FN ៖ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃ និងទទួលស្គាល់ថា «ស្ថានភាពបំណុលសាធារណៈ ក្រៅប្រទេសរបស់កម្ពុជា មានចីរភាព និងហានិភ័យបំណុលកម្រិតទាប» នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការបញ្ជាក់បែបនេះត្រូវបានលើកឡើងក្នុងវេទិកាលើកទី៧ស្ដីពី «ការគ្រប់គ្រងបំណុលសាធារណៈ តំបន់អាស៊ី ឆ្នាំ២០១៧» ក្រោមកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០១៧ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាបដោយមានការចូលរួមពីប្រទេសនានា មកពីតំបន់អាស៊ីជិត៥០ប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួន។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាទេសាភិបាលបម្រុងរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា «ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានវាយតម្លៃ និងទទួលស្គាល់ថា ស្ថានភាពបំណុលសាធារណៈ ក្រៅប្រទេសរបស់កម្ពុជា មានចីរភាព និងហានិភ័យបំណុលកម្រិតទាប»។
លោកបន្តថា ពិន្ទុនៃការវាយតម្លៃសូចនាករគោលនយោបាយ និងការគ្រប់គ្រងបំណុលរបស់កម្ពុជា រៀបចំដោយ ADB បានកើនពី៤.០ពិន្ទុ នៅឆ្នាំ២០១០ ទៅ៤.៥ពិន្ទុ នៅឆ្នាំ២០១១ និង៥.០ពិន្ទុ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ធៀបនឹងពិន្ទុអតិបរិមា៦.០។ តាមការវាយតម្លៃរបស់ World Bank និង IMF ពិន្ទុនេះ ក៏មានការកើនឡើងជាលំដាប់ផងដែរ។
ការផ្តល់បុព្វសិទ្ធិពិសេសពី ADB ដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា ដ៏មានសារសំខាន់នេះ ពុំមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាការមើលឃើញច្បាស់ នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាង២ទសវត្សរ៍ កន្លងមកនេះ ជាពិសេសភាពវិវឌ្ឍរីកចម្រើន នៃការគ្រប់គ្រងបំណុលសាធារណៈ នៅកម្ពុជា ទាំងក្នុងក្របខ័ណ្ឌនៃការកសាងបទដ្ឋានគតិយុត្ត, ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស, ការរៀបចំឱ្យមានយុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ រយៈពេលមធ្យម, ការវិភាគចីរភាពបំណុលសាធារណៈ រយៈពេលមធ្យម និងវែង ការពង្រឹងការគ្រប់គ្រងទិន្នន័យបំណុល ព្រមទាំងការពង្រឹងតម្លាភាព និងគណនេយ្យភាព ក្នុងការគ្រប់គ្រងបំណុលសាធារណៈ តាមរយៈការបោះផ្សាយ និងផ្សព្វផ្សាយជាសាធារណៈ នូវព្រឹត្តិបត្រស្តីពីស្ថិតិបំណុលសាធារណៈកម្ពុជា។
បើតាមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ការគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយចីរភាព បានរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រយៈពេលមធ្យម និងវែង ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព លើការរៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទាន ដោយឥណទានសម្បទាន សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
គួរបញ្ជាក់ថា ដោយមើលឃើញពីភាពវិវឌ្ឍរីកចម្រើនទាំងនេះ មានប្រទេសក្នុងតំបន់ខ្លះ បានស្នើសុំមកធ្វើទស្សនកិច្ចសិក្សា ដើម្បីដកស្រង់ចំណេះដឹង និងបទពិសោធន៍បន្ថែម ពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ ពីកម្ពុជាផងដែរ។
ទាំងនេះគឺជាមោទនភាពដ៏ប្រពៃ សម្រាប់កម្ពុជា ដោយបានប្រែក្លាយពី ប្រទេសដែលធ្លាប់តែទៅទស្សនកិច្ចសិក្សារៀនសូត្រពីគេ មកជាប្រទេសដែលទទួលស្វាគមន៍ទស្សនកិច្ចសិក្សា និងចែករំលែកបទពិសោធន៍ដល់គេវិញ ព្រមទាំងសបញ្ជាក់ឱ្យឃើញច្បាស់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន និងកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការគ្រប់គ្រងបំណុលសាធារណៈរបស់ខ្លួន។
ជាក់ស្តែង រាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងគ្មានរវាតនូវគោលការណ៍គន្លឹះ ចំនួន៤ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ រួមមាន៖ ១. ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ២.ខ្ចីតែឥណទាន ដែលមានកម្រិតសម្បទាន និងលក្ខខណ្ឌអនុគ្រោះខ្ពស់, ៣.ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើន និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, និង៤.ប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។ ក្រសួងសេដ្ឋកិច្ច មានជំនឿយ៉ាងមុតមាំថា សាធារណជន ពិតជាជឿជាក់លើសមត្ថភាព របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយចីរភាព និងមានវិជ្ជាជីវៈខ្ពស់។សូមជម្រាបថា គោលបំណងចម្បងនៃវេទិកា ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ តំបន់អាស៊ី ឆ្នាំ២០១៧នេះ គឺដើម្បីពិនិត្យទៅលើស្ថានការណ៍វិវឌ្ឍថ្មីៗ នៃសេដ្ឋកិច្ចសកល ដែលកំពុង ឬអាចនឹងជះឥទ្ធិពលដល់ការគ្រប់គ្រងបំណុលសាធារណៈ ក្នុងតំបន់ សំដៅរិះរកវិធានការបង្ការ និងដោះស្រាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ វេទិកានេះ ក៏នឹងជំរុញឱ្យមានបណ្តាញការងារ ដើម្បីចែករំលែកបទពិសោធន៍ រវាងមន្ត្រីជំនាញគ្រប់គ្រងបំណុលសាធារណៈ នៃប្រទេសក្នុងតំបន់ ជាពិសេសការគ្រប់គ្រងហានិភ័យបំណុលសាធារណៈ ផងដែរ៕