អនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-លក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់

FN ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ»។ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន។

អនុម័តគម្រោងវិនិយោគថ្មី៣ ទុនវិនិយោគជិត១៥លានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ សរុបទុនវិនិយោគប្រមាណជិត១៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។ តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ ក្រុមហ៊ុន J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៥៣កន្លែង។ ២៖ ក្រុមហ៊ុន PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៤៨កន្លែង។ ៣៖ ក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO.,…