​ធ្វើជាអ្នកជិតខាងល្អ និងមិត្តភ័ក្តិពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នា

AKP៖ ភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៦ –ដោយតបតាមសេចក្តីអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជា ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា។ នេះជាលើកដំបូងដែលខ្ញុំទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាំងពីខ្ញុំឡើងកាន់តំណែងជាប្រធានាធិបតី ចិនមក ដូច្នេះខ្ញុំពោរពេញទៅដោយការរំពឹងទុកចំពោះដំណើរទស្សនកិច្ចលើកនេះ។ ប្រទេសកម្ពុជាគឺជាតំបន់ដ៏សំខាន់នៅតាមផ្លូវសូត្រលើសមុទ្រនាសម័យបុរាណ ហើយប្រកបដោយវប្បធម៌ ប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ និងយូរអង្វែងក៏ដូចជាវប្បធម៌ខ្មែរ ដែលប្រកបដោយលក្ខណៈពិសេស។ ប្រជាជន កម្ពុជាដែលប្រកបដោយភាពឧស្សាហ៍ព្យាយាម និងមានប្រាជ្ញាឈ្លាសវៃដោយបានកសាងអង្គរវត្តដែលជា អច្ឆរិយវត្ថុដ៏មានកម្លាំងទាក់ទាញសំណង់ដ៏មហិមា និងចម្លាក់លាន ក៏ដូចជាគំនូរជញ្ជាំងដ៏ល្អប្រណីតបានធ្វើ ឲ្យ អ្នកផងកោតស្ងប់ស្ងែងយ៉ាងខ្លាំងដែលបានបន្សល់ទុកនូវទំព័រមិនចេះសាបសូន្យ នៃប្រវត្តិសាស្រ្តអរិយធម៌ របស់មនុស្សជាតិ។ ក្រោយពីបានឈានចូលសតវត្សរ៍ទី ២១ បុព្វហេតុកសាងប្រទេសជាតិរបស់ប្រទេសកម្ពុជា បានឈានឡើង​ដល់កម្រិតថ្មីឥតឈប់ឈរ ហើយកម្រិតនៃជីវភាពរស់នៅរបស់ប្រជាជន ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់​ផងដែរ ដូច្នេះអនាគតរបស់ប្រទេសកម្ពុជា គឺគួរជាទីរំពឹងទុក។ ប្រទេសចិន និងប្រទេសកម្ពុជាមានទីតាំងភូមិសាស្រ្តនៅជិតគ្នា វប្បធម៌ស្រដៀងគ្នា ហើយចំពោះការប្រាស្រ័យ ទាក់ទងដោយមេត្រីភាពរវាងប្រទេសទាំង ២ មានប្រវត្តិសាស្រ្តជាង ១០០០ ឆ្នាំ។ ឆ្លងតាមរយៈផ្លូវសូត្រតាម សមុទ្រ គ្រឿងកុម្ភៈការភ័ណ្ឌ និងគ្រឿងព័រសឺឡែនរបស់ប្រទេសចិន ព្រមនិងគ្រឿងក្រអូប…