សម្តេចតេជោ ហ៊ុន សែន ផ្ញើសារក្នុងបណ្តាញសង្គមស្តីពីការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន”

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជនបានចេញជារូបរាងនិងមានការចូលរួមយ៉ាងផុលផុស។ តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រ ជាជាតិ ពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះ ទៅឲ្យវៀត ណាម តើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ ជាការរំពឹងទុក ប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់បង្កបង្កើនផល ដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រ​ទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀត ខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈ(វត្តមាន)ប្រជាជនដែលនៅតាមព្រំដែន ដែលជាព្រំដែនរស់ ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធការពារទៅទៀត។ សូមជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នា ការពារទឹកដី ប្រសិនយើងខ្លាចបាត់បង់ទឹកដី៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារក្នុងបណ្តាញសង្គមស្តីពីការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន”

ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបាន ទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។ នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។ ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិអង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបានចូលជាថវិកាខ្លះ៣០០រៀល, ៥០០រៀល, ១០០០រៀល, ២០០០រៀល, ៥០០០រៀល, ១០០០០រៀល, ២០០០០រៀល។ល។ នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែលសំខាន់ជាងទៀត គឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើងដែលម្ចាស់ប្រទេស។ ខ្ញុំក៏បានទទួលដំណឹងថាចលនាបែបនេះកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។ ខ្ញុំសង្ឃឹមថានាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូន ដែលបានចូលរួមទាំងរក្សាទុកសម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា៕