សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស

សូមក្រាបថ្វាយបង្គំសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ (១) ការបោះឆ្នោតឆ្នាំ ២០២៣ ជាការបោះឆ្នោតបំបែកឯតទគ្គកម្មការបោះឆ្នោតកន្លងទៅ មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំបានចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រជាទីសក្ការៈ ដើម្បីទូលថ្វាយអំពីការបោះឆ្នោតនិងដំណើរការត្រូវរៀបចំនៅពេលខាងមុខ។ ជំហានដំបូងនេះ ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេននិងជម្រាបជូនចំពោះបងប្អូនជនរួមជាតិថា ការបោះឆ្នោតរបស់យើងនៅក្នុងឆ្នាំ ២០២៣ នេះ គឺជាការបោះឆ្នោតបំបែកនូវឯតទគ្គកម្ម(ការបោះឆ្នោត)ដែលបានរៀបចំកន្លងទៅ នៅត្រង់ថា បើទោះជាមានការញុះញង់បង្កចលា​ចល រារាំងប្រជាជនមិនឲ្យទៅបោះឆ្នោតក៏ដោយ ក៏អត្រានៃការចូលរួមបោះឆ្នោតមានរហូតទៅដល់ ៨៤,៥៨ ភាគរយ ជាតួលេខបណ្តោះអាសន្ន បើយើងប្រៀបធៀបទៅនឹងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ ដែលពេលនោះមានត្រឹមតែ ៦៩,៦១ ភាគរយប៉ុណ្ណោះ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨  មានត្រឹមតែ ៨៣,០២ ភាគ​រយ និងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០២២ កន្លងផុតទៅនេះគឺចំនួនត្រឹមតែ ៨០,៣២ ភាគរយ។ ជាមួយនឹងចលនានៃការប្រឆាំងការបោះឆ្នោតដែលជាដំណើរការធម្មតានៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន ក៏ចាត់ទុកថាជាថ្ងៃបុណ្យរបស់ប្រជាជនដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមរយៈគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត។ (២) សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកើនជាង ១ លានសម្លេង ធៀបការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ យើងឃើញថាប្រជាជនបានបង្ហាញនូវភាពចាស់ទុំខាងនយោបាយក្នុងដំណើរការប្រជាធិបតេយ្យ ដោយចូលរួមការបោះឆ្នោតយ៉ាងច្រើនកុះករដែលមានសមាមាត្រខ្ពស់បំផុតក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។ ជាមួយគ្នានេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានថ្លែងនូវអំណរគុណចំពោះប្រជាជននៅទូទាំងប្រទេស…