សុន្ទរកថា ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស

លោក ម៉ាក ហ៊ែរ (Marc Thayre) ភារធារីស្តីទីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៃកម្ពុជា, សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍ និងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំនួន ៤១៥ ០០០ ដូស ប្រភេទ AstraZeneca ដែលជាជំនួយសប្បុរសធម៌ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នាក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទីនៃពិភពលោក។ ជាការពិត ស្ថានភាពបច្ចុប្បន្ននេះ គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារមេរោគកូវីដ-១៩ បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរ ទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេស មេរោគប្រភេទដែលតា​ (Delta) ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសនានាក៏ដូចជានៅកម្ពុជា។ ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ កម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើន បាន…