សេចក្ដីដកស្រង់សារជាសម្លេង រំលឹកពីការផ្ដល់សិទ្ធិអំណាចទៅដល់អភិបាលខេត្ត/រាជធានី ពិនិត្យ និងបិទទីតាំងណាដែលមិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល

ខ្ញុំសូមផ្ញើជូនឯកឧត្ដមអភិបាលរាជធានី/ខេត្តទូទាំងប្រទេស។ ខ្ញុំសូមរំលឹកអំពីសារ ដែលយប់ថ្ងៃទី ២៩ វិច្ឆិកា និងថ្ងៃទី ៣០ វិច្ឆិកា ដែលខ្ញុំថ្លែងការណ៍បើកការដ្ឋានសាងសង់ផ្លូវនៅខេត្តសៀមរាប។ ពេលនោះ​ខ្ញុំបានប្រគល់អំណាចទៅឱ្យគ្រប់ស្ថាប័នរបស់ថ្នាក់ជាតិ (ដើម្បីនឹង)សម្រេចបិទកន្លែងធ្វើការមួយចំនួន ឬក៏បិទទាំង​ស្រុង។ ឯចំពោះអភិបាលរាជធានីខេត្ត ខ្ញុំឱ្យពិនិត្យអំពីការបិទឬបើកនូវទីកន្លែងដែលមានការចាំបាច់។ កន្លងទៅនេះ យើងបានពិនិត្យឃើញថា (មាន)ករណីដែលមានការឆ្លង​មនុស្សឆ្លងច្រើននៅក្នុងហាងមួយ ដែលយើងពិនិត្យឃើញថា បញ្ហាសំខាន់គឺការបំពានទៅលើសុវត្ថិភាពគម្លាតបុគ្គល និងការខ្វះវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងន័យនេះ ខ្ញុំសូមរំលឹកចំពោះអភិបាលខេត្ត/រាជធានីទាំងអស់ឱ្យបានជ្រាប សូមចុះតាមដាន ត្រួតពិនិត្យទីតាំងលក់ដូរទាំងអស់ ហើយផ្ដល់ការណែនាំឱ្យពួកគាត់អនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការនានា ដែលចេញដោយក្រសួងសុខាភិបាល។ ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តទេ សូមប្រើអំណាចរបស់រដ្ឋបាលខេត្ត/រាជធានី ដើម្បីបិទហាងនោះជាបណ្ដោះអាសន្នសិន។ យើងគ្មានជម្រើសណាផ្សេងឱ្យល្អជាងជម្រើសធានា(អោយមាន)គម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស ការធ្វើអនាម័យ ទាំងអ្នកចូលទៅទិញ និងអ្នកលក់ ដែលយើងសង្កេតទៅឃើញនៅតាមហាងមួយចំនួន គឺពុំបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវរបស់ក្រសួងសុខាភិបាលនោះទេ។ ការថ្លោះធ្លោយរបស់អាជ្ញាធរនៅមូលដ្ឋាន ខេត្ត ខណ្ឌ ស្រុក ក្រុង ភូមិ ឃុំ និងសង្កាត់ គឺជាការថ្លោះធ្លោយ ដែលបណ្ដាលឱ្យកើតមាននូវរឿងឆ្លងតាមសហគមន៍នេះមួយផ្នែកផងដែរ ព្រោះអ្នកដែលចម្លងអាចមានលទ្ធភាពទៅចម្លង លុះត្រាតែមានលទ្ធភាពទៅកៀកជាមួយនឹងអ្នកដែលមិនមានជំងឺ​។ ដូច្នេះហើយ ខ្ញុំស្នើឱ្យអនុវត្តឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ ជាមួយនឹងការអនុវត្តនូវគម្លាតសង្គម គម្លាតសុវត្ថិភាព ដែលក្នុងនោះគម្លាតពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់…