សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកក្រគរ ខេត្តពោធិសាត់

ទំនាក់ទំនងលើសពីរវាងមេដឹកនាំ និងប្រជាពលរដ្ឋ … ថ្ងៃនេះ បានមកជួបជុំជាមួយក្មួយៗកម្មករ/ការិនីនៅខេត្តពោធិសាត់ ជាពិសេស នៅក្នុងស្រុកក្រគរ … ខ្ញុំពិតជាមានការរីករាយ ហើយសូមអរគុណចំពោះក្មួយៗទាំងអស់ ដែលបានទទួលបដិសណ្ឋារកិច្ចពូ នៅក្នុងឱកាសពូមកកាន់ទីនេះ។ សុំការយោគយល់ អធ្យាស្រ័យពីសំណាក់ក្មួយៗ ដែលទន្ទឹងរង់ចាំពូអស់រយៈពេលយូរមកហើយ ប៉ុន្តែដូចពូធ្លាប់បាននិយាយហើយថា មកយឺត ប្រសើរជាងមិនបានមក​។ បើទោះ​បីជាមកយឺតបន្ដិច តែថ្ងៃនេះ យើងបានជួបគ្នាពិតប្រាកដ ក្នុងបរិយាកាសសប្បាយរីករាយក្នុងក្របខណ្ឌជាក្រុមគ្រួសារ។ ទំនាក់ទំនងដែលក្មួយៗបានធ្វើចំពោះពូ មិនមែនគ្រាន់តែជាទំនាក់ទំនងរវាងមេដឹកនាំប្រទេសជាមួយនឹងប្រជាពលរដ្ឋប៉ុណ្ណោះទេ ក៏ប៉ុន្តែបង្ហាញឲ្យឃើញអំពីភាពជិតស្និទ្ធជាក្រុមគ្រួសារ ចាត់ទុកពូដូចជាជីតា ដូចជាឪពុកធំ ដូចជាឪពុកមា ឬឪពុកបង្កើត។ នេះគឺជាប្រភពនៃការលើកទឹកចិត្ត ហើយពូក៏អាចយល់បាន ពីទំនាក់ទំនងរវាងមេដឹកនាំប្រទេសជាមួយនឹងប្រជាពលរដ្ឋ ឆ្លងកាត់រយៈពេល ៤០ ឆ្នាំ ដែលយើងបានរស់នៅជាមួយគ្នា។ អ្នកខេត្តពោធិ៍សាត់ ជាពិសេសអ្នកស្រុកក្រគរ គាំទ្រគណបក្សប្រជាជនកម្ពុជារហូតមក នៅក្នុងពេលដែលពូមកដល់ស្រុកក្រគរ នៃខេត្តពោធិសាត់ ពូមិនភ្លេចជាមួយនឹងការថ្លែងអំណរគុណចំពោះប្រជាជននៅស្រុកក្រគរ​ ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូលនិយាយជារួម និងនិយាយដោយឡែក ចំពោះកម្មករ /ការិនីទាំងអស់នៅក្នុងស្រុកក្រគររបស់យើងនេះ ដែលបានបោះឆ្នោតនៅក្នុងស្រុកក្រគរ គឺស្រុកក្រគរអាចចាត់ទុកថា ជាស្រុកមួយក្នុងចំណោមស្រុក ដែលបោះឆ្នោតច្រើនជាងគេឲ្យគណបក្សប្រជាជនកម្ពុជា។ ឆ្នាំ ២០០៨ ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ៤ អាសនៈលើ…