សេចក្តីដកស្រង់ សារសំឡេង ស្ដីពី ការមិនឲ្យវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលដែលប្រជាជនរង់ចាំចាក់ និងការចាក់វ៉ាក់សាំងជូនអ្នកទាំងឡាយដែលរស់នៅលើទឹកដីកម្ពុជា

ឯកឧត្តម លោកជំទាវ អភិបាលខេត្តរាជធានី ថ្ងៃនេះ យើងបានរកឃើញអំពីចំណុចមួយចំនួន ដែលចាំបាច់ត្រូវតែកែសម្រួលជាបន្ទាន់។ ថ្ងៃមិញ ខ្ញុំបានបញ្ជាក់អំពីបញ្ហាខេត្តដែលបានចាក់លើសផែនការ ដូចជា ខេត្តរតនគិរី ដែលមានប្រជាជនជាង ១២ ម៉ឺននាក់ ប៉ុន្តែ ចាក់បានដល់ជាង ១៣ ម៉ឺននាក់ គឺជាចំណុចដ៏ល្អ ដែលប្រជាជនទៅដល់ទីណាមានវ៉ាក់សាំងចាក់នៅទីនោះ ដែលយើងត្រូវយកគំរូនេះទៅអនុវត្តនៅកន្លែងផ្សេង។ ឲ្យតែប្រជាជនដែលរស់នៅលើទឹកដីកម្ពុជា គឺយើងចាក់ជូនទាំងអស់ រាប់ទាំងអាណិកជនផងដែរ។ ប៉ុន្តែ យើងក៏បានឃើញថា ក៏មានខេត្តដែលចាក់បានតិចជាងចំនួនអ្នកដែលមិនទាន់ចាក់ ហើយក៏មានខេត្តដែលនៅសេសសល់ប្រជាជនមួយចំនួនមិនទាន់បានចាក់ ដូចជា ថ្ងៃនេះ ខ្ញុំបានពិនិត្យទាក់ទងនឹងកំពង់ឆ្នាំង ទាក់ទងនឹងត្បូងឃ្មុំ និងទាក់​ទងនឹងខេត្តពោធិ៍សាត់ដែលឥឡូវនេះខេត្តទាំង ៣ កំពុងមកទីក្រុងភ្នំពេញដើម្បីទទួលយកវ៉ាក់សាំងទាំងយប់ បន្ទាប់ពីបទបញ្ជារបស់ខ្ញុំទៅកាន់លោកជំទាវ  ឱ វណ្ណឌីន ប្រធានគណៈកម្មការជាតិសម្រាប់ការចាក់វ៉ាក់សាំង។ ខ្ញុំសូមដាក់ចេញនូវបទបញ្ជា ឲ្យឯកឧត្តម លោកជំទាវ អភិបាលខេត្ត–រាជធានីទាំងអស់ កិច្ចការដែលជាអាទិភាពទី ១ ត្រូវតែជាកិច្ចការប្រឆាំង កូវីដ–១៩។ ក្នុងការប្រយុទ្ធប្រឆាំងនឹង កូវីដ–១៩ នេះ អាទិភាពទី ១ ត្រូវតែទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលលើបញ្ហាការចាក់វ៉ាក់សាំង ដែលជាគោលនយោបាយអាទិភាពធំបំផុតរបស់យើងនៅពេលនេះ។ ខ្ញុំសូមបញ្ជាក់ថា ហាមដាច់ខាតមិនឲ្យមានវ៉ាក់សាំងដេកនៅក្នុងឃ្លាំង…