សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម

(ដកស្រង់ពី Samdech Hun Sen of Cambodia Facebook) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម តាមប្រព័ន្ធវីដេអូ ដែលមានឋេរៈវេលាប្រមាណ២០នាទី ក្នុងបរិយាកាសសប្បាយរីករាយនិងបានសួរសុខទុក្ខគ្នាទៅវិញទៅមកសម្រាប់ឆ្នាំថ្មី។ ថ្នាក់ដឹកនាំទាំងពីរ បានលើកពីគុណសម្បត្តិនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះខួបគម្រប់ ២៥ឆ្នាំ។ គណបក្សទាំងពីរនឹងពិចារណាគ្នាពីការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមកនិងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានាដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈ​ពេល ២៥ឆ្នាំកន្លងមក។ បន្ទាប់ពីបានកោតសរសើរដល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក តាមពេលវេលានិងកាលៈទេសៈចាំបាច់ ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងពិចារណាពីការផ្លាស់ប្ដូរទស្សនកិច្ចទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ីនិងមកកម្ពុជា។ លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការរួបរួមគ្នាការពារផលប្រយោជន៍តំបន់រៀងៗខ្លួន ជាពិសេសពង្រឹងពហុភាគីនិយមអោយបានត្រឹមត្រូវ តាមតំបន់និងនៅក្នុងពិភពលោក ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីនិយម បង្កើតបរិយាកាសឲ្យអាចយោគយល់គ្នា និងជួយគ្នាទៅវិញទៅមកតាមភាពចាំបាច់ ស្របតាមច្បាប់ដែលបានគោរពនៅក្នុងអង្គការសហប្រជាជាតិ។ មេដឹកនាំនៃគណបក្សទាំងពីរ បានមើលឃើញអំពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រ​យុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិត ដោយមើលឃើញថាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគឺជាចំនុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន។ ដូច្នេះភាគីទាំងពីរនឹងរួបរួមគ្នាដើម្បីកុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ…