សេចក្ដីដកស្រង់សារជាសម្លេង អំពីការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩

យល់ស្របសំណើបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមាន កូវីដ១៩ និងអ្នកធ្វើចត្តាឡីស័ក សូមផ្ញើជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មុននេះបន្តិច ខ្ញុំ​ព្រះករុណាខ្ញុំបានយល់ព្រមទៅលើសំណើរបស់អន្តរក្រសួង​ ដែលដឹកនាំដោយរដ្ឋមន្រ្តីសុខាភិបាល ពាក់ព័ន្ធទៅលើបញ្ហាមួយចំនួន។ ទី ១ គឺទាក់ទងនឹងបញ្ហាការបង្ហាញអត្តសញ្ញាណអ្នកដែលមានកូវីដ១៩។ បញ្ហានេះ គឺវាចាំបាច់ណាស់នៅពេលនេះ ដែលយើងត្រូវធ្វើ។ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មកដល់ពេលនេះ ពុំទាន់មានពន្លឺថា វាឆ្លងមកពីប្រភពណានៅឡើយទេ ហើយវាចាប់ផ្ដើមឆ្លងពីអ្នកណា? ពិតមែនតែក្រុមអ្នកបច្ចេកទេស បានធ្វើការបកស្រាយច្បាស់លាស់ថា មិនមានទាក់ទងទៅនឹងករណី ៣ វិច្ឆិកា នោះទេ ប៉ុន្តែ ភាពងងឹតរបស់យើងនៅតែបន្ត ចំពោះការឆ្លងពីប្រភពណា និងឆ្លងអ្នកណាមុន អ្នកណាក្រោយ។ ដូច្នេះហើយ មានការចាំបាច់ដើម្បីនឹងធ្វើការផ្សព្វផ្សាយនូវរូបថត ក៏ដូចជាឈ្មោះ ទីលំនៅ អាសយដ្ឋាន និងជារួមអត្តសញ្ញាណ នៃអ្នកដែលបានកើតកូវីដ១៩ នេះ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងបានស្គាល់ ហើយ​ប្រសិនបើមានទំនាក់ទំនងជាមួយឈ្មោះនោះ សូមបង្ហាញខ្លួនភ្លាមៗ ដើម្បីនឹងយកសំណាក និងធ្វើចត្តាឡីស័កបានទាន់ពេលវេលា។ បើមិនដូច្នោះទេ សភាពការណ៍នឹងពិបាកស្រោចស្រង់។ ការបង្ហាញអត្តសញ្ញាណ មិនមែនរំលោភសិទ្ធិបុគ្គល តែចៀសវាងការឆ្លងបែកខ្នែងនិងរីកសាយភាយ ថ្ងៃនេះ ​យើងបានរកឃើញ ៦…