(ដកស្រង់ពី Samdech Hun Sen of Cambodia Facebook)
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម តាមប្រព័ន្ធវីដេអូ ដែលមានឋេរៈវេលាប្រមាណ២០នាទី ក្នុងបរិយាកាសសប្បាយរីករាយនិងបានសួរសុខទុក្ខគ្នាទៅវិញទៅមកសម្រាប់ឆ្នាំថ្មី។
ថ្នាក់ដឹកនាំទាំងពីរ បានលើកពីគុណសម្បត្តិនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះខួបគម្រប់ ២៥ឆ្នាំ។ គណបក្សទាំងពីរនឹងពិចារណាគ្នាពីការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមកនិងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានាដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមក។ បន្ទាប់ពីបានកោតសរសើរដល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក តាមពេលវេលានិងកាលៈទេសៈចាំបាច់ ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងពិចារណាពីការផ្លាស់ប្ដូរទស្សនកិច្ចទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ីនិងមកកម្ពុជា។ លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការរួបរួមគ្នាការពារផលប្រយោជន៍តំបន់រៀងៗខ្លួន ជាពិសេសពង្រឹងពហុភាគីនិយមអោយបានត្រឹមត្រូវ តាមតំបន់និងនៅក្នុងពិភពលោក ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីនិយម បង្កើតបរិយាកាសឲ្យអាចយោគយល់គ្នា និងជួយគ្នាទៅវិញទៅមកតាមភាពចាំបាច់ ស្របតាមច្បាប់ដែលបានគោរពនៅក្នុងអង្គការសហប្រជាជាតិ។
មេដឹកនាំនៃគណបក្សទាំងពីរ បានមើលឃើញអំពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិត ដោយមើលឃើញថាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគឺជាចំនុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន។ ដូច្នេះភាគីទាំងពីរនឹងរួបរួមគ្នាដើម្បីកុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយជួយមើលគ្នានិងចែករំលែកបទពិសោធន៍តាមភាពចាំបាច់។
ភាគីរុស្ស៊ី បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបានអបអរសាទរការដែលគណបក្សប្រជាជនកម្ពុជសម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងចាត់ទុកថានេះជាការត្រៀមរៀបចំអ្នកបន្តវេនដ៏សមស្របមួយ។ ឯកឧត្តម ម៉េដវេដេវ បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសអ្នកបន្តវេនជាយុវជន ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នាយូរអង្វែងតទៅទៀត។
មេដឹកនាំគណបក្សទាំងពីរ ក៏បានយល់ស្របគ្នាថាកិច្ចសហប្រតិបត្តិការសំខាន់នោះគឺការកសាងច្បាប់ និងកិច្ចសហប្រតិបត្តិការល្អ ដោយសាររដ្ឋសភានិងព្រឹទ្ធសភានៃប្រទេសយើងទាំងពីរ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ។ ភាគីរុស្ស៊ី បានអះអាងថា សមាជិកព្រឹទ្ធសភារុស្ស៊ីនឹងបន្តកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ជាមិត្តជិតស្និទ្ធដើម្បីបន្តនូវវប្បធម៌និងការគោរពគ្នាទៅវិញទៅមកគ្រប់ជំនាន់។ ថ្នាក់ដឹកនាំគណបក្សទាំងពីរបានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការនិងកិច្ចពិភាក្សាផ្សេងៗ ពាក់ព័ន្ធទៅនឹងវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់មិត្តរុស្ស៊ី ក៏ដូចជាប្រទេសជាមិត្តផ្សេងៗទៀតនៅក្នុងសហគមន៍ប៊្រិដ (BRICS) សហគមន៍អឺរ៉ាស៊ី ក៏ដូចនៅក្នុងសហគមន៍រុស្ស៊ី-មេគង្គ ដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ពេញចិត្តនឹងផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការជាក់ស្ដែង។
នៅចុងបញ្ចប់ មេដឹកនាំគណបក្សទាំងពីរ បានឯកភាពនិងពិនិត្យមើលកិច្ចព្រមព្រៀងចាស់និងបង្កើននូវកិច្ចព្រមព្រៀងថ្មីទៅតាមលទ្ធភាព និងកិច្ចព្រមព្រៀងផ្សេងទៀត ដើម្បីពិនិត្យពិចារណាឡើងវិញតាមជាក់ស្ដែង និងបន្តការងារណាដែលអាចសហប្រតិបត្តិការបាន៕