សពកងកម្លាំងមួកខៀវកម្ពុជា ៤រូប ដែលពលីជីវិតនៅអាហ្រ្វិកកណ្តាល បានមកដល់មាតុភូមិវិញហើយ ក្រោមភាពសោកសៅយ៉ាងក្រៃលែង

FN ៖ សពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាក្រោមទង់អង្គការសហប្រជាជាតិ ៤រូប ដែលបានពលីជីវិតព្រោះតែការបាញ់ប្រហាររបស់ក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាលនោះ បានដឹកមកដល់កម្ពុជាវិញហើយនៅម៉ោង ៨យប់ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមសម្រែកនៃភាពសោកសៅ យ៉ាងក្រៃលែងពីក្រុមគ្រួសារ និងថ្នាក់ដឹកនាំប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធដទៃទៀត។ ដំណើរមកដល់នៃសពរបស់កងកម្លាំងមួកខៀវកម្ពុជាទាំង ៤រូប ត្រូវបានធ្វើពិធីទទួលប្រកបដោយកិត្តិយសខ្ពង់ខ្ពស់បំផុតក្រោមការទទួល ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមគ្រួសារ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផ្សេង ទៀត។ វត្តមានអ្នកដែលមកទទួលសពកងកម្លាំងទាំង ៤រូបនេះនៅឯព្រលានយន្តហោះពិសេសនេះ មិនថាតែក្រុមគ្រួសារ និងសាច់ញាតិនោះទេ ដែលបានសម្តែងការ សោកសង្រេងអាឡោះអាល័យចំពោះការបាត់បង់សាច់ញាតិរបស់ខ្លួន ដែលជាកូន ជាស្វាមី ជាឪពុកដ៏ឧត្តុង្គឧត្តមរបស់ខ្លួននោះ សូម្បីតែប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកចូលរួមដទៃទៀតសុទ្ធតែ បានសម្តែងក្តីស្តាយស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់នូវកុលបុត្ររបស់ខ្មែរទាំង៤រូបនេះ។ បន្ទាប់ពីពិធីទទួលនេះទៅ…