FN ៖ សពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាក្រោមទង់អង្គការសហប្រជាជាតិ ៤រូប ដែលបានពលីជីវិតព្រោះតែការបាញ់ប្រហាររបស់ក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាលនោះ បានដឹកមកដល់កម្ពុជាវិញហើយនៅម៉ោង ៨យប់ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមសម្រែកនៃភាពសោកសៅ យ៉ាងក្រៃលែងពីក្រុមគ្រួសារ និងថ្នាក់ដឹកនាំប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធដទៃទៀត។
ដំណើរមកដល់នៃសពរបស់កងកម្លាំងមួកខៀវកម្ពុជាទាំង ៤រូប ត្រូវបានធ្វើពិធីទទួលប្រកបដោយកិត្តិយសខ្ពង់ខ្ពស់បំផុតក្រោមការទទួល ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមគ្រួសារ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផ្សេង ទៀត។
វត្តមានអ្នកដែលមកទទួលសពកងកម្លាំងទាំង ៤រូបនេះនៅឯព្រលានយន្តហោះពិសេសនេះ មិនថាតែក្រុមគ្រួសារ និងសាច់ញាតិនោះទេ ដែលបានសម្តែងការ សោកសង្រេងអាឡោះអាល័យចំពោះការបាត់បង់សាច់ញាតិរបស់ខ្លួន ដែលជាកូន ជាស្វាមី ជាឪពុកដ៏ឧត្តុង្គឧត្តមរបស់ខ្លួននោះ សូម្បីតែប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកចូលរួមដទៃទៀតសុទ្ធតែ បានសម្តែងក្តីស្តាយស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់នូវកុលបុត្ររបស់ខ្មែរទាំង៤រូបនេះ។
បន្ទាប់ពីពិធីទទួលនេះទៅ សពវីរៈយុទ្ធជនខ្មែរទាំង៤រូបនេះ ត្រូវបានបញ្ជូនទៅរៀបចំធ្វើពិធីបុណ្យនៅតាមគេហដ្ឋានរៀងៗខ្លួននៅក្នុងរាជធានីភ្នំពេញ សៀមរាប ពោធិ៍សាត់ និងខេត្តស្វាយរៀង ដោយមានការហែរហមតាមផ្លូវដោយកម្លាំងអាវុធហត្ថជាច្រើននាក់ និងកម្លាំងនគរបាលផងដែរ។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជា បម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនោះរួមមាន៖ អនុសេនីយ៍ទោ អ៉ឹម សំ អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប, អនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៥ឆ្នាំ មានលំនៅឋានក្នុងខេត្តកំពត និងលោកព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបាត់បង់ជីវិតរបស់កងកម្លាំងទាំង ៤រូបនេះ គឺជាការបាត់បង់ដ៏ធំធេងមួយរបស់ជាតិមាតុភូមិ ហើយបានចាត់ទុកការពលី របស់ពួកគេ ជាការពលីប្រកបដោយកិត្តិយសសម្រាប់ជាតិមាតុភូមិ។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានប្រកាសដែរថា ការពលីរបស់កងកម្លាំងកម្ពុជាទាំង៤រូបនេះ នឹងមិនធ្វើឲ្យកម្ពុជារាថយក្នុងការប្រយុទ្ធ ជាមួយអំពើភេរកម្ម នោះឡើយ ហើយកម្ពុជា នឹងបន្តជំរុញ និងចូលរួមកាន់តែខ្លាំងក្លាថែមទៀតជាមួយអង្គការសហប្រជាជាតិក្នុងបេសកម្ម ស្វែងរកសុខសន្តិភាព ជូនមនុស្សជាតិលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ឲ្យរៀបចំពិធីបុណ្យជូនសពវីរៈយុទ្ធជនទាំង ៤រូបឲ្យបានអធិក អធមសមនិងមហាកិត្តិយសរបស់ពួកគេផងដែរ។
បើតាមលោក សែម សុវណ្ណី អគ្គនាយក នៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់មិនទាន់ផ្ទុះ បានឲ្យដឹងថា សពវីរៈយុទ្ធជនទាំង ៤រូប នឹងទទួលបានសំណងប្រមាណ ៧ម៉ឺនដុល្លារក្នុងមួយសពពីអង្គការសហប្រជាជាតិ។ ការប្រគល់សំណងជូន ក្រុមគ្រួសារសព នឹងធ្វើឡើងនៅ ក្រសួងការបរទេសកម្ពុជា ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស នៅពេលសមស្របណាមួយ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាអ្នកដែលបានសម្រេចចិត្តដោយផ្ទាល់ក្នុងការបញ្ជូនកងកម្លាំងរបស់កម្ពុជា ដើម្បីចូលរួមរក្សាសុខសន្តិភាពនៅតាមបណ្តាប្រទេសមានវិបត្តិដោយសារភ្លើងសង្រ្គាមក្រោមទង់របស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦។ ការសម្រេចចិត្តចាត់បញ្ជូនកងទ័ពកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពនាពេលនោះ គឺជាការឆ្លើយតបទៅតាមការអំពាវនាវរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយត្រូវបានធ្វើឡើង ខណៈដែលកម្ពុជាខ្លួនឯងកំពុងប្រឈមនិងបញ្ហាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងធ្ងន់ធ្ងរនៅឡើយ។
សម្តេចតេជោធ្លាប់បានបញ្ជាក់ថា ការសម្រេចនោះ គឺជាការសម្រេចដ៏សំខាន់មួយដែលរូបសម្តេចផ្ទាល់ជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្តប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។ សម្តេចតេជោ ក៏ធ្លាប់បានបញ្ជាក់ដែរថា ក្នុងឋានៈជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ជាពិសេសក្នុងនាមជាប្រទេសមួយដែលបានឆ្លងកាត់សង្រ្គាមបំផ្លិចបំផ្លាញដ៏រ៉ាំរ៉ៃ កម្ពុជាចំាបាច់ត្រូវតែខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ដើម្បីទៅរួមចំណែកសម្រាលទុក្ខលំបាកជួយដល់ប្រទេសផ្សេង ដែលកំពុងប្រឈមនិងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះដូចកម្ពុជាដែរ។ នេះគឺជាការសម្រេចចិត្តមួយដែលឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាមិនត្រឹមតែគិតគូរអំពីប្រជាជាតិខ្លួននោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកគិតគូរដល់សុខទុក្ខប្រជាជាតិផ្សេងទៀតនៅលើពិភពលោក។ ជាឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការសំដែងសាមគ្គីភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្ធហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក។
បន្ទាប់ពីការសម្រេចចិត្តដ៏លំបាកនេះនេះ កាលពី ១១ឆ្នាំមុន ពោលគឺថ្ងៃដែលកងទ័ពកម្ពុជាចេញទៅបំពេញបេសកកម្មរក្សសន្តិភាពលើកដំបូងនៅប្រទេសស៊ូដង់ សម្តេចបានជូនដំណើរដល់កងវរសេនាធំបោសសម្អាតមីនកម្ពុជា ដោយផ្ទាល់។ បេសកកម្មជាលើកដំបូងបង្អស់របស់កងទ័ពមួកខៀវកម្ពុជានាពេលនោះ បានបើកទំព័រប្រវត្តិសាស្រ្តនៃការរួមចំណែករបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
កិនាយឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់មិនទាន់ផ្ទុះបានថ្លែងឲ្យដឹងថា កិច្ចការបញ្ជូនកងកម្លាំងនេះ បានវិវឌ្ឍន៍ជាបន្តបន្ទាប់ឥតឈប់ឈរដោយបានចាប់ផ្តើមពីកងបោសសម្អាតមីនមានចំនួនត្រឹម ១៣៥នាក់នៅប្រទេសស៊ូដង់កាលពីឆ្នាំ២០០៦ មកដល់ពេលបច្ចុប្បន្ន កម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពបាន ៤,៦៨៩នាក់ ហើយ។
បើនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជាមធ្យមក្នុងមួយឆ្នាំកម្ពុជា បញ្ជូនកងកម្លាំង ៨០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅតំបន់អាហ្រ្វិក មជ្ឈិមបូព៌ា និងអឺរ៉ុបពោលគឺនៅស៊ូដង់ ,ស៊ូដង់ខាងត្បូង, ឆាដ, សាធារណរដ្ឋអាហ្រ្វិកកណ្តាល, លីបង់, ស៊ីរី, ម៉ាលី និង នៅលើកោះស៊ីប៕