ចំណូលបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ មានជាង៥០លានដុល្លារ ធ្លាក់ចុះ៨.៥១ភាគរយ នៅរយៈពេល៥ខែ ឆ្នាំ២០១៩

FN ៖ របាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅរយៈពេល៥ខែឆ្នាំ២០១៩ រមណីយដ្ឋានអង្គរ រកចំណូលចូលថវិកាជាតិបាន ៥០,៣១២,៨៤៧ដុល្លារ ធ្លាក់ចុះចំនួន៨.៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ សម្រាប់ភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនាអង្គរវិញ នៅរយៈពេល៥ខែមកនេះ មានចំនួន១,១១៧,៨៤១នាក់ ធ្លាក់ចុះ៧.៣២ភាគរយ។ រាបយការណ៍បាឲ្យដឹងទៀតថា ថវិកាបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ នៅរយៈពេល៥ខែនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២,២៣៥,៦៨២ដុល្លារ។ ដោយឡែកគិតតែក្នុងខែឧសភា ឆ្នាំ២០១៩ មានភ្ញៀវទេសចរចំនួន ១៤៤,៥៣៦នាក់ បានទិញសំបុត្រទស្សនាអង្គរ ទទួលបានចំណូល ៦,១៧៨,២១២ដុល្លារ៕

នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសជំហរយ៉ាងម៉ឹងម៉ាត់ថា បន្តគាំទ្រ និងជួយអភិវឌ្ឍន៍ដល់កម្ពុជា

FN ៖ លោក អាបេ ស៉ីនហ៊្សូ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសបង្ហាញជំហរម៉ឹងម៉ាត់ជាថ្មីថា នឹងបន្តគាំទ្រនិងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះរួមទាំងជួយ ធ្វើឱ្យប្រសើរឡើងនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូក្នុងកិច្ចពិភាក្សាការងារនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបធ្វើក្រោមបរិយាកាសដ៏ស្និទ្ធស្នាលនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវសំណើជាច្រើនសុំការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា។ សំណើទាំងនោះមានដូចជាការសុំជួយជំរុញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន, ជួយដល់ការបោសសំអាតមីននៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងពោធិ៍សាត់, ជួយលើបញ្ហាថាមពលអគ្គិសនី និងជួយលើការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ ឆ្លើយតបទៅនឹងសំណើទាំងនេះ លោកនាយករដ្ឋមន្ត្រី បានឯកភាពទៅតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានសន្យានឹងជួយឱ្យអ្នកពាក់ព័ន្ធ ធ្វើលើការងារទាំងអស់នេះ។ នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ទៅលោក អាបេ ផងដែរថា កម្ពុជាមិនមានមូលដ្ឋានទ័ពបរទេសណាមួយដូចការលើកឡើង នាពេលកន្លងទៅនោះឡើយ៕

សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុនបន្ដសិក្សាគម្រោងសាងសង់បណ្តាញអគ្គិសនី ពីព្រំដែនឡាវ-កម្ពុជា មក រាជធានីភ្នំពេញ ដើម្បីបង្កើនថាមពលអគ្គិសនី

FN ៖ ក្នុងជំនួបទ្វេភាគីជាមួយលោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់ជប៉ុនពិចារណាបន្ដសិក្សាគម្រោងសាងសង់បណ្តាញអគ្គិសនី ដូចដែលបានពិភាក្សាកន្លងមកនេះ នៅតំបន់ព្រំដែនឡាវ-កម្ពុជា មករាជធានីភ្នំពេញ។ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «ឆ្នាំនេះ កម្ពុជាមានការប្រឈមមុខនឹងកង្វះអគ្គិសនី ដោយសារអាកាសធាតុដែលធ្វើឲ្យវារីអគ្គិសនីកម្ពុជា យើងគ្មានទឹកគ្រប់គ្រាន់ ដូច្នេះស្នើឲ្យជប៉ុន ជួយពិចារណាសិក្សាអំពីបណ្តាញអគ្គិសនី ជាពិសេសការពិភាក្សាកន្លងមកនេះ រវាងអង្គការ Jica និងក្រសួងរ៉ែ និងថាមពល ដែលចុះធ្វើការសិក្សាពីព្រំដែនឡាវ-កម្ពុជា មករាជធានីភ្នំពេញ ដែលមានប្រវែង៣៥០គីឡូម៉ែត្រ»។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានរំលឹកទៀតថា គម្រោងសាងសង់បណ្តាញអគ្គិសនី ដែលជាការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនមកដល់កម្ពុជា ធ្វើឡើងដើម្បីទាញថាមពលអគ្គិសនីចេញពី ប្រទេសឡាវ ហើយក្នុងគោលបំណងបង្កើនថាមពលអគ្គិសនីក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈដែលការប្រើប្រាស់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សូមរំលឹកថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជាបានជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុង ខែមេសា និងឧសភា កម្តៅហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El…