ពិធីបើកពិព័រណ៍ផលិតផលខ្មែរ និង ទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី ១៤ ឆ្នាំ ២០១៩

សម្តេច ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធី សម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញនាំចូលកម្ពុជា លើកទី ១៤ ឆ្នាំ ២០១៩ កម្រិតអន្តរជាតិដែលប្រារព្វឡើងយ៉ាងអធិកអធមនាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថែ្លងអំណរគុណប្រតិភូពាណិជ្ជកម្មជាតិ អន្តរជាតិ សហគ្រិន វិនិយោគិន និងតំណាងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអ្នកទស្សនាពិព័រណ៍ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ហើយដែលបានសិក្សាស្វែងយល់ ដើម្បីចាប់យកកាលានុវត្តភាពចូលរួមធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមយ៉ាងសកម្មរៀបចំ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងពេលកន្លងមក និងពេលនេះ។ ឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក ពិព័រណ៍ផលតិផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា បានឆ្លុះបញ្ចាំងអំពីបរិយាសកាស ធុរកិច្ច និងវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា តាមរយៈការរក្ស បាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើនលើគ្រប់វិស័យ ដែលបានផ្ដល់ឱកាសដល់ធុរជនកម្ពុជា និងធុរជនបរទេសទាំងអស់បានជួបពិភាក្សាគ្នា ដើម្បីជំរុញការធ្វើធុរកិច្ច និងការ​វិនិយោគ ការរៀបចំពិព័រណ៍ក្នុងស្រុក…