថ្ងៃនេះ មួយចេញម៉ែគ្រាប់បែក មួយទៀតចេញឪគ្រាប់បែក។ និយាយពីបញ្ហាពាក់ព័ន្ធជាមួយការជម្លៀសពលករ។ តើគួរជម្លៀស ឬមិនជម្លៀស? វាគ្មានហេតុផលណាមួយដែលយើងត្រូវធ្វើការជម្លៀសទេ។ ទីមួយ សង្គ្រាមអត់កើតឯណា បែរជានាំគ្នាជម្លៀស ហើយមធ្យោបាយជម្លៀសមិនមែនជារឿងតូចតាចទេ។ តើជម្លៀសតាមផ្លូវទឹក ឬជម្លៀសតាមផ្លូវអាកាស ព្រោះអត់មានការតភ្ជាប់តាមផ្លូវគោកបានទេ។ សង្គ្រាមមិនទាន់កើតផងជម្លៀសម៉េច។
ទី ២ ក្នុងដំណើរការជម្លៀសប្រៀបធៀបនឹងការស្នាក់នៅទីនោះគឺសុវត្ថិភាពជាង។ ប្រជាជនកូរ៉េគេរស់របៀបម៉េច នៅជាមួយនឹងគេហ្នឹងទៅ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលកូរ៉េ។ ដូច្នេះការរស់នៅទីនោះ គឺជារឿងសុវត្ថិភាពបំផុត ប្រៀបធៀបទៅនឹងការជម្លៀស។ ប្រសិនបើអស់លោកអ្នកជាខ្ញុំ ការគិតគូរ បើទោះបីជាប្រជាជនធម្មតាក៏អាចយល់អំពីបញ្ហានេះដែរ មិនមែនជារឿងងាយទេ ទៅលើបញ្ហាជម្លៀសមនុស្សជាង ៤ ម៉ឺននាក់ ច្រើនណាស់។ ប្រទេសអ្នកមានៗ មានយន្តហោះគគោក គេមិនទាំងធ្វើដឹង ធ្វើឮផង រាប់ទាំងអនុប្រធានាធិបតីអាមេរិកមកកូរ៉េ … ប៉ុន្តែ បើសិនជាជម្លៀសហើយ កុំបាច់រកទីផ្សារពលកម្មកូរ៉េតទៅទៀត … មិនអាចទៅរកការងារធ្វើនៅកូរ៉េបន្តទៀតទេ ក្នុងពេលដែលរាជរដ្ឋាភិបាល ខ្ញុំជួបប្រធានាធិបតីកូរ៉េលើកណាក៏តែងតែមានសំណូមពរឲ្យមិត្តកូរ៉េបង្កើនចំនួននៃការយកពលករខ្មែរទៅធ្វើការនៅកូរ៉េ។ ដណ្តើមគ្នា ពលករនៅកូរ៉េមិនមែនមានតែខ្មែរមួយមុខគត់ទេ ថៃក៏មាន ហ្វីលីពីនក៏មាន វៀតណាមក៏មាន ចិនក៏មាន។ យើងបង្កើនតាំងពីចំនួនរាប់រយឡើងដល់រាប់ម៉ឺន បែរទៅជាខាតបង់ដោយសារការភ័យខ្លាចគ្មានហេតុផល។
ពលករ/ការិនីកម្ពុជា ត្រូវសាមគ្គីជាមួយប្រជាជនកូរ៉េ
សង្ឃឹមថា បងប្អូនពលករ/ការិនី ដែលកំពុងធ្វើការនៅកូរ៉េស្ងប់ចិត្ត ហើយរស់នៅជាមួយប្រជាជនកូរ៉េ សាមគ្គីជាមួយប្រជាជនកូរ៉េ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ បើសិនជាវាអាចកើតឡើង។ ប៉ុន្តែខ្ញុំអាចនិយាយបានថា សង្គ្រាមកូរ៉េលទ្ធភាពកើតមានត្រឹមកម្រិត ០,១ គឺ ៩៩,៩៩ លើ ៩៩ ទៀត វាអត់មាន។ ជឿខ្ញុំទៅ វាមិនមែនជារឿងបាញ់គ្រាប់មីស៊ីលចូលទៅ ៥៩ គ្រាប់ហើយចប់ទេ។ ម្សិលមិញ ប្រធានាធិបតីអាមេរិកក៏ចេះនិយាយដែរ ថាលោក គីម ជុងអ៊ុន របស់កូរ៉េខាងជើង ក៏ចេះស្រឡាញ់សន្តិភាពដែរ។ បន្ទាប់ពីការគម្រាមវៃគ្នា វាបែរជាមានពាក្យអញ្ចឹងវិញ។ មានន័យយ៉ាងម៉េច? … រឿងវាមិនចប់ត្រឹមវៃគេទេ ការខ្ទេចខ្ទាំវានឹងកើតនៅកូរ៉េខាងត្បូង និងជប៉ុនឯណោះវិញទេ។ អញ្ចឹងសហរដ្ឋអាមេរិកក៏ត្រូវមានការពិចារណាម៉ត់ចត់ទៅលើជម្រើស។ អាមេរិកនៅឆ្ងាយ ការខូចខាតរបស់អាមេរិកប្រហែលជាមានតិចតួចណាស់ ប៉ុន្តែកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង និងនៅជប៉ុនផលប៉ះពាល់វាធំ។
ភាពខ្ទេចខ្ទាំនៅកូរ៉េខាងត្បូង និងជប៉ុនក៏ធំ ដូច្នេះ មិនមែនរឿងដាច់ដោយឡែករបស់អាមេរិកទេ គឺវាជារឿងអ្នកនៅជុំវិញខ្លួនផងដែរ។ ខ្ញុំនិយាយនេះ មិនមែនជាការធ្វើឲ្យស្ងប់ចិត្តទេ ប៉ុន្តែរឿងវាពិតវាអញ្ចឹង។ ឲ្យតែកូរ៉េខាងជើងបាញ់ គេថាតាមចាប់ តែទីចុងបំផុតអត់ដឹងថាកូរ៉េបាញ់ទៅខាងណាផង។ វាមិនមែនស្រួលដូចបកចេកឯណា។ ឯណោះបាញ់ទៅ ឯណេះបាញ់បុក ហើយបាញ់បុកទៅ វាផ្ទុះលើ មិនធ្លាក់មកងាប់អស់មនុស្ស។ អ្នកនយោបាយចេះតែស្រែក ប៉ុន្តែសមត្ថភាពនៃបច្ចេកវិទ្យាអាវុធវាមិនអាចធ្វើទៅរួច ឧទាហរណ៍ថា មីស៊ីលមួយបាញ់ ឯមីស៊ីលមួយទៀតទៅចាប់យកទៅទម្លាក់នៅកន្លែងណានោះ តើអាចទៅរួចទេ? វាទៅមិនរួច។ ហើយបើសិនជាបាញ់កំទេចអានោះ អញ្ចឹងវានៅតែផ្ទុះដដែល។ ផ្ទុះខាងលើទៀត អាហ្នឹងកាន់តែអន្តរាយហើយ។ កំពុងតែហោះលើដីប្រទេសណាមួយ អានេះទៅបុក អញ្ចឹងបុកផ្ទុះពីលើ នៅខាងក្រោមត្រូវអំបែងវា និងផ្សែងរបស់វា។
ត្រូវតែសិក្សាឲ្យច្បាស់ អ្នកណាជាអ្នកប្រើអាវុធគីមី នៅស៊ីរី
អញ្ចឹងទេ ការបង្អួតគ្នាលើបញ្ហាអាវុធ វាមិននាំទៅដល់សង្គ្រាមទេ ទាំងអាមេរិកដែលថាចាត់ការទៅលើកូរ៉េខាងជើង គឺច្បាស់ជាមិនធ្វើទេ។ អាមេរិកក៏ត្រូវសិក្សា និងពិគ្រោះយោបល់ជាមួយជប៉ុន និងកូរ៉េខាងត្បូង។ ខុសគ្នា រឿងនៅស៊ីរី … ហើយអាវុធគីមីទៀតសោត ក៏មិនច្បាស់ថាអ្នកណាជាអ្នកប្រើ វាទាមទារអោយមានការសិក្សាអោយច្បាស់។ យើងគាំទ្រអោយមានការស្រាវជ្រាវអោយច្បាស់ តើអ្នកណាប្រើអាវុធគីមីនេះ។ របប អាសាដ នៅ ដាម៉ាស ជាអ្នកប្រើ ឬក៏អាវុធគីមីនេះ ដូចដែលព័ត៌មានគេនិយាយថា កងទ័ពរបស់ស៊ីរីទំលាក់គ្រាប់បែកមែន ប៉ុន្តែមិនមែនជាគ្រាប់បែកដែលមានជាតិគីមីទេ តែទំលាក់ទៅត្រូវឃ្លំាងនៃអាវុធគីមីតែម្តង។ អញ្ចឹងអ្នកណាជាអ្នកប្រើពិតប្រាកដនូវអាវុធប្រល័យលោកនេះ។ កម្ពុជាគាំទ្រអោយមានការស្រាវជ្រាវជាក់លាក់ មុននឹងធ្វើសកម្មភាព ឬធ្វើការសម្រេចណាមួយ បើទោះបីជាកម្ពុជាមិនមែនជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខក៏ដោយចុះ ក៏ប៉ុន្តែកម្ពុជា ក៏ជាសមាជិកអង្គការសហប្រជាជាតិដែលមានការទទួលខុសត្រូវ។
សូមអត់ធ្មត់កុំប្រើប្រាស់កម្លំាងនៅឧបទ្វីបកូរ៉េ គ្មានអ្នកឈ្នះទេ មានតែអ្នកចាញ់
សម្រាប់បញ្ហាឧបទ្វីបកូរ៉េ យើងនៅតែមានការបន្តអំពាវនាវអត់ធ្មត់កុំប្រើប្រាស់កម្លំាង គ្មានអ្នកឈ្នះនោះទេ គឺមានតែអ្នកចាញ់តែប៉ុណ្ណោះ បើសិនជាសង្គ្រាមកូរ៉េផ្ទុះឡើង អ្នកចាញ់ពិតប្រាកដ គឺអ្នកជិតខាងតែម្តង។ សង្ឃឹមថា នឹងស្វះស្វែងរកនូវវិធីសាស្ត្រ ដើម្បីសុវត្ថិភាពនៅឧបទ្វីបកូរ៉េ តាមរយៈនៃការបើកការចរចា ៦ ភាគីឡើងវិញ ឬមធ្យោបាយណាផ្សេងទៀត ដែលជាមធ្យោបាយសន្តិវិធី។ ជាថ្មីម្តងទៀត អំពាវនាវចំពោះពលករ ពលការិនី ដែលកំពុងធ្វើការនៅកូរ៉េ និងមាតាបិតាអាណាព្យាបាលក្រុមគ្រួសាររបស់ពលករ ពលការិនី ដែលរស់នៅកូរ៉េ សូមកុំព្រួយបារម្ភ រាជរដ្ឋាភិបាលតាមដានជាប់តាមរយៈស្ថានទូតរបស់ខ្លួន និងតំណាងរបស់ខ្លួននៅទីនោះ។
ខ្ញុំបានបញ្ជាក់(ហើយ) ជម្លៀស និងមិនជម្លៀស (ជំរើស)ជម្លៀសខូចខាតធ្ងន់ណាស់។ បានសេចក្តីថា ៤ ម៉ឺនកន្លែងត្រូវបិទទំាងអស់ ហើយក៏មិនចំាបាច់និយាយថា សុំយកពលករខ្មែរទៅធ្វើការនៅកូរ៉េ(ទេ)។ ឆ្នំា ២០១៤ ក៏ដូចគ្នាដែរ។ វាអញ្ចឹង រហូតទៅដល់កូរ៉េខាងជើងទាមទារអោយទូតយើងចេញអោយផុតពីព្យុងយ៉ាង។ ឯកឧត្តម ហោ ណំាហុង ពេលនោះជារដ្ឋមន្ត្រីការបរទេស ទាក់ទងមកខ្ញុំ ខ្ញុំថាអត់អោយចេញទេ ទីចុងបំផុតអត់វ៉ៃគ្នាទេ។ កាលពីជប៉ុនរញ្ជួយផែនដី អ្នកការទូតរបស់យើងមួយចំនួននៅទីនោះ មានការភ័យខ្លាច ចង់ចាកចេញពីប្រទេសជប៉ុនជាបណ្តោះអាសន្ន។ ខ្ញុំអោយបញ្ជាថាអត់ទេ ត្រូវរស់នៅទីនោះ ស្តាប់ការណែនំារបស់អាជ្ញាធរនៅទីនោះ។ តើតូក្យូមានសុវត្ថិភាពឬទេ ហើយគេអោយយើងទៅនៅកន្លែងណា តែកុំចេញពីទឹកដីជប៉ុនអោយសោះ។ រឿងនេះមិនខុសគ្នាជាមួយនឹងរឿងនៅប៉ាតាយ៉ា។
បទពិសោធន៍ មិនចាកចោលគណៈប្រតិភូនៅព្រឹត្តិការណ៍អាស៊ាន ប្រទេសថៃ
ប៉ាតាយ៉ាឆ្នំា ២០០៩ ឬ ឆ្នំា ២០១០ ប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ ពួកអាវក្រហមទៅព័ទ្ធជាប់ទំាងអស់ ទៅព័ទ្ធជាប់ទំាងអស់។ ការប្រជុំត្រូវបានលើក។ ដល់តុប្រជុំហើយ តែបូកបីអត់មានលទ្ធភាពមក ទំាងចិន ទំាងកូរ៉េ ទំាងជប៉ុន អត់មានលទ្ធភាពចូលមក។ ក្រុមអាស៊ីបូព៌ាក៏គ្មានមានលទ្ធភាព។ អញ្ចឹងអង្គប្រជុំត្រូវលើក បន្ទាប់ទៅគេចាប់ផ្តើមជម្លៀសមេដឹកនំារបស់អាស៊ាន។ ឯកឧត្តម ប្រាវីដ វង្សសុវណ្ណ ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ កាលពេលនោះគាត់ក៏ជារដ្ឋមន្ត្រីក្រសួងការពារជាតិ (បាន)ត្រៀមបម្រុងម៉ារីនផ្នែកជើងទឹកអោយខ្ញុំ (ថា)បើចេញតាមជើងទឹកមកកោះកុងក៏បានដែរ។ ឯឧទ្ធមា្ភគចក្រយកមេដឹកនំាពីលើដំបូលសណ្ឋាគារ ចេញមកអូតាប៉ាវ។ ឯកឧត្តម ប្រាវីដ វង្សសុវណ្ណ បានទៅសួរខ្ញុំថា តើឯកឧត្តមអញ្ជើញតាមឧទ្ធម្ភាគចក្រ ឬអញ្ជើញតាមកប៉ាល់ទឹក កប៉ាល់ចំបំាង។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំទៅតាមឡាន ហើយខ្ញុំប្រាប់គាត់ថា ម៉ោង ៣ ខ្ញុំចេញដំណើរ។ ឥឡូវខ្ញុំនឹងទទួលទានបាយ រួចហើយខ្ញុំសុំដេកមួយឆ្អែត បន្ទាប់ទៅខ្ញុំចេញ។
ការសម្រេចចិត្តរបស់ខ្ញុំត្រូវណាស់ ត្រង់ថាខ្ញុំមិនទៅចោលអ្នកដែលទៅជាមួយខ្ញុំ។ បើសិនជាខ្ញុំសម្រេចចិត្តមក បានត្រឹមមនុស្សតែ ៤ នាក់មកជាមួយខ្ញុំ។ អញ្ចឹងមួយគណៈប្រតិភូត្រូវចោលទៅអស់។ ប្រហែលជាខ្ញុំលែងស័ក្តិសម(ជាមេដឹកនាំហើយ) ដែលរត់ចោលថ្នាក់រដ្ឋមន្ត្រី ថ្នាក់ជំនួយការមិនចេះតិច។ មានអីម៉ោង ៣ ចេញឡានមកយ៉ាងស្រួល។ មកដល់ឃើញមេដឹកនំាដទៃទៀតនៅចំាអូតាប៉ាវនៅឡើយ ដោយសារគណៈប្រតិភូអត់ទាន់ចេញពីនោះមកផង អ្នកដែលជិះអត់បានបាយអត់បានទឹក ឯខ្ញុំបានបាយហើយ ដេកមួយឆ្អែតទៀត។ នេះវារឿងដូចគ្នាអញ្ចឹង … បទពិសោធន៍មួយនេះ ក៏ជាបទពិសោធន៍ផ្តំាផ្ញើទៅពលករ/ការិនីរបស់យើង កុំរត់ចោលប្រជាជនកូរ៉េ។ យើងទៅរកការងារធ្វើនៅទីនោះ បែរជាមិនទាន់សង្គ្រាមផ្ទុះផង ចាប់ផ្តើមរត់ចោលគេទៅហើយ។
មិនគ្រាន់តែបញ្ហានៅកូរ៉េទេ បញ្ហានៅកន្លែងដទៃយើងក៏ធ្លាប់បានជម្លៀសនិសិ្សតរបស់យើងចេញពីលីបង់ ចេញពីអេហ្ស៊ីប នៅពេលមានព្រឹត្តិការណ៍អាក្រក់កើតឡើង ដែលពេលនោះ ដើម្បីធានាសុវត្ថិភាពនិស្សិតរបស់យើង យើងក៏បានជម្លៀសនិស្សិតរបស់យើងចេញមកដែរ តែយើងក៏បានប្រាប់អាជ្ញាធររបស់គេ … ខ្ញុំគិតថា មិនចង់និយាយច្រើនទេ ក៏ប៉ុន្តែវាចំាបាច់។ លោក ហ៊ុន សែន មិនមែនព្រងើយទេ ក្នុងពេលហ្នឹងរដ្ឋមន្ត្រីក្រសួងការងាររបស់យើងទៅចូលឆ្នំានៅឯកូរ៉េ ឯកឧត្តម អ៊ិត សំហេង និងមន្ត្រីមួយចំនួនទៅចូលឆ្នំានៅទីនោះ។ រឿងអីរត់ មានតែថែម ហើយបើចំាបាច់ខ្ញុំទៅតែម្តង ព្រោះខ្ញុំជឿថាវាអត់មានសង្គ្រាមទេ បើកំញើញគ្នាអាហ្នឹងមាន។
ថ្ងៃនេះ បាននំាមកសម្រាប់និស្សិតទំាង ១៨៨៥ នាក់ ក្នុងម្នាក់ៗថវិកា ៣ ម៉ឺនរៀល ដោយឡែកនិស្សិតពិការ ៤ នាក់ ក្នុងម្នាក់ៗក៏សុំបន្ថែមជូន ៥០ ម៉ឺនរៀលតែម្តង ឯណាអ្នកពិការទំាង ៤ នាក់ ងើបបន្តិចមើល អញ្ចឹងឡើង ៥ នាក់ ទំាងអ្នកបកប្រែ សង្ឃឹមថាអ្នកទំាងអស់គ្នាមិនច្រណែនទេ។ ខ្ញុំជំពាក់កម្មវិធីច្រើនណាស់ កន្លែងគថ្លង់នេះ។ ខ្ញុំត្រូវទៅទទួលទានអាហារមួយឆ្នំាពីរដង ជាមួយក្មួយៗចៅៗទាំងនោះ ប៉ុន្តែឆ្នំានេះ សុំជំពាក់សិនហើយរវល់ពេក។ បុគ្គលិក និងសាស្រ្តាចារ្យ ៦៤៤ នាក់ ក្នុងម្នាក់ៗថវិកា ៤ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យអាស៊ីអឺរ៉ុបសរុបថវិកា ៣ លានរៀល ជូនវិទ្យាស្ថានជាតិអប់រំថវិកា ២ លានរៀល។ ជាមួយនឹងការកោតសរសើចំពោះវឌ្ឍនភាព នៃសកលវិទ្យាល័យអាស៊ីអារ៉ុប ព្រមទំាងការអបអរសាទរចំពោះនិសិ្សតជាជ័យលាភ័យដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំសូមប្រសិទ្ធពរជាថ្មីម្តងទៀត ជូនចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបតែ និងសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទំាងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕