អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ចុះបិទបៀរហ្កាឌិនទាំងអស់នៅក្នុងមូលដ្ឋាន

FN ៖ ក្រោយមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ភ្លាម, នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់ដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ អនុវត្តការងារនេះ ដោយចុះបិទបៀរហ្កាឌិននានាក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (COVID-19) ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលលើពិភពលោក និងប្រទេសកម្ពុជា ដែលបានបង្កឲ្យមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងនោះ។ លោក ឃួង ស្រេង បានបញ្ជាក់ថា «ការបិទនេះ គឺបិទតែទីតាំងបៀរហ្គាឌិន ខារ៉ាអូខេ ទីកន្លែងសប្បាយសុខភាព និងក្លឹបកំសាន្តនានា ដែលមានការប្រមូលផ្ដុំប៉ុណ្ណោះ។ ដោយឡែក សម្រាប់ទីតាំងផ្សារលក់ដូរគ្រប់ប្រភេទ គឺនៅរក្សាដដែល ដោយបងប្អូនប្រជាពលរដ្ឋបន្តជីវកម្មលក់ដូរជាធម្មតា»។ បទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសាលាក្រុង ដើម្បីចូលរួមទប់ស្កាត់ និងបង្ការេមរោគ COVID-19 នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដើម្បីចែកម៉ាស និងសាប៊ូលាងដៃជូនមន្រ្តីសាលារាជធានីភ្នំពេញ។ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់ និងបង្ការឱ្យបាននូវការឆ្លងរាលដាលនៃមេរោគកូវីដ១៩ (COVID-19)។ សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន…