ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបាន ទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។ នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។
ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិអង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបានចូលជាថវិកាខ្លះ៣០០រៀល, ៥០០រៀល, ១០០០រៀល, ២០០០រៀល, ៥០០០រៀល, ១០០០០រៀល, ២០០០០រៀល។ល។
នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែលសំខាន់ជាងទៀត គឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើងដែលម្ចាស់ប្រទេស។ ខ្ញុំក៏បានទទួលដំណឹងថាចលនាបែបនេះកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។
ខ្ញុំសង្ឃឹមថានាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូន ដែលបានចូលរួមទាំងរក្សាទុកសម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា៕