រដ្ឋមន្ត្រី ថោង ខុន អះអាងថា ៣ខែទៀត នឹងមានជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ី មកកម្ពុជា

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រហែលរយៈពេល៣ខែទៀត (ខែកក្កដា) នឹងមានជើងហោះហើរពីឥណ្ឌូណេស៊ីត្រង់មកកម្ពុជា ដែលប្រទេសនេះ ក៏ជាទីផ្សារទេសចរណ៍ធំមួយ នៅអាស៊ីអាគ្នេយ៍ផងដែរ។ លោករដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីបុណ្យភូមិ CATA ខួបអនុស្សាវរីយ៍២២ឆ្នាំ ដែលរៀបចំដោយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នារាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ ដោយគាំទ្រប្រសាសន៍របស់លោករដ្ឋមន្ត្រី ថោង ខុន, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA បានបញ្ជាក់ថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំនូវផែនការអនុវត្តបន្តរបស់ខ្លួន រួមមាន ការផ្តោតសំខាន់លើវគ្គបណ្តុះបណ្តាលជាច្រើនដល់សមាជិក ដើម្បីចូលរួមក្នុងការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទេសចរណ៍ ដែលផ្តល់សេវាកម្មទេសចរណ៍ចូលក្នុងស្រុក និងទេសចរណ៍ចេញទៅក្រៅប្រទេស និងភ្នាក់ងារទេសចរណ៍នានា។ សមាគមក៏បានការជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទៅទស្សនាទីកន្លែងកម្សាន្តថ្មីៗផងដែរ ក្នុងនោះសមាគមនឹងចូលរួមបង្កើនការរៀបចំនូវ Famtrip ក្នុងការស្វែងយល់អំពីតំបន់ទេសចរណ៍ថ្មី ដើម្បីបង្កើតនូវកញ្ចប់ទស្សនកិច្ច និងពង្រីកនូវខែ្សទស្សនកិច្ចដែលកំពុងបម្រើសេវាកម្ម។ លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជានឹងទទួលបាន ទេសចរអន្តរជាតិចំនួន ៦.១លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ៧លាននាក់ ឆ្នាំ២០២០ ជាមួយនឹងចំណូលប្រមាណ៥ពាន់លានដុល្លារ…

រដ្ឋមន្រ្តីការបរទេសជប៉ុន ជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក្រោយមកដល់កម្ពុជា

FN ៖ នៅវេលាម៉ោង១០៖១០នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ​ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុន បានចាប់ផ្តើមជួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅវិមានសន្តិភាព ក្រោយពេលមកដល់កម្ពុជា។ លោក តារ៉ូ កូណូ (Taro Kono) បានមកដល់កម្ពុជា នៅវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៨ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ។ ទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងជប៉ុន និងការចុះហត្ថលេខាការលើជំនួយ ៩.៧១៦លានយ៉េន (ប្រមាណជាង៩០លានដុល្លារអាមេរិក) ដល់កម្ពុជា។ ក្រោយពេលបញ្ចប់ជំនួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន, លោករដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនថ្មីថ្មោងរូបនេះ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបន្ទាប់ពីនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក តារ៉ូ…

គ.ជ.ប ចេញប្រកាសជាផ្លូវការ កំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតតំណាងរាស្ដ្រ នីតិកាលទី៦ និងបង្ហាញអាសនៈ​តាមមណ្ឌលនីមួយៗ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ កំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជាថ្ងៃបោះឆ្នោតតំណាងរាស្ដ្រ នីតិកាលទី៦ និងបង្ហាញពីអាសនៈ​តាមមណ្ឌលនីមួយៗ​ ទូទាំងរាជធានីខេត្ត​។ ​ សូមជម្រាបថា បើតាមគ.ជ.ប អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតនេះ ត្រូវមានបណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។ ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានទាំងអស់ ត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ដែលផ្ដល់ជូនដោយឥតគិតថ្លៃ នៅនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ឞ ដែលមានអាស័យដ្ឋាន៖ https://www.necelect.org.kh/khmer/content/3062។