សុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី ២៧ និងកិច្ចប្រជុំពាក់ព័ន្ធ

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន; ឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន; ឯកឧត្តមអគ្គលេខាធិការអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយស ដែលបានចូលរួមជាអធិបតីក្នុងពិធី​បើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ានលើកទី ២៧ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។ ក្នុងបរិបទបច្ចុប្បន្ននេះ, ក្រៅពីការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការរៀបចំយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ, ពិភពលោក ក៏បាននិងកំពុងប្រឈមនឹងបញ្ហារួមជាច្រើន ដូចជា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ជាដើម។ ក្នុងកម្រិតតំបន់, ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងនេះ ប្រកបដោយវិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាន, កម្ពុជាយល់ថា អាស៊ានត្រូវប្រកាន់ខ្ជាប់នូវ ទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចម្រើន (“We Care, We Prepare, We Prosper”)។ ជាជំហានទៅមុខ កម្ពុជាយល់ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំ សំដៅប្រែក្លាយអាស៊ានទាំងមូលទៅជាតំបន់មួយដែលមានភាពធន់, ភាពប្រកួតប្រជែង…