Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីសម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ គណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម, គណៈដឹកនាំគ្រឹស្ដសាសនិក សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយ សមាជិក សមាជិកា នៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ គម្រប់ខួបលើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានសាមគ្គីប្រជាជាតិទាំងមូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្ដារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។…
សូមអរគុណឯកឧត្ដមប្រធាន! ជាដំបូង ខ្ញុំសូមអរគុណឯកឧត្ដមប្រធាន ដែលបានអញ្ជើញខ្ញុំមកទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយេ ហើយទទួលបដិសណ្ឋារកិច្ចដ៏ល្អ ក៏ដូចជាការចរចាអម្បាញ់មិញនេះប្រកបដោយផ្លែផ្កា។ ខ្ញុំពេញចិត្តនឹងការថ្លែងរបស់ឯកឧត្ដមអម្បាញ់មិញ ទាក់ទងនឹងទំនាក់ទំនងរបស់យើង ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរយកចិត្តទុកដាក់។ ខ្ញុំពិតជាមានការរីករាយដែលបានមកទស្សនកិច្ចនៅតួកគីយេ សាជាថ្មីម្ដងទៀត បន្ទាប់ពីទស្សនកិច្ចនៅឆ្នាំ២០១៨ ដែលពេលនោះខ្ញុំនៅជានាយករដ្ឋមន្រ្តី។ ប៉ុន្តែ ទស្សនកិច្ចនៅពេលនោះក៏បានបង្កើតឲ្យមាននូវការរៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ានេះ បន្ទាប់ពីតួកគីយេមានស្ថានទូតនៅទីក្រុងភ្នំពេញឆ្នាំ២០១៣។ ២០១៨ ខ្ញុំទស្សនកិច្ច ២០១៩ យើងបង្កើតបានស្ថានទូតនៅទីនេះ ដែលនេះគឺជាមូលដ្ឋានដ៏សំខាន់មួយ ហើយកិច្ចព្រមព្រៀងជាច្រើន យើងបានចុះហត្ថលេខាជាមួយគ្នា។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនតួកគីយេ ដែលបានផ្ដល់ជំនួយឧបត្ថម្ភទាំងឡាយសម្រាប់កម្ពុជា ក្នុងនោះ និស្សិតអាហារូបករណ៍កំពុងសិក្សានៅទួរគីយេ ហើយមួយចំនួនក៏បានវិលត្រឡប់ទៅកាន់ប្រទេសវិញ។ ហើយសង្ឃឹមថា យើងនឹងទទួលបាននូវជំនួយឧបត្ថម្ភ ទាំងនៅទីនេះ ក៏ដូចជាការជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក៏ដូចជាស្ថាប័ននៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ខ្ញុំពិតជាមានការរីករាយ ដែលឯកឧត្ដមប្រធានបានផ្ដល់ឱកាសសម្រាប់ពួកយើង ក្នុងទស្សនកិច្ចនេះ។ វាបង្ហាញអំពីមិត្តភាពរបស់យើង ដែលគាប់ជួនទស្សនកិច្ចរបស់ខ្ញុំនេះ គឺធ្វើឡើងចំខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងដ៏យូរលង់របស់យើង។ រយៈពេល ៦៥ឆ្នាំ មិនមែនជារយៈពេលខ្លីទេ ជារយៈពេលមួយដែលវែង។ ប៉ុន្តែ ដោយសារតែស្ថានភាពរបស់កម្ពុជាមានការបត់បែន សោកនាដកម្មបានកើត យើងក៏ទើបនឹងមានឱកាសដើម្បីចាប់ផ្ដើមសាជាថ្មីនូវទំនាក់ទំនងនេះ។ ទោះបីថា កម្រិតអ្វីដែលជាគោលដៅដែលយើងចង់បានមិនទាន់សម្រេច តែខ្ញុំជឿជាក់ថា តាមរយៈនៃការខិតខំប្រឹងប្រែងរវាងរដ្ឋាភិបាលទាំងពីរ…
ខ្ញុំសូមផ្ញើជូនចំពោះ លោក អឹម នី ក៏ដូចជាអ្នកសារព័ត៌មាន ព្រមទាំងបងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អឹម នី ដែលខ្ញុំហៅថាប្អូនឬបង ប៉ុន្តែប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ។ ខ្ញុំសូមបញ្ជាក់ថា៖ទីមួយ ខ្ញុំគ្មានប្រវត្តិច្រើនទេគឺមានប្រវត្តិតែមួយគត់ គឺប្រវត្តិដែលបានថតជាខ្សែភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី រួចមកហើយ។ នេះគឺជាប្រវត្តិពិតរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើបឋកថាថ្ងៃមុនអស់រយៈពេលពីរម៉ោង។ ខ្ញុំបាននិយាយច្រើនហើយ។ រឿងរបៀបនេះកើតឡើងមិនតិចជាង៥០ដងទេ ចាប់តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ អ្នកនេះអះអាងថាជួយខ្ញុំបែបនេះ ជួយខ្ញុំបែបនោះ មិនមែនជារឿងត្រឹមត្រូវទេ គ្មានអ្នកណាជួយខ្ញុំទេ មានតែខ្ញុំជួយអ្នកដទៃ ខ្ញុំសូមបញ្ជាក់។ ខ្ញុំមិនដឹងថាតើខ្ញុំរកពាក្យពេចន៍ដោះស្រាយយ៉ាងម៉េច សារព័ត៌មានយកមកចុះផ្សាយបែបនេះ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលភ្លេចគុណអ្នកណាទេ ក៏ប៉ុន្តែសូមអោយអ្នកដទៃគោរពគោលការណ៍និយាយត្រង់ និយាយពិត ព្រោះមិនអាចយកភាពកាឡៃ… ហើយរឿងដែលមិនដែលស្គាល់គ្នាមករស់នៅឯខេត្តពោធិសាត់ ហើយខេត្តពោធិសាត់ពេលនោះនៅភូមិភាគពាយព្យ វាឆ្ងាយណាស់ជាមួយនឹងជ្រុងម្ខាងនៃភូមិភាគបូព៌ាទិសដែលនៅស្រុកមេមត់ឯណោះទៅវាមិនរួច។ តែប្អូនបាននិយាយដល់ តាម៉ុក ជាភូមិភាគនិរតី តើប្អូននៅភូមិភាគពាយព្យឬភូមិភាគនិរតី? ហើយបងមិនដែលបានជួបប្អូនទាល់តែសោះ។ អាច(ថា)ប្អូនជួយមនុស្ស ប៉ុន្តែប្អូនប្រហែលជាស្គាល់មនុស្សខុស បងអត់ដែលបានជួបជាមួយប្អូនទេ ហើយក៏មិនមានអ្វីដែលត្រូវជួបដែរ។ ប្អូនទៅជួយបងឱ្យបងរត់? អត់មានទេប្អូន។ ពេលនោះបងជាមេបញ្ជាការម្នាក់ បងអាចនឹងបញ្ជាកងទ័ព ឬក៏អាចធ្វើអីមិនចាំអ្នកណាមកប្រាប់បងទេនៅពេលនោះ។ នេះគ្រាន់តែជម្រាបជូនជាដំណឹង។ សូមអ្នកអ្នកព័ត៌មានដកការផ្សព្វផ្សាយនេះចេញទៅ ជាជាងទុកឱ្យមានការភាន់ច្រឡំ…