កាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយសមាគមជាតិកាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ចំពោះការបាត់បង់អាយុជីវិតមនុស្សដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏កាចសាហាវ

FN ៖ នៅថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ លោក តាដាតេរូ កូណូអេ (Mr. Tadateru KONOE) ប្រធានសមាគមជាតិ កាកបាទក្រហមជប៉ុន ក៏ដូចជាប្រជាជនជប៉ុននៅទូទាំងប្រទេស ពិសេសក្រុមគ្រួសារនៃសព នៅក្នុងគ្រាដ៏លំបាកនិងទុក្ខសោកដ៏ធំធេង នៃគ្រោះទឹកជំនន់និងការបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានធ្វើឱ្យមនុស្សបាត់ខ្លួន និងស្លាប់បាត់បង់ជីវិតជាច្រើននាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនូវផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើន នៅប៉ែកខាងត្បូង និងខាងលិច នៃប្រទេសជប៉ុន នាចុងសប្តាហ៍កន្លងទៅនេះ ។

គ.ជ.ប ចេញសេចក្តីសម្រេច អនុញ្ញាតឱ្យមាន ភ្ញៀវបរទេសពិសេស ចូលរួមពិនិត្យ ការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចមួយ ដោយអនុញ្ញាតឲ្យមានភ្ញៀវបរទេសពិសេស ចូលរួមពិនិត្យមើលការបោះឆ្នោត។ នេះបើយោងតាម សេចក្តីសម្រេចរបស់ គ.ជ.ប​ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។ បើតាមសេចក្តីសម្រេចគ.ជ.ប ភ្ញៀវបរទេសពិសេសសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨​​ គឺជាគណៈប្រតិភូបរទេស ដែលចូលរួមពិនិត្យមើលការបោះឆ្នោត ប៉ុន្តែពួកគាត់មិនមែនធ្វើឡើង ក្នុងនាម ជាអ្នកសង្កេតការណ៍។ សេចក្តីសម្រេចគ.ជ.ប ដដែល បានបញ្ជាក់ទៀតថា ភ្ញៀវពិសេសដែលមានបំណង មកពិនិត្យមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា ក្នុងរយៈពេលខ្លី ត្រូវធ្វើលិខិតជូនដំណឹងមកគ.ជ.ប ឬតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន បង្ហាញមូលហេតុចម្បងចំនួន៦ ដែលនាំឲ្យពលរដ្ឋខ្មែរគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលុប

FN ៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមូលហេតុចម្បងចំនួន៦ ដែលនាំគណបក្សដឹកនាំរាជរដ្ឋាភិបាលមួយនេះ ទទួលបានការគាំទ្រច្រើនលើសលុបពីប្រជាពលរដ្ឋ។ មូលហេតុចម្បងទាំង៦ ដែលសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅទំព័រ Facebook នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះរួមមាន៖ ១៖ ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ។ ២៖ ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ៣៖ ជាគណបក្សដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស។ ៤៖ ជាគណបក្សដែលផ្តល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ។ ៥៖ ជាគណបក្សដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតមកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់។ ៦៖ ជាគណបក្សតែ១គត់ដែលដែលសម្បូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ឋភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនយូរអង្វែង។ ជាមួយការបង្ហាញមូលហេតុចម្បងទាំង៧នេះហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាំវនាវប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕