សម្តេចតេជោ ហ៊ុន សែន ស្នើហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករ ឬវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករពីកម្ពុជា ខណៈកម្ពុជាសល់អង្ករប្រមាណជា ៦លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងការស្នើឱ្យទិញអង្ករពីកម្ពុជាហើយនោះ សម្តេចតេជោ ក៏បានស្នើហ្វីលីពិន ជំរុញអ្នកវិនិយោគមកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជាផងដែរ។ សំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅកម្ពុជា ដែលទើបមកបំពេញការងារនោះ ចូលជួបសម្តែងការគួរសមនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាពិសេសគិតគូរធ្វើឱ្យប្រសើរនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលត្រូវបានយាយីដោយវិបត្តិជំងឺកូវីដ១៩នោះ។ លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពិន បានគូសបញ្ជាក់ថា បេសកកម្មរបស់លោកស្រីនៅកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច និងវិស័យវិនិយោគ។ លោកស្រីបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចវិនិយោគនេះ គឺលោកស្រី នឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀង…