AKP៖ ភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៦ –ដោយតបតាមសេចក្តីអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជា ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា។
នេះជាលើកដំបូងដែលខ្ញុំទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាំងពីខ្ញុំឡើងកាន់តំណែងជាប្រធានាធិបតី ចិនមក ដូច្នេះខ្ញុំពោរពេញទៅដោយការរំពឹងទុកចំពោះដំណើរទស្សនកិច្ចលើកនេះ។
ប្រទេសកម្ពុជាគឺជាតំបន់ដ៏សំខាន់នៅតាមផ្លូវសូត្រលើសមុទ្រនាសម័យបុរាណ ហើយប្រកបដោយវប្បធម៌ ប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ និងយូរអង្វែងក៏ដូចជាវប្បធម៌ខ្មែរ ដែលប្រកបដោយលក្ខណៈពិសេស។ ប្រជាជន កម្ពុជាដែលប្រកបដោយភាពឧស្សាហ៍ព្យាយាម និងមានប្រាជ្ញាឈ្លាសវៃដោយបានកសាងអង្គរវត្តដែលជា អច្ឆរិយវត្ថុដ៏មានកម្លាំងទាក់ទាញសំណង់ដ៏មហិមា និងចម្លាក់លាន ក៏ដូចជាគំនូរជញ្ជាំងដ៏ល្អប្រណីតបានធ្វើ ឲ្យ អ្នកផងកោតស្ងប់ស្ងែងយ៉ាងខ្លាំងដែលបានបន្សល់ទុកនូវទំព័រមិនចេះសាបសូន្យ នៃប្រវត្តិសាស្រ្តអរិយធម៌ របស់មនុស្សជាតិ។
ក្រោយពីបានឈានចូលសតវត្សរ៍ទី ២១ បុព្វហេតុកសាងប្រទេសជាតិរបស់ប្រទេសកម្ពុជា បានឈានឡើងដល់កម្រិតថ្មីឥតឈប់ឈរ ហើយកម្រិតនៃជីវភាពរស់នៅរបស់ប្រជាជន ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ផងដែរ ដូច្នេះអនាគតរបស់ប្រទេសកម្ពុជា គឺគួរជាទីរំពឹងទុក។
ប្រទេសចិន និងប្រទេសកម្ពុជាមានទីតាំងភូមិសាស្រ្តនៅជិតគ្នា វប្បធម៌ស្រដៀងគ្នា ហើយចំពោះការប្រាស្រ័យ ទាក់ទងដោយមេត្រីភាពរវាងប្រទេសទាំង ២ មានប្រវត្តិសាស្រ្តជាង ១០០០ ឆ្នាំ។ ឆ្លងតាមរយៈផ្លូវសូត្រតាម សមុទ្រ គ្រឿងកុម្ភៈការភ័ណ្ឌ និងគ្រឿងព័រសឺឡែនរបស់ប្រទេសចិន ព្រមនិងគ្រឿងក្រអូប និងគ្រឿងក្រមួនរបស់ កម្ពុជាជាដើមត្រូវបានផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់រវាងប្រជាជននៃគូភាគី។
ចម្លាក់លើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញពីទិដ្ឋភាពដ៏រស់រវើក នៃការប្រាស្រ័យទាក់ទងគ្នា រវាងពាណិជ្ជករ ចិន និងប្រជាជនកម្ពុជាកាលពីសម័យបុរាណ។ ពីសតវត្សរ៍ទី ៥ ដល់ទី ៦ ក្នុងសម័យកាលរជ្ជកាលខាងត្បូង និងខាងជើងនៃប្រទេសចិន ព្រះសង្ឃរាជ ៣ អង្គមានព្រះនាមសង្ឃវរ្ម័ន មណ្ឌល និងសុភូតិបាននិមន្តទៅផ្សព្វផ្សាយព្រះធម៌នៅប្រទេសចិនជាបន្តបន្ទាប់។
លោក ជីវតាក្វាន់ ប្រេសិតនៃសម័យរជ្ជកាលយាន់ ប្រទេសចិន បានទៅដល់ប្រទេសកម្ពុជា និងបាននិពន្ធសៀវភៅ មានចំណងជើងថា ”ប្រពៃណី និងទំនៀមទម្លាប់អ្នកស្រុកចេនឡា” ដែលបានកត់ត្រាអំពីប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និងការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រជាជន នៃប្រទេសទាំងពីរចិន និងកម្ពុជា។
លោក ហ្សឹងហឺ (Zheng He) នាវិកក្នុងសម័យរជ្ជកាលមីង ប្រទេសចិន បានស្នាក់នៅប្រទេសកម្ពុជាជាច្រើន លើកនៅពេលធ្វើនាវាចរណ៍លោកបាននិយាយថា ‹‹នៅទីនេះមានអាកាសធាតុក្តៅ ជាប់ស្រែចំការទទួលបាន ផលច្រើន ស្ងោរទឹកសមុទ្រធ្វើជាអំបិល ប្រពៃណីទំនៀមទម្លាប់សំបូរបែប។›› វិហារសាមប៉កុង ដែលស្ថិតនៅ ជាយក្រុងកំពង់ចាមមានគេទៅអុជធូបជាប់មិនដាច់ ដែលបានពិពណ៌នាអំពីចំណងនិស្ស័យកាត់មិនដាច់រវាង ប្រជាជននៃប្រទេសទាំងពីរ។ កម្ពុជាមានសុភាសិតមួយឃ្លានិយាយថា ទំនុកចិត្តប្រៀបដូចជាដើមឈើ។ មិត្តភាពប្រពៃណីរវាងប្រទេសចិន និងប្រទេសកម្ពុជា បានឆ្លងកាត់ពេលវេលាដ៏យូរអង្វែង និងការសាកល្បងនៃ ការប្រែប្រួលលើផ្ទៃអន្តរជាតិ ដែលបានចាក់ឬសយ៉ាងជ្រៅ និងមានមែកធាងយ៉ាងត្រសុំត្រសាយ ដែលនេះគឺបាន មកពីការពូនជ្រុំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ។
នៅឆ្នាំ ១៩៥៨ ប្រទេសចិន និងកម្ពុជា បានបង្កើតទំនាក់ទំនងផ្លូវទូតជាផ្លូវការ ទំនាក់ទំនងរវាងប្រទេសទាំង ២ បានចាប់បើកនូវទំព័រប្រវត្តិសាស្រ្តថ្មី។ ៥៨ ឆ្នាំ កន្លងមក ថ្នាក់ដឹកនាំនៃជំនាន់មុនៗរបស់ប្រទេសទាំង ២ បាន ប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធបង្កើតជាចំណងមិត្តភាពដ៏ជ្រាលជ្រៅ។
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាវីរៈក្សត្រកម្ពុជាទ្រង់ធ្លាប់មានព្រះរាជបន្ទូល ដែលពោរពេញទៅដោយមនោសញ្ចេតនាថា មិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងចិន ហាក់ដូចជា បុបា្ផស្រស់មួយទងដែលមិនចេះរុះរោយ និងរីកស្គុះស្គាយជាអមតៈក្រោមផ្ទៃមេឃដ៏ភ្លឺស្រឡះ។ នេះគឺជាការឆ្លុះ បញ្ចាំងដ៏ពិតប្រាកដអំពីចំណងមេត្រីភាពរវាងចិន និងកម្ពុជា។
ឈានចូលក្នុងសម័យកាលថ្មី មិត្តភាពរវាងចិន និងកម្ពុជារឹតតែមានភាពរឹងមាំ ព្រមនិងទទួលបន្ត និងផ្សាយ ទូលាយ ជាបន្តបន្ទាប់។ ប្រទេសទាំង ២ មានការជឿទុកចិត្តគ្នាកម្រិតខ្ពស់លើផ្នែកនយោបាយ បានផ្តល់ផល ប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះ លើវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការដែលស្វែងរកភាពប្រាកដប្រជាលើ គ្រប់វិស័យទទួលបានផ្លែផ្កាដ៏ស្តុកស្តម្ភ ហើយបានរក្សាការប្រាស្រ័យទាក់ទង និងការសម្របសម្រួលយ៉ាងជិត ស្និទ្ធលើផ្នែកកិច្ចការអន្តរជាតិ និងតំបន់ អាចនិយាយបានថាគឺជាគំរូនៃប្រទេសជាសមភាគី និងធ្វើកិច្ចសហ- ប្រតិបត្តិការដោយស្មោះត្រង់។
ឆ្នាំ ២០១០ ប្រទេសទាំង ២ បានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងទ្វេភាគីបានឈានចូលសម័យកាលថ្មី។ ប្រទេសចិន និងកម្ពុជាមានភាពស៊ីសង្វាក់គ្នាកម្រិតខ្ពស់ លើទស្សនៈអភិវឌ្ឍប្រទេសជាតិ បានឯកភាពគ្នាលើការពន្លឿនការតភ្ជាប់គ្នារវាងសេចក្តីផ្តួចផ្តើមអំពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយ និងផ្លូវមួយ និងយុទ្ធសាស្រ្តចតុកោណ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគី និងការបណ្តាក់ទុនទៅវិញទៅមក បានរក្សានិន្នាការកើនឡើងយ៉ាងខ្លាំង ប្រទេសចិនបានក្លាយទៅ ជាដៃគូពាណិជ្ជកម្មធំទី ១ និងប្រទេសជាប្រភពបណ្តាក់ទុនធំទី ១ របស់ប្រទេសកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៥ បានលើសពី ៤៤០០ លានដុល្លារអាមេរិក។
ប្រទេសចិន និងប្រទេសកម្ពុជាជាមិត្តភ័ក្តិល្អដ៏ស្មោះត្រង់។ នៅលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាស្នូលរបស់គូភាគី និងបញ្ហាដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ប្រទេសទាំង ២ បានរួមសុខរួមទុក្ខ និងជួយយកអាសាគ្នា។ នៅក្នុងការតស៊ូប្រយុទ្ធដើម្បីដណ្តើមឯករាជ្យជាតិ និងការរំដោះជនជាតិ ក៏ដូចជាការ គាំពារសុខសន្តិភាពរបស់ប្រទេសកម្ពុជា ប្រទេសចិនបានផ្តល់ការគាំទ្រយ៉ាងមុតមាំ និងជួយជ្រោមជ្រែងដល់ កម្ពុជា។ នៅទសវត្សរ៍ឆ្នាំ ៩០ នៃសតវត្សរ៍មុន ប្រទេសចិនបានចាត់បញ្ជូនកងទ័ពវិស្វកម្មចំនួនជាង ៨០០ នាក់ ឲ្យទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅកម្ពុជា។
ក្នុងអំឡុងពេល ១៨ ខែពួកគេបានបញ្ចប់ភារកិច្ចកសាង និងស្តារឡើងវិញនូវព្រលានយន្តហោះចំនួន ៣ ក្នុង នោះ មានព្រលានយន្តហោះអន្តរជាតិភ្នំពេញជាដើម ព្រមនិងផ្លូវជាតិ ៤ ខ្សែមានប្រវែងសរុបជាង ៦៤០ គីឡូម៉ែត្រ និងបានកសាង និងស្តារឡើងវិញនូវស្ពានជាង ៤០ ខ្សែ។ ពួកគេបានបណ្តុះបំប៉នចំណងមិត្តភាពរវាងចិន និងកម្ពុជាដោយឈាមស្រស់ និងញើស។
យើងខ្ញុំមិនអាចបំភ្លេចបានទេ ក្នុងគ្រាដែលប្រទេសចិនថ្មីទើបបង្កើតឡើងបានរងនូវការបំបិទ និងការចាត់ទុក ជាសត្រូវពីប្រទេសជាច្រើន ប្រទេសកម្ពុជាបាននាំមុខក្នុងការបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន។
ក្នុងការតស៊ូប្រយុទ្ធរបស់ប្រទេសចិនដើម្បីរៀបចំឡើងវិញនូវអាសនៈស្របច្បាប់នៅអង្គការសហប្រជាជាតិ ប្រទេសកម្ពុជាបានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិន។ ក្នុងពេលដែលប្រទេសចិនគាំពារយ៉ាងដាច់ ខាត ចំពោះអធិបតេយ្យភាពទឹកដីជាតិ និងសិទ្ធិ និងផលប្រយោជន៍នៃសមុទ្រ ព្រមនិងការខិតខំដោះស្រាយ ជម្លោះតាមការចរចាដោយសន្តិភាព ប្រទេសកម្ពុជាបានប្រកាន់ភាពយុត្តិធម៌ និងបានបញ្ចេញមតិរបស់ខ្លួន ដោយសច្ចធម៌។ នៅពេលខេត្ត SiChuan QingHai និង GanSu ជាដើមរបស់ប្រទេសចិនកើតមានគ្រោះ មហន្តរាយ ធម្មជាតិយ៉ាងធ្ងន់ធ្ងរ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងគ្រប់មជ្ឈដ្ឋាននានារបស់ប្រទេសកម្ពុជា បានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសចិន។ ជនជាតិចិនតែងតែនិយាយថា ក្នុងគ្រាជួបនឹងការលំបាកអាចមើល ឃើញពីមនោសញ្ចេតនាពិតប្រាកដ ចំណែកសុភាសិតខ្មែរបាននិយាយថា មានតែក្នុងគ្រាលំបាកទេ ទើបអាចបែងចែកថា អ្នកណាជាមិត្តភ័ក្តិពិត អ្នកណាជាមិត្តភ័ក្តិក្លែងក្លាយ។
ប្រជាជនចិន និងកម្ពុជាឲ្យតម្លៃលើមនោសញ្ចេតនា និងគោរពតាមពាក្យសន្យា គោរពរាប់អានគ្នាដោយស្មោះ ត្រង់ ចំណងមេត្រីភាពរវាងចិន និងកម្ពុជាបានដក់ជាប់ក្នុងក្រអៅដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។
ប្រទេសចិន និងកម្ពុជាគឺជាអ្នកជិតខាងដ៏ល្អដែលមានមនោសញ្ចេតនាដូចជាបងប្អូន។ ក្នុងដំណើរជំរុញកិច្ច កសាង ប្រទេសជាតិ និងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជន ប្រទេសទាំងពីរបានជួយយកអាសាគ្នាទៅវិញទៅមក។
ប្រទេសចិនបានជួយកម្ពុជាសាងសង់ផ្លូវជាតិខ្សែទី ១ ដែលអាចបើកបររថយន្ត ៤ គ្រឿងក្នុងពេលតែមួយបាន កសាងរោងចក្រស៊ីម៉ង់ទី ១ ស្ថានីយអគ្គិសនីដើរដោយថាមពលភ្លើងទី ១ និងស្ថានីយវារីអគ្គិសនីដែលមានទ្រង់ទ្រាយធំបំផុតរបស់កម្ពុជា។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលរីកចម្រើនយ៉ាងផុសផុល គឺជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ ស្តែងរវាងចិន និងកម្ពុជា។ គិតរហូតដល់ ខែ មិថុនា ឆ្នាំ ២០១៦ សហគ្រាសដែល បានទៅបណ្តាក់ទុននៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមទាំងអស់មានចំនួនដល់ទៅ ១០០ សហគ្រាស បើគិតជាទំហំនៃ ការវិនិយោគ ស្មើនឹង ២៨០ លានដុល្លារអាមេរិកបានដោះស្រាយបញ្ហាការងាររបស់ប្រជាជនកម្ពុជាលើសពី ១ ម៉ឺន ៣ ពាន់ នាក់។
ប្រទេសទាំងពីរបានពង្រីកឧត្តមភាពបំពេញបន្ថែមគ្នាខាងផ្នែកសេដ្ឋកិច្ច ខំប្រឹងប្រែងស្វែងរកសក្តានុពលកិច្ច សហប្រតិបត្តិការខាងវិស័យកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធារាសាស្រ្ត ប្រភពធនធានថាមពល ព័ត៌ មាន និងទូរគមនាគមន៍ជាដើម គឺមានទ្រង់ទ្រាយកាន់តែធំឡើងឥតឈប់ឈរ និងមានកម្រិតកាន់តែខ្ពស់ទៅៗ ហើយ គំរោងសហប្រតិបត្តិការពាក់ព័ន្ធមួយចំនួនទទួលបានសមិទ្ធផលជាជំហានដំបូង។
ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរ ចិន និងកម្ពុជាមានភាពកាន់តែជិតស្និទ្ធជារៀងរាល់ថ្ងៃ បានបន្ថែមកម្លាំងរស់រវើក សម្រាប់ទំនាក់ទំនាក់ទ្វេភាគីឥតឈប់ឈរ។ អ្នកជំនាញខាងបុរាណវត្ថុនៃប្រទេស ចិន បានរស់នៅប្រទេសកម្ពុជាជាយូរឆ្នាំ ដើម្បីការពារ និងជួសជុលប្រាសាទបុរាណអង្គរ ដូចជា ប្រាសាទ ចៅសាយទេវតា និងប្រាសាទតាកែវជាដើម។
អ្នកជំនាញខាងវេជ្ជសាស្រ្តប្រទេសចិនបានទៅកម្ពុជា ដើម្បីជួយព្យាបាលរោគឲ្យប្រជាជនដោយឥតគិតថ្លៃបាន ធ្វើការវះកាត់ខាងជម្ងឺភ្នែកឡើងបាយជូនប្រជាជនកម្ពុជាជាង ១ ពាន់នាក់។ អ្នកជំនាញខាងបច្ចេកទេសកសិ កម្មប្រទេសចិនបានធ្វើដំណើរទៅកាន់ទីជនបទ នៃប្រទេសកម្ពុជាពួកគេជួយបង្រៀនបច្ចេកទេសកសិកម្ម នៅ ពេលថ្ងៃ និងជួយបង្រៀនភាសាចិននៅពេលយប់ទទួលបានការស្វាគមន៍ និងនិយមចូលចិត្តពីប្រជាជន កម្ពុជា។
វិទ្យាស្ថានខុងជឺដែលបានបង្កើតឡើងនៅឆ្នាំ ២០០៩ នៅប្រទេសកម្ពុជាបានវិវឌ្ឍន៍ពីទីតាំងបង្រៀនតែមួយ កន្លែងទៅដល់ ១៤ កន្លែងសិស្សនិស្សិតដែលកំពុងរៀនមានចំនួនលើសពី ១ ម៉ឺន នាក់។ គិតរហូតដល់ឆ្នាំ ២០១៥ រដ្ឋាភិបាលចិនបានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ឲ្យមកបន្តវិជ្ជានៅប្រទេសចិន មាន ចំនួនលើសពី ១០០០ នាក់។ បច្ចុប្បន្ននេះប្រទេសចិន និងកម្ពុជាសុទ្ធតែ ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍជាគន្លឹះ បានប្រឈមនឹងភារកិច្ចដូចគ្នា ដូចជាធ្វើឲ្យកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ពង្រីកការបើក ចំហរចំពោះក្រៅប្រទេស និងកែលំអរចនាសម្ព័ន្ធឧស្សាហកម្មចិន និងកម្ពុជា សុទ្ធតែជាអ្នកជំរុញ និងអ្នកកសាងនៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងកិច្ចសហប្រតិបត្តិការតំបន់។ ឈរលើចំណុចចាប់ផ្តើមថ្មីនៃទំនាក់ទំនងរវាងចិន និងកម្ពុជា ប្រទេសចិននឹងរួមជាមួយប្រទេសកម្ពុជា ធ្វើការខិតខំប្រឹងប្រែង ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ឲ្យសម្រេចបានការអភិវឌ្ឍដោយគ្រប់ស្រទាប់ច្រើនវិស័យ និងស៊ីជម្រៅ ដើម្បីផ្តល់សុខសុភមង្គលកាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ។
-ប្រកាន់ខ្ជាប់ជានិច្ចនូវការកសាងទំនុកចិត្តលើគ្នាផ្នែកនយោបាយឲ្យកាន់តែស៊ីជម្រៅ។ ភាគីចិនរីករាយក្នុង ការរក្សានិន្នាការបំពេញទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមក ជាមួយភាគីកម្ពុជា បង្កើនការប្រាស្រ័យទាក់ទង ជាយុទ្ធសាស្រ្ត សង្ឃឹមថារដ្ឋាភិបាលគណបក្សស្ថាប័ននីតិបញ្ញត្តិខេត្ត និងទីក្រុងនៃប្រទេសទាំងពីរអាចបង្កើន ការប្រាស្រ័យទាក់ទងគ្នា។
ប្រទេសចិននឹងបន្តគាំទ្រប្រទេសកម្ពុជាក្នុងការដើរតាមផ្លូវអភិវឌ្ឍ ដែលសមស្របនឹងស្ថានភាពប្រទេសខ្លួនដូច ពេលមុនៗទៀត គាំទ្រយ៉ាងម៉ឺងម៉ាត់មិនងាករេដល់កម្ពុជា ក្នុងការគាំពារអធិបតេយ្យភាពជាតិ រក្សាស្ថិរភាពក្នុង ប្រទេស និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច។
-ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ឲ្យកាន់តែស៊ីជម្រៅ។ ភាគីចិនរីក រាយក្នុងការបង្កើនការតភ្ជាប់ខាងយុទ្ធសាស្រ្តអភិវឌ្ឍជាមួយភាគីកម្ពុជា ដើម្បីបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការ ស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយ និងផ្លូវមួយ ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពទៅតាមសភាពជាក់ស្តែង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មាន និង ទូរគមនាគមន៍ជាដើម ឲ្យទទួលបានសមិទ្ធផលជាក់ស្តែង។ ភាគីចិនរីករាយក្នុងការចាត់វិធានការដើម្បីពង្រីក ការនាំចូលពីប្រទេសកម្ពុជា ក្នុងន័យពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។
-បង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងម៉ឺងម៉ាត់មិនងាករេ។ ប្រទេសចិនគាំទ្រ ប្រទេសកម្ពុជាឲ្យដើរតួនាទីដ៏សំខាន់ ក្នុងកិច្ចការតំបន់ក្នុងឋានៈជាសមាជិកសំខាន់ នៃសមាគមអាស៊ាន រីករាយ រួមជាមួយភាគីកម្ពុជា បង្កើនការសម្របសម្រួល និងការសហការគ្នាលើឆាកតំបន់ និងពហុភាគី ដូចជា កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា កិច្ចសហប្រតិបត្តិការទន្លេឡានឆាំង។
-ទន្លេមេគង្គ និងអង្គការសហប្រជាជាតិជាដើម គាំពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរ និងប្រទេសកំពុង អភិវឌ្ឍ ខ្នះខ្នែងក្នុងការបង្កើតសហគមន៍រួមវាសនាតែមួយរបស់អាស៊ី។ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកំពុង ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍជាគន្លឹះ យើងគួរតែបន្តផ្តោតសំខាន់ទៅលើប្រធានបទស្តីពីការអភិវឌ្ឍ ហើយ ជំរុញកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ឲ្យរីកចម្រើនទៅមុខដោយបរិសុទ្ធ និងនឹងនរ។
-ជំរុញការផ្សារភ្ជាប់ដួងចិត្តប្រជាជនជាសន្សឹមៗ។ ភាគីចិនរីករាយរួមសហការជាមួយភាគីកម្ពុជាប្រើប្រាស់ វេទិកា ដូចជាវិទ្យាស្ថានខុងជឺ និងផ្ទះវប្បធម៌ចិនជាដើម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងសុខាភិបាលជាដើម បង្កើនការស្វែងយល់គ្នា និងមនោសញ្ចេតនាមេត្រីភាពរបស់ ប្រជាជននៃប្រទេសទាំងពី រជាពិសេសគឺយុវជនប្រទេសទាំងពីរ ធ្វើឲ្យចំណងមេត្រីភាពរវាងចិន និងកម្ពុជាបន្ត ទៅគ្រប់ជំនាន់។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា នៅក្រោមការខិតខំប្រឹងប្រែងរួមរបស់យើងចំណងមិត្តភាពជាប្រពៃណីរវាងចិន និង កម្ពុជា ប្រាកដជាអាចទទួលបានផ្លែផ្កាថ្មី យើងនឹងធ្វើជាអ្នកជិតខាងល្អ និងមិត្តភ័កិ្តពិតប្រាកដដែល មានភាព ស្មោះត្រង់នឹងគ្នាជារៀងរហូត៕
ដោយ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន