សុន្ទរកថា និងសេចក្ដីស្រង់ប្រសាសន៍ ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៨-២០១៩ និងទិសដៅការងារឆ្នាំ ២០១៩-២០២០

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨– ២០១៩ និងទិសដៅការងារឆ្នាំ ២០១៩–២០២០ ដែលបានដំណើការ ២ ថ្ងៃ កន្លងមកនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតី ទទួលខុសត្រូវ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ។ ទន្ទឹមនេះ ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សហគមន៍អន្តរជាតិ និងសហគមន៍មូលដ្ឋាន ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានស្រាវជ្រាវអភិវឌ្ឍ និង ផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មដល់បងប្អូនកសិករយើង ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានសន្ទុះទៅមុខ និងទទួលបានជោគជ័យប្រកបដោយមោទនភាព។ តាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យកសិកម្មឆ្នាំ ២០១៨-២០១៩ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ផលិតផលស្រវូសរុបសម្រេច បានក្នុងបរិមាណ ១០,៨៧ លានតោន កើនលើសឆ្នាំមុនប្រមាណ ៣,៣៧% និងអតិរេកស្រូវមានចំនួនជាង ៥,៨លានតោន ឬ គិតជាអង្ករស្មើនឹងជាង ៣,៧ លានតោន។ ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗទៀតសម្រចបាន ១៦,៧ លានតោន កើនលើសឆ្នាំមុន ប្រមាណ ២% ជាពិសេសផលិតកម្មកៅស៊ូមានកំណើនរហូតដល់ ១៤% ផលិតកម្មសត្វ ៣,៤% និងវារីវប្បកម្មកើនប្រមាណ ២២,៤% ធៀបនឹងឆ្នាំមុន។ ទន្ទឹមនេះការប្រើប្រាស់គ្រឿងយន្តកសិកម្មក្នុងការភ្ជួររាស់សម្រាប់ស្រូវវស្សា មានការកើនឡើងប្រមាណជាង ៩៦% ដែលនេះជាជោគជ័យសម្រាប់វិស័យកសិកម្មកម្ពុជា។ ដូច្នេះ ការជំរុញកំណើនវិស័យកសិកម្មនៅតែជាគោលដៅចម្បង ដើម្បីធានាសន្តិសុខស្បៀង ឤហារូបត្ថម្ភ និងការនាំចេញ។ ដោយឡែក ផលិតកម្មដំណាំកសិ-ឧស្សាហកម្មកម្ពុជាមានការកើនឡើងខ្ពស់ដោយផ្អែកលើការកើនឡើងនៃតម្រូវការទីផ្សារអន្តរជាតិ ព្រមទាំងការកើនឡើងនៃការវិនិយោគលើផ្នែកកសិ-ឧស្សា​ហកម្ម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានបន្តអនុវត្តផែនការរយៈពេលមធ្យម និងវែងដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ដោយមានការចូលរួម ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍ។ ម៉្យាងទៀត រាជរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនកសិករ តាមរយៈការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចជនបទ ការលើកកម្ពស់ផលិតភាពកសិកម្ម ការធ្វើអន្តរាគមន៍ផ្ទាល់របស់រដ្ឋ នៅពេលដែលថ្លៃស្រូវ-អង្ករប្រឈមនឹងការធ្លាក់ចុះនៅលើទីផ្សារអន្តរជាតិ ឬ ត្រូវទប់ថ្លៃកុំឱ្យធ្លាក់ចុះហួសពីថ្លៃទីផ្សារ ដើម្បីជួយបងប្អូនប្រជាកសិករឤចបន្តការដាំដុះដំណាំស្រូវបានជាធម្មតា។ ការអភិវឌ្ឍវិស័យកសិកម្ម គឺជាកាតព្វកិច្ចសំខាន់របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងតួនាទីវិស័យ​កសិ​កម្ម បង្កើតការងារធានា សន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍជនបទ។ ជារួម វិស័យកសិកម្មបានផ្តល់ឱកាសការងាររហូតដល់ ៤១,៥% ប៉ុន្តែទន្ទឹមនេះ យើងក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ ដូច្នេះ ខ្ញុំសូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តបន្តទៀតនូវកាតព្វកិច្ចជាមូលដ្ឋាន ដូចខាងក្រោម៖ ទី១·…