សារពិសេសពាក់ព័ន្ធនឹងស្ថានការណ៍ជំងឺឆ្លងកូវីដ-១៩ ការទិញវ៉ាក់សាំង អនុសាសន៍ និងវិធានការណ៍បន្តមួយចំនួន ផ្ញើជូនចំពោះជនរួមជាតិ

ខ្ញុំព្រះករុណាខ្ញុំ មានបំណងនឹងថ្លែងជូនទៅកាន់ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ទៅលើបញ្ហាមួយចំនួន បន្ទាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលខ្ញុំព្រះករុណាខ្ញុំ បានប្រកាសនៅឯទីក្រុងសៀមរាប ពាក់ព័ន្ធ នឹងស្ថានភាពនៃ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា”។​ ពិតហើយថា ប៉ុន្មានថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ នៅស្ងៀមស្ងាត់ ហើយគេបានឃើញខ្ញុំព្រះករុណាខ្ញុំ បាន​ដឹកនាំប្រជុំក្នុងក្របខណ្ឌជាប្រធាន ACMECS និងការចូលរួមប្រជុំដោយផ្ទាល់តាមរយៈវីដេអូ នៅក្នុងក្របខណ្ឌសហប្រតិបត្តិការ CLMV និងការអភិវឌ្ឍត្រីកោណកម្ពុជា ឡាវ និងវៀតណាម ពីគេហដ្ឋានរបស់ខ្ញុំព្រះករុណាខ្ញុំ។ បន្ថែមលើនោះ ក៏មានការថ្លែងសុន្ទរកថានៅឯអង្គការសហប្រជាជាតិ តាមរយៈវីដេអូ បូកជាមួយនឹងការចូលរួមពិព័រណ៍អាស៊ានចិនផងដែរ។ វិធីយកឈ្នះលើ កូវីដ-១៩  ត្រូវតាំងខ្លួនជាអ្នកចាញ់ ជាអ្នកខ្លាច តែមិនតក់ស្លុត និងភ័យស្លន់ស្លោរ ខ្ញុំព្រះករុណាខ្ញុំ ក៏បានបង្ហោះសារមួយចំនួន ពាក់ព័ន្ធជាមួយនឹង កូវីដ-១៩  រួមទាំងសារសំឡេងមួយចំ​នួនផងដែរ ដែលបានបញ្ជូនទៅកាន់ជនរួមជាតិរបស់យើង ក៏ដូចជាអាជ្ញាធរ។ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានធ្វើការរំលឹកបន្ដិចទាក់ទិនជាមួយនឹងការដែលខ្ញុំព្រះករុណាខ្ញុំបានលើកឡើងនៅឯខេត្តសៀមរាប ចំថ្ងៃទី ៣០ វិច្ឆិកា ២០២០ ដែលពេលនោះ គាប់ជួនជាថ្ងៃពេញបូណ៌មី…