សារសម្លេង៖ សំណូមពរដល់ម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកថ្លៃឈ្នួល ពីបងប្អូនកម្មករ/ការិនី ក្នុងតំបន់បិទខ្ទប់

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ខ្ញុំមានការអំពាវនាវទៅកាន់បងប្អូន ទាក់ទិនជាមួយបញ្ហាផ្ទះឈ្នួលរបស់កម្មករ/ការិនី គឺស្ថិតនៅត្រង់ថា ក្នុង​ប៉ុន្មានថ្ងៃកន្លងទៅនេះ ជាពិសេស ម្សិលមិញនេះ គឺមានការទាមទារយកប្រាក់ថ្លៃឈ្នួលផ្ទះពីកម្មករ/ការិនីរបស់យើង ក្នុងពេលដែលកម្មករ/ការិនីរបស់យើងមិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់នៅឡើយ គឺនៅក្នុងតំបន់ក្រហម។ ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងអស់ សុំមេត្តាយោគយល់ដល់កម្មករ/ការិនីរបស់យើង  ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា សុទ្ធតែមានការជួបការលំបាក។ ក្នុងរយៈពេលកន្លងទៅនេះ ក៏មានម្ចាស់ផ្ទះជួលមួយចំនួនបានសម្រេចមិនយកប្រាក់ឈ្នួលរបស់កម្មករ/ការិនីក្នុងចំនួនមួយរយៈ ឬក៏បញ្ចុះថ្លៃ។ មានមួយចំនួនទៀត គឺមានរហូតដល់ឱ្យប្រើប្រាស់ក្នុងរយៈពេលវែង ដែលខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ​។ ក៏ប៉ុន្តែ នៅសល់បងប្អូនមួយចំនួន ដោយខ្វះការយោគយល់ បង្កើតឱ្យមានបញ្ហាឡើង។ ម្សិលមិញនេះ មានការប្រញាប់ប្រញាល់ទៅធ្វើការដោះស្រាយនៅទីន្លែងនោះ។ ខ្ញុំសូមអង្វរករចំពោះម្ចាស់ផ្ទះជួលទាំង​ឡាយ សូមផ្អាកជាបណ្ដោះអាសន្ន ការយកប្រាក់ឈ្នួលពីកម្មករ/ការិនី ក្នុងពេលដែលកម្មករ/ការិនី មិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ។ ប្រសិនបើម្ចាស់ផ្ទះជួលទាំងឡាយ អាចនឹងរួមគ្នាធ្វើ ដើម្បីជួយដល់កម្មករ/ការនីរបស់យើង ឧទាហរណ៍ ​ការបញ្ចុះថ្លៃឈ្នួលនៃផ្ទះដែលបាន និងកំពុងស្នាក់នៅ ក្នុងចំនួនប្រមាណភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះអាចលើកលែងទៅបាន ក្នុងមួយខែ ពីរខែ ឬបីខែ ក៏សុំធ្វើការលើកលែង។ ពិតហើយ ខ្ញុំដឹងថាម្ចាស់ផ្ទះជួលខ្លះ គឺខ្ចីលុយធនាគារយកមកសាងសង់ផ្ទះឈ្នួលទាំងនោះ។ បងប្អូនពិតជាមានការលំបាកដូចគ្នា ដែលម្ខាងជាកូនបំណុល ម្ខាងទៀតជាម្ចាស់បំណុល។ ប៉ុន្តែ…