សេចក្តីដកស្រង់ប្រសាសន៍ បញ្ចុះខណ្ឌសីមាព្រះវិហារ សម្ពោធឆ្លងសមិទ្ធផលនានា វត្តព្រះឥន្ទសាមគ្គីធម៌ និងស្រោចស្រពសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិ

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី ប៊ួ គ្រី សម្ដេចព្រះសង្ឃរាជនៃគណៈធម្មយុត្តនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួម ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ រីករាយដែលបានធ្វើពិធី២ជាមួយគ្នាតែម្ដង ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានរួមគ្នាជាមួយសម្ដេចព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គនិងបងប្អូនជនរួ​​មជាតិ ដើម្បីធ្វើពិធី ២ ជាមួយគ្នាតែម្ដង។ ទី១ គឺការបញ្ចុះខណ្ឌសីមា សម្រាប់ព្រះវិហារនិងសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលនានា ហើយទី២ ការស្រោចស្រពសុគន្ធវារីសម្រាប់សម្ដេចព្រះពុទ្ធាចារ្យ ទូច សុខវោហា និងសម្ដេចព្រះមង្គល ទេព្វាចារ្យ វង្ស អនត្តា ខ្ញុំព្រះករុណាខ្ញុំ មិនសូវពូកែទេរឿងបាលីសំស្ក្រឹតនេះ។ ហើយអាចនៅមានកម្មវិធីទី ៣ ទៀត នោះប្រហែលជាខ្ញុំព្រះករុណាខ្ញុំ ជំពាក់ត្រូវប្រកាសដើម្បីកសាងបន្ថែមនូវសមិទ្ធផលនៅក្នុងទីអារាមនេះ។ ទម្លាប់ធ្វើបុណ្យធ្វើទានជ្រើសយកខ្នើតល្អជាងរនោច ជាការគាប់ជួនដំបូង ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេនបន្តិច ទាក់ទិនជាមួយថាហេតុអ្វីបានជាជ្រើសរើសប្រញាប់ប្រញាល់ក្នុងការធ្វើពិធីបញ្ចុះសីមានៅក្នុងពេលនេះ។ កាលនៅវត្តបុទុមវត្តីនោះ ខ្ញុំព្រះករុណាខ្ញុំ បានជួបសម្ដេច​ដែលជាព្រះចៅអធិកាវត្តនេះ ក្នុងពេលនោះគឺសម្ដចព្រះអភិសុគន្ធាធិបតីមិនបាននៅទេ ក៏បានផ្ដាំផ្ញើថា គួរតែធ្វើពិធីនេះនៅក្នុងឆ្នាំនេះតែម្ដង ប្រសិនបើពន្យារពេលបន្តិចទៀត គឺនឹងចូលព្រះវស្សាហើយ។ ម្យ៉ាងទៀតគឺក្នុងគោរមងារជាសម្ដេច ក៏មិនទាន់ស្រោចស្រពសុគន្ធវារីអោយបានត្រឹមត្រូវ គេហៅថាតាមរបៀបជាទម្លាប់ធ្លាប់ធ្វើនោះនៅឡើយ។…