សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះឈ្មោះបោះឆ្នោតនិងសន្និសីទសារព័ត៌មាន

ខ្ញុំចង់ជម្រាបជូនអស់លោកជាអ្នកសារព័ត៌មាន ក៏ដូចជាជូនចំពោះប្រជាពលរដ្ឋរបស់យើង ថ្ងៃនេះខ្ញុំបានមកចុះឈ្មោះបោះឆ្នោតឬក៏អាចថាជាការកែអាយុកំណើតពិតប្រាកដរបស់ខ្ញុំ។ ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះលោកមេធាវីរបស់ខ្ញុំ ដែលថ្ងៃនេះក៏បានអញ្ជើញមកអមដំណើរចុះឈ្មោះកែតម្រូវលើអាយុកំណើតពិតប្រាកដរបស់ខ្ញុំ។ សូមអរគុណចំពោះតុលាដែលបានចេញសាដីការសម្រាប់ការកែសម្រួលនេះ។ ខ្ញុំបានកែអស់ហើយនូវ(ព័ត៌មានក្នុង)អត្រានុកូលដ្ឋានឬក៏ផ្នែកពាក់ព័ន្ធដទៃទៀត លើកលែងតែករណីនៃការចុះឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ។ ខ្ញុំត្រូវតែបំពេញកាតព្វកិច្ចឱ្យចប់ចុងចប់ដើម។ បើទោះបីជាយើងនៅឋានៈណាក៏ដោយ ក៏ប៉ុន្តែច្បាប់គឺជាច្បាប់ ដែលត្រូវតែមានការគោរពឱ្យបានម៉ត់ចត់។ ខ្ញុំបានមកធ្វើការកែតម្រូវនៅទីនេះ ហើយក៏មិនមែន(គ្រាន់តែ)ជាឈុតឆាកបង្ហាញជូនប្រជាពលរដ្ឋកម្ពុជា ឬជនបរទេសអំពីរបៀបដំណើរការប្រជាធិបតេយ្យរបស់កម្ពុជានោះដែរ។ ថ្ងៃនេះឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតក៏បានអញ្ជើញមក។ នេះមិនមែនជាទីកន្លែងមួយដែលសម្រាប់តែនាយករដ្ឋមន្ត្រីចុះឈ្មោះទេ ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋទូទៅដែលចុះឈ្មោះ ហើយស្ថានភាពបែបនេះ គឺពិតជាមានតម្លៃ។ នោះគឺជាឱកាសសម្រាប់ឱ្យប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោត ពិសេសសម្រាប់យុវជនយុវនារីដែលដល់អាយុបោះឆ្នោត។ (ខ្ញុំ)អំពាវនាវឱ្យធ្វើការចុះឈ្មោះបោះឆ្នោត ដើម្បីប្រើប្រាស់សិទ្ធក្នុងការអនុវត្តលិទ្ធិប្រជាធិបតេយ្យជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន។ ចំណុចដែលខ្ញុំគួរតែនិយាយបញ្ជាក់បន្ថែមនៅទីនេះគឺយើងធ្វើហ្មត់ចត់បំផុត ហើយមិនមែនគ្រាន់តែធ្វើការសម្រាប់អ្នកដែលដល់អាយុបោះឆ្នោតនោះទេ ក៏ប៉ុន្តែអ្នកដទៃដែលមិនទាន់បានចុះឈ្មោះក៏ត្រូវតែចុះ ឬក៏ចង់ផ្លាស់ប្តូរទីលំនៅ ឬក៏កែតម្រូវក៏គេអាចប្រើប្រាស់នូវពេលវេលានេះ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោតរៀបចំរយៈពេល ៥០ថ្ងៃ នេះល្មមគ្រប់គ្រាន់ឱ្យប្រជាពលរដ្ឋកម្ពុជាអាចចុះឈ្មោះនិងអាចផ្ទេរពីកន្លែងមួយទៅកន្លែងមួយ។ ឧទា​ហរណ៍ថា៖ ធ្លាប់​បោះនៅទីក្រុងភ្នំពេញ ឬក៏ខ្ញុំបោះនៅតាខ្មៅនេះ ប៉ុន្តែឥឡូវនេះខ្ញុំត្រូវមានតម្រូវការទៅបោះឆ្នោតនៅទីក្រុងភ្នំពេញ ខ្ញុំក៏អាចប្រើឱកាសនេះដើម្បីផ្ទេរឈ្មោះរបស់ខ្ញុំ។ ខ្ញុំសុំអំពាវនាវចំពោះប្រជាពលរដ្ឋ ចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតផង និងការដែលត្រូវផ្ទេរឈ្មោះសម្រាប់ទីកាន់ទីតាំងដែលខ្លួនត្រូវធ្វើការបោះឆ្នោត។ (១) កម្ពុជាអនុវត្តដ៏ហ្មត់ចត់ និងទៀងទាត់បំផុត នូវដំណើរប្រជាធិបតេយ្យ មួយផ្នែកទៀត ខ្ញុំក៏ចង់និយាយដែរដំណើរការបោះឆ្នោត។ ទោះបីគេថាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាអនុវត្តដ៏ម៉ត់ចត់បំផុត ដោយទៀងទាត់បំផុត នូវដំណើរការប្រជាធិបតេយ្យ។ ខ្ញុំគួរតែត្រូវរំលឹកបន្តិចអំពីដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា។…