សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក សម្ដេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក។
សុំទោសប្រជាពលរដ្ឋដែលមកចូលរួម ពុំមានរោងសម្រាប់ជ្រកម្លប់
ដំបូង អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានសំដែងនូវការសូមអភ័យទោសជាមួយនឹងការដែលបងប្អូនយើងត្រូវមកអង្គុយនៅកណ្ដាលថ្ងៃ បណ្ដាលមកពីទេវតាបានសាកល្បងនូវសមត្ថភាពរបស់យើងកាលពីម្សិលមិញនេះ ដោយនាំមកចូលខ្យល់កន្ទ្រាក់មួយ ហើយធ្វើអោយរោងដែលទុកសម្រាប់ជាម្លប់ជ្រករបស់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមនៅទីនេះ ត្រូវបាក់រលំ។ ខ្ញុំព្រះករុណាខ្ញុំ គិតថា ទីមួយ ទេវតាសងយើងវិញ ដោយសារតែឆ្នាំទៅ ទេវតាចុះមកអត់យកភ្លៀងមកជាមួយ ធ្វើអោយយើងលំបាក ខ្វះខាតទឹកតែម្ដង។ ដល់ទៅព្រះនាងរៀបយាងទៅវិញ ចាក់(ទឹកភ្លៀង)មកតែម្ដង អាហ្នឹងទីមួយ។ ប៉ុន្តែទីពីរ ទេវតាអាចសាកល្បងសមត្ថភាពរបស់យើងនៅពេលនេះថា តើបាក់រោងប៉ុណ្ណឹងហើយ នៅតែសម្ពោធទៀត ឬអត់។ ប៉ុន្តែ បើទោះបីបាក់អស់ហើយ មកឈរ ឬអង្គុយជាមួយគ្នា ក៏ត្រូវតែធ្វើរឿងនេះអោយបាន ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៦ អា ប្រវែង ៤០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ កាត់ខេត្តកណ្ដាល និងទៅតភ្ជាប់ជាមួយនឹងខេត្តកំពង់ចាម ជាហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន។
សមិទ្ធផលកើតចេញពីសហប្រតិបត្តិការ មិត្តភាព ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួមជាមួយសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រិយមិត្តចិន ក៏ដូចជាឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលដ៏ធំមួយនេះ នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិ បន្ទាប់ពីកាលដែលយើងបើកការដ្ឋានសាងសង់ពហុកីឡាដ្ឋានដ៏ធំ ដែលទើបនឹងបានបើកកាលពីម្សិលម្ង៉ៃនេះ។ នេះជាសមិទ្ធផល ដែលកើតចេញជាផ្លែផ្កា នៃសហប្រតិបត្តិការមិត្តភាព សហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ជាមួយចិន។
អត្ថប្រយោជន៍នៃផ្លូវជាតិលេខ ៦
អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានរំលឹកបន្ដិចថា ថវិកាដែលយើងបានប្រើប្រាស់នៅទីនេះ គឺបានមកពីពេលដែលឯកឧត្តម ស៊ី ជីងពីង បច្ចុប្បន្នជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ពេលដែលគាត់ធ្វើជាអនុប្រធានាធិបតី គាត់មកទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ពេលនោះ គឺមានការចុះហត្ថលេខាចំនួនទឹកប្រាក់ សម្រាប់ប្រើប្រាស់ទៅលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៨ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៩ គឺចំនួន(ទឹកប្រាក់) ៤០០ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងចំណោម ៤០០ លានដុល្លារសហរដ្ឋមេរិកនោះ ក៏មានបណ្ដាញផ្លូវដែលតភ្ជាប់ផ្លូវជាតិលេខ ៦ នេះ ដែលយើងពង្រីកពី ៧ ម៉ែត្រ ទៅកាន់ ២០ ម៉ែត្រ ហើយដែល(មាន) ៤ គន្លង។ ទៅបុកគ្នាអីទៀត បើពីរទៅពីរមកយ៉ាងនេះ ហើយបើថាបុកគ្នាទៀត មានតែបើកបរដេក …។
ខ្ញុំព្រះករុណាខ្ញុំ អាចនិយាយបានថា សេដ្ឋវិទូមួយចំនួន បានវាយតម្លៃមិនត្រឹមត្រូវជាមួយនឹងតួនាទីនៃផ្លូវនេះផង និងវាយតម្លៃមិនត្រឹមត្រូវនូវដំណើរការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជាផង។ ដូច្នេះ បានជានៅក្នុងទសវត្សរ៍ ៩០ ការកសាងផ្លូវនេះ ក៏មានត្រឹមតែ ៧ ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែលើការជាក់ស្ដែងនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាតួនាទីផ្លូវជាតិលេខ ៦ នេះ គឺដើរតួនាទីយ៉ាងសំខាន់ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងអម្បាញ់មិញ។ ភាពមមាញឹកនៃផ្លូវនេះ គឺជាតភ្ជាប់ពីទីក្រុងភ្នំពេញរបស់យើងទៅកាន់ភាគកណ្ដាលនៃប្រទេស នោះគឺឆ្ពោះទៅកាន់ខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដែលយើងកំពុងតែបន្តកសាងផ្លូវ ៤ គន្លង ពីផ្លូវកែងទៅទល់ស្រុកស្គន់ ហើយចាប់ពីស្រុកស្គន់ទៅខេត្តសៀមរាប ក៏ពង្រីកផ្លូវនេះយ៉ាងធំ។
មិនមែនគ្រាន់តែទំនាក់ទំនងជាមួយនឹងភាគកណ្ដាល ដែលទាក់ទងនឹងខេត្តកំពង់ធំ និងខេត្តសៀមរាបប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏តភ្ជាប់ជាមួយនឹងខេត្តព្រះវិហារ ដែលចេញទៅព្រំដែនកម្ពុជា-ថៃ ហើយក៏តភ្ជាប់ជាមួយនឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ។ មួយខ្សែទៀត ផ្លូវនេះ ក៏បានតភ្ជាប់ជាមួយនឹងខេត្តកំពង់ចាម ដែលរុញតភ្ជាប់ម្ខាងជាមួយនឹងផ្លូវជាតិលេខ ៧ តភ្ជាប់ទៅទីរួមខេត្តកំពង់ចាម។ តែអ្វីដែលសំខាន់ជាងនេះទៀត គឺអនុញ្ញាតអោយយើងបានតភ្ជាប់ផ្លូវនេះ ជាមួយនឹងផ្លូវជាតិលេខ ៨ ដោយតាមរយៈការកសាងផ្លូវដែលហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន ផ្លូវជាតិលេខ ៨ ពីព្រែកតាមាក់ ទៅកាន់ផ្លូវជាតិលេខ ៧ ឆ្លងកាត់ខេត្តព្រៃវែង ទៅកាន់ខេត្តកំពង់ចាម ហើយក៏បានអនុញ្ញាតឲ្យយើងបានសាងសង់នូវស្ពានព្រែកតាមាក់ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍នៅទីក្រុងភ្នំពេញ ក៏ដូចជាការដឹកជញ្ជូនតភ្ជាប់ទៅតំបន់ភូមិភាគឥសានទៀតផង។
ដូច្នេះ តួនាទីផ្លូវជាតិលេខ ៦ នេះ សំខាន់ខ្លាំងណាស់សម្រាប់យើង។ សង្ឃឹមថា សេដ្ឋវិទូ ឬអ្នកសេដ្ឋកិច្ចទាំងឡាយយល់ឲ្យបានត្រឹមត្រូវអំពីចក្ខុវិស័យនៃការកសាងផ្លូវនេះដែលបានបែកខ្នែងទៅយ៉ាងច្រើន ហើយបើសិនជាយើងមើលត្រឹមតែមួយជ្រុងនៃទីក្រុងភ្នំពេញនេះ ប្រជាពលរដ្ឋរបស់យើងអាចចេញដំណើរលើផ្លូវរបស់មិត្តចិនជួយ តាមរយៈការសាងសង់ឆ្លងកាត់នូវស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វា ហើយបើចង់ទៅដល់សៀមរាប គឺធ្វើដំណើរតាមផ្លូវមិត្តចិនជួយកសាង តភ្ជាប់ជាមួយនឹងកំពង់ធំ តភ្ជាប់ជាមួយនឹងសៀមរាប។ បើចង់ទៅខេត្តព្រះវិហារក៏ជាផ្លូវដែលមិត្តចិនជួយកសាង ហើយបើចង់កាត់ទៅខេត្តព្រៃវែង កាត់ខេត្តកណ្តាល និងទៅកាត់ខេត្តព្រៃវែងទៅកំពង់ចាម ក៏ផ្តើមចេញពីការកសាងនៃស្ពានព្រែកតាមាក់ ហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន និងផ្លូវជាតិលេខ ៨ កសាងដោយមិត្តចិនផងដែរ និងបន្ថែមទៅដោយការកសាងនៅពេលខាងមុខ ក្នុងពេលដែលឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីងពីន មកទស្សនកិច្ចនៅកម្ពុជា មានការកសាងផ្លូវជាតិលេខ ១១ ដែលតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ ៨ ផ្លូវជាតិលេខ ១ និងតភ្ជាប់ទៅផ្លូវជាតិលេខ ៧។
ផ្លូវលេខ ៥, ៥១ ក៏ចិនជួយ ហើយនឹងសុំផ្លូវពីសំឡូតទៅកោះកុង
ងាកមកត្រើយម្ខាងខាងនោះ ផ្លូវជាតិលេខ ៥ បានតភ្ជាប់ចេញពីទីក្រុងភ្នំពេញទៅគល់ស្ពានព្រែកក្តាម ហើយតាមរយៈនៃហិរញ្ញប្បទាននោះ គឺអនុញ្ញាតឲ្យយើងបានកសាងស្ពានព្រែកក្តាម ដែលមុននេះ យើងបានធ្វើដំណើរយ៉ាងលំបាកទៅលើការឆ្លងសាឡាងផ្លូវស្ពានព្រែកក្តាមផង និងស្ពានព្រែកតាមាក់របស់យើងផង។ វិលមកម្ខាងទៀត ថ្ងៃមុនយើងបានបើកការដ្ឋានដើម្បីសាងសង់ផ្លូវខ្សែក្រវ៉ាត់រាជធានីភ្នំពេញនោះ គឺមួយស្រទាប់នៅផ្នែកខាងក្នុងហិរញ្ញប្បទាន ដោយមិត្តចិន ដោយផ្សារភ្ជាប់ជាមួយនឹងស្ពានមិត្តភាពកម្ពុជា-ចិននៅឯតាខ្មៅ។ មួយផ្នែកទៀត កាលពីថ្ងៃទី ១៤ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង រួមជាមួយឯកឧត្តម ជុង ហ្វុង បានទៅបើកការដ្ឋានដើម្បីស្ថាបនាឡើងវិញ នូវផ្លូវជាតិ ៥១ ដែលតភ្ជាប់ផ្លូវជាតិលេខ ៥ ទៅកាន់ផ្លូវជាតិលេខ ៤ ដែលជាផ្នែកដ៏សំខាន់មួយនៃការតភ្ជាប់នៅទីក្រុងភ្នំពេញ ដែលខ្ញុំព្រះករុណាខ្ញុំ មិនទាន់លើកមកនិយាយ។
យើងបានតភ្ជាប់អស់ហើយ ហើយអម្បាញ់មិញ ខ្ញុំបានបើកមើលផែនទី កំពុងដាក់សំណើស្នើសុំមកព័ទ្ធជុំវិញតាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង គឺមានការតភ្ជាប់ ហើយឥឡូវនេះការតភ្ជាប់ដែលយើងមិនទាន់មាន គឺភ្ជាប់ពីសំឡូត កាត់មកថ្មដា កាត់ចេញមកកោះកុង និងចេញមកកំពង់សោម។ អញ្ចឹងនៅសល់កំណាត់ផ្លូវហ្នឹងមួយទៀត ច្បាស់ជាស្វែងរកជំនួយពីមិត្តចិនហើយ។
អរគុណមិត្តចិន និងប្រជាពលរដ្ឋរបស់ចិនទាំងអស់
ខ្ញុំសូមយកឱកាសនេះ ដើម្បីសំដែងជូនតាមរយៈឯកឧត្តម អគ្គរដ្ឋទូត និងប្រិយមិត្តចិនទាំងអស់ ផ្ញើជូននឹងការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចជាកាលបានឧបត្ថម្ភគាំទ្រទៅដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ មិត្តចិនបានផ្តល់ឱកាសឲ្យយើង។ អ្វីដែលយើងចាត់ទុកថាជាអាទិភាពមិត្តចិនតែងគោរពទៅតាមការគិតគូររបស់កម្ពុជា ដូចជាយើងចង់បានថាពង្រីកផ្លូវនេះឲ្យទៅជា ៤ គន្លង។ ការចាត់ចែងថវិកាពីមិត្តចិនមក គឺយើងងាយស្រួលក្នុងការប្រើប្រាស់នូវថវិកានេះ ដើម្បីសម្រេចនូវសមិទ្ធផល។
នឹងទៅចូលរួមកិច្ចប្រជុំ សន្និសីទខ្សែក្រវ៉ាត់មួយវិថីមួយ
ឥឡូវនេះ នៅក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការដាក់ចេញរបស់មិត្តចិន ជាពិសេសរបស់ប្រធានាធិបតី ស៊ី ជីងពីន លើបញ្ហាផ្លូវមួយខ្សែក្រវ៉ាត់មួយ អនុញ្ញាតឲ្យប្រទេសកម្ពុជា ក៏ដូចជា ប្រទេសនៅក្នុងតំបន់នេះ បានទទួលផលប្រយោជន៍ពីទស្សនទាន ឬគោលនយោបាយខ្សែក្រវ៉ាត់មួយ និងផ្លូវមួយនេះ។ មូលនិធិផ្លូវសូត្រដែលមិត្តចិនបានបញ្ចេញ ៤០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០១៥ កន្លងទៅ និងការបន្ថែមទុនជាបន្តបន្ទាប់នៅក្នុងក្របខណ្ឌទំនាក់ទំនងរវាងចិន និងអាស៊ាន បានអនុញ្ញាតឲ្យបណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅក្នុងក្របខណ្ឌពិភពលោកនេះ ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍពីសាធារណរដ្ឋប្រជាមានិតចិន។ អរគុណណាស់ ហើយខ្ញុំនឹងទៅចូលរួម ហើយផ្តល់សារៈសំខាន់មួយ និងការចូលរួមនូវសន្និសីទកម្រិតខ្ពស់ ទាក់ទងនឹងខ្សែក្រវ៉ាត់មួយវិថីមួយ នៅប្រទេសចិន នៅក្នុង ខែ ឧសភា ខាងមុខ ពេលនោះនឹងមានទស្សនកិច្ចផ្លូវការសម្រាប់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។
នយោបាយហេដ្ឋារចនាសម្ព័ន្ធ បែងចែកកំណើនសេដ្ឋកិច្ចដោយសមភាព
សង្ឃឹមថាកម្ពុជានឹងទទួលបានជាបន្តទៀត… គោលដៅធំបំផុតរបស់យើង គឺផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ នយោបាយហេដ្ឋារចនាសម្ព័ន្ធនៅតែជាអាទិភាពនៃនយោបាយរបស់គណបក្សប្រជាជន ក្នុងការដឹកនំាប្រទេស។ គ្មានជម្រើសណាអោយល្អ និងគ្មានជម្រើសណាអោយមានសមភាពជាងការប្រើប្រាស់នូវកំណើនសេដ្ឋកិច្ច ឬការទទួលបានការគំាទ្រពីមិត្តភក្តិ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ប្រឡាយទឹក អគ្គីសនី ឬក៏ហេដ្ឋារចនាសម្ព័ន្ធទាក់ទងជាមួយវិស័យអប់រំ និងសុខាភិបាល។ វាសមភាពខ្លំាងណាស់។ ឧទាហរណ៍ ការធ្វើផ្លូវមួយខ្សែទំាងអ្នកមានក៏ធ្វើដំណើរ ទំាងអ្នកក្រក៏ធ្វើដំណើរ។ ហើយតាមរយៈនៃការតភ្ជាប់ តាមរយៈការធ្វើផ្លូវថ្នល់នេះ គឺអនុញ្ញាតអោយប្រជាជនរវាងទីក្រុង និងជនបទ មិនមានការខុសប្លែកឆ្ងាយពេកទេនៅទីក្រុងក៏មានផ្លូវចាក់កៅស៊ូ នៅជនបទក៏មានផ្លូវចាក់កៅស៊ូ នៅទីក្រុងមានអគ្គិសនីប្រើប្រាស់ នៅជនបទក៏មានអគ្គិសនីប្រើប្រាស់។ ដូច្នេះយើងមានតម្រូវការទុនជាមួយដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះ មានមិត្តចិនដែលជាអ្នកផ្តល់ហិរញ្ញប្បទានធំជាងគេ។
ការកសាងផ្លូវត្រូវបូកបន្ថែមជាមួយផលប៉ះពាល់
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាស្ថានប័នពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធទំាងអស់ ដែលបានជួយសម្រួលការអោយការដ្ឋាននេះបើក ហើយនិងកសាងចេញជារូបរាង ចេញជាផ្លែផ្កា ដែលប្រជាជនបានធ្វើដំណើរដោយងាយស្រួល។ ខ្ញុំព្រះករុណាខ្ញុំ អរគុណជាមួយនឹងការយោគយល់របស់ប្រជាជនដែលនៅសងខាងផ្លូវ។ មានពេលមួយនោះ ដោយសារតែមានការវាស់វែងខ្វះចន្លោះ និងការបាញ់នៅចំណុចដៅខ្វះចន្លោះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានធ្វើដំណើរមកកាន់កន្លែងជិតស្ពានជ្រោយចង្វានេះ កាលពីឯកឧត្តម កែប ជុតិមា នៅធ្វើអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលដោយផ្ទាល់ ហើយក៏បានបន្ថយទំហំ ដោយទំហំដើមនោះធំទាល់តែអស់ផ្ទះនៅខាងក្នុង។
យ៉ាងណាក៏ដោយ ការសាងសង់ពង្រីកផ្លូវពិតជាមានផលប៉ះពាល់ ហើយដែលយើងបានចំណាយប្រាក់ អស់ប្រមាណជា ៦ លានដុល្លារអាមេរិកឯណោះ ដោះស្រាយផលប៉ះពាល់ និងការដោះស្រាយមីន។ អញ្ចឹងទេផ្លូវនេះ ទន្ទឹមនឹងកម្ចីរបស់មិត្តចិនចំនួន ៦៨ លាន(ដុល្លារ) យើងក៏ចំណាយបន្ថែមលើនោះ ហើយបើគិតទំាងពន្ធដាផងនោះ និងបន្ថែមទៅដោយការចេញសាច់ប្រាក់ដោះស្រាយផលប៉ះពាល់ ក៏ដូចជាដោះស្រាយយុទ្ធភណ្ឌមិនទាន់ផ្ទុះ យើងបានចេញថវិកាហើយដែលសរុបនៃចំណាយទៅលើបញ្ហានេះ បើគិតតាមក្រសួងហិរញ្ញវត្ថុ តំាងពីពន្ធរហូតដល់ទៅ ៨៨ លានដុល្លារសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែនោះគិតពន្ធ បើទៅលើបញ្ហានៃការចំណាយដែលចេញជាសាច់ប្រាក់តែម្តង ទំាងប្រាក់មកពីមិត្តចិន ទំាងប្រាក់មកពីកម្ពុជា គឺចំនួន ៧០ លានដុល្លារសហរដ្ឋអាមេរិក។
ហេតុអី្វ កសាងពហុកីឡានដ្ឋាន មរតកតេជោ នៅឯព្រែកតាសេក
ប៉ុន្តែយើងក៏បានសម្រួលអោយប្រជាជន ដែលរស់នៅតាមកន្លែងនោះ ហើយពេលនេះប្រជាជនមុខតែយល់បានថា ហេតុអី្វបានជាពហុកីឡានដ្ឋាន មរតកតេជោ ត្រូវកសាងរហូតដល់ព្រែកតាសេក។ ព្រែកតាសេកពីដើមឆ្ងាយណាស់។ ប៉ុន្តែព្រែកតាសេកនៅពេលបច្ចុប្បន្ននេះមិនឆ្ងាយទេ ហើយនៅឆ្នំា ២០២៣ កាន់តែមិនឆ្ងាយទៀត។ ពីដើមមានចម្រៀងមួយបទឈ្មោះថា ព្រែកឯងនៅឆ្ងាយ ឆ្ងាយដាច់អាល័យ ព្រែកឯងនៅឆ្ងាយ ឆ្ងាយដាច់អាល័យ ដោយសារតែអត់ផ្លូវ ប៉ុន្តែឥឡូវទៅមកៗត្រឹមព្រែកឯង ព្រែកលៀបនៅឆ្ងាយ ឆ្ងាយដាច់អាល័យ ប៉ុន្តែឥឡូវអត់ដាច់អាល័យទៀតទេ ទៅហើយមកហើយ។ ហើយជីវិតអ្នករត់ទូកដ និងជីវិតអ្នករត់សាឡាង គឺចប់ជាបណ្តើរៗ តាមរយៈការធ្វើស្ពានរបស់យើងតាមព្រែកក្តី តាមទន្លេក្តី ដែលយើងបានធ្វើជាបន្តបន្ទាប់។
កំណើនសេដ្ឋកិច្ច ៧,៧% ក្នុងរយៈពេលជាង ២០ ឆ្នំា
នេះហើយជាអ្វីដែលយើងសម្រេចបាន ហើយហេដ្ឋារចនាសម្ព័ន្ធនេះហើយ ដែលផ្តល់ឱកាសអោយយើងសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដែលស្ថិតនៅក្នុង ៧,៧% ក្នុងរយៈពេលជាង ២០ ឆ្នំា កន្លងទៅ និងបន្តបន្ទាប់ ក្រោយពីវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែស្ថិតក្នុងរង្វង់ ៧% ជាបន្តទៀត។ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ តាមរយៈនៃការគិតគូរត្រូវរបស់គណបក្សប្រជាជន និងរបស់រាជរដ្ឋាភិបាលនោះហើយ ដែលធ្វើអោយយើងចេញពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅកាន់ឋានៈជាប្រទេសដែលមានចំណូលមធ្យម ហើយយើងនឹងបន្តដំណើរបែបនេះតទៅទៀត។ ឥឡូវនេះ ទោះបីថា អត់មានដំបូល ប៉ុន្តែពពកបានធ្វើដំបូលសម្រាប់របស់យើងទំាងអស់គ្នា …។
យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ មិនបន្តទៀតទេ ដោយសារតែការនិយាយច្រើនណាស់ ហើយស្អែក និយាយទៀត។ ស្អែកត្រូវប្រញាប់ប្រញាល់ចូលប្រជុំសភា បង្ហាញវត្តមាននៅក្នុងសភា ហើយស្តាប់ព្រះរាជ សារ(របស់)ព្រះមហាក្សត្រ។ បន្ទាប់ពីស្តាប់ព្រះរាជសារ(របស់)ព្រះមហាក្សត្រ នៅក្នុងពិធីបើកសម័យប្រជុំ សភា គឺខ្ញុំព្រះករុណាខ្ញុំ និងសុំចាកចេញ ដើម្បីទៅជួបជាមួយនឹងមន្ត្រីរាជការរបស់យើង ក្នុងពិធីសំណេះសំណាលមួយប្រមាណជា ៤ ពាន់នាក់ ជាបន្តទៀត។ ការងារពិតជាច្រើន ប៉ុន្តែ គ្មានជម្រើសណាអោយល្អជាងការខិតខំនោះទេ។
ចុះហត្ថលេខាកាត់ដីមួយចំនួនរបស់ខេត្តកណ្តាលចូលមកទីក្រុងភ្នំពេញ
សមិទ្ធផលបែបនេះ ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែមានវត្តមាន ត្រូវធ្វើ។ កោតសរសើរចំពោះក្រុមហ៊ុនសៀងហៃ ដែលបានខិតខំកសាងនូវផ្លូវ និងស្ពានយ៉ាងច្រើននៅតាមទីកន្លែងនេះ។ អរគុណ និងកោតសរសើរចំពោះក្រុមហ៊ុនត្រួតពិនិត្យ ក្វាងចូវ វ៉ាងណាន ដែលបានធ្វើកិច្ចការដ៏ល្អ។ អរគុណ ចំពោះសម្តេច ព្រះតេជព្រះ គុណ ឯកឧត្តម លោកជំទាវ និងបងប្អូនប្រជាពលរដ្ឋ ដែលមកពីខេត្តកណ្តាលផង មកពីទីក្រុងភ្នំពេញផង មកជួបជុំគ្នានៅទីនេះ។ កាលពីដើម អ្នកខាងណេះក៏សុទ្ធតែជាអ្នកខេត្តកណ្តាលទេ ទើបនឹងប្រែខ្លួនទៅជា អ្នកភ្នំពេញក្រោយនេះទេ។ ឆ្នាំ ១៩៨៨ ខ្ញុំបានចុះហត្ថលេខាកាត់ដីខេត្តកណ្តាល ដែលមុននេះព្រំប្រទល់ ខេត្តកណ្តាលនៅត្រឹមស្ពានជ្រោយចង្វា។ ពេលហ្នឹង ឯកឧត្តម ថោង ខុន ធ្វើជាអភិបាលក្រុង ហើយបញ្ជូនយុវជនទីក្រុងភ្នំពេញ និងមន្ត្រីនៅតាមស្ថាប័នទាំងអស់មកកាប់ព្រៃនៅទីនេះ។ ឥឡូវ ហ្នឹងទៅជាថា ខ្ញុំកាន់កាប់(ដី/ផ្ទះ)តាំងពី(ឆ្នាំ) ១៩៧៩។ ឆ្នាំ ១៩៨៨ ទៅហើយ មន្ត្រីតាមស្ថាប័ននានា និងយុវជនក្រុងភ្នំពេញមកកាប់ព្រៃតាមហ្នឹង ដើម្បីកុំអោយពួកខ្មែរក្រហមដាក់ H12 បាញ់ចូលក្រុង។ នេះកាប់បីសា …។
អ្នកខេត្តកណ្តាល និងអ្នកភ្នំពេញ ធ្វើដំណើរនៅលើផ្លូវហ្នឹងដូចគ្នា
ឥឡូវអ្នក(ខេត្ត)កណ្តាល (និង)អ្នក(ទី)ក្រុងភ្នំពេញគឺដូចតែគ្នា។ ដើរលើផ្លូវជាតិលេខ ៦ ដូចគ្នា។ អ្នកភ្នំពេញចេញទៅតាមខេត្ត ក៏ចេញតាមហ្នឹង។ ទៅតាមផ្លូវលេខ ៦ ក៏ទៅតាមហ្នឹងដដែល។ ទៅតាមព្រែកតាមាក់ ផ្លូវជាតិលេខ ៨ ក៏ទៅតាមហ្នឹងដដែល។ កម្សត់តែខ្ញុំព្រះករុណាខ្ញុំ ឯណេះទេ។ កាលពីផ្លូវនៅលំបាក ទៅមកៗសៀមរាប ព្រោះធាតុអាកាសគេថាហោះមិនបានទេ ឧទ្ធម្ភាគចក្រហោះមិនបានទេ។ បើហោះមិនបានមានតែ(ធ្វើដំណើរតាម)ផ្លូវ។ ដល់តាមផ្លូវហ្នឹង បន្តិចទូរស័ព្ទរកបង (ត្រាំ អ៊ីវ)តឹក កាលជំនាន់បង តឹក (ធ្វើរដ្ឋមន្ត្រីដឹកជញ្ជូន)។ បង តឹក អើយ! អាកន្លែងនេះវាយ៉ាប់ម្ល៉េះ? មើលជួសជុលវាផងទៅមើល? ជាពិសេស អាម្តុំយើងស្គន់ចាក់ទៅកំពង់ធំ មិនថាកាលហ្នឹង មានទស្សនទានធ្វើផ្លូវយ៉ាងម៉េច? ធ្វើមួយកំណាត់ ចោលមួយកំណាត់។ ធ្វើពីហ្នឹងទៅត្រឹមស្គន់ ហើយធ្វើពីត្រឹមកំពង់ធំទៅសៀមរាប តែពីត្រឹមស្គន់ទៅកំពង់ធំ អត់ធ្វើ?
អញ្ចឹងពិភាក្សាគ្នារៀបចំផែនការ ធ្វើម៉េចសុំមិត្តចិន។ ចិនអោយលុយមក ធ្វើបានហើយ។ ដល់ទៅបានផ្លូវល្អ បែរជាអត់បានជិះឡាន។ ប៉ុន្តែជិះច្រើនលើកហើយ។ គ្រាន់តែកំពង់ធំហ្នឹងទៅព្រះវិហារ កាត់តាមហ្នឹងមិនតិចទេ។ ប៉ុន្តែចង់ថា(ជិះឡានតាមហ្នឹង)អោយបានច្រើនបន្តិច។ ប៉ុន្តែមានពេលខ្លះ វាប្រញាប់ពេក។ ឧទាហរណ៍ ថ្ងៃទី ១១ នេះ មិនអាចធ្វើដំណើរតាមឡានទេ ច្បាស់ហើយដោយសារព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គយាងមក។ ថាគ្រោងចេញ(ដំណើរ)តាមឡាន ក៏ប៉ុន្តែមិនអាចទៅតាមឡាន ទាល់ទៅតាមអាលើហើយ ដើម្បីទៅដល់ចុះភ្លាមជួបជាមួយនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឯសៀមរាបឯណោះ…។
មានសន្តិភាព ទើបមានការអភិវឌ្ឍ
ថ្ងៃនេះ ជុំគ្នាល្អណាស់។ បើបាន(មេឃ)ស្រទុំអញ្ចឹង រាំ(បទ)អញ្ចេះៗ អស់ទាស់។ ឆ្នាំនេះ (រាំបទ)ញីកែងជើងផង (បទរាំ)អញ្ចេះផង (បទ)ឆ្កែ(រត់)បុកប៉ោតផង ហើយនៅមានចម្រៀងរាំវង់ រាំក្បាច់ សារាវ៉ាន់ កន្ទ្រឹម អូ! ច្រើនណាស់។ រាំមិនអស់ទេ។ ប៉ុន្តែឥឡូវឃើញកន្លែងមួយចំនួនចាប់លេងពីឥឡូវទៅហើយ។ អញ្ចឹងទេ សុំបន្តការសប្បាយរីករាយ ជាមួយនឹងដំបូលសន្តិភាព និងសមិទ្ធផលថ្មីៗ ដែលបាននឹងកំពុងកើតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មានតែរក្សាអោយបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ។ បើសន្តិភាពត្រូវបានបំផ្លាញហើយ គឺគ្មានការអភិវឌ្ឍណាមួយនឹងត្រូវបានអភិវឌ្ឍនោះទេ មានតែការបំផ្លាញតែប៉ុណ្ណោះ។ មិនត្រឹមតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទេ ជីវិតមនុស្សក៏ត្រូវបានបំផ្លាញដូចជាគ្នា។
ជាក់ស្តែងនៅឆ្នាំ ១៩៧០ សង្គ្រាមបានផ្ទុះឡើង ប្រជាពលរដ្ឋមានរបស់យើង ក៏ត្រូវបានរងទុក្ខវេទនា។ ទទួលនូវគ្រាប់បែកគ្រាប់ផ្លោងរៀងរាល់ថ្ងៃ ការស្លាប់រាល់ថ្ងៃ។ បន្តទៅ របបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រាមនៅបន្តឆក់យកជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិ។ យើងបានប្រឹងប្រែងរួមគ្នានូវបណ្តាភាគីដែលមានការពាក់ព័ន្ធ ដើម្បីរកការបង្រួបបង្រួមជាតិ និងសន្តិភាព។ ចំណុចចុងក្រោយ ពេលដែលអ៊ុនតាក់ចាយលុយអស់ជាង ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក អ៊ុនតាក់បានដកត្រឡប់ទៅវិញដោយបន្សល់ទុកឲ្យកម្ពុជាជាប្រទេសមួយដែលមានតំបន់ត្រួតត្រា ២។ តំបន់ត្រួតត្រាមួយ គឺរាជរដ្ឋាភិបាលនៅទីក្រុងភ្នំពេញ និងតំបន់ត្រួតត្រាមួយទៀត គឺខ្មែរក្រហម នៅតាមព្រំដែនកម្ពុជា-ថៃ។
អនុវត្តន៍នយោបាយឈ្នះ-ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ
ជាថ្មីម្តងទៀត ដែលខ្ញុំព្រះករុណាខ្ញុំបានយកជីវិតធ្វើដើមទុន ដើម្បីចូលទៅក្នុងតំបន់ទាំងនោះ ធ្វើសមាហរណកម្មដើម្បីបញ្ចប់នូវសង្រ្គាមរ៉ាំរ៉ៃដែលបង្កើតឡើងដោយអ្នកជំនាន់មុន។ ថ្ងៃនេះ មេខ្មែរក្រហមក៏នៅនេះដែរ។ … អ៊ី ឈាន និង សុខ ភាព កាលពីពេលមុន (អ៊ី ឈាន)កាន់កាប់ប៉ៃលិន (សុខ ភាព)កាន់កាប់ម៉ាឡៃ ២ កងពលហ្នឹងបះឡើង បានខ្ញុំព្រះករុណាខ្ញុំចាប់យកឱកាសនេះ ធ្វើកិច្ចការបន្ទាប់ពីការធ្វើសមាហរណកម្មនៅតំបន់ឱរ៉ាល់ ដែលដឹកនាំដោយ កែវ ពង្ស តាមរយៈនយោបាយឈ្នះ-ឈ្នះនោះ។ ឥឡូវមកអង្គុយដូចគ្នាទាំងអស់។ ខ្មែរដូចគ្នា។ អញ្ចឹងទេ ចំណុចនេះដែលយើងត្រូវឃើញសារៈសំខាន់នៃការបង្រួបបង្រួមជាតិ។ ពេលដែលខ្ញុំព្រះករុណាខ្ញុំចូលទៅកាន់តំបន់ទាំងនោះ ម្តាយ និងម្តាយធំ បានថា ហ្អែង! ចូលទៅតំបន់គេមិនខ្លាចគេបាញ់សម្លាប់ទេឬ? ខ្ញុំព្រះករុណាខ្ញុំបានឆ្លើយតបថា ម៉ែ! ធំ! បើសិនជាស្លាប់ ក៏ស្លាប់តែខ្ញុំម្នាក់ និងអ្នកទៅជាមួយ ប៉ុន្តែបើបានមកវិញ គឺបានផែនដីទាំងមូលមកវិញ។ រឿងនេះពិតជាប្រាកដ។ ខ្ញុំព្រះករុណាខ្ញុំទៅដេកនៅប៉ៃលិន ដេកផ្ទះ អ៊ី ឈាន តែម្តង …។
អំណោយ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំបាននាំមកសម្រាប់លោកយាយលោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ១ ម៉ឺនរៀល។ ជូនក្រុមកាយឫទ្ធិ និងយុវជនកាកបាទក្រហមចំនួន ២០០ នាក់ ក្នុងម្នាក់ៗថវិកា ១ ម៉ឺនរៀល។ ជូនសិស្សានុសិស្សចំនួន ១៩៦៩ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ៥០០០ រៀល ជូនលោកគ្រូ អ្នកគ្រូ ចំនួន ១៥២ នាក់ ក្នុងម្នាក់ៗ ថវិកា ៣ ម៉ឺនរៀល។ ជូនសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង ៥០ ម៉ឺនរៀល។ ជូនវិទ្យាល័យព្រែកលៀប ថវិកា ១ លានរៀល។ ជូនសាលាស្រុកមុខកំពូលថវិកា ១ លានរៀល។ ជូនសាលាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ថវិកា ១ លានរៀល។ ជូនក្រុមតន្រ្តីសម័យថវិកា ១ លានរៀល។
កន្លែងនេះក៏មានសាលារបស់ឪពុកខ្ញុំព្រះករុណាខ្ញុំ ហើយនេះជាសាលាចុងក្រោយមុនពេលដែលគាត់ឈឺ បានស្វះស្វែងដើម្បីរកពីកូនពីចៅ មកកសាងនូវសាលានៅកន្លែងនេះ។ ប៉ុន្តែ គាត់បានចែកឋានទៅហើយ តែអ្វីដែលគាត់បានបន្សល់ទុក គឺសម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលជាកូនចៅរបស់ប្រជាពលរដ្ឋដែលរស់នៅទីនេះ ដើម្បីទទួលបាននូវការសិក្សា។ សង្ឃឹមថា ក្នុងចំណោមកូនស្រី ២ នាក់ ដែលកំពុងមានផ្ទៃពោះ ហើយដែលសុទ្ធតែជាកូនប្រុស មាន ១ ក្នុងចំណោម ២ នឹងជាឪពុកខ្ញុំមកចាប់ជាតិ។ សង្ឃឹមយ៉ាងដូច្នេះទៅចុះ ដោយសារម្តាយខ្ញុំក៏បានមកចាប់ជាតិធ្វើជាចៅខ្ញុំរួចទៅហើយ ឥឡូវមានអាយុជាង ១៧ ឆ្នាំ។ ថ្ងៃមុន ចំថ្ងៃសីល ខ្ញុំបានយល់សប្តិឃើញឪពុកខ្ញុំយ៉ាងច្បាស់ ស្លៀកពាក់យ៉ាងស្អាតមកសួរថា ម៉ែអាសាន នៅឯណា? ម៉ែអាសាន មានន័យថា បងប្រុសរបស់ខ្ញុំ។ ខ្ញុំថាមិនប្រាកដថា ចង្អុលទៅខាងណាទេ ហើយក៏ភ្ញាក់ឡើង។ អញ្ចឹងទេ បើពាក្យថា ម៉ែអាសាន នៅឯណា? ប្រហែលជារកចៅស្រីរបស់ខ្ញុំ។ អញ្ចឹង នៅពេលដែលឃើញសាលារៀននៅទីនេះ ក៏នឹកឃើញឪពុក សង្ឃឹមថា តាមរយៈជំនឿនៃការចាប់ជាតិ សូមឲ្យលោកឪពុកមកចាប់ជាតិជាមួយនឹងកូន ហើយរួមរស់នៅជាមួយនឹងកូនចៅជាបន្តទៀត តែក្លាយទៅជាចៅទៅហើយ លែងហៅជាពុកទៀតហើយ។ ម្តាយក៏ហៅចៅដែរ។
ហើយចុងបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៦ បួនគន្លង ប្រវែង ៤០ គីឡូម៉ែត្រ ដែលជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមឲ្យឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ សូមប្រកបទៅដោយពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕