Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម ចូហ្សេ រ៉ាម៉ូស ហតតា ប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេឯកឧត្តម ហ្សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេអស់លោក លោកស្រី អ្នកនាងកញ្ញា ជាភ្ញៀវកិត្តិយសទាំងអស់! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដោយមានឱកាសមកចែករំលែកបទពិសោធផ្ទាល់ខ្លួនស្តីពី មេរៀនរបស់ខ្ញុំ៖ ដំណើរកម្ពុជាពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅរកសេរីភាព និងការរីកចម្រើន។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ប្រធានាធិបតី ចូហ្សេ រ៉ាម៉ូស ហតតា និងឯកឧត្តមនាយករដ្ឋមន្ត្រី ហ្សាណាណា ហ្គូសម៉ៅ ដែលបានរៀបចំកម្មវិធីបាឋកថាជាពិសេស ក្នុងឱកាសទស្សនកិច្ចរបស់ខ្ញុំនៅទីនេះជាលើកទី២។ ទស្សនកិច្ចលើកទី១ គឺក្នុងឆ្នាំ២០១៦ ដែលកាលនោះ ខ្ញុំនៅជានាយករដ្ឋមន្រ្តី។ ខ្ញុំបានសរសេរ និងចែករំលែកយ៉ាងក្រាស់ក្រែលអំពីដំណើរជីវិតរបស់ខ្ញុំ ដែលពាក់ព័ន្ធនឹងជោគវាសនានៃមាតុភូមិកម្ពុជា។ ថ្មីៗនេះ ក្នុងឱកាសកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំបានលើកចំណុចសំខាន់ៗជាច្រើនអំពីការកសាងសន្តិភាព និងការអភិវឌ្ឍជាតិតាម នយោបាយឈ្នះ-ឈ្នះ។ ពីម្សិលមិញ ខ្ញុំក៏បានធ្វើបាឋកថាលើប្រធានបទនេះដែរ ក្នុងសិក្ខាសាលារៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។…
លោកជំទាវ ម៉ារៀ ហ្វឺណាន់ដា ឡេ ប្រធានសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! [ផ្ដើមសេចក្ដីអធិប្បាយ១] ជាដំបូង ខ្ញុំសូមពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចប្រធានសភាកម្ពុជា ជូនចំពោះលោកជំទាវប្រធាន។ ហើយខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះតំណាងគណបក្សនយោបាយក្នុងសភាទីម័រឡេស្តេ ដែលបានបង្ហាញពីសមានចិត្តចំពោះខ្ញុំ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា នៅក្នុងការថ្លែងអម្បាញ់មិញនេះ។ នោះបង្ហាញអំពីមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជាលើកទី២។ ទស្សនកិច្ចផ្លូវការរបស់ខ្ញុំលើកទី១ គឺនៅឆ្នាំ២០១៦ ដែលកាលណោះខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្រ្តី។ ខ្ញុំសូមអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបខ្ញុំ ព្រមទាំងប្រតិភូអមដំណើរ និងការរៀបកិច្ចប្រជុំជាពិសេសនេះឡើងដើម្បីឱ្យខ្ញុំបានធ្វើបទឧទ្ទេសនាមចែករំលែកទស្សនៈស្តីពី ទំនាក់ទំនងកម្ពុជា-ទីម័រឡេស្តេ ព្រមទាំងបទពិសោធរបស់កម្ពុជា ក្នុងការត្រៀមចូលជាសមាជិកអាស៊ានកាលពី ២៦ ឆ្នាំមុន ស្របពេលដែលទីម័រឡេស្តេ កំពុងត្រៀមខ្លួនក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ នាពេលដ៏ឆាប់ខាងមុខនេះ។ ក្នុងរយៈពេល ៤៤ ឆ្នាំនៃអាជីពនយោបាយរបស់ខ្ញុំ ពីឆ្នាំ១៩៧៩ (ឬអាចចាត់ទុកថាប្រហែលជាជាងកន្លះសតវត្សរ៍នៃអាជីពបម្រើការងាររបស់ខ្ញុំ មុនកាន់តំណែងនយោបាយ) រហូតដល់ពេលលែងកាន់តំណែងនាយករដ្ឋមន្រ្តីនៅឆ្នាំ២០២៣ សមិទ្ធផលជាប្រវត្តិសាស្ត្រមួយសម្រាប់រូបខ្ញុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល នោះគឺការចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងការដឹកនាំប្រកបដោយជោគជ័យនូវអង្គការតំបន់មួយនេះ ក្នុងនាមប្រធានប្តូរវេនរហូតដល់ ៣លើក។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកម្ពុជាហ៊ានទទួលធ្វើជាប្រធាន លើកទី១…
ឯកឧត្តមសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya Watanabe) ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា (ERIA),ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី! [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] មុននឹងការចាប់ផ្ដើម ខ្ញុំសូមជម្រាបជូនបន្តិចថា ការទទួលបាននូវព័ត៌មានខុស ឬប្រវត្តិខុស ធ្វើឱ្យការវិនិច្ឆ័យសម្រាប់អនាគតក៏ខុស។ ហ្សាយោងទៅលើប្រការថា ហ្សាការតា ជាទីតាំងដំបូងបំផុតក្នុងការចរចាដំណើរការសន្តិភាព បន្ទាប់ពីការចរចារវាងខ្ញុំ ជាមួយនឹងសម្ដេចព្រះ នរោត្តម សីហនុ ហើយក៏ជាទីតាំងនៃការរៀបចំព្រឹត្តិការណ៍ជាច្រើនអំពីដំណើរសន្តិភាពរបស់កម្ពុជា ខ្ញុំចង់យកឱកាសនេះបញ្ចេញនូវបញ្ហាខ្លះ ដែលគេមិនបានដឹង និងដែលអ្នកស្រាវជ្រាវ អ្នកសរសេរសៀវភៅមួយចំនួន រាប់ទាំងជនជាតិកម្ពុជានិងជនបរទេសមួយចំនួន នៅមានការភាន់ច្រឡំ បានសរសេរខុស រហូតចាត់ទុកថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាធម្មនុញ្ញ និង/ឬមានតម្លៃលើសរដ្ឋធម្មនុញ្ញកម្ពុជាទៀតផង។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា អាចរួមជាមួយខ្ញុំ ប្រើពេលវេលាបន្តិច(ដើម្បីសិក្សាអំពីប្រធានបទនេះ)។ នេះជាចំណែកមួយនៃការចែករំលែកបទពិសោធន៍(កសាងសន្តិភាពនៅកម្ពុជា) ហើយបន្ទាប់ពីនេះខ្ញុំនឹងធ្វើការបោះពុម្ពឯការជាសៀវភៅតែម្ដង។ ការធ្វើអត្ថាធិប្បាយរបស់ខ្ញុំនៅថ្ងៃនេះ ក៏មានការផ្សាយបន្តផ្ទាល់ទៅដល់ទីក្រុងភ្នំពេញ សម្រាប់បណ្ដាទូរទស្សន៍កម្ពុជា និងចែករំលែកដល់ប្រជាជនកម្ពុជាផងដែរ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងអត់ធ្មត់ស្ដាប់។ អ្នកដែលហត់ មិនមែនអ្នកអង្គុយទេ។ អ្នកដែលហត់គឺខ្ញុំអ្នកឈរនិយាយ។ សង្ឃឹមថា អ្នកអង្គុយស្ដាប់មិនហត់ជាងអ្នកឈរនិយាយទេ។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ…