FN ៖ ក្រោយមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ភ្លាម, នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់ដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ អនុវត្តការងារនេះ ដោយចុះបិទបៀរហ្កាឌិននានាក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (COVID-19) ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលលើពិភពលោក និងប្រទេសកម្ពុជា ដែលបានបង្កឲ្យមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងនោះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា «ការបិទនេះ គឺបិទតែទីតាំងបៀរហ្គាឌិន ខារ៉ាអូខេ ទីកន្លែងសប្បាយសុខភាព និងក្លឹបកំសាន្តនានា ដែលមានការប្រមូលផ្ដុំប៉ុណ្ណោះ។ ដោយឡែក សម្រាប់ទីតាំងផ្សារលក់ដូរគ្រប់ប្រភេទ គឺនៅរក្សាដដែល ដោយបងប្អូនប្រជាពលរដ្ឋបន្តជីវកម្មលក់ដូរជាធម្មតា»។
បទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសាលាក្រុង ដើម្បីចូលរួមទប់ស្កាត់ និងបង្ការេមរោគ COVID-19 នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដើម្បីចែកម៉ាស និងសាប៊ូលាងដៃជូនមន្រ្តីសាលារាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់ និងបង្ការឱ្យបាននូវការឆ្លងរាលដាលនៃមេរោគកូវីដ១៩ (COVID-19)។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ នេះបើតាមលិខិតរបស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការសម្រេចបិទបៀរហ្កាឌិន ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលដែលជំងឺកូវីដ១៩ បានរីករាលដាលក្នុងប្រទេសកម្ពុជា ដោយមានអ្នកឆ្លងចំនួន៩៣នាក់។
លិខិតរបស់ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត នៅថ្ងៃនេះ បានឱ្យដឹងថា «ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យបិទអាជីវកម្មបៀរហ្កាឌិន នៅគ្រប់រាជធានី ខេត្ត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដក្នុងប្រទេសកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានអនុវត្តវិស្សមកាលមុនកាលកំណត់ បិទក្លឹបកម្សាន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត និងសារៈមន្ទីរជាដើម។
គិតរហូតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់៕