សេចក្តីថ្លែងសារពិសេស និងការអធិប្បាយ ជូនប្រជាពលរដ្ឋ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះគណៈរដ្ឋមន្ត្រីរបស់យើងបើកការប្រជុំពេញអង្គ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោមនេះ ១. សេចក្ដីព្រៀងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ២. សេចក្ដីព្រៀងច្បាប់ស្ដីពីការទូទាត់ថវិការទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨ ៣. បញ្ហាផ្សេងៗ មាន សេចក្ដីប្រកាសរបស់នាយករដ្ឋមន្ត្រី ស្ដីពីការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រងប្រព័ន្ធការវិនិយោគសាធារណៈ ២០១៩-២០២៥ និងយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ យោងទៅលើប្រក្រតិទិនការងារទាក់ទងជាមួយច្បាប់ថវិកា យើងដើរទាន់សភាពការណ៍ ដោយសារតែប្រក្រតិទិននោះតម្រូវឱ្យត្រីមាសទី ១ នៃខែ វិច្ឆិកា ត្រូវទៅដល់រដ្ឋសភា ការពិតទៅគឺច្បាប់ថវិកាជាទូទៅយើងបានធ្វើតាំងពីចូលឆ្នាំក្រោយតែប៉ុន្មានខែតែប៉ុណ្ណោះ (ដោយបាន)ចាប់ផ្ដើមចេញសារាចរណែនាំពាក់ព័ន្ធនឹងបញ្ហាច្បាប់ថវិកានេះរួចទៅហើយ។ ថ្ងៃនេះ (ខ្ញុំ)មានការចាំបាច់ ដើម្បីមានការថ្លែងជូនទៅកាន់គណៈរដ្ឋមន្ត្រី បណ្ដាខេត្ត កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ហើយអនុញ្ញាតឱ្យសារព័ត៌មាននៅទីនេះ (ដើម្បី)នឹងធ្វើការផ្សាយបន្តផ្ទាល់ផងដែរ។ មុននឹងគណៈរដ្ឋមន្ត្រីរបស់យើងចាប់ផ្ដើមធ្វើការពិភាក្សារបៀបវារៈ ស្ដីពីសេចក្ដីព្រៀងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ខ្ញុំសូមយកឱកាសនេះធ្វើសេចក្ដីប្រកាសជូនអង្គគណៈរដ្ឋមន្ត្រី និងធ្វើសេចក្ដីប្រកាសជូនជនរួមជាតិ ជ្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន ក្នុងនោះក៏សូមបញ្ជាក់យ៉ាងមុតមាំថា មាន ២ ចំណុច ដែលគណបក្សប្រជាជនមិនធ្វើការកែប្រែ។ ១. ការមិនយកពន្ធលើដីធ្លី។ ដរាបណាគណបក្សប្រជាជននៅតែបន្តគ្រប់គ្រងរដ្ឋាភិបាល គណបក្សនៅតែបន្តមិនយកពន្ធ…