FN ៖ លោក អាបេ ស៉ីនហ៊្សូ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសបង្ហាញជំហរម៉ឹងម៉ាត់ជាថ្មីថា នឹងបន្តគាំទ្រនិងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះរួមទាំងជួយ ធ្វើឱ្យប្រសើរឡើងនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូក្នុងកិច្ចពិភាក្សាការងារនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបធ្វើក្រោមបរិយាកាសដ៏ស្និទ្ធស្នាលនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវសំណើជាច្រើនសុំការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា។ សំណើទាំងនោះមានដូចជាការសុំជួយជំរុញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន, ជួយដល់ការបោសសំអាតមីននៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងពោធិ៍សាត់, ជួយលើបញ្ហាថាមពលអគ្គិសនី និងជួយលើការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
ឆ្លើយតបទៅនឹងសំណើទាំងនេះ លោកនាយករដ្ឋមន្ត្រី បានឯកភាពទៅតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានសន្យានឹងជួយឱ្យអ្នកពាក់ព័ន្ធ ធ្វើលើការងារទាំងអស់នេះ។
នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ទៅលោក អាបេ ផងដែរថា កម្ពុជាមិនមានមូលដ្ឋានទ័ពបរទេសណាមួយដូចការលើកឡើង នាពេលកន្លងទៅនោះឡើយ៕