សុន្ទរកថា ក្នុងពិធីរំលឹក ខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ជាទីរាប់ឤន សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ ជាទីរាប់ឤន! រាត្រីនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយហើយក៏សូមថ្លែងអំណរគុណឯកឧត្តម វ៉ាង វិនធាន ឯក​អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានអញ្ជើញខ្ញុំ និងភរិយាចូលរួមក្នុងពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រារព្វឡើងយ៉ាងឧឡារិកនាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសំដែងនូវការអបអរសាទរ និងកោតសរសើររដ្ឋាភិបាល និងប្រជាជនចិន ចំពោះសមិទ្ធផលដ៏អស្ចារ្យច្រើនឥតគណនា ដែលមហាមិត្តចិនសម្រេចបានជោគ​ជ័យកន្លងមកក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់បក្សកុម្មុយនីស្តចិន ចាប់តាំងពីឆ្នាំ ១៩៤៩។ បច្ចុប្បន្ន ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ចិនសម្រេចបាននូវការអភិវឌ្ឍយ៉ាងធំធេង និងឆាប់រហ័សលើគ្រប់វិស័យ ហើយបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមហាមិត្តចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រចំពោះកម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ន។ កម្ពុជា និងចិនមានកិច្ចសហប្រតិបត្តិការល្អប្រកប​ដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេភាគី…