FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករពីកម្ពុជា ខណៈកម្ពុជាសល់អង្ករប្រមាណជា ៦លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងការស្នើឱ្យទិញអង្ករពីកម្ពុជាហើយនោះ សម្តេចតេជោ ក៏បានស្នើហ្វីលីពិន ជំរុញអ្នកវិនិយោគមកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជាផងដែរ។
សំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅកម្ពុជា ដែលទើបមកបំពេញការងារនោះ ចូលជួបសម្តែងការគួរសមនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាពិសេសគិតគូរធ្វើឱ្យប្រសើរនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលត្រូវបានយាយីដោយវិបត្តិជំងឺកូវីដ១៩នោះ។
លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពិន បានគូសបញ្ជាក់ថា បេសកកម្មរបស់លោកស្រីនៅកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច និងវិស័យវិនិយោគ។
លោកស្រីបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចវិនិយោគនេះ គឺលោកស្រី នឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀង ដែលមានស្រាប់ និងបានចុះហត្ថលេខាហើយនោះ។ លោកស្រី ក៏នឹងពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសទាំងពីរមានរួមគ្នា។
លោកស្រី បានជម្រាបសម្តេចតេជោដែរថា លោកស្រីបានត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្មសេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺកូវីត១៩ បានសាបរលាបទៅ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងជំនួបនោះថា ជាការពិតជំងឺកូវីដ១៩ ពិតជាបានធ្វើឲ្យមានការផ្អាកសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន។ ប៉ុន្តែគប្បីមានការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ ហើយគប្បីពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀតដែលមានជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន-ចិន និង ASEM។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានអង្ករនៅសល់ប្រមាណ ៦លានតោនក្នុងមួយឆ្នាំ។ ដូច្នេះសម្តេចស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពអំពីស្ថេរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន។
សម្តេចតេជោ ក៏បានផ្តល់គំនិតឱ្យហ្វីលីពីន មកដាក់ទុនវិនិយោគនៅក្នុងកម្ពុជា តាមរយៈការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីនជាដើម។
សម្ដេចតេជោ បានគូសបញ្ជាក់ថា «យើងគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពលនៅទីឆ្ងាយៗ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក»។
សូមបញ្ជាក់ថា ក្នុងជំនួបនេះលោកស្រី Maria Amelita C.Aquino បានពាំនាំនូវពាក្យផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីហ្វីលីពីន ជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ លោកស្រី ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ។
លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសទទួលបានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនាំកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំកន្លងមកនេះ។
ក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរលោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពិន ដែលត្រូវបានតែងតាំងបំពេញការងារនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកប្រធានាធិបតីហ្វីលីពីន។
សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ ជូនលោកប្រធានាធិបតីហ្វីលីពីន និងបានជូនពរលោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន ទទួលបានជោគជ័យក្នុងបេសកកម្មការងារនៅកម្ពុជាផងដែរ៕