កំណត់យកល្ងាចថ្ងៃទី ៤ មេសា ជាថ្ងៃជួបជុំជាមួយកីឡាករ/ការិនី
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានអនុវត្តនូវការសន្យាកាលពីឆ្នាំទៅ នូវល្ងាចថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៦ ដែលយើងសម្រេចថា នឹងជួបគ្នាក្នុងរយៈពេល ១ ឆ្នាំម្តង គឺកំណត់ល្ងាច ថ្ងៃទី ៤ ខែ មេសា ជា រៀងរាល់ឆ្នាំ។ ជាការគួរឲ្យសោកស្តាយ ដែលខ្ញុំសុំអភ័យទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ជាពិសេស កីឡាករ/ការិនី ចំពោះអវត្តមានភរិយារបស់ខ្ញុំ ដែលមិនបានអញ្ជើញមកចូល រួម ដោយសារមានធុរៈផ្ទាល់ខ្លួន។
ចលនាកីឡា មិនត្រឹមតែកើតឡើងក្នុងកម្រិតកីឡាអាជីពទេ តែកំពុងបានរីកដុះដាលនៅតាមមូលដ្ឋាន
ជាកិច្ចបន្តនេះ អនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី ជាពិសេស បងប្អូនកីឡាករ/ការិនីទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងការជួបជុំជាមហាគ្រួសារនៃកីឡាកម្ពុជា។ សុំប្រសិទ្ធិពរ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ១ ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការជួបគ្នានៅទីនេះ កាលពី ឆ្នាំទៅ វឌ្ឍនភាពជាច្រើនត្រូវបានកើតឡើងនៅក្នុងក្របខណ្ឌ នៃកីឡាជាតិរបស់យើង ក្នុងនោះមិនគ្រាន់តែ កីឡាដែលមានការប្រកួតកីឡាអាជីពនោះទេ ក៏ប៉ុន្តែ ចលនាកីឡាក៏បានរីកធំទូលាយនៅក្នុងក្របខណ្ឌប្រ ជាជនរបស់យើង។
នៅតាមទីកន្លែងដែលខ្ញុំទៅដល់ ទាំង ២៥ ខេត្ត/ក្រុង ខ្ញុំបានឃើញនូវសំណូមពររបស់សិស្សានុសិស្ស យុវជន និងកុមារ គ្រូបង្រៀន និងសាស្ត្រាចារ្យ ជាមួយនឹងការចង់បាននូវទីលានបាល់ទាត់ បាល់ទះ បាល់បោះ និងកាយសម្ព័ន្ធ។ ចលនាកីឡារបស់យើង មិនត្រឹមតែបានកកើតនៅក្នុងកម្រិត នៃកីឡាអាជីពទេ តែកំពុងរីកដុះដាល ដែលនេះជាថ្នាលដ៏សំខាន់ នៃការជ្រើសរើសកីឡាករ/ការិនី ដែលបានហ្វឹកហាត់ពីនៅ(ឯ)មូលដ្ឋាន ដើម្បីជម្រើសយកមកចូលមកនៅក្នុងក្របខណ្ឌជាជម្រើសថ្នាក់ជាតិ។
កីឡាបានបង្ហាញទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ/កីឡាជាផ្នែកមួយនៃកិច្ចការបរទេសរបស់ប្រជាជន
អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួង អប់រំ យុវជន និងកីឡា ដែល ជាអ្នកទទួលបន្ទុកលើវិស័យកីឡា។ កោតសរសើរចំពោះគណៈកម្មាការអូឡាំពិកកម្ពុជា ដែលបានខិតខំ ប្រឹងប្រែងធ្វើឲ្យវិស័យកីឡារបស់យើង មានការរីកលូតលាស់គួរឲ្យកត់សម្គាល់។ ខ្ញុំសូមកោតសរសើរចំពោះសហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំធ្វើកីឡានៅក្នុងក្របខណ្ឌសហព័ន្ធនេះ បានរីកលូតលាស់។ ការចូលរួមប្រកួតនានា ទាំងក្នុងកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ក៏បានបន្តធ្វើជាបន្តបន្ទាប់ ហើយជាមោទនភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញវត្តមានកាន់តែឆ្ងាយទៅៗ ធ្វើឲ្យទង់ជាតិរបស់កម្ពុជា ទៅកាន់ទីកន្លែងនេះ ទៅកាន់ទីកន្លែងនោះ តាមរយៈនៃវិស័យកីឡា។ តាមរយៈវិស័យនេះទៀតសោត សាមគ្គីភាពនៅក្នុងចំណោមប្រជាជនយើងក៏កាន់តែទូលំទូលាយ និងរីកចម្រើន។ ទំនាក់ទំនងវប្បធម៌ និងវិស័យកីឡា ជាមួយនឹងប្រទេសដទៃក៏ត្រូវបានរីកចម្រើន ដែលជាផ្នែកមួយ នៃកិច្ចការបរទេសប្រជាជន តាមរយៈនៃវិស័យកីឡា និងវប្បធម៌នេះឯង។
អរគុណចំពោះបណ្តាក្រុមហ៊ុន ដែលបានចូលរួមចំណែកលើកស្ទួយវិស័យកីឡា
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវអំណរគុណ ចំពោះបណ្តាក្រុមហ៊ុននានា ដែលបានចូលរួមចំណែកនូវក្នុង ការលើកស្ទួយវិស័យកីឡា តាមរយៈការចូលរួមជាវិភាគទានទ្រទ្រង់ នៃវិស័យកីឡា ឬធ្វើជាអ្នកឧបត្ថម្ភ តាមរយៈកម្មវិធីកីឡានានា។ វិស័យកីឡាអាចរីកដុះដាលទៅបាន គឺទាមទារនូវការឧបត្ថម្ភ។ គ្រាន់តែតាមរយៈការផ្សាយពាណិជ្ជកម្ម នៃផលិតផលរបស់ខ្លួនរបស់បណ្តាក្រុមហ៊ុន ក៏ជាផ្នែកដ៏សំខាន់ នៃការជួយជ្រោមជ្រែងដល់ការរីកលូតលាស់នៃវិស័យកីឡារបស់យើង។
បន្តជម្រុញចលនាកីឡានៅគ្រប់កម្រិតឲ្យក្លាយទៅជាចលនារបស់ជាតិ
ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងនូវការកើតសរសើរ ចំពោះការខិតខំទាំងអស់ តាមបណ្តាសាលារៀន តាំងពីកម្រិតបឋមសិក្សា មធ្យមសិក្សា រហូតមកដល់ឧត្តមសិក្សា ដែលបានបង្កើតឲ្យមានចលនាកីឡានៅគ្រប់ សាលារៀន នៅក្របខណ្ឌទូទាំងប្រទេស។ សង្ឃឹមថា ចលនារបស់យើងនេះ និងមានជាបន្តទៀត តាមរយៈ នៃការខិតខំ ហើយធ្វើឲ្យចលនាកីឡារបស់យើងក្លាយទៅជាចលនារបស់ជាតិទាំងមូល មិនមែនជារបស់ដាក់ដោយឡែករបស់ក្រសួងអប់រំ យុវជន និងកីឡា ឬរបស់គណៈកម្មាការអូឡាំពិកនោះទេ ហើយ ក៏មិនមែនជារបស់ដាច់ដោយឡែកនៃសហព័ន្ធកីឡានីមួយៗ ឬក៏កីឡាករ/ការិនីនោះទេ ក៏ប៉ុន្តែ វាជាចលនា ជាតិរបស់យើង ដែលជម្រុញឆ្ពោះទៅមុខ។ បើទោះបីគ្មានស៊ីហ្គេមឆ្នាំ ២០២៣ ក៏ដោយចុះ ក៏ប៉ុន្តែ ការខិត ខំរបស់យើងត្រូវតែធ្វើឲ្យវិស័យកីឡារបស់យើងរីកលូតលាស់ឡើង។
កម្ពុជាពីប្រទេសស្គាល់នូវមេដាយតិចតួច មកជាប្រទេសស្គាល់ និងទទួលនូវមេដាយជាច្រើន
កាលពីពេលមុនយើងបានស្គាល់តិចតួចណាស់នូវមេដាយមាស ឬមេដាយប្រាក់ មេដាយសំរឹទ្ធ ដែល (បាន)មកពីបរទេស ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានស្គាល់រួចហើយនូវអ្វីដែលហៅថា ជាមេដាយ ដែលបានមកពីការប្រកួតកម្រិតតំបន់ និងកម្រិតពិភពលោក។ សង្ឃឹមថា កីឡារបស់យើងនឹងបន្តដំណើរ រីកលូតលាស់របស់ខ្លួនតទៅទៀត ដើម្បីឈានឆ្ពោះទៅស្មើមុខស្មើមាត់ជាមួយនឹងប្រទេសដទៃ។
កីឡា មិនអាស្រ័យទៅលើប្រទេសធំ ឬប្រទេសតូច ប្រជាជនច្រើន ឬប្រជាជនតិចនោះទេ
ខ្ញុំបាននិយាយជាញឹកញាប់ហើយថា បញ្ហាកីឡា គឺមិនអាស្រ័យទៅលើប្រទេសធំ ឬប្រទេសតូច។ ប្រជាជនច្រើន ឬប្រជាជនតិចនើទេ ហើយក៏មិនអាស្រ័យទាំងស្រុងទៅលើបញ្ហាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រនោះដែរ។ ប្រទេសអ្នកមានខ្លះ ក៏មិនមានជោគជ័យនូវក្នុងវិស័យកីឡានោះដែរ ហើយប្រទេសដែលមានចំនួនប្រជាជនច្រើន ក៏មិនប្រាកដថា ជាប្រទេសដែលមានជោគជ័យនូវក្នុងវិស័យកីឡានោះដែរ។ ដូច្នេះហើយបានជាយើងត្រូវខិតខំ និងដាក់ខ្លួនថា ក្នុងឋានៈជាប្រជាជាតិមួយនឹងគេដែរ ត្រូវតែមានការខំ ដើម្បី ឈានឡើងនៅក្នុងវិស័យកីឡា។
លើពិភពលោក មានតែវិស័យកីឡាមួយគត់ ដែលមានស្តង់ដាអន្តរជាតិ
ខ្ញុំក៏សុំគូសបញ្ជាក់នៅទីនេះថា នៅលើពិភពលោកនេះ មានតែវិស័យកីឡាតែមួយគត់ ដែលមានស្តង់ដា។ របស់ដែលហៅថា ស្តង់ដាអន្តរជាតិ មិនអាចប្រើប្រាស់បានទេទៅលើបញ្ហានយោបាយ ឬបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ប៉ុន្តែ វិស័យកីឡាឯណេះវិញទេ ដែលមានស្តង់ដាអន្តរជាតិ មានម៉ែត្រវាស់ជាអន្តរជាតិ។ នេះ ជាចំណុចដែលអ្នកកីឡារបស់យើងត្រូវយល់ឱ្យបាន ហើយប្រជាជនយើងត្រូវយល់ឲ្យបាន។ ពាក្យដែលគេនិយមថាស្តង់ដាអន្តរជាតិ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែគូសបញ្ជាក់ … ប្រទេសខ្លះបោះឆ្នោតប្រធានាធិបតីតែមួយជុំទេ ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែ ប្រទេសខ្លះទៀតបោះឆ្នោតប្រធានាធិបតីដល់ទៅពីរជុំ ដូចនៅប្រទេសបារាំង តើនេះឬជាស្តង់ដាអន្តរជាតិ? បើវាមានការខុសគ្នាបែបនេះដូច្នេះ ពីប្រទេសមួយទៅកាន់ប្រទេសមួយ មានចរិតខុសគ្នា មិនដូចគ្នាទេ។ ក៏ប៉ុន្តែ វិស័យកីឡា គឺជាវិស័យដែលមានស្តង់ដាដូចៗគ្នា មិនខុសគ្នាទេ។
ប្រសិន(បើ)មានការប្រែប្រួលណាមួយ គឺប្រែប្រួលទូទាំងពិភពលោកតែម្តង។ ឧទាហរណ៍៖ លើបញ្ហាបាល់ទាត់កាលពីប៉ុន្មានឆ្នាំមុននោះ គឺមានការផ្លាស់ប្តូរ មកលេងតាមរបៀបពេលទាត់ស្មើគ្នាបន្ថែមម៉ោង អ្នកណាទាត់ចូលមុនត្រឹមតែ ១ គ្រាប់ សូម្បីតែ ១ នាទី ក៏ចាត់ទុកថាជាអ្នកឈ្នះ។ តែវិធីនេះត្រូវបានកែសម្រួលមកជាវិធីបន្ថែមម៉ោងទាត់ ១៥ នាទីមួយដង ១៥ នាទីពីរដង។ ហើយបើនៅតែស្មើទៀត គឺទាត់បាល់ពិន័យ។ បើកែ (គឺ)កែទាំងពិភពលោកតែម្តង។ បាល់ទះមុននេះ មានរបៀបវាយខុសពីបាល់ទះបច្ចុប្បន្ន។ ដំណាក់កាលដែលខ្ញុំលេងបាល់ទះ នៅពេលដែលយើងវាយហ្សឺវីសប៉ះទៅនឹងរបាំង គេចាប់ផាកពិន័យ ប៉ុន្តែឥឡូវនេះ វាមិនដូច្នោះទៀតទេ ដើម្បីធានាការប្រកួតមួយ ប៉ះក៏ប៉ះទៅឲ្យតែវាឆ្លង។ កីឡាគ្រប់ប្រភេទមានស្តង់ដា និងមានវិន័យរបស់គេគ្រប់គ្រាន់។
អំពាវនាវកីឡាករ/ការិនី ទោះបីប្រកួតឈ្នះ ឬចាញ់ ត្រូវតាំងចិត្តជាកីឡាករ គោរពនូវវិន័យការប្រកួត
ខ្ញុំសុំយកឱកាសនេះ អំពាវនាវចំពោះកីឡាករ/ការិនីរបស់យើង បើទោះបីជាការប្រកួតឈ្នះ ឬចាញ់ ត្រូវតាំងចិត្តជាកីឡាករ ត្រូវតាំងចិត្តនឹងគោរពឲ្យបាននូវវិន័យនៃការប្រកួត។ មិនអាចទទួលនូវកាតក្រហម ឬការ បណ្តេញចេញដោយអំពើចេតនារបស់យើងនោះទេ។ តែប្រសិនបើវាជាអំពើអចេតនា ត្រូវទទួលនូវ(ការ)ពិន័យកាតក្រហម ដោយការបណ្តេញចេញ ឬផ្អាកមិនឲ្យមានការប្រកួតបន្តក្នុងមួយរយៈណានោះ គឺជាបញ្ហាបច្ចេកទេស និងជាកំហុសដោយអចេតនា។ ប៉ុន្តែ អ្វីដែលត្រូវខិតខំ កីឡាករ/ការិនីរបស់យើងទៅប្រកួត ធានាយ៉ាងណាគោរពទៅតាមលក្ខខណ្ឌតម្រូវ នៃការប្រកួត ដែលវាជាស្តង់ដាអន្តរជាតិ នៃការប្រកួត។ ក្នុងគ្រប់កីឡាទាំងអស់ (គឺ)តែងមានម៉ែត្រវាស់របស់វា ខុសពីបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គម។
អបអរចំពោះវឌ្ឍនភាពសមត្ថភាពរបស់កីឡាករ/ការិនី, អរគុណមិត្តភក្តិ និងគ្រូបង្វឹក
ខ្ញុំសូមយកឱកាសនេះ អបអរសាទរ ចំពោះការរីកចម្រើន នៃកីឡាករ/ការិនីរបស់យើង ដែលបានប្រឹងហ្វឹក ហាត់ ហើយជាពិសេស ចៅៗ និងក្មួយៗ ដែលនៅវ័យក្មេង។ សង្ឃឹមថា ចៅៗទាំងនេះ នឹងចូលរួមនៅក្នុង ស៊ីហ្គេមឆ្នាំ ២០២៣ ឬអាចនឹងទៅប្រកួតនៅក្នុងក្របខណ្ឌតំបន់ ដែលមានវិញ្ញាសាតម្រូវឲ្យទៅ។ ខ្ញុំពិតជា សប្បាយរីករាយ ដោយសារតែពិធីជួបជុំរបស់យើងនេះ ត្រូវបានប្រព្រឹត្តទៅតាមការកំណត់ ហើយថ្ងៃនេះ សមិទ្ធផលលើវិស័យកីឡា ក៏ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ និងបើកការដ្ឋានដើម្បីសាងសង់(បន្ថែម)។ យើងចំណាយក៏មិនតិចទេ ដើម្បី(ជា)មូលដ្ឋាននៃកីឡាទាំងអស់នេះ។ សង្ឃឹមថា យើងរីករាយទាំងអស់ គ្នា ទទួលយកនូវការខិតខំក្នុងរយៈពេល ១ ឆ្នាំ កន្លងផុតទៅ ហើយក៏ត្រូវពិនិត្យមើលនូវចំណុចខ្វះខាត ដែលគប្បីត្រូវកែលម្អ។ អរគុណជាមួយមិត្តភក្តិទាំងឡាយ រាបទាំងគ្រូបង្វឹកដែលមកពីបរទេស ដែលបានចូលរួមនៅក្នុងចលនាកីឡារបស់កម្ពុជា។
នៅក្នុងឱកាស នៃការជួបជុំដ៏រីករាយនេះ ខ្ញុំសូមជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន កូនក្មួយ កីឡាករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕