អនុសាសន៍ ១១ ចំណុច ដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

នៅព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៨ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ១១ ចំណុច ក្នុងការចូលរួមអភិវឌ្ឍន៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីរួមមាន៖ ១) ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងសង្គមស៊ីវិល បន្តផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងឯកសារពាក់ព័ន្ធ តាមព្រះរាជានុសាសន៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងបន្តចុះតាមដានការអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានា ដើម្បីលើកអនុសាសន៍ជូនរាជរដ្ឋាភិបាល។ គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។ ២) ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវបន្តចុះសិក្សាស្វែងយល់អំពីឧបសគ្គរារាំងក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ស្ត្រី ដែលមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបន្តសិក្សាស្វែងយល់អំពីគោលការណ៍សំខាន់ៗដែលចាំបាច់សម្រាប់ការពង្រឹងសមត្ថភាពរបស់ស្ត្រី។ ៣) គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ ត្រូវបង្កើនកិច្ចសហការក្នុងការបន្តអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិ ទាក់ទងនឹងផ្នែកមគ្គុទេសន៍ភាព ច្បាប់…