សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រមកពីខេត្តកណ្ដាល និងរាជធានីភ្នំពេញ នៅពហុកីឡដ្ឋានមរតកតេជោ

(១) ការអំពាវនាវកុំតម្លើងថ្លៃផ្ទះ គួបផ្សំនិងការដោះស្រាយត្រឹមត្រូវថ្លៃទឹក/ភ្លើង បង្កើតស្ថានភាពល្អសំរាប់កម្មករ/ការិនី ដោយសារតែការជួបជុំនេះមានចម្រុះគ្នា ក្នុងរាជធានីភ្នំពេញខ្លះ មកពីខេត្តកណ្ដាលខ្លះ តើ​មានប៉ុន្មាននាក់ដែលធ្វើការតាមរោងចក្រនៅទីក្រុងភ្នំពេញ? (អ្នកភ្នំពេញចង់គ្របយកអស់ហើយហ្នឹង)។ ឥឡូវសុំសួរអ្នកធ្វើការនៅខេត្តកណ្ដាលម្ដង? (អ្នកធ្វើការនៅខេត្តកណ្ដាលក្នុងជំនួបនេះតិចនាក់ទៅវិញ)។ អ្នក(នៅទីនេះ) មានស្ថានភាពពាក់កណ្ដាលក្រុងពាក់កណ្ដាលជាយក្រុង។ ក្មួយៗដែលចេញពីធ្វើការ ទៅសំរាកនៅផ្ទះខ្លួនឯងវិញ មានប៉ុន្មាននៅទីនេះ? (ក្រែលដែរតើ)។ ចុះអ្នកដែលធ្វើការហើយជួលផ្ទះគេនៅមានប៉ុន្មាន?(ច្រើន)។ ពូតែងតែអំពាវនាវកុំឲ្យម្ចាស់ផ្ទះឡើងថ្លៃ។ កាលពីមុនជំនួប កម្មករឡើងប្រាក់ខែ ៥ដុល្លារ ផ្ទះឈ្នួលឡើង ១០ដុល្លារបាត់។ អញ្ចឹងធ្វើម៉េចតាមទាន់។ ថ្លៃទឹកថ្លៃភ្លើង​​ដោះស្រាយអត់ទាន់ទេ។ ចាប់តាំងពីពេលនោះមក (ពូបានធ្វើការអំពាវនាវ ដែលធ្វើអោយ)ម្ចាស់ផ្ទះមានការយោគ​យល់​ បូកជាមួយនឹងវិធីសាស្ដ្រដោះស្រាយថ្លៃទឹក/ភ្លើងឲ្យបានត្រឹមត្រូវ ក៏បង្កើតនូវស្ថានភាពល្អប្រសើរសម្រាប់​កម្មករ/ការិនី។ ឥឡូវសុំសួរមួយទៀត អ្នកទទួលទាននំប៉័ងហើយប៉ុន្មាននាក់ទៅលើកដៃ? …។ (២) ពហុកីឡដ្ឋានមរតក៌តេជោ មិនមែនសំរាប់ជំនាន់តេជោទេ ក្មួយៗក៏មិនបាច់ប្រញាប់ប្រញាល់ពេកទេ។ សំរាប់ក្មួយៗថ្ងៃនេះអាចមានឱកាសចូលមើលពហុ​កីឡ​ដ្ឋាន។ សូមទាក់ទងទៅពហុកីឡដ្ឋានដើម្បីកម្មករ/ការិនីណាដែលច​ង់ទៅមើល អាចទៅមើលបាន ព្រោះក្មួយៗ ខ្លះអត់បានមកមើលស៊ីហ្គេមទេ។ សូមសួរ មានប៉ុន្មាននាក់ដែលបានមកមើលកាលពីស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ា​ហ្គេមនៅហ្នឹង?(អត់បានមកមើល)។ សូមអភ័យទោសដែរ ព្រោះកន្លែងដែលយើងមានមានប្រហែលជាង ៦ម៉ឺន នាក់​ថាអស់ហើយ ៧ម៉ឺន។ អ្នកដែលចង់មើលកន្លះលានអ្នក ឬ ១លាននាក់។ ពេលនោះមានការ​លំបាក។…